ក្រុម​យុវជន​ ១០០ រាត្រី​បារម្ភ​ពី​សុវត្ថិភាព​ក្រោយពី​មាន​ការ​គំរាម​ពី​មន្ត្រី​របប​ក្រុង​ភ្នំពេញ

2019-01-03
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ជា​សមាជិក​ក្រុម​ចងក្រង​សៀវភៅ​ស្ដីពី​ទស្សនៈ​បណ្ឌិត កែម ឡី លោក មួង សូនី ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦។ RFA
ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ជា​សមាជិក​ក្រុម​ចងក្រង​សៀវភៅ​ស្ដីពី​ទស្សនៈ​បណ្ឌិត កែម ឡី លោក មួង សូនី ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦។ RFA


ក្រុម​យុវជន​ ១០០ រាត្រី ​ដែល​បន្ត​បេសកកម្ម​ពី​បណ្ឌិត កែម ឡី ភ័យ​ព្រួយ​ពី​សុវត្ថិភាព​ ក្រោយពី​លាតត្រដាង​វីដេអូ ​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​ពេល​ថ្មីៗ នេះ។ ការ​ព្រួយ​ពី​សុវត្ថិភាព​នេះ​ គឺ​ក្រោយពី​មាន​សារ​ព្រមាន​ ​ពី​ប្រធាន​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា​ លោក វ៉ា ​គឹម​ហុង ​និង​ប្រធាន​រាជ​បណ្ឌិត​សភា ​លោក សុខ ទូច ដែល​ផ្ដាំ​ទៅ​ក្រុម​យុវជន​ប្រយ័ត្ន​ជាប់​គុក ​និង​ រត់​ចោល​ស្រុក​ ប្រសិនបើ​ការស្រាវជ្រាវ​នោះ​មិន​ត្រឹមត្រូវ។

ក្រុមការងារ ១០០ រាត្រី ប្រកាស​ចំហ​ថា នឹង​ក្រាញ​ននៀល​បន្ត​បេសកកម្ម​ពី​បណ្ឌិត កែម ឡី បើ​ទោះ​បី​រង​ការ​គំរាមកំហែង ពី​សំណាក់​មន្ត្រី​ជាន់ខ្ពស់​របប​លោក​ ហ៊ុន ​សែន យ៉ាង​ណា​ក្ដី។ ពួកគេ​សង្កេតឃើញ​ថា អាជ្ញាធរ​បាន​បញ្ជូន​សមត្ថកិច្ច​តាមដាន និង​ឃ្លាំមើល​គ្រប់​សកម្មភាព បន្ទាប់​ពី​ពួក​គេ​បាន​ផ្សាយ​វីដេអូ ​ស្ដីពី​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​កន្លងទៅ​ថ្មីៗ នេះ​។

សមាជិក​ក្រុមការងារ​ ១០០ រាត្រី​ ​ដែល​ចុះ​ស្រាវជ្រាវ​បញ្ហា​ព្រំដែន​លោក​ ស៊ឺន ​ពិសិទ្ធ ​ឲ្យដឹង​នៅ​ថ្ងៃ​ទី​ ៣ ​មករា​ថា​ ​ពួកគេ​សោកស្ដាយ​ ​នៅ​គ្រា​ដែល​យុវជន​ឈឺឆ្អាល​បញ្ហា​ព្រំដែន​ ​ការពារ​ប្រយោជន៍​ជាតិ​មិន​ត្រូវ​បាន​លើកទឹកចិត្ត​ ​បែរជា​គំរាមកំហែង​ ​បំបាក់​ស្មារតី​។ ​លោក​ភ័យ​ព្រួយ​ពី​សុវត្ថិភាព​ខ្លះ​ៗ​ដែរ​ ក្រោយពី​សមត្ថកិច្ច​បាន​ឃ្លាំមើល​សកម្មភាព​ពួកគេ​ ​ជាពិសេស​ការ​គំរាមកំហែង​ពីសំណាក់​មន្ត្រី​ជាន់ខ្ពស់​របប​ក្រុង​ភ្នំពេញ​។ ​តែ​ទោះ​យ៉ាង​ណា​លោក​មិន​បោះបង់​បេសកកម្ម​នេះ​ទេ​ ​និង​ព្យាយាម​រក​មធ្យោបាយ​ឲ្យ​ដំណើរ​បេសកកម្ម​នេះ​ទទួល​បាន​ជោគជ័យ​។

