តើ​កម្ពុជា​សម្រេចបាន​សមិទ្ធិ​ផល​អ្វី​ខ្លះ​ ៤០​ឆ្នាំ​​ក្រោយ​​ព្រឹត្តិការណ៍​​ចម្រូងចម្រាស់​​ថ្ងៃ​​ទី ៧ ​មករា ១៩៧៩?​

ដោយ មាន ឫទ្ធិ
2019-01-07
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រូបថត​លោក ហេង សំរិន និង​លោក ហ៊ុន សែន ដែល​ដាក់​តាំង​លើ​រថ​ដង្ហែ​ពិធី​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី៤០ នៃ​ទិវា​ជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ដល់​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០១៩។ រូបថត៖ ពី​ហ្វេសប៊ុក​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ
រូបថត​លោក ហេង សំរិន និង​លោក ហ៊ុន សែន ដែល​ដាក់​តាំង​លើ​រថ​ដង្ហែ​ពិធី​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី៤០ នៃ​ទិវា​ជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ដល់​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០១៩។ រូបថត៖ ពី​ហ្វេសប៊ុក​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ


ជា​រៀងរាល់​ឆ្នាំ​ឲ្យ​តែ​ដល់​ថ្ងៃ​ប្រាំពីរ​មក​រា​ម្តង​ៗ​ ​អ្នកនយោបាយ​ ​និង​ពលរដ្ឋ​ខ្មែរ​មក​ពី​គ្រប់​និន្នាការ​នយោបាយ​ ​និង​មជ្ឈដ្ឋាន​ ​តែង​បង្ហាញ​ទស្សនៈ​ផ្ទុយគ្នា​ជុំវិញ​ព្រឹត្តិការណ៍​នេះ​ ​និង​សមិទ្ធិ​ផល​នានា​ដែល​ព្រឹត្តិការណ៍​នេះ​ ​បាន​នាំមក​ជូន​ប្រជាជាតិ​ខ្មែរ​ នា​ពេល​សព្វ​ថ្ងៃ​។ ​មាន​មតិ​ខ្លះ​រិះគន់​ថា​ ​អ្នកដឹកនាំ​បក្ស​កាន់អំណាច​តែងតែ​បកស្រាយ​អំពី​ថ្ងៃ​ប្រាំពីរ​មក​រា ​ដើម្បី​កេង​ចំណេញ​នយោបាយ​ ​ដោយ​សំអាង​ថា​ ​ខ្លួន​ជា​អ្នក​រំដោះ​ពលរដ្ឋ​ខ្មែរ​ឲ្យ​រួចផុត​ពី​វាល​ពិឃាត​ខ្មែរ​ក្រហម​ ​ចំណែក​មតិ​ខ្លះ​ទៀត​ថា​ថ្ងៃ​ប្រាំពីរ​មក​រា ​គឺ​ថ្ងៃ​ដែល​វៀតណាម​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា​។​ ក្រៅពី​ការបកស្រាយ​យក​ចំណេញ​នយោបាយ​ ​និង​យក​ត្រូវតែ​រៀង​ៗ​ខ្លួន​នេះ​ ​តើ​កម្ពុជា​សម្រេចបាន​សមិទ្ធិ​ផល​អ្វី​ខ្លះ​ក្នុង​រយៈពេល ៤០ ឆ្នាំ​ ក្រោយ​ព្រឹត្តិការណ៍​ចម្រូងចម្រាស់​ថ្ងៃ​ទី ០៧ ​មករា ១៩៧៩ នេះ​?​

សម្រាប់​ក្រុម​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​សព្វ​ថ្ងៃ​ ​ដែល​បាន​ឡើង​កាន់អំណាច​ និង​រក្សា​អំណាច​បាន​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ​ ​ពួកគេ​ចាត់ទុក​ថ្ងៃ​ ៧ មក​រា ​ជា​ថ្ងៃ​កំណើត​ទី​ពីរ ​ជា​ទិវា​បុណ្យ​ជាតិ​ ​និង​ជា​ថ្ងៃ​ដែល​នាំឲ្យ​កម្ពុជា​​​សម្រេចបាន​អ្វីៗ ​ទាំង​អស់​​នា​ពេល​​បច្ចុប្បន្ន​​នេះ។ ​អ្វីៗ ​ដែល​មាន​ចំពោះ​មុខ​នេះ​ ​គេ​នាំគ្នា​សន្មត​ថា ​ជា​ ​«​សច្ចភាព​ប្រវត្តិសាស្ត្រ​»​ ​មិន​អាច​ប្រកែក​បាន​។ ​លើស​ពី​នេះ​ទៅ​ទៀត​ ​ពួក​គេ​ក៏​មិន​អល់​អែក​នឹង​ហៅ​ក្រុម​អ្នក​ទាំងឡាយណា​ដែល​ប្រឆាំង​នឹង​ថ្ងៃ​នេះ​ ​ថា​ជា​ក្រុម​មនុស្ស​ «រមិល​គុណ ​អគតិ ​វង្វេង​ប្រវត្តិសាស្ត្រ​» ​ជា​អ្នកគាំទ្រ​ ​ឬ​ចង់​ឲ្យ​របប​ខ្មែរ​ក្រហម​ ​ឬ​អំពើ​ប្រល័យ​ពូជសាសន៍​ វិល​មក​ជា​លើក​ទី២ ជាដើម៖ «​ជ័យជម្នះ​ ៧ ​មករា ​បាន​សង្រ្គោះ​អាយុ​ជីវិត​ប្រជាជន​ដែល​នៅ​សេសសល់​ពី​ការកាប់​សម្លាប់​បាន​ទាន់​ពេលវេលា​,​ ​បាន​នាំមក​ជូន​ប្រជាជន​វិញ​នូវ​សិទ្ធិសេរីភាព​គ្រប់​យ៉ាង​ ​ដែល​ត្រូវ​បាត់បង់​ទាំងស្រុង​ក្នុង​របប ​ប៉ុល ​ពត​,​ ​បាន​ធ្វើឲ្យ​រាល់​តម្លៃ​ទាំង​ខាង​ស្មារតី​ ​និង​សម្ភារៈ​របស់​ប្រជាជាតិ​ខ្មែរ​ដែល​ត្រូវបាន​កសាង​ពូន​ជ្រំ​នៅក្នុង​ប្រវត្តិសាស្រ្ត​រាប់​ពាន់​ឆ្នាំ​មកហើយ​របស់​ខ្លួន​នោះ​ ​បាន​រស់​ឡើងវិញ​ ​និង​បាន​រួម​វិភាគទាន​ដ៏​សកម្ម​ដល់​សន្តិភាព​ ​និង​សន្តិសុខ​ក្នុង​តំបន់​។ ​ជ័យជម្នះ​ ៧ ​មករា ​បាន​ផ្តល់​កំណើត​ទី​ពីរ​ដល់​ប្រជាជន​កម្ពុជា​ ​និង​បាន​ផ្តល់​ក្តីសង្ឃឹម​ចំពោះ​អនាគត​របស់​ប្រទេសជាតិ​ ​នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្រ្ត​ដែល​គ្មាន​កម្លាំង​ណា​អាច​មក​បំភ្លៃ​ ​បំផ្លើស ​និង​បំផ្លាញ​បាន​ឡើយ​។​»​

