មន្ត្រី​សង្គម​ស៊ីវិល​ដែល​រង​ការ​​បង្ក្រាប​​ហិង្សា​នៅ​ផ្លូវ វ៉េង ស្រេង នៅ​តែ​ឈឺ​ចាប់​ពេល​រំលឹក​ដល់​ព្រឹត្តិការណ៍​នោះ

ដោយ មួង ណារ៉េត
2019-01-01
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមត្ថកិច្ច​បង្ក្រាប​លើ​កម្មករ​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នៅ​តាម​បណ្ដោយ​ផ្លូវ វ៉េង ស្រេង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៣ មករា ២០១៤។ ក្នុង​ការ​បង្ក្រាប​នោះ​មាន​មនុស្ស ៥​នាក់​បាន​ស្លាប់ និង​ជិត ៤០​នាក់​ផ្សេង​ទៀត​រង​របួស។ Photo: RFA
សមត្ថកិច្ច​បង្ក្រាប​លើ​កម្មករ​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នៅ​តាម​បណ្ដោយ​ផ្លូវ វ៉េង ស្រេង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៣ មករា ២០១៤។ ក្នុង​ការ​បង្ក្រាប​នោះ​មាន​មនុស្ស ៥​នាក់​បាន​ស្លាប់ និង​ជិត ៤០​នាក់​ផ្សេង​ទៀត​រង​របួស។ Photo: RFA


ជន​រង​គ្រោះ​ក្នុង​ការ​បង្រ្កាប​មុខ​រោង​ចក្រ​យ៉ាក់ជីន នឹង​ជួប​គ្នា​រំលឹក​ការ​ឈឺ​ចាប់


ប្រាំ​ឆ្នាំ​ក្រោយ​ការ​បង្ក្រាប​យ៉ាង​ហិង្សា ពី​ក្រុម​អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន មន្ត្រី​សង្គម​ស៊ីវិល ដែល​រង​គ្រោះ នៅ​តែ​ឈឺ​ចាប់​នៅ​ពេល​​រំលឹក​ដល់​ព្រឹត្តិការណ៍​នោះ។ របួស​ចាស់​របស់​អ្នក​ធ្វើ​ការងារ​សង្គម​កំពុង​ផ្ដើម​ឈឺ​ចាប់​ជា​ថ្មី ព្រោះ​វាយ​ការ​វាយ​ធ្វើ​បាប​ពួក​គេ ៥ឆ្នាំ​មក​នេះ នៅ​តែ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ។

ទោះ​ការ​វាយដំ និង​បាញ់​សម្លាប់ កម្មករ​កម្មការិនី និង​សង្គម​ស៊ីវិល​បាន​កន្លង​ផុត​ទៅ​ប្រាំ​ឆ្នាំ​ហើយ​ក្តី ក៏​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ម្នាក់ ដែល​រង​ការ​បង្ក្រាប​ពី​អាជ្ញាធរ​ប្រដាប់​អាវុធ របស់​របប​លោក ហ៊ុន សែន នៅ​តែ​ស្រមៃ​ឃើញ​រូបភាព​អាក្រក់ៗ ទាំង​នោះ​ដដែល។ លោក វន់ ពៅ ដែល​ត្រូវ​ក្រុម​ទាហាន​វាយដំ ស្ទើរ​ស្លាប់​កាល​ពី​ដើម​ឆ្នាំ២០១៤ មុខ​រោងចក្រ យ៉ាកជិន (Yak Jin) ថ្លែង​និយាយ​ទាំង​ខ្សឹបខ្សួល​អួល​ដើម​ក ប្រាប់​អាស៊ី​សេរី​ថ្ងៃ​ទី១ មករា​ថា លោក​បាន​រក្សា​ទុក​អាវ​ប្រឡាក់​ឈាម​របស់​លោក​ជាប់​ខ្លួន​ជានិច្ច ដើម្បី​ជា​ការ​រំលឹក​អនុស្សាវរីយ៍ ដ៏​រន្ធត់​នោះ៖ «»

