ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ថោ្កលទោស​របប​លោក ហ៊ុន សែន ដែល​នាំគ្នា​ប្រារព្ធ​ទិវា​៧​មករា

ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ថោ្កលទោស​របប​លោក ហ៊ុន សែន ដែល​នាំគ្នា​ប្រារព្ធ​ទិវា​៧​មករា


By

ឌឹ ខេមបូឌា ដេលី

ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បាន​ហៅ​ការ​​រំឭក​ខួប​៤០​ ឆ្នាំ​ នៃ​ថ្ងៃ​៧ ​មករា​ គឺ​ជា​ការ​រំឭក​ដល់​ប្រទេស​វៀតណាម​ដែល​បាន​ឈ្លាន​ពាន​ចូល​ក្នុង​ទឹកដី​​កម្ពុជា ​ជាពិសេស​ឈ្លាន​ពាន​កោះ​ត្រល់ ​បូរណភាព​ទឹកដី​ និង​ការ​ហូរ​ចូល​ជន​អន្តោ​ប្រវេសន៍​វៀតណាម​ខុស​ច្បាប់​មក​ក្នុង​ប្រទេស​កម្ពុជា​ថែម​ទៀត។​

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ កាលពី​ថ្ងៃ​ទី​ ៦​ ខែ​មករា​បញ្ជាក់​ថា ​កម្ពុជា​កំពុង​មាន​វិបត្តិ​រដ្ឋ​ធម្មនុញ្ញ​ កិច្ចព្រម​ព្រៀង​ទីក្រុងប៉ារីស​ត្រូវ​បាន​រំលោភ​បំពាន​ធ្ងន់ធ្ងរ ការ​រំលាយ​បក្ស​ប្រឆាំង​ និង​ចាប់​ឃុំឃាំង​លោក​ កឹម សុខា​ មេ​ដឹកនាំ​បក្ស​ប្រឆាំង​យ៉ាង​អយុត្តិធម៌។​

ប៉ុន្តែ​របប​លោក ​ហ៊ុន សែន ​បែរ​ជា​រំឭកខួប​៤០​ឆ្នាំរួម​គ្នា​ជាមួយ ​វៀតណាម​នៃ​ថ្ងៃ​ឈ្លានពាន​នេះ​យ៉ាង​សប្បាយ​ ភ្ជាប់​ជាមួយ​គុណ​បំណាច់​ និង​សមិទ្ធ​ផល​នានា​ដែល​វៀតណាម​ ជួយ​លើក​បន្តុប​ក្រុម​មេ​ដឹកនាំ​ខ្មែរក្រហម​ថ្មី ​រួមមាន​លោក​ ហេង សំរិន ​និង ហ៊ុន សែន ជាដើម​ ដែល​មាន​ចំណេះ​ដឹង​បន្តិច​បន្តួច ឡើង​កាន់​អំណាច​ រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ​ទៅ​វិញ។​

ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ចាត់​ទុក​ថា ​ទិវា​ថ្ងៃ​៧​មករា​ មិនមែន​ជា​ថ្ងៃ​កំណើត​ទី​២​ដូច​ការ​អះអាង​របស់​របប​ ហ៊ុន សែន​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។ ​ប៉ុន្តែ​ថ្ងៃ​ទី​៧​មករា​១៩៧៩​គឺថ្ងៃ​ដែល​វៀតណាម​ ចូល​មក​ឈ្លានពាន​ និង​កាន់កាប់​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​១០​ឆ្នាំ​ដោយ​កម្លាំង​យោធា​វៀតណាម ​ដែល​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ។​ លើសពី​នេះ​ វៀតណាម​បាន​បញ្ជួន​ពលរដ្ឋ​របស់​ខ្លួន​ ឲ្យមក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​រាប់​លាននាក់​ ដែល​ជា​និគម​ជន​ជាតិ​វៀតណាម​ខុសច្បាប់​រហូត​មក​ទល់​បច្ចុប្បន្ន។​

ទោះជា​យ៉ាងណា​ក៏​ដោយ ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ បាន​ចាត់​ទុក​អ្នក​ដែល​ប្រឆាំង​នឹង​ថ្ងៃ​៧​មករា​គឺ​ជាជន​អគតិ។​

ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា​លោក ​ហ៊ុន សែន បាន​ប្រកាស​ថា​ ថ្ងៃ​៧​មករា​គឺ​ជា​ថ្ងៃ​កំណើត​ទី​២​របស់​ប្រជាជន​កម្ពុជា​ ដែល​នេះជា​​សច្ចធម៌​ប្រវត្តិ​សាស្រ្ត ​ហើយ​គ្មាន​ជន​ណា ​ឬ​កម្លាំង​ណា​មក​បំភ្លៃ​ ឬ​បំផ្លាញ​បាន​ឡើយ។​

ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បញ្ជាក់​ថា​ ក្នុង​អំឡុង​ពេល​វៀតណាម​ ត្រួត​ត្រា​ប្រទេស​កម្ពុជា​១០​ឆ្នាំ​ (១៩៧៩-១៩៨៩)​ ត្រូវ​បាន​អង្គការ​សហ​ប្រជាជាតិ​និង​សហគមន៍​អន្តរ​ជាតិ​នានា ​ចាត់​ទុក​ថា​ វៀតណាម​ ពិត​ជា​បាន​ចូល​ឈ្លាន​ពាន​ប្រទេស​កម្ពុជា។​ ពេល​នោះ​វៀតណាម​ បាន​បង្ខំ​ឲ្យ​របប​ ហ៊ុន សែន ​បង្កើត​នូវ​សន្ធិ​សញ្ញា​ កិច្ច​ព្រមព្រៀង​ និង​ឯកសារ​ខុស​ច្បាប់​ជាច្រើន​ ដើម្បី​បំពេញ​មហិច្ឆតា​ឈ្លានពាន​របស់​ខ្លួន​មកលើ​​ប្រទេស​កម្ពុជា​ដូចជា​សន្ធិ​សញ្ញា​ព្រំដែន​ទឹក​ ការ​កំណត់​ព្រំដែន​គោក​ជា​ថ្មី ​និង​​កោះត្រល់​រួម​នឹង​កិច្ច​ព្រមព្រៀង​ជាច្រើន​ផ្សេង​ទៀត។​

ក្រុម​នេះ​បាន​អំពាវ​នាវ​ឲ្យ​របប​លោក ​ហ៊ុន សែន ​ត្រូវ​វិល​មក​អនុវត្ត​រដ្ឋ​ធម្មនុញ្ញ​ និង​ដើរ​តាម​គន្លង​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ជា​បន្ទាន់​ តាម​រយៈ​ការ​ដោះលែង​លោក ​កឹម សុខា ​ដោយ​គ្មាន​លក្ខខណ្ឌ​ ផ្តល់​នីតិសម្បទា​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​មន្រ្តី​គណបក្ស​នេះ​ចំនួន​​១១៨​ រូប​ឡើង​វិញ​ដោយ​ឥត​លក្ខខណ្ឌ។​

ជាង​នេះ​ទៅ​ទៀត​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បាន​ទាម​ទារ​ឲ្យ​របប​លោក ​ហ៊ុន សែន ​លុប​ចោល​សន្ធិ​សញ្ញា​ព្រំដែន​គោក​ ព្រំដែន​ទឹក និង​កិច្ច​ព្រមព្រៀង​នានា​ជាមួយ​វៀតណាម​ ដែល​ផ្ទុយ​ពី​ខ្លឹមសារ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ​និង​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ ហើយ​ត្រូវ​ប្តឹង​សើរ​រើ​ទាមទារ​​កោះត្រល់​ និង​ទឹកដី​ដែល​បាត់បង់​មក​ជូន​ពលរដ្ឋ​កម្ពុជា​វិញ​ តាម​រយៈ​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស ​និង​ តុលាការ​យុត្តិ​ធម៌​អន្តរជាតិ ​(ICJ)។​

អ្នក​វិភាគ​នយោបាយ​លោក​ កឹម សុខ​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​ ថ្ងៃ​៧មករា​ជា​ព្រឹត្តិ​ការណ៍​មុខ​២​ ដោយ​ថា​ ជា​ទិវា​ឃាតករ​មុខ​ស្រស់​នៃ​ការ​ឈ្លានពាន​របស់​ប្រទេស​វៀតណាម​ក្រោម​ស្លាក​មុខ​បំភ័ន​ថា ​ជួយ​កម្ពុជា។ ​លោក​ថា​ ថ្ងៃ​ទី​៧​មករា​ឆ្នាំ​១៩៧៩​ ត្រូវ​បាន​ប្រជារាស្ត្រ​ខ្មែរ​ភាគ​ច្រើន ​និង​ប្រទេស​លោក​សេរី​ មើល​ឃើញ​ថា​ ជា​ថ្ងៃ​ដែល​កងទ័ព​វៀតណាម​ចំនួន​ប្រមាណ​២០​ម៉ឺន​នាក់​ លើក​មក​លុកលុយ​ឈ្លាន​ពាន​កម្ពុជា៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles