លោក ហ៊ុន សែន ចោទ​បក្ស​ប្រឆាំង​ថា រារាំង និង​ញុះញង់​បរទេស​មិន​ឲ្យ​វិនិយោគ ទើប​កម្ពុជា​អភិវឌ្ឍ​យឺត​

ដោយ ម៉ៅ សុធានី
2019-01-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ពេល​ជួប​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​នៅ​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ ២០១៨។ រូប៖ ហ្វេសប៊ុក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន
លោក ហ៊ុន សែន ពេល​ជួប​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​នៅ​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ ២០១៨។ រូប៖ ហ្វេសប៊ុក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន


មេដឹកនាំក្រុងភ្នំពេញអះអាងថា ការ​អភិវឌ្ឍ​យឺតយ៉ាវ​នៅ​កម្ពុជា​នា​ពេល​កន្លង​មក ដោយសារ​តែ​ក្រុម​បក្ស​ប្រឆាំង។ ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​យល់​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន គឺ​ជា​ការ​ដោះ​សារ​ទម្លាក់​កំហុស​លើ​អ្នក​ដទៃ ព្រោះ​តែ​ខ្វះ​សមត្ថភាព​ដឹក​នាំ​ខ្លួន​ឯង និង​ប្រព្រឹត្ត​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ​ជា​ដើម។

លោក ហ៊ុន សែននៅថ្ងៃពុធទី០៩មករានេះ ចោទ​ប្រកាន់​បក្ស​ប្រឆាំង​ជា​អ្នក​រារាំង​កិច្ចការ​អភិវឌ្ឍ​ជាតិ​ជា​បន្ត​បន្ទាប់។ លោក អះអាង​ថា រយៈពេល៤០ឆ្នាំនេះ គឺ​លោក​មិន​បាន​អភិវឌ្ឍ​ប្រទេស​ជាតិ ឲ្យ​បាន​ពេញ​ដៃ​នោះ​ទេ ដោយសារ​មាន​គណបក្ស​ប្រឆាំង ធ្វើ​សកម្មភាព​រារាំង និង​ញុះញង់​បរទេស​មិន​ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា​នោះ​ទេ៖ «យើង​ទើប​នឹង​មាន​ពេល ២០ឆ្នាំ​ក្នុង​ការ​កសាង​ប្រទេស​ឡើង​វិញ​ជាមួយ​នឹង​ការ​បំផ្លិចបំផ្លាញ​ជា​បន្ត នៃ​ក្រុម​ពួក​ជ្រុល​និយម​មួយ​ចំនួន ដែល​ដើរ​ទៅ ប្រាប់​បរទេស​កុំ​ផ្ដល់​ជំនួយ កុំ​ឲ្យ​មក​វិនិយោគ និង​កុំ​ឲ្យ​ទិញ​ទំនិញ​ពី​កម្ពុជា។ ប៉ុន្តែ​នៅ​តែ​ជម្នះ​ធ្វើ​ឲ្យ​ប្រទេស​របស់​យើង បន្ត​រីក​ចម្រើន»

មន្ត្រី​គណបក្ស​ប្រឆាំង​ទាត់​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន​ ហើយ​ថា គណបក្ស​ប្រឆាំង​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ដើម្បី​នាំ​កម្ពុជា​អភិវឌ្ឍ​ដោយ​មាន​តម្លាភាព។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សង្គ្រោះ​ជាតិ ដែល​របប​លោក ហ៊ុន សែន រំលាយ​ចោល គឺ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​ថា គណបក្ស​ប្រឆាំង​បាន​ជួយ​ទាញ​ប្រទេស​កម្ពុជា ឲ្យ​ដើរ​តាម គន្លង​លទ្ធិ​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការ​គោរព​សិទ្ធិមនុស្ស ព្រមទាំង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មាន​ការ​អភិវឌ្ឍ​ដ៏​ត្រឹម​ត្រូវ​ពិត​ប្រាកដ ថែម​ទាំង​លើក​យក​បញ្ហា​អសកម្ម និង​បញ្ហា​ធំៗ ជា​ច្រើន ដើម្បី​ឲ្យ​គណបក្ស​ដឹក​នាំ​ប្រទេស​ដោះ​ស្រាយ​ទៀត​ផង។ ព្រះអង្គ​បញ្ជាក់​ថា សូម្បី​តែ​ប្រាក់ខែ​កម្មករ គ្រូបង្រៀន និង​ប្រាក់​ខែ​មន្ត្រី​រាជការ ដែល​បាន​ដំឡើង​សព្វថ្ងៃ​នេះ ក៏​សុទ្ធសឹងតែ​ជា​ការ​ទាមទារ​របស់​គណបក្ស​ប្រឆាំង​ដែរ។

