មន្ត្រី​សិទ្ធិមនុស្ស​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ទទួលខុសត្រូវ​ការ​បង្ក្រាប​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង

ដោយ ទីន ហ្សាការីយ៉ា
2019-01-02
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​សមត្ថកិច្ច​បង្ក្រាប​ក្រុម​កម្មករ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។ RFA/Jeevita
ក្រុម​សមត្ថកិច្ច​បង្ក្រាប​ក្រុម​កម្មករ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។ RFA/Jeevita


ក្រុម​មន្ត្រី​សិទ្ធិ​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ត្រូវតែ​ទទួលខុសត្រូវ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ដោយ​ការ​បង្ក្រាប​ហិង្សា​កាល​ពី​ដើម​ឆ្នាំ​២០១៤ ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រង​របួស ជាជាង​ទម្លាក់កំហុស និង​លាប​ពណ៌ ទៅលើ​គណបក្សប្រឆាំង។

ការ​លើក​ឡើង​នេះ នៅ​បន្ទាប់ពី​មន្ត្រី​របប​គណបក្ស​កាន់អំណាច​ចោទ​ថា អំពើ​ហិង្សា​បង្ក្រាប​ក្រុម​កម្មករ​នេះ គឺ​គណបក្ស​ប្រឆាំង​ជា​អ្នកទទួលខុសត្រូវ។

ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​លើកឡើង​ថា របប​លោក ហ៊ុន សែន ត្រូវ​ស្វែងរក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នៅ​ក្នុង​អំពើ​ហិង្សា ដោយ​ការ​បង្ក្រាប​ពី​កម្លាំង​សមត្ថកិច្ច ដោយ​អំពើ​ហិង្សា​មួយ កាលពី​៥​ឆ្នាំមុន មាន​មនុស្ស​ចំនួន ៤​នាក់​ស្លាប់ បាត់​ខ្លួន និង​រង​របួស​ចំនួន ៤០​នាក់ គឺជា​រឿង​សំខាន់ មិនមែន​រឿង​ទម្លាក់​កំហុស​ទៅលើ​បក្ស​ប្រឆាំង​ឡើយ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ(Licadho) លោក អំ សំអាត ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២ មករា ថា របប​លោក ហ៊ុន សែន ត្រូវ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឲ្យ​ឯករាជ្យ ដើម្បី​ស្វែងរក​យុត្តិធម៌​ជនរងគ្រោះ ដែល​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ទទួលខុសត្រូវ មិនមែន​ការចោទប្រកាន់​ទៅ​លើក​ក្រុម​ណាមួយ ហើយ​ជំរុញ​ឲ្យ​ទទួលខុសត្រូវ​នោះ មិនមែន​ជា​ដំណោះស្រាយ​ល្អ​ឡើយ៖ «អ្នកណា​ខ្លះ​ដែល​ជា​ជន​ដៃ​ដល់​នៃ​ការ​បាញ់​សម្លាប់ អ្នក​ណា​ខ្លះ​ជា​អ្នក​ពាក់ព័ន្ធ អាហ្នឹង​បើ​រដ្ឋាភិបាល​ធ្វើការ​ស៊ើបអង្កេត​ដើម្បី​ស្វែងរក​ចាប់ខ្លួន​អ្នក​ទាំងនោះ ហើយ​ទី​២​បើសិនជា​រដ្ឋាភិបាល​រក​អ្នក​ទាំងនោះ​ឃើញ ក៏​ជា​ការ​បង្ហាញ​ពី​ភាព​ស្អាតស្អំ​ផង​ដែរ»