លោក វន់ ពៅ បន្ត​ទៀត​ថា រូប​លោក និង​កម្មករ​ផ្សេង​ទៀត គ្មាន​សង្ឃឹម​ទទួល​បាន​យុត្តិធម៌ ពី​របប​ក្រុង​ភ្នំពេញ​ឡើយ។ ទោះ​បែប​នេះ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​រូប​នេះ បន្ត​ថា​ទោះ ការ​ធ្វើ​ការងារ​សង្គម​ជាង ២០ឆ្នាំ​មក​នេះ ទោះ​នៅ​សល់​ត្រឹម​អាវ​ប្រឡាក់​ឈាម និង​ត្រូវ​ស្ពាយ​កញ្ចប់​ថ្នាំ​តាម​ខ្លួន រួម​ទាំង​វិបត្តិ​ផ្លូវ​ចិត្ត​ផង​នោះ ក៏​មិន​បាន​ធ្វើ​ឲ្យ​លោក​បាក់​ទឹក​ចិត្ត​នោះ​ដែរ។ លោក​អះអាង​ថា លោក​នៅ​តែ​មាន​មោទកភាព ចំពោះ​ការងារ​មួយ​នេះ ព្រោះ​បាន​ជួយ​ការពារ​យុត្តិធម៌ និង​បម្រើ​ប្រយោជន៍​កម្មករ៖ «»

លោក វន់ ពៅ គឺ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ២៣នាក់ ដែល​ត្រូវ​បាន​កង​កម្លាំង​ប្រដាប់​អាវុធ​របប​ក្រុង​ភ្នំពេញ វាយ​បង្ក្រាប​ដោយ​ហិង្សា ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ក្នុង​ការ​បង្ក្រាប​ក្នុង​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ​កម្មការិនី កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤​ នៅ​មុខ​រោង​ចក្រ យ៉ាក ជិន និង​ផ្លូវ វ៉េង ស្រេង។ បាតុកម្ម​កាល​ពី​ចុង​ឆ្នាំ២០១៣ និង​ដើម​ឆ្នាំ២០១៤ នោះ ផ្ទុះ​ឡើង​ស្រប​ពេល​កម្ពុជា កំពុង​មាន​វិបត្តិ​នយោបាយ គួប​ផ្សំ​ទាំង​កម្មករ​តវ៉ា​ផង​នោះ កង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​នៃ​របប​លោក ហ៊ុន សែន បាន​បាញ់​សម្លាប់ វាយ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា ដោយ​កង​កំលាំង​ទាំង​នោះ បាញ់​គ្រាប់​កាំភ្លើង​ពិត វាយ​ដោយ​ដំបង​ដែក​ទីប បោក​គ្រាប់​បែក​ផ្សែង ទៅ​លើ​ក្រុម​កម្មករ ដែល​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​ក្នុង​មួយ​ខែ។ យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៤នាក់​ស្លាប់ បាត់​ខ្លួន​ម្នាក់ និង​របួស​ជិត ៤០​នាក់។ ប៉ុន្តែ​របប​ក្រុង​ភ្នំពេញ​តែង​បដិសេធ​ចំនួន​អ្នក​ស្លាប់ និង​អ្នក​បាត់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​នោះ៖ «»

ក្រោយ​ពី​ព្រឹត្តិការណ៍​ផ្ទុះ​ឡើង​ភ្លាម​បាន​បន្សល់​ទុក​នូវ​ការ​ភ័យ​ខ្លាច ឈឺ​ចាប់ និង​ក្តី​រន្ធត់​នៃ​ជន​រងគ្រោះ និង​កម្មករ​ដទៃ​ទៀត។ ភ្លាមៗ ក្រោយ​ព្រឹត្តិការណ៍​នោះ នៅ​អម​សង​ខាង​ផ្លូវ វ៉េង ស្រេង ​ឯណេះ​វិញ គេ​សង្កេត​ឃើញ​ខ្សែ​ភ្លើង​ដាច់​រញ៉េរញ៉ៃ ដុំ​ថ្ម​តូច​ធំ​នៅ​រាយ​ប៉ាយ​ពាស​ពេញ​ផ្លូវ និង​អគារ​មួយ​ចំនួន​ត្រូវ​បាក់​បែក ជាដើម។ យូរៗ ​ម្ដង​គេ​សង្កេត​ឃើញ​អណ្ដាត​ភ្លើង ​ក៏​បាន​ឆាប​ឆេះ​ឡើង ​នៅ​លើ​កំណាត់​ផ្លូវ​វ៉េង ស្រេង ផង​ដែរ។