លោក ស៊ឺន ពិសិទ្ធ ​សង្កត់​ធ្ងន់ៗ ថា​ ​ក្រុម​យុវជន​បាន​ចំណាយ​ពេលវេលា​ ​និង​ថវិកា​ផ្ទាល់ខ្លួន​ស្ម័គ្រចិត្ត​ស្រាវជ្រាវ​បញ្ហា​ព្រំដែន​ ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​ជាច្រើន​គ្រួសារ​ត្អូញត្អែរ ​ពី​ការ​របូត​ដី​ស្រែ​របស់​ខ្លួន​ទៅ​វៀតណាម​រាប់​រយ​ហិកតារ ​គ្មាន​ដំណោះ​ស្រាយ​៖​ ​«មាន​គិញ ឬ​ចារកិច្ច តាម​ដាន​ពួក​ខ្ញុំ​អ៊ីចឹង មាន​នៅ​ហាង​កាហ្វេ និង​តាម​ផ្លូវ គេ​ប្រើ​គ្រប់​វិធីសាស្ត្រ។ តាម​ខ្ញុំ​បណ្ដាញ​ព័ត៌មាន​រត់​ចោល​ស្រុក គឺ​ជា​សារ​មិន​ល្អ​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​ស៊ី​ប្រាក់​ខែ​ប្រជាជន»

ថ្មីៗ​នេះ​ ​ប្រធាន​រាជ​បណ្ឌិត​សភា ​លោក​ ​សុខ​ ​ទូច​ ​បាន​ប្រាប់​វិទ្យុ​ក្នុង​ស្រុក វីអូឌី​ដោយ​ផ្ដាំ​ទៅ​ក្រុម​យុវជន​ ១០០ រាត្រី​ថា កុំ​ឲ្យ​យក​អារម្មណ៍​ធ្វើ​ការស្រាវជ្រាវ​បែបនេះ​ ​ឬ​ក៏​ចង់​ឲ្យ​ខ្លួន​ល្បីល្បាញ​ ​ប្រយ័ត្ន​ជាប់​គុក ​ប្រសិនបើ​ការស្រាវជ្រាវ​នោះ​ ​គ្មាន​វិជ្ជាជីវៈ​ និង​បច្ចេកទេស​ច្បាស់លាស់​នោះ​ទេ៖ «បើ​យើង​យក​អារម្មណ៍​ទៅ​ប្រើ ដើម្បី​ឲ្យ​គេ​ស្គាល់ ឲ្យ​គេ​ល្បី អា​ហ្នឹង​ជាប់​គុក​ហើយ។ បើ​សិន​ជា​អ្នក​បច្ចេកទេស គឺ​ជាប់​គុក ព្រោះ​ជាប់​គុក​ម៉េច ធម្មតា​ប្រទេស​វៀតណាម ក៏​គេ​មិន​ចង់​បាត់​ដី និង កម្ពុជា​ក៏​មិន​ចង់​បាត់​ដី ហើយ​បើ​ថា​បាត់​ទៅ​នេះ​លើស តើ​អះអាង​ទៅ​លើ​អី

ចំណែក​ប្រធាន​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ធ្លាប់​បដិសេធ​ថា មិន​បាន​គំរាម​យុវជន​ផ្សព្វផ្សាយ​វីដេអូ បញ្ហា​ព្រំដែន​នោះ​ទេ ក៏​ប៉ុន្តែ​លោក​ស្នើសុំ​ឲ្យ​យុវជន​ដែល​ស្រាវជ្រាវ​រឿង​នេះ ត្រូវ​ប្រយ័ត្នប្រយែង កុំ​ចោទ​ប្រមុខ​ដឹក​នាំ​រដ្ឋ​ថា ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ឲ្យ​សោះ។ តែ​ទោះ​យ៉ាង​ណា លោក វ៉ា គឹម​ហុង ក៏​ធ្លាប់​ថ្លែង​ប្រាប់​កាសែត​ភ្នំ​ប៉ុស្តិ៍​ដោយ​ព្រមាន​យុវជន​ ១០០ រាត្រី​ថា ប្រយ័ត្ន​រត់​ចោល​ស្រុក៖ «នាយករដ្ឋមន្ត្រី មាន​ប្រសាសន៍​ហើយ​ថា នរណា​ហ៊ាន​តែ​ចោទ​ថា រដ្ឋាភិបាល​ប្រើ​ផែនទី​ក្លែងក្លាយ លោក​អត់​មាន អត់​ឱន​ឲ្យ​ទេ ហើយ​គេ​ថា បោះ​អ៊ីចឹង គឺ​បោះ​ឲ្យ​បាត់​ទឹក​ដី​ខ្មែរ អត់​អនុញ្ញាត​ឲ្យ​ទេ។ ខ្ញុំ​មិន​ថា ឲ្យ​រត់​ចោល​ស្រុក​ទេ គ្រាន់​តែ​ថា ឲ្យ​ប្រយ័ត្ន​កុំ​ចេះ​តែ​ចោទ។ បើ​យើង​មាន​ភស្តុតាង​ត្រឹម​ត្រូវ ឲ្យ​ស្គាល់​ប្រវត្តិសាស្ត្រ ឲ្យ​ស្គាល់​ប្រវត្តិសាស្ត្រ»