កាលពី​ថ្ងៃ​ទី​៣ ទី៤ ខែ​មករា មាន​បាតុកម្ម​ចំនួន​ពីរ​កន្លែង​ផ្សេងៗ​បាន​ផ្ទុះ​តវ៉ា​ឡើង នៅ​រោងចក្រ​យ៉ាកជីន (Yak Jin) និង​មួយ​កន្លែង​ទៀត បាន​កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រង ស្រប​ពេល​កម្ពុជា​កំពុង​មាន​វិបត្តិ​នយោបាយ គួបផ្សំ​នឹង​កម្មករ​ធ្វើ​ការ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ត្រឹមតែ ១៦០​ដុល្លារ​ក្នុង​មួយ​ខែ។ យ៉ាងហោចណាស់​មាន​មនុស្ស ៤​នាក់​ស្លាប់ ម្នាក់​បាត់​ខ្លួន និង​របួស​ជិត ៤០​នាក់។ បន្ថែម​ពីលើ​នេះ ថ្នាក់ដឹកនាំ​សហជីព និង​កម្មករ​ជាង ២០​នាក់ ក៏​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​អស់​រយៈពេល​ជិត ៥ខែ ដោយ​រង​ការចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា។

យុវជន​មួយ​រូប​ឈ្មោះ ខឹម សុផាត ដែល​បាត់​ខ្លួន មក​ទល់​ពេល​នេះ មិន​ទាន់​រក​ឃើញ​នៅ​ឡើយ។ សាក្សី​មួយ​រួប​ដែល​រួច​ជីវិត​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ ធ្លាប់​បាន​រៀបរាប់​ប្រាប់​អាស៊ីសេរី​កន្លងមក​ថា ខឹម សុផាត ក៏​រង​របួស​គ្រាប់កាំភ្លើង​ដែរ ក៏ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ចេញពី​កន្លែង​កើត​ហេតុ​ភ្លាមៗ៖ «ខឹម សុផាត ត្រូវ​គ្រាប់​មួយ​គ្រាប់​មុន ពេលនោះ​ខ្ញុំ​មិន​បាន​ជួយ​វា ហើយ​ខ្ញុំ​រត់​ទៅ​សម្ងំ​ក្នុង​ផ្ទះ​ជួល​គេ ហើយ​ខ្ញុំ​ពឹង​មិត្តភ័ក្ដិ​ឲ្យ​ទៅ​ជួយ​មើល គេ​បាន​ប្រាប់​ខ្ញុំ​ថា ឃើញ​មាន​ឡាន​ពណ៌​ក្រហម​មួយ​គេ​លើក​ដាក់​លើ​ឡាន​ដឹក​យក​ទៅ»

ជនរងគ្រោះ និង​ក្រុម​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស បាន​ប្រកាស​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣ មករា​នេះ ពួកគាត់ នឹង​ជួប​ប្រជុំគ្នា​ដើម្បី​រៀបចំ​រំលឹក​ខួប​នៃ​ការ​បង្ក្រាប ពិធី​រំលឹក​ខួប​នេះ​គ្រោង​នឹង​ប្រារព្ធ​ធ្វើ​ឡើងផ្ទះ​សាមគ្គី​ដែល​មាន​ទីតាំង នៅ​ក្នុង​សង្កាត់​អូរបែកក្អម ខណ្ឌ​សែនសុខ ក្រុងភ្នំពេញ ដែល​គេ​រំពឹង​ថា នឹង​មាន​មនុស្ស​ចូលរួម​ប្រមាណ​១០០​នាក់ ភាគច្រើន​មកពី​សហជីព សមាគម ព្រះសង្ឃ និង​ជនរងគ្រោះ​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លោក វ៉ន ពៅ ដែល​ជា​ជនរងគ្រោះ​នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ដឹកនាំ​ដោយ​កងកម្លាំង​ឆត្រ​យោង​៩១១ របស់​លោក ចាប ភក្ដី កាលពី​ថ្ងៃ​ទី​៣​មករា ឆ្នាំ​២០១៤ នៅ​រោងចក្រ​យ៉ាក់ ជីន បាន​បញ្ជាក់​ថា កម្មវិធី​នេះ​នឹង​មាន​ថ្លែង​សារ​រំលឹក​ឡើងវិញ ពី​ការឈឺចាប់​របស់​ក្រុម​កម្មករ ដាក់​បញ្ចាំង​ខ្សែ​វីដេអូ រៀបរាប់​ពី​ហេតុការ​បង្ក្រាប ហិង្សា ដោយ​កងកម្លាំង​សមត្ថកិច្ច នឹង​ដាក់​បង្ហាញ​អាវ​ប្រឡាក់​ឈាម​របស់​លោក​ដែល​ត្រូវ​បាន​ទាហ៊ាន ឆត្រ​យោង​៩១១​វាយ​នឹង​ដំបង​រហូតដល់​បែក​ក្បាល​ហូរ​ឈាម មុននឹង​ចាប់​បញ្ជូន​ពួក​លោក​យក​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង​កាលណោះ។ លោក វ៉ន ពៅ ក៏​បាន​ទាមទារ​អោយ​របប​ក្រុងភ្នំពេញ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតមានឡើង​នោះ៖ «ខ្ញុំ​នៅតែ​នឹកឃើញ​ការឈឺចាប់​ដែល​ខ្ញុំ​ធ្វើការ​ជា​សកម្មជន​សិទ្ធិមនុស្ស ជា​សកម្មជន​ការពារ​សិទ្ធិ​កម្មករ​ជាង​២០​ឆ្នាំ​កន្លង​មក​នេះ​ខ្ញុំ​បន្សល់​តែ​អាវ​ប្រឡាក់​ឈាម​ទៅ​ណា​មក​ណា​សល់​តែ​ការបាត់បង់​ខូច​សុខភាព ស្ពាយ​តែ​ថង់​ថ្នាំ​ជាប់​ជានិច្ច»