មន្រ្តី​សង្គម​ស៊ីវិល​ម្នាក់​ទៀត ដែល​រង​ការ​វាយ​ប្រហារ​ប៊ិះ​នឹង​ស្លាប់​ដែរ​នោះ គឺ​អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន ប្រាប់​អាស៊ី​សេរី​ថា ត្បិត​របួស​របស់​លោក​បាន​ជា​សះ​ស្បើយ​ហើយ​ក្តី ប៉ុន្តែ​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត​របស់​លោក នៅ​តែ​មាន​ដដែល​ក្នុង​រយៈ​ពេល ៥ឆ្នាំ​មក​នេះ។ លោក ថេង សាវឿន ឲ្យ​ដឹង​ទៀត​ថា លោក​នឹង​រៀបចំ​ពិធី​រំលឹក​ឡើង​វិញ នៃ​ការ​បង្ក្រាប​លោក នៅ​បន្ត​ស្នើសុំ​ទៅ​សមត្ថកិច្ច​នៃ​របប​ក្រុង​ភ្នំពេញ ឲ្យ​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ ក្នុង​ព្រឹត្តិការណ៍​នោះ៖ «»

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ បាន​ទេ​ថ្ងៃ​ទី១ ខែ​មករា ប៉ុន្តែ​លោក​ធ្លាប់​បាន​ប្រកាស​ថា មិន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ី​សេរី​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​នាំ​ពាក្យ​រូប​នេះ​ធ្លាប់​បញ្ជាក់​ថា គណៈកម្មការ​ដែល​របប​ក្រុង​ភ្នំពេញ បាន​បង្កើត​ដើម្បី​ស្រាវ​ជ្រាវ​ករណី​នេះ បាន​បញ្ចប់​ការងារ​របស់​ខ្លួន​ទៅ​ហើយ។ លោក​អះអាង​ថា សមត្ថកិច្ច​រក​មិន​ឃើញ​ថា​មាន​ករណី​បាត់​ខ្លួន​ទេ។ លោក ខៀវ សុភ័គ ថែម​ទាំង​ចោទ​ប្រកាន់​ថា មូលហេតុ​នៃ​ការ​ទាមទារ និង​ករណី​ហិង្សា​នេះ គឺ​ផ្ដួចផ្ដើម​ឡើង​ដើម្បី​ផ្ដួល​របប​ក្រុង​ភ្នំពេញ​ក្នុង​ពេល​នោះ។

ដូច​គ្នា​នេះ​ដែរ មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន និយាយ​ក្នុង​ពិធី​ពេល​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិក​ប្រមាណ ៥​ពាន់ កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​ថា ប្រសិនបើ​លោក​បាន​ដឹង​ជា​មុន អំពី​ផែនការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​តាម​រយៈ​រូបភាព «បដិវត្ត​ពណ៌» នោះ​លោក​នឹង​បញ្ជា​ឲ្យ​ក្រុម​របស់​លោក​សម្លាប់​ក្រុម​អ្នក​ប្រឆាំង​ទាំងអស់​នោះ​ចោល តាំង​តែ​ពី​ពេល​ដែល​ពួក​គេ​បាន​ដឹក​នាំ​ធ្វើ​បាតុកម្ម​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ នៅ​ភ្នំពេញ​មក​ម្ល៉េះ៖ «»

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​ប្រដូច​ការ​បង្ក្រាប នៃ​របប​ក្រុង​ភ្នំពេញ​ទៅ​លើ​ពលរដ្ឋ​របស់​ខ្លួន និង​អ្នក​មាន​មតិ​ផ្ទុយ​ពី​ខ្លួន​ថា ដូច​ទៅ​នឹង​ទង្វើ​របស់​ខ្មែរ​ក្រហម។ លោក​បន្ត​ថា លោក ហ៊ុន សែន មិន​ខ្លាច​នឹង​ប្រព្រឹត្តិ​នូវ​ទង្វើ​ទាំង​នោះ​ឡើយ​ដើម្បី​ការពារ​អំណាច​របស់​លោក​នឹង​ក្រុម​គ្រួសារ​របស់​លោក៖ «»

រីឯ​អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ (LICADHO) លោក អំ សំអាត បាន​និយាយ​ថា បើ​សិន​រដ្ឋាភិបាល​រក​ការ​ពិត​នៃ​រឿង​នេះ​ឃើញ គឺ​រដ្ឋាភិបាល​បាន​ផ្ដល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ផង និង​បាន​លាង​ជម្រះ ដែល​ជា​បញ្ជាក់​ភាព​ស្អាតស្អំ​របស់​ខ្លួន​ក្នុង​ករណី​ហិង្សា​នោះ៖ «»

ករណី​ហិង្សា​កាល​ពី​ដើម​ឆ្នាំ​២០១៤ ធ្វើ​ឲ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​ជាប់​ចំណាត់​អាក្រក់ ផ្នែក​រំលោភ​សិទ្ធិ​មនុស្ស ហើយ​រហូត​មក​ដល់​ពេល​នេះ សហគមន៍​អន្តរជាតិ ជា​ពិសេស សហភាព​អឺរ៉ុប​ បាន​ប្រាប់​ឲ្យ​របប​នេះ វិល​មក​រក​គន្លង​ប្រជាធិបតេយ្យ​ឡើង​វិញ បើ​មិន​ដូច្នេះ​ទេ គេ​ដក​ការ​អនុគ្រោះ​ពន្ធEBAចេញ​ពី​កម្ពុជា។ លោក រីឆាដ រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លូប៊ល ឌីលិជេនស៍ (Global Diligence) ដែល​មាន​ទីតាំង​នៅ​ប្រទេស​អង់គ្លេស តំណាង​ឲ្យ​ដើម​បណ្ដឹង​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ជន​រងគ្រោះ​នៃ​ការ​រំលោភ​បំពាន និង​បង្ខំ​បណ្ដេញ​ចេញ​ពី​ផ្ទះ​សម្បែង និង​ដីធ្លី បាន​ដាក់​ពាក្យ​ប្ដឹង​រួច​ទៅ​ហើយ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ដោយ​មាន​បញ្ចូល​ករណី​សមត្ថកិច្ច​ប្រើ​ហិង្សា​លើ​អ្នក​តវ៉ា​នៅ​ផ្លូវ វ៉េង ស្រេង និង​ក្បែរ​រោងចក្រ យ៉ាក ជិន ដែរ។

នៅ​ក្នុង​បណ្ដឹង​នោះ ជន​រងគ្រោះ​ចោទ​ប្រកាន់​មន្ត្រី​មាន​អំណាច​ក្នុង​ជួរ​របប​សព្វ​ថ្ងៃ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ដែល​បាន​ប្រព្រឹត្ត​ក្នុង​រយៈ​ពេល​ជាង ១២​ឆ្នាំ​ចុង​ក្រោយ​នេះ។ ក្រៅ​ពី​មន្រ្តី​សង្គម​ស៊ីវិល​ដែល​រង​គ្រោះ ព្រោះ​ការ​បង្ក្រាប​នេះ សាច់​ញាតិ​ជន​រង​គ្រោះ​ដែល​បាត់បង់​ជីវិត និង​បាត់​ខ្លួន ក្នុង​ការ​បង្ក្រាប​នោះ ទទូច​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ផ្ដល់​យុត្តិធម៌​ដល់​ពួក​គេ ទោះ​ជា​យុត្តិធម៌​ពិបាក​នឹង​រក​បាន​ក្នុង​របប​លោក ហ៊ុន សែន ក៏​ដោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "មន្ត្រី​សង្គម​ស៊ីវិល​ដែល​រង​ការ​​បង្ក្រាប​​ហិង្សា​នៅ​ផ្លូវ វ៉េង ស្រេង នៅ​តែ​ឈឺ​ចាប់​ពេល​រំលឹក​ដល់​ព្រឹត្តិការណ៍​នោះ"

  1. so socheath says:

