សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​បាត់ដំបង​បន្ត​ជួប​ពង្រឹង​សាមគ្គីភាព​ចាំ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក

ដោយ សេក បណ្ឌិត
2019-01-06
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មភាព​សកម្មជន​បក្ស​ប្រឆាំង​បន្ត​ជួបជុំគ្នា​ពង្រឹង​សាមគ្គីភាព នៅ​ឃុំ​ខ្នាចរមាស ស្រុក​បវេល ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ​២០១៩។ Photo Provided
សកម្មភាព​សកម្មជន​បក្ស​ប្រឆាំង​បន្ត​ជួបជុំគ្នា​ពង្រឹង​សាមគ្គីភាព នៅ​ឃុំ​ខ្នាចរមាស ស្រុក​បវេល ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ​២០១៩។ Photo Provided


សកម្មជន​គណបក្ស​ប្រឆាំង​ប្រចាំ​ខេត្ត​បាត់ដំបង​ប្រមាណ​៥០​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ មករា បន្ត​ជួបជុំគ្នា​ពង្រឹង​សាមគ្គីភាពជា​ធ្លុង​មួយ ហើយ​បាន​ថ្លែង​គាំទ្រ​លោក សម រង្ស៊ី ធ្វើជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ដើម្បី​រួមគ្នា​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យ​រស់​ឡើងវិញ។

នេះ​ជា​សំឡេង​សកម្មជន​គណបក្សប្រឆាំង​ថ្លែង​សារ​គាំទ្រ​លោក សម រង្ស៊ី នៅ​ឃុំ​ខ្នាចរមាស ស្រុក​បវេល ជួបជុំគ្នា​ប្ដេជ្ញា​ចិត្ត​រួម​កម្លាំង​ចាំ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាងមុខ។

អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង​គណបក្ស​សង្គ្រោះជាតិ លោក ឌឹម សារឿន ថ្លែងប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​៦ មករា ថា ពួកគាត់​បាន​ប្ដេជ្ញា​រួចជាស្រេច​ក្នុង​ការ​ទៅ​ទទួល​លោក សម រង្ស៊ី ចូល​ស្រុក​វិញ បើទោះបី​អាជ្ញាធរ​គំរាម​ចាប់​ដាក់គុក ក៏​ពួកគាត់​មិន​ខ្លាច​ដែរ ព្រោះ​អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​ការ​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​ជាង​គេ ហើយ​បាន​បិទ​សិទ្ធិ​សេរីភាព​ពួកគាត់​អស់​ជាមួយ​ឆ្នាំ​ហើយ ដើម្បី​លោក​ហ៊ុន សែន បាន​បន្ត​ទៅ​មុខ​ទៀត៖ «បាទ​អត់ទ្រាំ​យូរហើយ គេ​ចោទប្រកាន់​ប្រធាន​ខ្ញុំ​ថា​ក្បត់ជាតិ បើ​ទោះជា​តុលាការ​នឹង​អាក្រក់​ដែល​យើង​មិន​ទទួលស្គាល់​ក៏ដោយ រហូតដល់​ពេលនេះ​រក​ភស្តុតាង​ដាក់​បន្ទុក​លោក កឹម សុខា រក​មិន​ឃើញ​ផង ដូច្នេះ​យើង​ទ្រាំ​ដល់​ណា​ទៀត​ត្រូវតែ​ងើប​ត្រូវតែ​តស៊ូ ពីព្រោះ​ជា​ឱកាស​ល្អ​ដែល​យើង​ត្រូវ​ងើប យើង​មើល​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​រាប់​ម៉ឺន​នាក់​គេ​ងើប​ហើយ យើង​នៅ​ក្នុង​ប្រទេស​រង់ចាំ​អី​ទៀត​ត្រូវតែ​ងើប»

លោក​បន្ថែម​ថា កម្លាំង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ប្រចាំខេត្ត​បាត់ដំបង​កាន់តែ​ផុលផុស ក្នុង​ការ​ជួបជុំគ្នា​ថ្លែង​សារ​នយោបាយ​គាំទ្រ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ បើទោះបី​ជាថ្មី​នេះ នៅ​ខេត្ត​មួយ​ចំនួន មន្ត្រី​ប៉ូលិស​បាន​បង្ខំ​ឲ្យ​សកម្មជន​ធ្វើ​កិច្ចសន្យា​ឈប់​ប្រមូលផ្ដុំ​គ្នា​ធ្វើ​សកម្មភាព​បែបនេះ​តទៅ​ទៀត។

ទាក់ទង​នឹង​ករណី​នេះ​កន្លងមក​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​លោក ផៃ ស៊ីផាន មាន​ប្រសាសន៍ថា លោក​មិន​ចាប់អារម្មណ៍​ចំពោះ​ការ​ផុលផុស​របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ​ទេ ព្រោះ​លោក​ថា បញ្ហា​នេះ​ជា​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ៖ «កុំ​ឲ្យ​គេ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​ប្រទេសជាតិ​នឹង​ជា​រឿង​ផ្ទៃក្នុង​បោះ​គេ។ បាទ​កាលណា​គាត់​រៀបចំ​គម្រោង​ដែល​រំខាន​ដល់​ការបោះឆ្នោត អា​នឹង​ត្រូវ​មាន​ការគ្រប់គ្រង​ដោយ​ដែន​សមត្ថកិច្ច តែ​ឥឡូវ​ការបោះឆ្នោត​បាន​កន្លែង​ផុត​ហើយ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បាត់ដំបង​លោក យិន ម៉េងលី លើកឡើង​ថា ការ​ប្រមូល​ផ្ដុំ​គ្នា​នេះ​ដោយសារ​សកម្មជន​គណ​បក្ស​ប្រឆាំង​នៅ​ថ្នាក់​មូលដ្ឋាន​សាមគ្គី​គ្នា​រឹងមាំ ព្រោះ​ក្រោយពី​សភា​ឯក​បក្ស​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​​​​​​​នយោបាយ បើកផ្លូវ​ឲ្យ​មន្ត្រី​គណបក្ស​នយោបាយ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​អាច​ដាក់​ពាក្យសុំ​សិទ្ធិ​ពី​នយោបាយ​រដ្ឋមន្ត្រី​ធ្វើ​នយោបាយ​ឡើងវិញ​នោះ។ លោក​បន្ថែម​ថា ការ​ជួប​ជុំគ្នា​នេះ​មិន​ខុសច្បាប់​នោះ​ទេ ព្រោះ​ជា​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ៖ «ខ្ញុំ​យល់​ឃើញ​ថា បើ​តាម​គោលការណ៍​ច្បាប់កិច្ចសន្យា​ដែល​សមត្ថកិច្ច​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ធ្វើ​កន្លងមក​នឹង វា​អត់​អាច​យក​ទៅ​អនុវត្ត​បាន​ពីព្រោះ​បើ​និយាយ​បី​កិច្ចសន្យា​វា​ទាល់តែ​ធ្វើឡើង​ដោយ​ឆន្ទៈ ដោយ​ការព្រមព្រៀង ហើយ​ធ្វើឡើង​ដោយ​ការ​បំភិតបំភ័យ​ដោយ​ការ​គំរាមកំហែង ដូច្នេះ​កិច្ចសន្យា​នេះ​មិន​អាច​យក​ទៅ​អនុវត្តន៍​បានទេ។ បើ​នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​មាន​មាត្រា​មួយ​មាន​និយាយ​ពី​ការ​គំរាមកំហែង អីចឹង​សកម្មភាព​គំរាមកំហែង​គឺជា​បទល្មើស​ដែល​មាន​ចែង​ក្នុង​ច្បាប់ព្រហ្មទណ្ឌ ហើយ​មួយ​រយៈ​ចុយ​ក្រោយនេះ​ខ្ញុំ​ឃើញ​មាន​នៅ​តាម​ប៉ុស្តិ៍​ប៉ូលិស និង​នៅ​អធិការ​នគរបាល​មួយ​ចំនួន មាន​សកម្មភាព​ជា​ការ​គំរាមកំហែង​ប៉ុន្តែ​អត់​មាន​ថ្នាក់លើ​ណាមួយ​មាន​វិធានការ​ទេ»

លោក​បន្ថែម​ថា ករណី​អាជ្ញាធរ​មិន​ចាត់វិធានការ​ទៅលើ​សមត្ថកិច្ច​ដែល​បាន​បង្ខំ​សកម្មជន​បក្ស​ប្រឆាំង​ឲ្យ​ធ្វើ​កិច្ចសន្យា​ឈប់​ធ្វើ​សកម្មភាព​កន្លងមក​នោះ អាច​ជា​ការរៀបចំ​ជា​ប្រព័ន្ធ​ពី​អាជ្ញាធរ​ថ្នាក់លើ ព្រោះ​បើ​មិន​មាន​បញ្ជា​ទេ ក៏​មិន​អាច​ធ្វើ​សកម្មភាព​នេះ​បាន​ដែរ។

លោក ឌឹម សារឿន អះអាង​ថា បើ​ទោះ​បី​ជា​សមត្ថកិច្ច​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ពួកគាត់​យ៉ាង​នេះ​ក្ដី​ក៏​ពួកគាត់​នៅតែ​បន្ត​ការ​ប្រមូលផ្ដុំ​សមាជិក​គណបក្ស​ខ្លួន​ថ្លែង​សារ​នយោបាយ​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ លុះត្រា​មាន​ដំណោះស្រាយ​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​បាត់ដំបង​បន្ត​ជួប​ពង្រឹង​សាមគ្គីភាព​ចាំ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក"

  1. so socheath says:

    នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ (២០១៤-២០១៩) គឺជាខួបគម្រប់៥ឆ្នាំ ដែលរាជរដ្ឋាភិបាលស្របច្បាប់ បានចាត់ទុកថា កម្ពុជាហៀបនឹងរងគ្រោះដោយ កុបកម្មហិង្សា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឡេះទាមទារដំឡើងប្រាក់ឈ្នួល ដឹកនាំដោយទណ្ឌិត សម រង្ស៉ី អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ដែលបានចាញ់ឆ្នោត ហើយមិនទទួលយកលទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី០៥។
    កុប្បកម្មហិង្សា ដែលមានមនុស្សរាប់ម៉ឺននាក់ចូលរួមនេះ បានប្រើប្រាស់រូបភាពតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល នៅតាមបណ្ដោយផ្លូវវ៉េងស្រង ក្រោមការញុះញង់ដោយទណ្ឌិត សម ង្សី និងបក្ខពួក បណ្តាលឱ្យមានការប៉ះទង្គិចគ្នា រហូតមានមនុស្សស្លាប់៤នាក់ និងរបួសមួយចំនួន ព្រមទាំងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជនអស់ជាច្រើន។ ការធ្វើកុប្បកម្មដ៏ហិង្សានេះ បានកើតឡើងនៅពាក់កណ្តាលអធ្រាត្រ ដែលមិនមែនជាករណីធម្មតានៃការធ្វើបាតុកម្មអហិង្សា របស់កម្មករនិយោជិតឡើយ។
    ក្នុងកុប្បកម្មហិង្សា ក្រុមអ្នកតវ៉ា បានប្រើដំបង គប់ដុំថ្ម និងដបសាំង ទៅលើសមត្ថកិច្ច ដែលរារាំងពួកគេមិនឱ្យទៅមុខទៀត។ ដោយមើលពីសភាពមិនធម្មតានេះ អាជ្ញាធរមានសមត្ថកិច្ច ក៏បានធ្វើការបង្រ្កាប រហូតរំលាយកុប្មកម្មដែលមានឧបាយកលទុច្ចរិតនេះ បានជាស្ថាពរ។
    ដំបូងឡើយការតវ៉ាដោយមានមនុស្សយ៉ាងច្រើនបែបនេះ គ្រាន់តែស្ថិតនៅក្នុងការសង្ស័យរបស់ រាជរដ្ឋាភិបាល និងអាជ្ញាធរតែប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីមានវីដេអូសារភាពរបស់ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបែកធ្លាយកាលពីដើមឆ្នាំ២០១៧ ទើបធ្វើឱ្យអាជ្ញាធរ និងសមត្ថកិច្ចជឿជាក់ថា បាតុកម្មកន្លងមកដែលញុះញង់ និងដឹកនាំដោយអតីតគណបក្សសង្រ្គោះជាតិ កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ គឺស្ថិតនៅក្នុងគម្រោងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលបង្ហាញដោយ លោក កឹម សុខា តាមរយៈវីដេអូបែកធ្លាយនោះ។
    នៅក្នុងវីដេអូបែកធ្លាយ កឹម សុខា បាននិយាយសារភាព ក្នុងវេទិកាមួយ នៅប្រទេសអូស្រ្តាលី កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ថា គណបក្សប្រឆាំង បានធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូទៅនឹងប្រទេសយូហ្គោស្លាវី
    និងសើប៊ីដែរ។ ខណៈដែលរដ្ឋាភិបាលប្រទេសទាំងពីរនេះ ត្រូវបានផ្តួលរំលំដោយការតវ៉ាដែលមានបរទេសនៅពីក្រោយ។
    ឯ/ឧ សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានលើកឡើងថា៖
    ក្នុងព្រឹត្តិការណ៍ដ៏ហិង្សា នៅលើផ្លូវវេងស្រេងនេះ បើសិនជាគ្មានការចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាទេនោះ ហានិភ័យអាចនឹងកើតមានឡើងនៅកម្ពុជា ដោយសន្តិភាពត្រូវបានបំផ្លាញ ភាពច្របូកច្របល់ក្នុងសង្គមនឹងកើតមានហើយគ្រោះមហន្តរាយ ដូចពីអតីតកាលនឹងត្រឡប់មកវិញជាមិនខាន ដែលមិនអាចស្មានដល់។
    ឯ/ឧ បានបញ្ជាក់ថា «មេក្រមុី ដែលចង់នាំកម្ពុជាឱ្យធ្លាក់ទៅរកគ្រោះមហន្តរាយនោះ គ្មានអ្នកណាក្រៅពីជនក្បត់ជាតិឈ្មោះ ទណ្ឌិតសម រង្ស៉ី និងបក្សពួកនោះទេ។ ក្រុមជនទាំងនេះ គួរតែនាំខ្លួនមកកាត់ទោសឱ្យបានធ្ងន់ធ្ងរបំផុត ដើម្បីជម្រះដល់ទុក្ខសោកនៃវិញ្ញាណក្ខន្ធ
    អ្នកស្លាប់ និងរបួស»។
    អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យមានការនាំខ្លួនទណ្ឌិត សម រង្ស៉ី មកកាត់ទោសឲ្យ ធ្ងន់ធ្ងរបំផុត ព្រោះ សម រង្ស៊ី និងបក្ខពួក បានធ្វើកុបកម្មដ៏ហិង្សាចង់ផ្តួលររំលំរដ្ឋាភិបាលស្របច្បាប់ នៅលើផ្លូវវេងស្រេង កាលពី៥ឆ្នាំមុន ដែលធ្វើឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។
    រហូតមកដល់ពេលនេះ ក្រុមសហជីពមួយចំនួន នៅតែទាមទារឱ្យមានការទទួលខុសត្រូវចំពោះអ្នកស្លាប់បាត់បង់ជីវិត ខណៈទ្រព្យសម្បត្តិសាធារណជាច្រើនត្រូវបានខូចខាតដោយគ្មានសំណង។ ប៉ុន្តែអ្នកដែលទទួលខុសត្រូវរឿងនេះ គួរតែជាអ្នកដែលបានប្រើល្បិចញុះញង់ដឹកនាំក្រុមបាតុករ ដើម្បីបម្រើមហិច្ចតាទុច្ចរិតរបស់ពួកគេទៅវិញទេ៕

  2. so socheath says:

    សម រង្ស៉ី និងកឹមសុខា និងបក្សពួក សមល្មមដល់ពេលវេលា
    យកមកដាក់គុក មួយជិវិត ដើម្បីជម្រះទុក្ខសោកដល់វិញ្ញាណក្ខន្ធ
    អ្នកស្លាប់ និងរបួស លើផ្លូវវេងស្រេងហើយ
    ———————-
    ឥឡូវវាល្មមុដល់ពេលហើយ ដែលត្រូវយក ទណ្ឌិត សម រង្ស៉ី កឹមសុខា និងបក្សពួក មានមួរ សុខហួរ
    អេង ឆៃអ៊ាង រៀលខេមរិន្ទ ជាដើម។ល។ ព្រមទាំងសង្គមសីវិលផ្នែកសិទ្ធិមនុស្ស មាន លីកាដូ អាដហុក ក្រុមសហជីពដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលបានដឹកនាំធ្វើបាតុកម្ម កុប្បកម្មបំ ផ្លិចបំផ្លាញ​ ក្នុងបំណងផ្តួលរំលំ
    រដ្ឋាភិបាលស្របច្បាប់ តាមរយះបដិវត្តន៍ពណ៍ ដែលសមល្មមជាពេលវេលាត្រូវបាននាំខ្លួនពួកនេះមកកាត់ទោស
    ឱ្យបានធ្ងន់ធ្ងរបំផុត គឺដាក់គុកមួយជិវិតដើម្បីលាងជម្រះទុក្ខសោកដល់វិញ្ញាណក្ខន្ធ អ្នកស្លាប់ និងរបួស នៅលើផ្លូវវេងស្រេង កាលពីខែមករា ឆ្នាំ២០១៤ហើយ។
    យើងចងចាំមិនភ្លេចទេកាលពី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ នូវព្រឹត្តិការណ៍នៃការបះបោរបះបោរ ធ្វើកុប្បកម្មដ៏ហិង្សាដឹកនាំដោយ ទណ្ឌិត សម ង្សី កឹម សុខា និងបក្ខពួកដែលយកប្រជាជន និងកម្មករ និយោជិត មកធ្វើជាផ្លូវក្រាលដោយឈាម ដើម្បីប្លន់យកអំណាចក្រោមឡេះ ទាមទារដំឡើងប្រាក់
    ឈ្នួល១៦០ដុល្លារ នៅផ្លូវវ៉េងស្រេង ហើយដែលការធ្វើកុប្បកម្មដ៏ហិង្សានេះ កើតឡើងនៅពាក់កណ្តាល
    អធ្រាត្រ ដែលមិនមែនជាករណីធម្មតានៃការធ្វើបាតុកម្មអហិង្សា របស់កម្មករ និយោជិតឡើយ។
    ការធ្វើកុប្បកម្មដ៏ហិង្សាដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសមួយចំនួន ព្រមទាំងបង្ករឲ្យ
    មានការខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងឯកជន បើយើងពិនឹត្យឲ្យស៊ីជម្រៅទៅ វា ជាអំពើកុប្បកម្មផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមបែបបដិវត្តន៍ពណ៌ ដូចនៅបណ្តា
    ប្រទេស នៅអាហ្វ្រិក និងនៅមជ្ឈឹមបូព៌ាតែប៉ុណ្ណោះ។

    សម្រាប់ព្រឹត្តិការណ៍ដ៏ហិង្សានេះ កាលនោះ ប្រសិនជារាជរដ្ឋាភិបាល មិនចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាទេនោះ ហានិភ័យអាចនឹងកើតមានឡើងនៅកម្ពុជា ធ្ងន់ធ្ងរបំផុត ។
    ព្រោះថាសន្តិភាពជាតិទាំងមូលនឹងត្រូវបំផ្លាញ ភាពច្របូកច្របល់ក្នុងសង្គមនឹងកើតឡើង ហើយគ្រោះមហន្តរាយ នៃការកាប់សម្លាប់គ្នាដោយអត់រើសមុខ នឹងកើតឡើង ហើយវានិងបង្កើតឡើងនូវវិនាសកម្មដល់ជិវិត
    ពលរដ្ឋស្លូតត្រង់ដែលគ្មាននរណាម្នាក់និងនឹកស្មានស្មានដល់។
    ដូច្នេះការចង់នាំកម្ពុជាឱ្យធ្លាក់ទៅរកគ្រោះមហន្តរាយ គ្មានអ្នកណាក្រៅពីជនក្បត់ជាតិឈ្មោះ ទណ្ឌិតសម រង្ស៉ី
    ឈ្មោះ កឹម សុខានិងបក្សពួកនោះទេ។
    ក្រុមជនទាំងនេះ គួរតែនាំខ្លួនមកកាត់ទោសឱ្យបានធ្ងន់ធ្ងរបំផុត ដាក់គុកមួយជិវិតដើម្បីជម្រះដល់
    ទុក្ខសោកនៃវិញ្ញាណក្ខន្ធ អ្នកស្លាប់ និងរបួស ដោយមិនអាចអត់អោនឲ្យវាបានឡើយ ។
    ព្រោះថារវាងនយោបាយ និងច្បាប់ គេមិនអាចបន្លែបន្លំ លាយឡំចូលគ្នា ដូចពួកបក្សក្បត់ជាតិសង្គ្រោះជាតិ
    ធ្លាប់លើកដើម្បីគេចវេសពីផ្លូវច្បាប់នោះទេ ៕