ទោះជា​បែបនេះ​ក្តី​ ​ក៏​មាន​ការរិះគន់​ចំ​ៗ​ថា​ ​ថ្ងៃ​ប្រាំពីរ​មក​រា ​បាន​ក្លាយជា​ថ្ងៃ​ដែល​ក្រុម​មេដឹកនាំ​នៃ​របប​ក្រុង​ភ្នំពេញ​ យក​មក​ធ្វើជា​ជំនួញ​នយោបាយ​ ​ដើម្បី​កេង​ចំណេញ​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​ចម្រូងចម្រាស់​ដែល​ពួក​គេ​ព្យាយាម​បំភ្លៃ​។ ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ ​លោក​ ហ៊ុន ​សែន ​តែងតែ​ផ្តល់​អំណះអំណាង​ម្តង​ហើយ​ម្តង​ទៀត​ថា​ ​ថ្ងៃ​ប្រាំពីរ​មក​រា ​ជា​ថ្ងៃ​រំដោះ​កម្ពុជា​ឲ្យ​រួចផុត​ពី​របប​ខ្មែរ​ក្រហម​ ​ដែល​លោក​ថា ​ពេល​នោះ​កម្ពុជា​បាន​ក្លាយជា​ ​«​គុក​ឥត​ជញ្ជាំង​» ​ជា​ «​វាល​ពិឃាដ​ដ៏​សាហាវ​ឃោរឃៅ​បំផុត​» ​ជា​ ​«​សមុទ្រ​ឈាម​ ​និង​ទឹកភ្នែក​របស់​ប្រជាជន​ខ្មែរ​»​។ ​លោក​ក៏​បាន​ទម្លាក់​កំហុស​ទាំងស្រុង​នៃ​ភ្នក់ភ្លើង​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ ​ថា​បណ្តាល​មកពី​ពួក​ខ្មែរ​សាធារណរដ្ឋ​របស់​លោក​សេនាប្រមុខ​ ​លន់​ ​នុល ​ដែល​បាន​ធ្វើ​រដ្ឋ​ប្រហារ​ កាលពី​ថ្ងៃ​ទី ១៨ ​មីនា ១៩៧០ ​ក្នុង​អ្វី​មួយ​ដែល​លោក​ហៅ​ថា​ ​តាម​ខ្សែ​ញាក់​របស់​បរទេស​ ​ដែល​លោក​ចង់​សម្តៅ​ទៅ​ក្រុម​ប្រទេស​លោក​ខាងលិច​ ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​។​

ក៏ប៉ុន្តែ​ ​ការសម្រេច​ទម្លាក់​កំហុស​ទៅលើ​តែ​របប​លោក​ លន់​ នុល ​និង​ក្រុម​ប្រទេស​លោក​ខាងលិច​ពីសំណាក់​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​បច្ចុប្បន្ន​នេះ​ ​ជា​ការបរាជ័យ​ដ៏​ធំធេង​មួយ​ក្នុង​ការពិនិត្យមើល​គ្រប់​ស្រទាប់​នៃ​បញ្ហា​ទាំងអស់​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​ ​ស្រប​ពេល​ដែល​កម្ពុជា​ ​ក៏​ដូចជា​បណ្តា​ប្រទេស​ដទៃទៀត​កំពុង​ហែល​ឆ្លងកាត់​ព្យុះ​ព្យោមា ​និង​ក្លាយជា​ជនរងគ្រោះ​នៃ​សង្គ្រាម​ត្រជាក់​របស់​ប្រទេស​មហា​អំណាច​ ​ដោយសារតែ​លទ្ធផល​មិន​ដាច់ស្រេច​នៃ​សង្គ្រាម​លោក​លើក​ទី​ពីរ​ ​ដែល​គេ​មិន​ត្រូវ​មើល​រម្លង​។ ​ជា​លទ្ធផល​ ​ពិភពលោក​ត្រូវ​បែងចែក​ជា​ពីរ​ ​ប្លុក​គឺ​ ​ប្លុក​ប្រជាធិបតេយ្យ​ ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ ​និង​ក្រុម​ប្រទេស​លោក​ខាងលិច​ និង​ប្លុក​កុម្មុយនិស្ត​ដឹកនាំ​ដោយ​អតីត​សហភាព​សូវៀត ​និង​ចិន​ជាដើម​។ ​មាន​ការចោទសួរ​ថា​ ​តើ​កម្ពុជា​របស់​សម្តេច​សីហនុ​នៅ​មុន​ការធ្វើ​រដ្ឋ​ប្រហារ​របស់​លោក​សេនាប្រមុខ​ ​លន់​ ​នល់​ ​បាន​រក្សា​អព្យាក្រឹត្យភាព​របស់​ខ្លួន​បាន​កម្រិត​ណា ​ខណៈ​ដែល​មាន​ការផ្អៀង​កាន់តែ​ខ្លាំង​ទៅ​រក​ប្លុក​កុម្មុយនិស្ត ​ការកាត់ផ្តាច់​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​ ​និង​ការអនុញ្ញាតឲ្យ​ពួក​វៀត​កុង​របស់​វៀតណាម​ខាងជើង​ប្រើប្រាស់​ទឹកដី​កម្ពុជា​ ​ជា​ឈ្នាន់​នៃ​សង្គ្រាម​របស់​ខ្លួន​នោះ​?​ ​ប្រសិនបើ​គ្មាន​រដ្ឋ​ប្រហារ​របស់​លោក​លន់​នល់​ ​តើ​ប្រាកដ​ទេ​ថា​កម្ពុជា​គ្មាន​សង្គ្រាម​ ហៀរ​ចូល​ពី​វៀតណាម​? ​តើ​នរណា​ជា​អ្នកបង្កើត​ក្រុម​ខ្មែរ​ក្រហម​ ​ហើយ​ប្រសិនបើ​គ្មាន​ការជួយជ្រោមជ្រែង​ពី​ប្លុក​កុម្មុយនិស្ត​ចិន​ ​និង​វៀតណាម​ ​តើ​ក្រុម​ខ្មែរ​ក្រហម​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​មកកាន់អំណាច​បាន​ដែរ​ឬ​ទេ​?​ ​ជា​ការពិត​ណាស់​ ​ក្រុម​របស់​លោក​ ហ៊ុន ​សែន ​ពិតជា​មិន​ចង់​រវីរវល់​បកស្រាយ​នូវ​ចម្ងល់​ប្រវត្តិសាស្ត្រ​ទាំងនេះ​ទេ​ ​ព្រោះ​ទីបំផុត​ទៅ​ ​កេរ​ដំណែល​ប្រវត្តិសាស្ត្រ​នេះ​ ​នឹង​ជៀស​មិន​ផុត​ពី​ធ្លាក់​មក​លើ​ចៅហ្វាយ​នាយ​ធំ​បច្ចុប្បន្ន​របស់​ខ្លួន​ ​ដែល​ជា​បង​ធំ​បង្អែក​ គឺ​ចិន​ ​និង​វៀតណាម​តែម្តង​នេះ​ឯង​។​

ក្រុម​អ្នកវិភាគ​សង្គម​ និង​នយោបាយ​ ​មើល​ឃើញ​ថា​ ​ក្នុង​ឱកាស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​អន្តរកាលនោះ​ លោក​ ហ៊ុន ​សែន ​មិន​អៀនខ្មាស់​ ក្នុង​ការក្រសោប​យក​អំណាច​ សមិទ្ធិ​ផល​នានា​ផ្តាច់​មុខ​នោះ​ទេ​។ ​លោក​អះអាង​ថា​ ​ការផ្លាស់ប្តូរ​ដ៏​ធំធេង​រយៈពេល ៤ ទស្សវត្សរ៍​នៃ​ការកសាង​សង្គម​ពី​បាត​ដៃ​ទរ​ទេ​នេះ​ ​បាន​មក​ដោយសារតែ​គុណ​បុណ្យ​ប្រាំពីរ​មករា​នេះ​ឯង​។ ​សមិទ្ធិ​ផល​ធំ​ៗ​ចំនួន ៥ ​ដែល​លោក​មិន​អល់​អែក​នឹង​លើកឡើង​ ​រួមមាន​ ​ការប្រែក្លាយ​កម្ពុជា​៖​ ​ពី​វាល​ពិឃាដ ​សង្គ្រាម​រ៉ាំរ៉ៃ​ មក​ជា​សន្តិភាព​ ​និង​សេរីភាព​ប្រកប​ដោយ​ភាពសុខុដុម​រមនា ​ពី​របប​ផ្តាច់ការ​ប៉ុល​ពត ​មក​ ប្រកាន់ខ្ជាប់​គោលការណ៍​ប្រជាធិបតេយ្យ ​សេរី​ពហុ​បក្ស ​លើក​តម្កើង​សិទ្ធិ​ ​និង​សេចក្តីថ្លៃថ្នូរ​មនុស្ស​ មាន​នីតិរដ្ឋ​ ​និង​អធិបតេយ្យ​ពេញលេញ​មិន​អាច​រំលោភបំពាន​បាន​ ពី​ការហ៊ុំ​ព័ទ្ធ​សេដ្ឋកិច្ច​ ​និង​នយោបាយ​ មក​ជា​ការធ្វើ​សមាហរណកម្ម​យ៉ាង​សកម្ម​ក្នុង​តំបន់​ ​និង​ពិភពលោក​ពេញ​សិទ្ធិ​ ​ស្មើ​មុខ​ស្មើ​មាត់​ជាមួយ​ប្រទេស​ដទៃ​នៅលើ​ឆាក​ ​និង​កិច្ចការ​អន្តរជាតិ​ ​ពី​ការធ្លាប់​មាន​កងកម្លាំង​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជាជាតិ​ មក​ជា​ប្រទេស​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ទៅ​ក្រៅ​ប្រទេស​វិញ​ ​និង​ពី​សេដ្ឋកិច្ច​ខ្ទេចខ្ទី​ ​មក​សម្រេច​កំណើន​សេដ្ឋកិច្ច​មាន​កំណើន​ជា​មធ្យម​ ៧ ភាគរយ​ ​ក្នុង​មួយ​ឆ្នាំ​ៗ​។​

ក៏ប៉ុន្តែ​ ​ផ្ទុយពី​ការអះអាង​របស់​លោក​ ហ៊ុន ​សែន ​សម្រាប់​ក្រុម​អ្នកនយោបាយ​ប្រឆាំង​វិញ​ ​ពួកគេ​មើល​មិន​ឃើញ​ពី​គុណសម្បត្តិ​នៃ​ថ្ងៃ​នេះ​ឡើយ​ ​ដោយ​ចាត់ទុក​ថ្ងៃ​នេះ​ ​ជា​ថ្ងៃ​ដែល​វៀតណាម​លើក​ទ័ព​ជាង ១ សែន​នាក់​ចូល​មក​ឈ្លានពាន​កម្ពុជា​ ​រួច​បន្ត​ត្រួតត្រា​កម្ពុជា​តាម​បែបផែន​មិន​ខុសពី​ការដាក់​អាណានិគម​ដោយ​ផ្ទាល់​អស់​រយៈពេល​មិន​តិច​ជាង ១ ទស្សវត្សរ៍​ ​ទើប​ប្រទេស​នេះ​សុខចិត្ត​ដក​ទ័ព​ចេញ​ទៅ​វិញ​ ក្រោយ​រង​សម្ពាធ​ ​និង​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​។

ក្រុម​អ្នកនយោបាយ​ប្រឆាំង​យល់​ថា​ ​ថ្ងៃ​ ៧ មក​រា ​គួរតែ​ជា​ថ្ងៃ​កាន់មរណទុក្ខ​ ​ព្រោះ​​កម្ពុជា​សព្វ​ថ្ងៃ​ ​មិន​យូរ​មិន​ឆាប់​អាច​មាន​វាសនា​​មិន​ខុសពី​ទឹកដី​កម្ពុជា​ក្រោម​ ​ដែល​បាន​ធ្លាក់​ចូល​ក្រោម​ការគ្រប់គ្រង​របស់​វៀតណាម​ ​ដោយសារតែ​គោល​នយោបាយ​​បញ្ជ្រៀប​ ​និង​កំលាយ​ពូជសាសន៍​ ​និង​ប្រជាសាស្ត្រ​រយៈពេល​យូរ​អង្វែង​ដែល​ប្រទេស​នេះ​បាន​អនុវត្ត​ ​ក្នុងពេល​ដែល​ខ្លួន​បាន​ត្រួតត្រា​កម្ពុជា​រយៈពេល ១ទស្សវត្សរ៍​​ទី៨០ ​ដូច​អ្វី​ដែល​សម្តេច​ នរោត្តម​ សីហនុ ​ព្រះបរម​រតន​កោដ្ឋ ​ធ្លាប់​មាន​ព្រះរាជ​បន្ទូល​កាលពី​អំឡុង​ដើម​ទស្សវត្ស​រ៍​​ទី៨០ ​ហើយ​ត្រូវបាន​មេដឹកនាំ​បក្ស​ប្រឆាំង​លោក​ សម ​រង្ស៊ី​ យក​មក​បង្ហោះ​ផ្សាយ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ កាលពី​ពេល​កន្លងទៅ​៖ «​យួន​វា​បញ្ចូល​យួន​ទៅក្នុង​កងទ័ព​ ហេង​ សំរិន​។ ​ហេតុ​អ្វី​បាន​ជា​យួន​វា​និយាយ​ប្រាប់​គេ​ឯង​ក្នុង​ពិភពលោក​ថា ​វា​អាចនឹង​ចេញពី​ប្រទេស​ខ្មែរ​បាន​ក្នុង ៦ឆ្នាំ​ទៀត​?​ ​យ៉ាង​យូរ ១០ឆ្នាំ​។ ​ហេតុ​អ្វី​ក៏​អាយួន​ វា​និយាយ​អ៊ីចឹង​? ​បាន​ជា​វា​និយាយ​អ៊ីចឹង ​ពីព្រោះ​​វា​​យក​​ពេល​វេលា​ ៦, ៧, ៨, ៩, ១០ឆ្នាំ​ហ្នឹង​ ​ដើម្បី​បញ្ចូល​យួន​ដែល​ចេះ​វាយតប់​អី ​វា​បញ្ចូល​ទៅ​ឲ្យ​ហេង​សំរិន ​កាន់តែ​ច្រើន​ឡើង​ ក្នុង​ឋានៈ​ជា​ខ្មែរ​។ ​យួន​ប៉ុន្តែ​កាន់​កាត​ខ្មែរ​ ​ហើយ​ដល់ ៦ ឆ្នាំ​ទៀត​ ៧ ឆ្នាំ​ទៀត​ ​ពេលណា​វា​ថា​ ​វា​អាច​ចេញ​បាន​ ​គឺ​ថា​កងទ័ព​វា​មិន​មែន​ ៥០ ពាន់​នាក់​ទេ​ ១០០ ពាន់​នាក់​ កងទ័ព​ហេង​សំរិន ​ប៉ុន្តែ​មិន​មែន​ខ្មែរ​ទេ ​ព្រោះ​វា​ដឹង​ថា​ ខ្មែរ​មិន​វាយ​ទេ ​ខ្មែរ​មិន​បម្រើ​ប្រយោជន៍​​យួន​​ទេ​។ ​ខ្មែរ​ភាគ​ច្រើន​មិន​​បម្រើ​ប្រយោជន៍​​យួន​​ទេ​ ​ម្លោះ​​ហើយ​​វា​​បញ្ចូល​​យួន​ វា​​បញ្ចូល​​យួន​​ឲ្យ​​ច្រើន​​ចូល​​ទៅ​ក្នុង​​ទ័ព​ ហេង ​សំរិន​ ហ្នឹង​​»។​

បន្ថែម​ពីលើ​នេះ​ ​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ដាក់​ជា​សំណួរ​ថា​ ​ប្រសិនបើ​វៀតណាម​ពិត​ជា​មាន​ចេតនា​ចង់​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​ពីរ​បប​ខ្មែរ​ក្រហម​មែន​នោះ​ ហេតុ​អ្វី​បាន​ជា​វៀតណាម​មិន​ដក​ទ័ព​ចេញ​ភ្លាម​ៗ​ក្រោយពេល​ខ្លួន​បាន​លើក​ទ័ព​មក​លុកលុយ​កម្ពុជា​ ​ក្រោម​ស្លាក​ថា​មក​ជួយ​ ​ជួយ​រំដោះ​ពលរដ្ឋ​ខ្មែរ​ពី​វាល​ពិឃាត​នោះ​?​ ​ហេតុ​អ្វី​បាន​ជា​វៀតណាម​មិន​ស្នើ​ទៅ​សហគមន៍​អន្តរជាតិ​ ​ជាពិសេស​អង្គការ​សហ​ប្រជាជាតិ​ឲ្យ​មក​រួមគ្នា​មក​ជួយ​រំដោះ​កម្ពុជា​ ​និង​គ្រប់គ្រង​ជា​បណ្តោះអាសន្ន​នា​ពេល​នោះ​?​ ​ហេតុ​អ្វី​បាន​ជា​វៀតណាម​ ​បង្ខំឲ្យ​កម្ពុជា​ចុះ​សន្ធិសញ្ញា​ព្រំដែន​ដី​គោក​ដី​ទឹក​ជាមួយ​ខ្លួន​ជាបន្តបន្ទាប់​ ​នៅ​ឆ្នាំ ១៩៨៣ ​និង ១៩៨៥ ​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ស្ថិត​ក្រោម​ការត្រួតត្រា​បែប​អណានិគម​របស់​ខ្លួន​នោះ​?​ ​តើ​វៀតណាម​ឆ្លើយ​យ៉ាង​ដូចម្តេច​ដែរ​ចំពោះ​ផែនការ​បង្ហូរ​ជនជាតិ​ខ្លួន​មក​ក្នុង​កម្ពុជា​ ​ការអនុវត្ត​ផែនការ​ «​ក ៥ » ​ដែល​អង្គការ​ យូមែន​ រ៉ៃត៍​ វ៉ច្ឆ ​ធ្លាប់​រាយការណ៍​ថា​ ​យ៉ាងហោចណាស់​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ក្នុង​ចំណោម​មនុស្ស​ជិត​ ១ លាន​នាក់​ ត្រូវបាន​គេ​បង្ខំឲ្យ​បម្រើ​ផែនការ​ ​”​ក ៥ ” ​នេះ​ ​ស្លាប់​ដោយ​ជាន់​មីន ​ជំងឺ​គ្រុនចាញ់​ ​និង​អត់​អាហារ​ ​ហើយ​ដែល​អ្នក​ទាំងនោះ​ ​ភាគ​ច្រើន​ជា​សិស្ស​ និស្សិត​ ​គ្រូបង្រៀន​ ​យុវជន​ និង​ពលរដ្ឋ​សាមញ្ញ​។ ​ក៏​មាន​ការលើកឡើង​ដែរ​ថា​ ​ក្រោយពេល​ដែល​ខ្លួន​លុកលុយ​កម្ពុជា​ហើយ​នោះ​ វៀតណាម​បាន​រឹបអូស​យក​ និង​ដឹកជញ្ជូន​ជ័យ​ភណ្ឌ ​និង​រតនៈ​សម្បត្តិ​ខ្មែរ​រាប់​ភ្លេច​ ​ទៅ​ស្រុក​ខ្លួន​វិញ​។​

ក្នុង​រយៈពេល ៤០ ឆ្នាំ​កន្លងមក​នេះ​ ​សំនួរ​ទាំង​នេះ​ ​ពុំ​ទាន់​មាន​ការបកស្រាយ​ច្បាស់លាស់​ ​អាច​ជឿ​ទុកចិត្ត​បាន​ ​ឬ​កំពុង​ស្ថិត​ក្នុង​ភាពស្រពេចស្រពិល​នៅឡើយ​។​

បន្ថែម​ពីលើ​នេះ​ ការណ៍​ដែល​របប​លោក​ ហ៊ុន ​សែន​ ហ៊ាន​លើកឡើង​ថា​ ​ដោយសារតែ​ថ្ងៃ​ប្រាំពីរ​មករា​នេះ​ ​ទើប​នាំឲ្យ​កម្ពុជា​មាន​ប្រជាធិបតេយ្យ ​សេរីភាព​ នីតិរដ្ឋ​ ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដូច​សព្វ​ថ្ងៃ​នេះ​ ​គឺជា​ការបំភ្លៃ​ប្រវត្តិសាស្ត្រ​ស្រស់​ៗ​ ​ដោយ​លោក​បាន​ជាន់​ឈ្លី ​និង​មិន​ឲ្យ​តម្លៃ​ទៅលើ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​ធំ​មួយ​ទៀត​ ​ដែល​នោះ​គឺ​ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ ​តុលា ១៩៩១ ។ ​ប្រសិនបើ​បក្សពួក​លោក​ ហ៊ុន ​សែន ​និង​វៀតណាម​ពិត​ជា​មាន​ភាពស្មោះសរ​ជាមួយ​ពលរដ្ឋ​ខ្មែរ​មែន ​ហេតុអ្វី​បាន​ជា​ពួកគេ​មិន​នាំគ្នា​បើក​ ​ឬ​ចាប់ផ្តើម​អនុវត្ត​ឲ្យ​មាន​ប្រជាធិបតេយ្យ ​សេរីភាព​ នីតិរដ្ឋ​ ​និង​សេដ្ឋកិច្ច​ទីផ្សារ​សេរី​នេះ​ ភ្លាម​ៗ​នៅ​ក្រោយ​ថ្ងៃ ៧ មករា ១៩៧៩ តែម្តង​ទៅ​?​ ​ប្រសិនបើ​គ្មាន​ព្រឹត្តិការណ៍​ថ្ងៃ​ទី ២៣ ​តុលា ​ឆ្នាំ ១៩៩១ នោះ​ទេ​ ​តើ​វៀតណាម​សុខចិត្ត​ដក​ទ័ព ១ សែន​នាក់​របស់​ខ្លួន​ និង​ដក​អណានិគម​របស់​ខ្លួន​រយៈពេល ១០ ឆ្នាំ​ដោយ​ស្រួល​ៗ​ពី​កម្ពុជា​ដែរ​ឬ​ទេ​?​ ​ទាំងនេះ​ ​គេ​នៅ​មិន​ទាន់​គិត​ពី​ការណ៍​ដែល​វៀតណាម​បាន​លេង​ល្បែង​ឆ្ពិន​ភ្នែក​អន្តរជាតិ​តាមរយៈ​ការដក​ទ័ព​ចេញ​ជា​រូបភាព​ខាងក្រៅ​ ​ខណៈ​រក្សា​បន្ត​ដាក់​ ​និង​បង្ហូរ​ចូល​ជនជាតិ​ខ្លួន​មក​កម្ពុជា​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ​?​

បើ​ទោះបីជា​ថ្ងៃ ២៣ ​តុលា ​ឆ្នាំ ១៩៩១ ​បាន​នាំមក​នូវ​របប​ថ្មី​មួយ​ដល់​កម្ពុជា​នៅ​ឆ្នាំ ១៩៩៣ ក៏​ពិត​មែន​តាមរយៈ​អង្គការ​សហ​ប្រជាជាតិ​នោះ​ ​ក៏ប៉ុន្តែ​លទ្ធិ​ប្រជាធិបតេយ្យ​ ​និង​ការគោរព​សិទ្ធិ​មនុស្ស​ ត្រូវបាន​របប​លោក​ ហ៊ុន ​សែន ​គាស់​រម្លើង​ និង​រម្លាយ​ចោល​ជា​ស្ថាពរ​បាត់​ទៅ​ហើយ​ ​ដោយ​ទទួលរង​នូវ​ការថ្កោលទោស​ជុំ​ទិស​ពី​អន្តរជាតិ​។ ​របប​នេះ​ ​បាន​ចោទ​សហគមន៍​អន្តរជាតិ​ពេញ​ៗ​មាត់​ថា​កំពុង​ប្រើប្រាស់​លទ្ធិ​ប្រជាធិបតេយ្យ​ ​និង​សិទ្ធិ​មនុស្ស​ធ្វើជា​លេស ​ដើម្បី​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​។ ​លទ្ធិ​ប្រជាធិបតេយ្យ​ ​នៅ​កម្ពុជា​ក្នុង​យុគសម័យ​ព្រះរាជាណាចក្រ​កម្ពុជា​ទី​ពីរ​នេះ​មាន​ឈ្មោះ​តែ​នៅលើ​ក្រដាស​ មិន​ខុសពី​សម័យ​ខ្មែរ​ក្រហម​ដែល​ដាក់​ឈ្មោះ​ថា​ ​«​កម្ពុជា​ប្រជាធិបតេយ្យ​»​ ​នោះ​ទេ​ ​ហើយ​បច្ចុប្បន្ន​កំពុង​បន្តរ​អិល​ធ្លាក់​ចូលក្នុង​គន្លង​របប​គ្រប់គ្រង​ផ្ដាច់ការរត​ពូជពង្ស​វង្ស​ត្រកូល​មិន​ខុសពី​ប្រទេស​កូរ៉េ​ខាងជើង​នោះ​ឡើយ​ ​ខណៈ​ដែល​លោក​ ហ៊ុន ​សែន​ ​កំពុង​រៀបចំ​ជើង​ព្រួល​ផ្ទេរ​អំណាច​ទៅ​ឲ្យ​កូនប្រុស​ច្បង​របស់​លោក​ ​គឺ​លោក​ ហ៊ុន​ ​ម៉ាណែត ​ឡើង​កាន់អំណាច​បន្ត​វេន​ពី​លោក​ក្នុង​រយៈពេល​មិន​លើស​ពី ១០ ឆ្នាំ​ទៅ​មុខ​នេះ​។ ​ក្រុម​អ្នកការទូត​បរទេស​ ​នាំគ្នា​ហៅ​របប​សព្វ​ថ្ងៃ​នេះ​ថា​ជា​របប​ «​ប៉ុល​ពត​ទី ២»​ដោយសារតែ​របប​នេះ​ ​មិន​ខុសពី​សម័យ​ខ្មែរ​ក្រហម​ មិន​ញញើត​នឹង​លាប​ពណ៌​ក្រុម​ប្រឆាំង​នឹង​ខ្លួន​ថា​ជា​ ​ក្រុម​ ​«​ក្បត់​ជាតិ​» ​ដោយ​ចាត់ទុក​ពួកគេ​ជា​សត្រូវ​របស់​ខ្លួន​ និង​បន្ត​ធ្វើទុក្ខបុកម្នេញ​សព្វគ្រប់​បែបយ៉ាង​ ​រួម​មាន​ការកាប់​សម្លាប់​ ​ការចាប់​និង​ឃុំខ្លួន​តាម​ទំនើង​មក​លើ​ក្រុម​អ្នកប្រឆាំង​ជាដើម​។​

អ្នកជំនាញ​គោលនយោបាយ​បរទេស​លោក​បណ្ឌិត​ ​អៀ ​សុផល​ ​មើល​ឃើញ​ថា​ ៤០ ឆ្នាំ​ក្រោយ​ថ្ងៃ​ប្រាំពីរ​មក​រា ​កម្ពុជា​នៅតែ​បន្ត​ដឹកនាំ​ដោយ​ក្រុម​បុគ្គល​មុខ​ដដែល​ៗ​ ​ដែល​អាច​កាន់អំណាច​បាន​រហូតដល់​ទៅ ១០ ដង​ យូរ​ជាង​សម័យ​ខ្មែរ​ក្រហម​ទៅ​ទៀត​។ ​លោក​ថា​ ​ក្នុង​រយៈកាល​នេះ​ ​ដោយ​មិន​រាប់​ពី​សម័យ​អន្តរកាល​របស់​អ៊ុន​តាក់ ​កម្ពុជា​ ​បាន​ហែល​ឆ្លង​ពី​អាណានិគម​វៀតណាម​ មក​ជា​អាណានិគម​របស់​ចិន ​ខណៈ​វៀតណាម​មិន​សូវ​ជា​សប្បាយចិត្ត​ជាមួយនឹង​ព្រឹត្តិការណ៍​វិវត្ត​នាពេល​ចុងក្រោយ​នេះ​ទេ​ ​ព្រោះថា​នៅ​ទីបំផុត​ទៅ​ វៀតណាម​ដែល​ជា​អ្នកលើក​ទ័ព​មក​ឈ្លានពាន​កម្ពុជា​ ​ហើយ​ឈ្នះ​សង្គ្រាម​កាលនោះ​ ​អាចនឹង​ជួល​កម្ពុជា​ពី​ចិន​វិញ​ម្តង​ ​ដែល​ជា​ម្ចាស់​ពិតប្រាកដ​របស់​កម្ពុជា​នោះ​។ ​លោក​ផ្តល់​អនុសាសន៍​ថា​ ​ក្នុង​កាលៈទេសៈ​នេះ​ កម្ពុជា​ចាំបាច់​ត្រូវតែ​ធ្វើ​ខ្លួនឯង​ឲ្យ​ឯករាជ្យ ​ដោយ​មិន​ត្រូវ​ផ្អៀង​ទៅ​រក​ ​ឬ​កាន់​ជើង​វៀតណាម​ ​ឬ​ចិន​នោះ​ទេ​ ​តែ​កម្ពុជា​ត្រូវតែ​ប្រកាន់ខ្លួន​ជា​កម្ពុជា​និយម​។ ​ជាមួយ​នឹង​ការហូរ​ចូល​យ៉ាង​គំហុក​នូវ​វត្តមាន​របស់​ជនជាតិ​ចិន​មក​កម្ពុជា​ ​ផ្ទៃដី​ខ្មែរ​សរុប​មិន​តិច​ជាង ៤,៦ លាន​ហិកតារ​ដែល​មាន​ទំហំ​ស្មើនឹង​ក្រឡា​ផ្ទៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​ហុល្លង់​មួយ​ បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​កណ្តាប់​ដៃ​ឈ្មួញ​ចិន​គ្រប់គ្រង​ ក្រោម​រូបភាព​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រោម​កិច្ចសន្យា​ជួល​រយៈពេល​មិន​តិច​ជាង ៥០ ឆ្នាំ​។ ​នេះ​គេ​នៅ​មិន​ទាន់​គិត​ពី​ទំហំ​ដី​ខ្មែរ​ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ឈ្មួញ​វៀតណាម​ និង​ដែល​បាន​បាត់បង់​ទៅ​ខាង​វៀតណាម​ ​ដោយសារតែ​ការបោះ​បង្គោល​ព្រំដែន​ដ៏​ចម្រូងចម្រាស ​ខណៈ​ដែល​របប​លោក​ហ៊ុន​សែន​កំពុង​សម្រុក​ធ្វើឲ្យ​ចប់​សព្វគ្រប់​នៅ​ដំណាច់​ឆ្នាំ ២០១៩ នេះ​។​

៤០ ឆ្នាំ​ក្រោយ​ថ្ងៃ​ប្រាំពីរ​មក​រា ​ព្រឹត្តិការណ៍​នេះ​ ​បាន​បន្ត​នាំ​ពលរដ្ឋ​ខ្មែរ​ឲ្យ​រស់នៅ​ដោយ​បែកបាក់​សាមគ្គី​គ្នា​ ​ឈ្លោះ​ទាស់ទែង​ ​ដណ្តើម​អំណាច​គ្នា​ឥត​ស្រាកស្រាន្ត​។ ​ដោយ​មិន​ខ្ចី​រៀនសូត្រ​ពី​កេរ​ដំណែល​ប្រវត្តិសាស្ត្រ​ ៤០ ឆ្នាំ​ក្រោយមក​ ​គ្មាន​ឡើយ​ការឯកភាព​ជាតិ​ជា​ធ្លុង​មួយ​ ​ឬ​ស្មារតី​ជាតិនិយម​ពិតប្រាកដ​នោះ​ ​ខណៈ​អ្នកនយោបាយ​ខ្មែរ​ និង​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ជា​អ្នក​ចាញ់​ ​និង​បន្ត​ចាញ់បោកបរទេស​ ​ជាពិសេស​ចិន​ ​និង​វៀតណាម​ ក្រោយពី​បាន​ហែល​ឆ្លង​សង្គ្រាម​ស៊ីវិល​រាប់​ទស្សវត្ស​មក​។ ​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ជាង​កន្លះ​លាន​នាក់​នៅ​ទូទាំង​ប្រទេស​ បាន​រងគ្រោះ​ដោយសារ​អំពើ​ច្បាម​យក​ដីធ្លី​ ​និង​បណ្តេញ​ចេញ​ដោយ​បង្ខំ​ពីសំណាក់​អាជ្ញាធរ​របប​លោក​ ហ៊ុន ​សែន​។ ​ពលរដ្ឋ​ខ្មែរ​មិន​តិច​ជាង ១ លាន​នាក់​ឡើយ​ ​បន្ត​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការស៊ីឈ្នួល​ដោយ​កម្លាំង​កាយ​នៅ​បរទេស ​ខណៈ​ក្នុង​ស្រុក​ឯណោះ​វិញ​ ​កម្ពុជា​ ​ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​ស្ទើរ​គ្មាន​សល់​ពីសំណាក់​ឈ្មួញ​ចិន​ ​និង​វៀតណាម​ ​ដោយសារតែ​ការបើក​ដៃ​ ​និង​ការប្រព្រឹត្តិ​អំពើ​ពុករលួយ​មហាសាលក្រោម​របប​លោក​ ហ៊ុន ​សែន​៕


What Next?

Recent Articles

4 Responses to "តើ​កម្ពុជា​សម្រេចបាន​សមិទ្ធិ​ផល​អ្វី​ខ្លះ​ ៤០​ឆ្នាំ​​ក្រោយ​​ព្រឹត្តិការណ៍​​ចម្រូងចម្រាស់​​ថ្ងៃ​​ទី ៧ ​មករា ១៩៧៩?​"

  1. Anonymous says:

    in the last forty years under HUN SEN Cambodia getting bigger and becoming a supper powers country. I love HUN SEN so much just about swallow him keep in my stomach for ever. if this smart ass still in powers for three more years Vietcong will take over completely soon . wake up Cambodia this is you last change kick that evil out be for it is too late . HUN SEN the killer he murder at lease more then one million Cambodian that what I knew . he an evil indeed good at lying some time come whit tear to make you believe in him but no way this animal is doing the same trick again and a again . GOD bless KAMPOUCHEA

  2. Anonymous says:

    7 january is the day of Veitnmae invade cambodia ‘ and rob everything from cambodia excepted the house and building that they could not take ‘ . Now new strategy of Youn-hanoi twist story and used their puppet (veitcong mafia dictator) to sign and said cambodia ask the killers to help ‘ Youn hanoi took champa and change to their own country and invade cambodia without permission from U N so Veitname are the criminal ‘ veitname are the invaders ‘ and the robbers ‘ they can’t used veitcong mafia dictator as the rescuer against the cambodia’ s ‘will . Why veitname not co-operated with U N ?? why veitname ask their puppet to sign and gave Tral island to them?? Why veitname interfere cambodia government?? veitname and china must responsibility of khmer people who die 3 million ‘GOD bless all good people and punish bad people’

  3. Target says:

    គ្មានបានអាចម៌គោមេស្អីទេក្រៅតែពីទៅខ្ចីលុយគេយកមកចែកចាយក្រុមបក្សពួកអាតិរច្ឆានសុីចាយសង់អាគាខ្ពស់ៗសម្រាប់តែពួកខ្លួន!សំណួរសួរថាតើចុះអាណាអ្នករកល់ុយសងគេពេលពួកវាស្លាប់អស់ទៅ?។ខ្ញុំមិនដឹងថាមហាជនខ្មែរលោកមានអារម្មណ៍ដូចខ្ញុំដែរឬអត់ពេលឮ ហ៊ុនសែន និយាយម្ដងៗចង់តែបោក TV ចោល។

  4. Sam says:

    If there was no April 17, 1975 then 01/7/1979 would not have been existed.
    Then who were Khmer Rouge soldiers during 1970 to 1975.
    It looks like a person who was in the same group, which killed my parents and other family’s members, was the same group of persons, that later on came to rescue me.

Leave a Reply

Submit Comment