    Send to facebook
    សម រង្ស៉ី និងកឹមសុខា និងបក្សពួក សមល្មមដល់ពេលវេលា
    យកមកដាក់គុក មួយជិវិត ដើម្បីជម្រះទុក្ខសោកដល់វិញ្ញាណក្ខន្ធ
    អ្នកស្លាប់ និងរបួស លើផ្លូវវេងស្រេងហើយ
    ———————-
    ឥឡូវវាល្មមុដល់ពេលហើយ ដែលត្រូវយក ទណ្ឌិត សម រង្ស៉ី កឹមសុខា និងបក្សពួក មានមួរ សុខហួរ
    អេង ឆៃអ៊ាង រៀលខេមរិន្ទ ជាដើម។ល។ ដែលដឹកនាំធ្វើបាតុកម្ម កុប្បកម្មបំផ្លិចបំផ្លាញកម្ពុជា ផ្តួលរំលំ
    រដ្ឋាភិបាលស្របច្បាប់ តាមរយះបដិវត្តន៍ពណ៍ ដែលសមល្មមជាពេលវេលាត្រូវបាននាំខ្លួនមកកាត់ទោស
    ឱ្យបានធ្ងន់ធ្ងរបំផុត គឺដាក់គុកមួយជិវិតដើម្បីលាងជម្រះទុក្ខសោកដល់វិញ្ញាណក្ខន្ធ អ្នកស្លាប់ និងរបួស នៅលើផ្លូវវេងស្រេង កាលពីខែមករា ឆ្នាំ២០១៤ហើយ។
    យើងចងចាំមិនភ្លេចទេកាលពី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ នូវព្រឹត្តិការណ៍នៃការបះបោរបះបោរ ធ្វើកុប្បកម្មដ៏ហិង្សាដឹកនាំដោយ ទណ្ឌិត សម ង្សី កឹម សុខា និងបក្ខពួកដែលយកប្រជាជន និងកម្មករ និយោជិត មកធ្វើជាផ្លូវក្រាលដោយឈាម ដើម្បីប្លន់យកអំណាចក្រោមឡេះ ទាមទារដំឡើងប្រាក់
    ឈ្នួល១៦០ដុល្លារ នៅផ្លូវវ៉េងស្រេង ហើយដែលការធ្វើកុប្បកម្មដ៏ហិង្សានេះ កើតឡើងនៅពាក់កណ្តាល
    អធ្រាត្រ ដែលមិនមែនជាករណីធម្មតានៃការធ្វើបាតុកម្មអហិង្សា របស់កម្មករ និយោជិតឡើយ។
    ការធ្វើកុប្បកម្មដ៏ហិង្សាដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសមួយចំនួន ព្រមទាំងបង្ករឲ្យ
    មានការខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងឯកជន បើយើងពិនឹត្យឲ្យស៊ីជម្រៅទៅ វា ជាអំពើកុប្បកម្មផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមបែបបដិវត្តន៍ពណ៌ ដូចនៅបណ្តា
    ប្រទេស នៅអាហ្វ្រិក និងនៅមជ្ឈឹមបូព៌ាតែប៉ុណ្ណោះ។

    សម្រាប់ព្រឹត្តិការណ៍ដ៏ហិង្សានេះ កាលនោះ ប្រសិនជារាជរដ្ឋាភិបាល មិនចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាទេនោះ ហានិភ័យអាចនឹងកើតមានឡើងនៅកម្ពុជា ធ្ងន់ធ្ងរបំផុត ។
    ព្រោះថាសន្តិភាពជាតិទាំងមូលនឹងត្រូវបំផ្លាញ ភាពច្របូកច្របល់ក្នុងសង្គមនឹងកើតឡើង ហើយគ្រោះមហន្តរាយ នៃការកាប់សម្លាប់គ្នាដោយអត់រើសមុខ នឹងកើតឡើង ហើយវានិងបង្កើតឡើងនូវវិនាសកម្មដល់ជិវិត
    ពលរដ្ឋស្លូតត្រង់ដែលគ្មាននរណាម្នាក់និងនឹកស្មានស្មានដល់។
    ដូច្នេះការចង់នាំកម្ពុជាឱ្យធ្លាក់ទៅរកគ្រោះមហន្តរាយ គ្មានអ្នកណាក្រៅពីជនក្បត់ជាតិឈ្មោះ ទណ្ឌិតសម រង្ស៉ី
    ឈ្មោះ កឹម សុខានិងបក្សពួកនោះទេ។
    ក្រុមជនទាំងនេះ គួរតែនាំខ្លួនមកកាត់ទោសឱ្យបានធ្ងន់ធ្ងរបំផុត ដាក់គុកមួយជិវិតដើម្បីជម្រះដល់
    ទុក្ខសោកនៃវិញ្ញាណក្ខន្ធ អ្នកស្លាប់ និងរបួស ដោយមិនអាចអត់អោនឲ្យវាបានឡើយ ។
    ព្រោះថារវាងនយោបាយ និងច្បាប់ គេមិនអាចបន្លែបន្លំ លាយឡំចូលគ្នា ដូចពួកបក្សក្បត់ជាតិសង្គ្រោះជាតិ
    ធ្លាប់លើកដើម្បីគេចវេសពីផ្លូវច្បាប់នោះទេ ៕

  2. Anonymous says:

    Veitcong germs is the worse then real khmer because they killed khmer since 1970 and continue to used their puppet to take everything from cambodia ‘ they are the slave of Youn-hanoi

Leave a Reply

Submit Comment