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​ថ្លែង​ការពារ​ថា ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​កាលពី ៥​ឆ្នាំមុន ដោយ​លោក​ចោទ​ថា គឺ​ជា​ការ​សេព​គប់​មិន​ត្រឹមត្រូវ​ជាមួយ​ពួក​បរទេស ក្នុង​គោលបំណង​បំផ្លិចបំផ្លាញ សេចក្តី​សុខ​ប្រជាពលរដ្ឋ​កម្ពុជា​ខ្លួនឯង ដោយសារ​ចង់បាន​អំណាច​រំលោភ​លើ​គោល​ការ​លទ្ធិ​ប្រជាធិបតេយ្យ​នឹង​ជា​ផែនការ​ទុច្ចរិត។ ចំពោះ​ការស្វែងរក​យុត្តិធម៌​វិញ លោក សុខ ឥសាន បាន​ទម្លាក់កំហុស​ទៅ​លោក សម រង្ស៊ី ទៅវិញ។ លោក សុខ ឥសាន បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម​ថា គ្មាន​អ្វី​ក្រៅពី​ចាំ​ចាប់​លោក សម រង្ស៊ី និង​បក្សពួក​មួយ​ចំនួន យក​ទៅ​កាត់ទោស​នៅ​តុលាការ​ទេ ដោយ​លោក​ចោទ​ថា មេ​បក្ស​ប្រឆាំង​និង​បក្សពួក​ជា​អ្នក​ញុះញង់​និង​ដុត​កំហឹង​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​យ៉ាង​ច្រើន​បែបនេះ។