កាលពី​អំឡុង​ខែ​ធ្នូ ​ឆ្នាំ​ ២០១៨ ក្រុម​យុវជន​បាន​ផ្សព្វផ្សាយ​វីដេអូ ​ជាង ៧នាទី ដែល​ពួក​គេ ចុះ​ស្រាវជ្រាវ​ពី​ស្ថានភាព​ព្រំដែន​ជាក់​ស្ដែង​នៅ​ចំណុច​ចំពុះ​ទា ​ក្នុង​ភូមិ​គោក​តែ​ក ​ឃុំ​ចន្ទ្រា ​ស្រុក​ចន្ទ្រា ​ខេត្ត​ស្វាយរៀង ​ដោយ​រក​ឃើញ​ថា កម្ពុជា​របូត​ដី​ស្រែ​រាប់​រយ​ហិកតារ ​ទៅ​ប្រទេស​វៀតណាម​ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ដំណើរ​បេសកកម្ម​ចុះ​នោះ​ពួក​គេ​ ​បាន​ជួប​ពលរដ្ឋ​នៅ​មូលដ្ឋាន​ ​និង​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​ ១៩៤ ​ដល់​ ១៩៩ បោះ​កាលពី​ឆ្នាំ​ ២០០៩។ បង្គោល​ទាំង​នោះ ឆ្ងាយ​ពី​បង្គោល​ចាស់​សម័យ​បារាំង​លេខ​ ៣៥ ដល់ ៤០។

លើស​ពី​នេះ បង្គោល​ថ្មី​លេខ​ ១៩៩ ​ឆ្ងាយ​ពី​បង្គោល​ចាស់​សម័យ​បារាំង ២គីឡូម៉ែត្រ។ ចំណែក​ផ្លូវ​ក្រវាត់​ព្រំដែន​ ​ដែល​វៀតណាម​សាងសង់​កាលពី​ឆ្នាំ​២០០៥ ​ចូល​ដី​ស្រែ​ពលរដ្ឋ​ខ្មែរ​រាប់​រយ​ហិកតារ ​រហូត​មក​ទល់​ពេលនេះ​គ្មាន​ដំណោះស្រាយ។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ត​ខ្មែរ លោក មួង សូនី ចាត់​ទុក​ការ​គំរាម​នេះ ជា​ការ​បំបាក់​ស្មារតី​យុវជន មិន​ឲ្យ​ចង់​ដឹង​ឮ​បញ្ហា​ព្រំដែន។ ​លោក​យល់​ថា បើ​ពលរដ្ឋ និង​ យុវជន​ខ្លាច​សារ​គំរាម​នេះ​មិន​អាច​រក​ដំណោះស្រាយ​បញ្ហា​ព្រំដែន​បាន​ទេ ​ផ្ទុយ​ទៅ​វិញ កម្ពុជា​អាច​នឹង​បាត់បង់​ដី​ថែម​ទៀត​នៅ​ថ្ងៃ​អនាគត៖ «ជា​ប្រធាន​រាជបណ្ឌិត​សភា លោក សុខ ទូច អត់​មាន​វីដេអូ អត់​មាន​អី​ដើម្បី​បង្ហាញ​ពលរដ្ឋ​ផង គឺ​យក​មក ដើម្បី​តែ​ឈ្នះ​បក្ស​ប្រឆាំង ដើម្បី​គំរាម​យុវជន ដើម្បី​ប្រកែក​ឈ្នះ​ពលរដ្ឋ​ខ្លួន​ឯង ហើយ​យើង​ថា យើង​ជា​អ្នក​ស្រាវជ្រាវ។ ស្រាវជ្រាវ​អី បើ​ផែនទី ដែល​កម្ពុជា យ៉ាង​នេះ​ផែនទី​បោះ​របៀប​ម៉េច? លោក សុខ ទូច គួរ​គិត​ពិចារណា​នោះ បើ​ពួក​ខ្ញុំ​ជា​និស្សិត​រៀន​មិន​បាន​រៀន​ដល់​ពួក​គាត់ មិន​ចេះ​ដឹង គាត់​គួរ​តែ​បើក​ចិត្ត​ឲ្យ​ទូលាយ​ថា ប្អូន​មាន​កំហុស​អ៊ីចេះៗ ចៀសវាង​ផ្ញើ​សារ​គំរាម និង ដៀល​ថា ពួក​ខ្ញុំ​ជា​យុវជន ជា​ពូក​អគតិ»

លោក មួង សូនី ហួស​ចិត្ត​នៅ​គ្រា​ដែល​បណ្ឌិត សុខ ទូច ចោទ​ពួកគេ​ថា ក្រុម​យុវជន​ស្រាវជ្រាវ ដើម្បី​ចង់​ល្បី និង​ធ្វើ​កិច្ចការ​តាម​អារម្មណ៍។ លោក​សង្ស័យ​ពី​មូលហេតុ ដែល​អាជ្ញាធរ មិន​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្វែងយល់​ពី​ការ​បោះ​បង្គោល​ព្រំដែន​កន្លង​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment