លោក កឹម សុខា​ និង​លោក ហ៊ុន សែន ​បង្ហាញ​សារ​នយោបាយ​ខុសគ្នា​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល

ដោយ ហេង រស្មី
2018-12-31
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ RFA/Tin Zakariya
ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ RFA/Tin Zakariya


នៅ​មុន​ដំណាច់​ឆ្នាំ​ចាស់​មួយ គឺ​ថ្ងៃ​ចន្ទ ទី៣១ ធ្នូ​ ឆ្នាំ២០១៨ ឆ្លង​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ២០១៩ នេះ អ្នក​នយោបាយ នៃ​គណបក្ស​ធំៗ នៅ​កម្ពុជា បាន​ផ្ញើ​សារ​របស់​ខ្លួន​ផ្សេងៗ គ្នា ជូន​ទៅ​ពលរដ្ឋ និង​អ្នក​គាំទ្រ​បក្ស តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

នា​ឱកាស​ឆ្នាំ​ថ្មី ​២០១៩​ នេះ​ មេដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ព្រម​ទាំង​មន្រ្តី​សង្គម​ស៊ីវិល​ បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ ចំពោះ​បញ្ហា​ប្រទេស​ជាតិ ដែល​កំពុង​មាន​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ ហើយ​មិន​ទាន់​បាន​ដោះ​ស្រាយ​នៅ​ឡើយ។

ចំណែក​មេដឹកនាំ​របប​ក្រុងភ្នំពេញ​វិញ​ មិនបាន​លើក​ឡើង​ពី​បញ្ហា​វិបត្តិ​របស់​ប្រទេស​ជាតិ ដែល​កើត​មាន​ភាព​ចម្រូង​ចម្រាស​នោះ​ទេ ប៉ុន្តែ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ច្រៀង​រាំ​សប្បាយ ក្នុង​ព្រឹត្តិការណ៍​ដែល​លោក​ ហ៊ុន សែន​ កំពុង​រៀបចំ​នៅ​វិមាន​ឈ្នះ​ឈ្នះ​ឯ​ណោះ​ទៅ​វិញ។

ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ​ ជម្លោះ​នយោបាយ​រវាង​គណបក្ស​ប្រឆាំង​ និង​របប​ឯក​បក្ស​របស់​លោក​ ហ៊ុន សែន​ បាន​ហែកហួរ​គ្នា​រហូត​ដល់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ពីរ​ ម្នាក់​ត្រូវ​បាន​ចាប់​ឃុំ​ និង​ម្នាក់​ទៀត​ បាន​រត់​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស។

បើ​ទោះ​បី​មាន​វិបត្តិ​នយោបាយ ​មិនទាន់​បាន​រលត់​ក៏​ដោយ​ ក៏​អ្នក​នយោបាយ​ខ្មែរ​ និង​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​​មិន​ភ្លេច​ការ​ជូនពរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០១៩​ នេះ​ឡើយ។

ប្រធាន​គណបក្ស​ សង្គ្រោះ​ជាតិ​ លោក កឹម សុខា​ ដែល​ត្រូវ​របប​លោក​ ហ៊ុន សែន​ ឃុំឃាំង​ក្នុង​ផ្ទះ​ផ្ញើ​សារ​អបអរ​ឆ្នាំ​ថ្មី​នេះ​ ដោយ​ទាមទារ​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​ពិត​ប្រាកដ​ មិន​យក​ខ្មែរ​ណា​ជា​សត្រូវ ​​​ដើម្បី​ប្រទេស​កម្ពុជា​ និង​ពលរដ្ឋ​ខ្មែរ​ ទទួល​បាន​សុខ​សន្តិភាព​ និង​វឌ្ឍនភាព​តាម​គោល​ការណ៍​​ប្រជាធិបតេយ្យ។

ជាមួយគ្នា​នេះ​ លោក កឹម សុខា ​បួងសួង​សូម​ឲ្យ​ឆ្នាំ​ថ្មី​នេះ​ កម្ពុជា​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី ដែល​លុប​បំបាត់​ជំងឺ​ពីរ​យ៉ាង​ ដែល​កំពុង​រាតត្បាត​ក្នុង​សង្គម​ខ្មែរ គឺ​ការ​គាប​សង្កត់​ជិះជាន់​ គំរាមកំហែង​ ជាពិសេស​ដោយ​អំពើ​ហិង្សា​ និង​ជំងឺ​មួយ​ទៀត​នោះ​ គឺ​ការ​ស្អប់ ឈ្នានីស​គ្នា​ តាម​រូបភាព​លាប​ពណ៌​ ជេរ​ប្រមាថ​ និង​បង្ខូច​កេរ្តិ៍​ឈ្មោះ​គ្នា​ជា​ដើម។

លោក​បន្ត​ថា ​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មី​នេះ​គឺ​ចាប់​ផ្ដើម​ពី​មេ​ដឹក​នាំ​គ្រប់​និន្នាការ​នយោបាយ​ ត្រូវ​វិល​ទៅ​រក​ទសពិធ​រាជធម៌ ​ដោយ​បញ្ឈប់​ការ​ធ្វើ​នយោបាយ​តាម​បែប​គុណធម៌​ ដើម្បី​ត្រួសត្រាយ​ផ្លូវ​ជូន​ប្រជា​ពលរដ្ឋ ​ជាពិសេស​កូនខ្មែរ​ជំនាន់​ក្រោយ​ ឲ្យ​ដើរ​ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍន៍​ រីក​ចំរើន​ រុងរឿង​ពិត​ប្រាកដ។

មេដឹកនាំ​បក្ស​ប្រឆាំង​ ដ៏​ល្បីឈ្មោះ​ មួយ​រូប​ទៀត​ ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស​ គឺ​លោក​ សម រង្ស៊ី​ ក៏​បាន​បង្ហោះ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​បង្ហាញ​នូវ​ក្តី​សង្ឃឹម​ថា ​ឆ្នាំ​ថ្មី​២០១៩ ​នេះ​ ជន​រួម​ជាតិ​ នឹង​ទទួល​បាន​សេចក្ដី​សុខ​ រក្សា​សាមគ្គីភាព​ និង​រម្ងាប់​ការ​ព្យាបាទ​ ដើម្បី​ទុក​ជា​ប្រវត្តិសាស្ត្រ​ សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ។

លោក​ សម រង្ស៊ី​ បាន​បញ្ជាក់​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី​កាល​ពី​សប្ដាហ៍​មុន​ដោយ​លោក​មាន​សុទិដ្ឋិនិយម​ថា ឆ្នាំ​ថ្មី​ អ្វីៗ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ៖ «ឆ្នាំ​២០១៩​ឆ្នាំ​សកល​ខ្ញុំ​ជឿជាក់​១០០%​ថា​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​ក្នុង​អំឡុង​ឆ្នាំ​២០១៩​នេះ​ដូច​អ្វី​ដែល​ប្រជារាស្ត្រ​ខ្មែរ​ចង់​បាន​យូរ​ហើយ​គឺ​យើង​ត្រូវ​តែ​ត្រៀម​លក្ខណៈ​មិន​មែន​មាន​តែ​ខ្ញុំ​ សម រង្ស៊ី​ មិន​មែន​មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​​មាន​ភាគី​ច្រើន​ទាំង​នៅ​ក្នុង​ប្រទេស​ និង​នៅ​ក្រៅ​ប្រទេស»

អ្វី​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​សារ​ជូន​ពរ​របស់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​នេះ​ហាក់​បី​ដូច​ជា​បាន​បង្កប់​នូវ​ការ​ដាក់​សម្ពាធ​ផង​នឹង​ក៏​ជំរុញ​ដល់​របប​ក្រុង​ភ្នំពេញ​អោយ​កែ​ប្រែ​ស្ថានភាព​ឡើង​វិញ​សម្រាប់​ឆ្នាំ​ថ្មី​២០១៩​ នេះ។

ផ្ទុយ​ពី​សារ​ជូនពរ​ឆ្នាំ​ថ្មី​របស់​មេ​បក្ស​ប្រឆាំង​ ដែល​លើក​ឡើង​ពី​បញ្ហា​ស្មុគស្មាញ​របស់​ជាតិ​ ដែល​កំពុង​មាន​វិបត្តិនយោបាយ​ធ្ងន់ធ្ងរ​ យ៉ាង​ណា​ក្តី ​ក៏​ លោក​ ហ៊ុន ​សែន​ មេ​បក្ស​ កាន់អំណាច​ មិន​បាន​បង្ហាញ​សារ​ដែល​ជា​ដំណោះ​ស្រាយ​នយោបាយ​ណាមួយ​ជាមួយ​គណបក្ស​ប្រឆាំង​នា​ឱកាស​ឆ្នាំ​ថ្មី​នេះ​ទេ។ ​

មេដឹកនាំ​ របប​ឯក​បក្ស​ បច្ចុប្បន្ន ​ និង​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម ​គឺ​លោក​ ហ៊ុន សែន​ ដែល​បាន​កាន់​កាប់​អំណាច​ជាង​៣​ទសវត្ស​មក​ហើយ​នោះ ក៏​មាន​ផ្ញើ​សារ​ជូន​ពរ​ ទន្ទឹម​គ្នា​នឹង​ការ​ដាក់​សម្ពោធ​អោយ​ប្រើ​ប្រាស់​វិមាន​ឈ្នះៗ ​ដែល​លោក​ សម រង្ស៊ី​​ ហៅ​ថា​ ជា​វិមាន​ក្បត់​ជាតិ​ ហើយ​អ្នក​វិភាគ​ថា ​ជា​កន្លែង​តម្កល់​ឯក​សារ​ប្រវត្តិ​សាស្ត្រ​ក្លែង​ក្លាយ។

លោក​ ហ៊ុន ​សែន ​បាន​យក​ឱកាស​ដាច់​ឆ្នាំ​ចាស់​ ឆ្លង​ចូល​ឆ្នាំ​ថ្មី​នេះ​ បង្កើត​កម្មវិធី​ច្រៀង​រាំ​សប្បាយ​ ក្នុង​ពិធី​​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​របស់​ខ្លួន។ លោក​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា លោក​និង​ភរិយា​ នឹង​ចូលរួម​ឆ្លង​ឆ្នាំ​សកល​ ២០១៨​ ចូល​ ២០១៩​ នៅ​វិមាន​ឈ្នះ​ឈ្នះ ហើយ​លោក​ក៏​បាន​ឆ្លៀត​រំលឹក​ទៅ​ពលរដ្ឋ​ឲ្យទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ឲ្យ​បាន​ច្រើន។

លោក​ក៏​បាន​ជូន​ពរ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ រួម​ទាំង​កងទ័ព ដែល​កំពុង​ឈរ​ជើង​ការពារ​ទឹកដី​នៅ​តាម​ព្រំដែន ជួប​តែ​សេចក្ដី​សុខ សេចក្ដី​ចម្រើន ​មាន​សុខភាព​ល្អ​ ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ និង​មុខ​របរ​ និង​មាន​លាភ​សំណាង​គ្រប់ៗ គ្នា នា​ក្នុង​ឆ្នាំ​ថ្មី​ ២០១៩។

ជុំវិញ​សារ​ជូន​ពរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​របស់​អ្នក​នយោបាយ​នេះ​ អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC)​ លោក ថេង សាវឿន​ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​ការ​លើក​ឡើង​របស់​អ្នកនយោបាយ​នេះ​ទេ។ ប៉ុន្តែ មន្រ្តី​សង្គម​ស៊ីវិល​រូប​នេះ ចង់​ឃើញ​អ្នក​នយោបាយ​ទាំង​ពីរ​គណបក្ស គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ រក​ដំណោះស្រាយ​រួម​មួយ ដើម្បី​ផ្តល់​ប្រយោជន៍​ពលរដ្ឋ​ដែល​កំពុង​ត្រូវ​ការ​ពួក​គេ៖ «ទាំង​អ្នក​នយោបាយ​និង​ប្រជា​ពលរដ្ឋ​ត្រូវ​ងាក​មក​លើ​ការ​រួបរួម​គ្នា​ ការ​ផ្សះផ្សា​ជាតិ ​ការ​ឯកភាពជាតិ​ រួម​ដៃ​គ្នា​ក្នុង​ការ​កសាងជាតិ​ដើម្បី​អភិវឌ្ឍន៍​សង្គម នៅ​កម្ពុជា​អោយ​ស្រប​ទៅ​នឹង​ប្រទេស​ផ្សេងៗ ប្រទេស​ជិត​ខាង ដែល​គេ​មាន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ»

ចំណែក​ មន្រ្តី​សិទ្ធិ​មនុស្ស​ឯ​ណោះ​វិញ​ លោក ស៊ឹង ​សែនករុណា ​ដែល​ជា​អ្នក​នាំ​ពាក្យ​សមាគម អាដហុក (ADHOC) បាន​បញ្ចេញ​ទស្សនៈ​របស់​លោក​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែរ​ថា អ្វី​ដែល​លោក​ដឹង​ឮ គឺ​ការ​រំលោភ​សិទ្ធិពលរដ្ឋ​ និង​នយោបាយ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​គេ ​ដែល​បាន​កើត​ឡើង​ជា​លក្ខណៈ​ប្រព័ន្ធ​ ដោយ​កាត់​ផ្តាច់​ឫសគល់​នៃ​លទ្ធិប្រជាធិបតេយ្យ។

លោក​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា​ សំពាធ​ផ្សេងៗ ​អាច​នឹង​កើត​មាន​ក្នុង​ឆ្នាំ​ថ្មី​នេះ​ត​ទៅ​ ខណៈ​បញ្ហា​ពិត​ដែល​អន្តរ​ជាតិ​លើកឡើង​មិន​ត្រូវ​បាន​ដោះ​ស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "លោក កឹម សុខា​ និង​លោក ហ៊ុន សែន ​បង្ហាញ​សារ​នយោបាយ​ខុសគ្នា​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល"

  1. so socheath says:

    Send to facebook
    សម រង្ស៉ី និងកឹមសុខា និងបក្សពួក សមល្មមដល់ពេលវេលា
    យកមកដាក់គុក មួយជិវិត ដើម្បីជម្រះទុក្ខសោកដល់វិញ្ញាណក្ខន្ធ
    អ្នកស្លាប់ និងរបួស លើផ្លូវវេងស្រេងហើយ
    ———————-
    ឥឡូវវាល្មមុដល់ពេលហើយ ដែលត្រូវយក ទណ្ឌិត សម រង្ស៉ី កឹមសុខា និងបក្សពួក មានមួរ សុខហួរ
    អេង ឆៃអ៊ាង រៀលខេមរិន្ទ ជាដើម។ល។ ដែលដឹកនាំធ្វើបាតុកម្ម កុប្បកម្មបំផ្លិចបំផ្លាញកម្ពុជា ផ្តួលរំលំ
    រដ្ឋាភិបាលស្របច្បាប់ តាមរយះបដិវត្តន៍ពណ៍ ដែលសមល្មមជាពេលវេលាត្រូវបាននាំខ្លួនមកកាត់ទោស
    ឱ្យបានធ្ងន់ធ្ងរបំផុត គឺដាក់គុកមួយជិវិតដើម្បីលាងជម្រះទុក្ខសោកដល់វិញ្ញាណក្ខន្ធ អ្នកស្លាប់ និងរបួស នៅលើផ្លូវវេងស្រេង កាលពីខែមករា ឆ្នាំ២០១៤ហើយ។
    យើងចងចាំមិនភ្លេចទេកាលពី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ នូវព្រឹត្តិការណ៍នៃការបះបោរបះបោរ ធ្វើកុប្បកម្មដ៏ហិង្សាដឹកនាំដោយ ទណ្ឌិត សម ង្សី កឹម សុខា និងបក្ខពួកដែលយកប្រជាជន និងកម្មករ និយោជិត មកធ្វើជាផ្លូវក្រាលដោយឈាម ដើម្បីប្លន់យកអំណាចក្រោមឡេះ ទាមទារដំឡើងប្រាក់
    ឈ្នួល១៦០ដុល្លារ នៅផ្លូវវ៉េងស្រេង ហើយដែលការធ្វើកុប្បកម្មដ៏ហិង្សានេះ កើតឡើងនៅពាក់កណ្តាល
    អធ្រាត្រ ដែលមិនមែនជាករណីធម្មតានៃការធ្វើបាតុកម្មអហិង្សា របស់កម្មករ និយោជិតឡើយ។
    ការធ្វើកុប្បកម្មដ៏ហិង្សាដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសមួយចំនួន ព្រមទាំងបង្ករឲ្យ
    មានការខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងឯកជន បើយើងពិនឹត្យឲ្យស៊ីជម្រៅទៅ វា ជាអំពើកុប្បកម្មផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមបែបបដិវត្តន៍ពណ៌ ដូចនៅបណ្តា
    ប្រទេស នៅអាហ្វ្រិក និងនៅមជ្ឈឹមបូព៌ាតែប៉ុណ្ណោះ។

    សម្រាប់ព្រឹត្តិការណ៍ដ៏ហិង្សានេះ កាលនោះ ប្រសិនជារាជរដ្ឋាភិបាល មិនចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាទេនោះ ហានិភ័យអាចនឹងកើតមានឡើងនៅកម្ពុជា ធ្ងន់ធ្ងរបំផុត ។
    ព្រោះថាសន្តិភាពជាតិទាំងមូលនឹងត្រូវបំផ្លាញ ភាពច្របូកច្របល់ក្នុងសង្គមនឹងកើតឡើង ហើយគ្រោះមហន្តរាយ នៃការកាប់សម្លាប់គ្នាដោយអត់រើសមុខ នឹងកើតឡើង ហើយវានិងបង្កើតឡើងនូវវិនាសកម្មដល់ជិវិត
    ពលរដ្ឋស្លូតត្រង់ដែលគ្មាននរណាម្នាក់និងនឹកស្មានស្មានដល់។
    ដូច្នេះការចង់នាំកម្ពុជាឱ្យធ្លាក់ទៅរកគ្រោះមហន្តរាយ គ្មានអ្នកណាក្រៅពីជនក្បត់ជាតិឈ្មោះ ទណ្ឌិតសម រង្ស៉ី
    ឈ្មោះ កឹម សុខានិងបក្សពួកនោះទេ។
    ក្រុមជនទាំងនេះ គួរតែនាំខ្លួនមកកាត់ទោសឱ្យបានធ្ងន់ធ្ងរបំផុត ដាក់គុកមួយជិវិតដើម្បីជម្រះដល់
    ទុក្ខសោកនៃវិញ្ញាណក្ខន្ធ អ្នកស្លាប់ និងរបួស ដោយមិនអាចអត់អោនឲ្យវាបានឡើយ ។
    ព្រោះថារវាងនយោបាយ និងច្បាប់ គេមិនអាចបន្លែបន្លំ លាយឡំចូលគ្នា ដូចពួកបក្សក្បត់ជាតិសង្គ្រោះជាតិ
    ធ្លាប់លើកដើម្បីគេចវេសពីផ្លូវច្បាប់នោះទេ ៕

Leave a Reply

Submit Comment