បន្ថែម​ពី​នេះ​ទៀត លោក ហ៊ុន សែន ទទួល​ស្គាល់​ថា ការ​បង្ហូរ​ឈាម​នៅ​ក្រោយ​ការបោះឆ្នោត​តំណាងរាស្ត្រ កាលពី​ឆ្នាំ​២០១៣ កន្លងទៅ ប៉ុន្តែ​មិន​ខុស​ពី​លោក សុខ ឥសាន ឡើយ។ លោក ហ៊ុន សែន ក៏​ចោទ​ថា ការ​បង្ហូរ​ឈាម​នេះ គឺ​បង្កឡើង​ដោយ​គណបក្ស​សង្គ្រោះជាតិ។ ថ្លែង​នៅ​ចំពោះ​មុខ​កម្មករ​-​កម្មការិនី រាប់ពាន់​នាក់​ក្នុង​ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​ទី​៣១ តុលា ឆ្នាំ​២០១៨ លោក ហ៊ុន សែន អះអាង​ថា សកម្មភាព​នេះ​មិនបាន​កើតឡើង​ទៀត​ឡើយ នៅ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៨ នេះ ដោយសារតែ​គ្មាន​វត្តមាន​បក្ស​ប្រឆាំង ហើយ​មេដឹកនាំ​គណបក្ស​នេះ​ក៏​ត្រូវ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​រួច​ទៅ​ហើយ​ដែរ៖ «ជា​ភ័ព្វសំណាង​របស់​កម្ពុជា​ណាស់ ដែល​មិន​មានការ​បង្ហូរ​ឈាម និង​មិន​មាន​ចលាចល បន្ទាប់ពី​ការបោះឆ្នោត។ ឆ្នាំ​២០១៣ ពិតជា​មានការ​បង្ហូរ​ឈាម ហើយ​អ្នក​ដែល​បង្ក​ឱ្យ​មាន​ការ​បង្ហូរ​ឈាម​នោះ យើង​បាន​ចាប់ខ្លួន​រួចហើយ ព្រោះ​ពួកគេ​អ្នក​បាន​សាង​អំពើ​បាប​ទាំងនេះ។ ដូច្នេះ​ផ្លូវច្បាប់​ត្រូវតែ​បន្ត​នីតិវិធី​តទៅទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់​។ ទ្រព្យសម្បត្តិ​ឯកជន និង​សាធារណៈ​មួយ​ចំនួន​ត្រូវ​បាន​បំផ្លិចបំផ្លាញ ពួកគេ​ត្រូវ​មាន​ការ​ទទួលខុសត្រូវ»

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ធ្លាប់​បាន​ឲ្យ​ដឹង​ថា​លោក ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ​ផង និង​ជា​ឃាតក​ផង នៅ​ក្នុង​របប​គ្រប់គ្រង​របស់​លោក ហើយ​តែងតែ​មិន​ទទួលខុសត្រូវ​លើ​ទង្វើ​របស់​ខ្លួន។ លោក សម រង្ស៊ី បាន​លើក​ពី​ភស្តុតាង​មួយ​ចំនួន​ទៀត​ក្រៅពី​ការ​បង្ក្រាប​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង​នោះ ដែល​លោក អះអាង​ថា លោក ហ៊ុន សែន ជាប់​ពាក់ព័ន្ធ​និង​អំពើ​ឃាតកម្ម​ជាច្រើន រួមមាន តារាភាពយន្ត​ល្បីឈ្មោះ គឺ​អ្នកនាង ពិសិដ្ឋ ពិលីកា ប្រធាន​សហជីព លោក ជា វិជ្ជា សកម្មជន​ការពារ​បរិស្ថាន លោក ឈុត វុទ្ធី និង​ករណី​សម្លាប់​ចុងក្រោយ គឺ​លោក បណ្ឌិត កែម ឡី ជាដើម។ សម រង្ស៊ី បញ្ជាក់​ថា ព្រឹត្តិការណ៍​បោក​គ្រាប់បែក​កាលពី​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​១៩៩៧ គឺ​ភរិយា​លោក រូបលោក​ផ្ទាល់ និង​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ស្លាប់ និង​រងរបួស ដែល​អំពើ​ហិង្សា​ទាំងអស់​នេះ លោក ហ៊ុន សែន ជា​អ្នកបញ្ជា​នៅ​ពី​ក្រោយខ្នង។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​សមាគម​អាដហុក (Adhoc) លោក សឹង សែនករុណា មាន​ប្រសាសន៍ថា ការ​បង្ក្រាប​បាតុករ​កាលពី​ថ្ងៃ​ទី​៣ និង​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤​នោះ គឺជា​រឿង​ខុសច្បាប់​និង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ការ​បង្ក្រាប​នេះ គឺ​មាន​បញ្ជា​ពី​ថ្នាក់លើ​យ៉ាង​ច្បាស់​លាស់ បញ្ហា​នេះ​របប​លោក ហ៊ុន សែន មិន​អាច​លាប​ពណ៌​ទៅលើ​ក្រុម​ណាមួយ​បាន​ឡើយ​៖ «ការ​ទាមទារ​តវ៉ា​ហ្នឹង​យើង​ឃើញ​កម្មករ​សហជីព ទាមទារ​ដំឡើង​ប្រាក់ខែ​អប្បបរមា ហើយ​នេះ​ជា​អង្គហេតុ​ពិតប្រាកដ ដែល​គ្មាន​អង្គហេតុ​ផ្សេង​ក្រៅពី​ទាមទារ​ដំឡើង​ប្រាក់ខែ​នេះ​ទេ»

គិត​មក​ទល់​ពេល​នេះ គឺជា​ខួប ៥​ឆ្នាំ​ហើយ នៃ​ការ​បង្ក្រាប​ហិង្សា នៅ​ផ្លូវ​វ៉េងស្រេង ដែល​ជនរងគ្រោះ​មិនទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ។ នៅ​មាន​ករណី​ជាច្រើន​ទៀត ដែល​ជនរងគ្រោះ​មិន​ទទួល​បាន​យុត្តិធម៌​នៅ​ក្នុង​សង្គម​កម្ពុជា។ របាយការណ៍​របស់​អង្គការ​លីកាដូ (LICADHO) បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១២ ឲ្យ​ដឹង​ថា ជាង ២​ទសវត្សរ៍​មកនេះ យ៉ាងហោចណាស់ មាន​មនុស្ស​ជាង ១០០​នាក់ ដែល​ត្រូវ​បាន​ធ្វើឃាត​ដោយសារ​ការ​បំពេញ​មុខ​ងារ​របស់​ខ្លួន ការ​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល ការ​ធ្វើ​សកម្មភាព​នយោបាយ និង​ហេតុផល​ដទៃ​ទៀត។ អ្នក​ទាំងនោះ​រួមមាន អ្នក​សារព័ត៌មាន សកម្មជន​គណបក្ស​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​ការពារ​ដីធ្លី ព្រះសង្ឃ មេដឹកនាំ​សហជីព កម្មករ​រោងចក្រ និង​អ្នកវិភាគ​នយោបាយ។ មក​ទល់​ពេល​នេះ របប​លោក ហ៊ុន សែន មិនបាន​ចាប់​ឃាតក​ណា​ម្នាក់​យក​មក​ផ្ដន្ទាទោស​លើ​ករណី​ទាំង​នេះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "មន្ត្រី​សិទ្ធិមនុស្ស​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ទទួលខុសត្រូវ​ការ​បង្ក្រាប​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង"

  1. so socheath says:

    Send to facebook
    សម រង្ស៉ី និងកឹមសុខា និងបក្សពួក សមល្មមដល់ពេលវេលា
    យកមកដាក់គុក មួយជិវិត ដើម្បីជម្រះទុក្ខសោកដល់វិញ្ញាណក្ខន្ធ
    អ្នកស្លាប់ និងរបួស លើផ្លូវវេងស្រេងហើយ
    ———————-
    ឥឡូវវាល្មមុដល់ពេលហើយ ដែលត្រូវយក ទណ្ឌិត សម រង្ស៉ី កឹមសុខា និងបក្សពួក មានមួរ សុខហួរ
    អេង ឆៃអ៊ាង រៀលខេមរិន្ទ ជាដើម។ល។ ព្រមទាំងសង្គមសីវិលផ្នែកសិទ្ធិមនុស្ស មាន លីកាដូ អាដហុក ក្រុមសហជីពដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលបានដឹកនាំធ្វើបាតុកម្ម កុប្បកម្មបំ ផ្លិចបំផ្លាញ​ ក្នុងបំណងផ្តួលរំលំ
    រដ្ឋាភិបាលស្របច្បាប់ តាមរយះបដិវត្តន៍ពណ៍ ដែលសមល្មមជាពេលវេលាត្រូវបាននាំខ្លួនពួកនេះមកកាត់ទោស
    ឱ្យបានធ្ងន់ធ្ងរបំផុត គឺដាក់គុកមួយជិវិតដើម្បីលាងជម្រះទុក្ខសោកដល់វិញ្ញាណក្ខន្ធ អ្នកស្លាប់ និងរបួស នៅលើផ្លូវវេងស្រេង កាលពីខែមករា ឆ្នាំ២០១៤ហើយ។
    យើងចងចាំមិនភ្លេចទេកាលពី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ នូវព្រឹត្តិការណ៍នៃការបះបោរបះបោរ ធ្វើកុប្បកម្មដ៏ហិង្សាដឹកនាំដោយ ទណ្ឌិត សម ង្សី កឹម សុខា និងបក្ខពួកដែលយកប្រជាជន និងកម្មករ និយោជិត មកធ្វើជាផ្លូវក្រាលដោយឈាម ដើម្បីប្លន់យកអំណាចក្រោមឡេះ ទាមទារដំឡើងប្រាក់
    ឈ្នួល១៦០ដុល្លារ នៅផ្លូវវ៉េងស្រេង ហើយដែលការធ្វើកុប្បកម្មដ៏ហិង្សានេះ កើតឡើងនៅពាក់កណ្តាល
    អធ្រាត្រ ដែលមិនមែនជាករណីធម្មតានៃការធ្វើបាតុកម្មអហិង្សា របស់កម្មករ និយោជិតឡើយ។
    ការធ្វើកុប្បកម្មដ៏ហិង្សាដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសមួយចំនួន ព្រមទាំងបង្ករឲ្យ
    មានការខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងឯកជន បើយើងពិនឹត្យឲ្យស៊ីជម្រៅទៅ វា ជាអំពើកុប្បកម្មផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមបែបបដិវត្តន៍ពណ៌ ដូចនៅបណ្តា
    ប្រទេស នៅអាហ្វ្រិក និងនៅមជ្ឈឹមបូព៌ាតែប៉ុណ្ណោះ។

    សម្រាប់ព្រឹត្តិការណ៍ដ៏ហិង្សានេះ កាលនោះ ប្រសិនជារាជរដ្ឋាភិបាល មិនចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាទេនោះ ហានិភ័យអាចនឹងកើតមានឡើងនៅកម្ពុជា ធ្ងន់ធ្ងរបំផុត ។
    ព្រោះថាសន្តិភាពជាតិទាំងមូលនឹងត្រូវបំផ្លាញ ភាពច្របូកច្របល់ក្នុងសង្គមនឹងកើតឡើង ហើយគ្រោះមហន្តរាយ នៃការកាប់សម្លាប់គ្នាដោយអត់រើសមុខ នឹងកើតឡើង ហើយវានិងបង្កើតឡើងនូវវិនាសកម្មដល់ជិវិត
    ពលរដ្ឋស្លូតត្រង់ដែលគ្មាននរណាម្នាក់និងនឹកស្មានស្មានដល់។
    ដូច្នេះការចង់នាំកម្ពុជាឱ្យធ្លាក់ទៅរកគ្រោះមហន្តរាយ គ្មានអ្នកណាក្រៅពីជនក្បត់ជាតិឈ្មោះ ទណ្ឌិតសម រង្ស៉ី
    ឈ្មោះ កឹម សុខានិងបក្សពួកនោះទេ។
    ក្រុមជនទាំងនេះ គួរតែនាំខ្លួនមកកាត់ទោសឱ្យបានធ្ងន់ធ្ងរបំផុត ដាក់គុកមួយជិវិតដើម្បីជម្រះដល់
    ទុក្ខសោកនៃវិញ្ញាណក្ខន្ធ អ្នកស្លាប់ និងរបួស ដោយមិនអាចអត់អោនឲ្យវាបានឡើយ ។
    ព្រោះថារវាងនយោបាយ និងច្បាប់ គេមិនអាចបន្លែបន្លំ លាយឡំចូលគ្នា ដូចពួកបក្សក្បត់ជាតិសង្គ្រោះជាតិ
    ធ្លាប់លើកដើម្បីគេចវេសពីផ្លូវច្បាប់នោះទេ ៕

Leave a Reply

Submit Comment