ព្រះអង្គម្ចាស់​ចាត់​ទុក​ថា ការ​អភិវឌ្ឍ​ប្រទេស​យឺតយ៉ាវ គឺ​ដោយសារ​តែ​សមត្ថភាព​របស់​ដឹក​នាំ របស់​គណបក្ស​ប្រជាជន​កម្ពុជា៖ «រឿង​ទាំង​នេះ មក​ពី​រដ្ឋាភិបាល​ខ្វះ​សមត្ថភាព។ ខ្ញុំ​លើក​ឡើង​តែ​រឿង​អភិវឌ្ឍ​វិស័យ​កសិកម្ម ប៉ុន្តែ​សព្វ​ថ្ងៃ​កសិករ រក​តែ​លុយ​ចាយ​វាយ និង​ចិញ្ចឹម​គ្រួសារ​ស្ទើរ​តែ​មិន​បាន​ទៅ​ហើយ រហូត​បណ្ដាល​ឲ្យ​មាន​កម្មករ​រាប់​លាន​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​បរទេស»

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ក្រោយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីសឆ្នាំ១៩៩៩៣មក គឺ​គណបក្ស​ប្រជាជន បាន​ក្ដោបក្ដាប់​អំណាច​ដឹក​នាំ​ប្រទេស​រហូត មក ទោះ​បី​ជា​ពេល​ខ្លះ​មាន​វត្តមាន គណបក្ស​បក្ស​ប្រឆាំង​ក៏​ដោយ ក៏​មន្ត្រី​បក្ស​ប្រឆាំង​មិន​អាច​បំពេញ តួនាទី​ឲ្យ​បាន​ទូលំទូលាយ​ដែរ។ លោក​បន្ត​ថា ការ​មិន​អាច​ធ្វើ​ការងារ​បាន​នេះ ដោយសារ​តែ​មន្ត្រី​បក្ស​ប្រឆាំង រង​ការ​វាយ​ប្រហារ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​​មាន​​ការ​គំរាម​កំហែង​មក​​វិញ​​ទៀត​​ផង។ លោក​បន្តថា គណបក្ស​ដែល​ដឹក​នាំ​រដ្ឋាភិបាល​យូរ​ជាង​គេ ហើយ​មិន​អាច​ដឹក​នាំ​ប្រទេស​កម្ពុជា​ឲ្យ​រួច​​ផុត​​ពី​​ភាព​ក្រីក្រ​ជាង​គេ​បំផុត ក្នុង​តំបន់​អាស៊ី គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​គណបក្ស​មួយ​នោះ មិន​​អាច​​បន្ទោស​លើ​គណបក្ស​ផ្សេង​បាន​ទេ។ ការ​បន្ទោស​អ្នក​ដទៃ គឺ​ប្រៀប​នឹង​​ឪពុក​​ម្ដាយ​​នៅ​​ក្នុង​​ផ្ទះ​​មួយ ដែល​​គ្មាន​​ទទួល​​ខុស​ត្រូវ​​ក្នុង​​នាម​​ជា​​ឪពុក​​ម្ដាយ​​ល្អ​​នោះ​​ទេ៖ «បើ​សិន​ជា​និយាយ​ថា មាន​ពេល​វេលា​សម្រាប់​អភិវឌ្ឍ​តិចតួច គឺ​ខ្ញុំ​ហាក់​ដូច​ជា​មិន​យល់​ស្រប​ទេ ព្រោះ​យើង​មើល​លោក លី ក្វាន់យូ កសាង​​ប្រទេស​សាំងហ្គាពួរ​តែ​រយៈ​ពេល​ជាង ១០ឆ្នាំ​​ទេ ធ្វើ​​ឲ្យ​​ប្រាក់​​ចំណូល​​ឡើង​​ខ្ពស់ ក្រោយ​​ពេល​​ដែល​​សាំងហ្គាពួរ​បាន​ទទួល​​ឯករាជ្យ។ អ៊ីចឹង​ប្រទេស​ខ្មែរយើង មកដល់ពេលនេះចូលជាង ៣០ឆ្នាំ​ជិត ៤០ឆ្នាំ​ហើយ។ ដូច្នេះ​​បើ​​និយាយ​​ពេល​​វេលា គឺ​មិន​​អាច​​ថា​​តិច​​​នោះ​​​ទេ ប៉ុន្តែ​​​សំខាន់​​ប្រហែល​​ជា​​អាច​​មក​​ពី​​សមត្ថភាព​រដ្ឋាភិបាល​ក្នុង​​ការ​​ដឹក​​នាំ​​ប្រទេស​​មួយ​​នេះ»

លោក បណ្ឌិត មាសនី បន្ថែម​ថា ចំពោះ​រឿង​ផ្តាច់​ជំនួយ និង​ការ​ខ្លាច​រអា​មក​វិនិយោគ​​នៅ​​កម្ពុជា​​កន្លង​​មក គឺ​​បណ្ដាល​​មក​​ពី​​គណបក្ស​ដឹក​នាំ​ប្រទេស បាន​ទាញ​កម្ពុជា​ឲ្យ​ដើរ​ចេញ​ពី​គន្លង​ប្រជាធិបតេយ្យ និង​ធ្វើឲ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

លោកបណ្ឌិតមាស នី យល់ថា ប្រសិនបើកម្ពុជា​នៅតែគ្មាន​ការឯកភាពជាតិពិតប្រាកដ ដូចសព្វ ថ្ងៃ​នេះ គឺ​ការ​អភិវឌ្ឍ​នៅ​ពេល​ខាង​មុខ​ទៀត គឺ​នៅតែជួបបញ្ហាដដែល។ លោកស្នើឲ្យ អ្នកនយោ បាយ​ខ្មែរ ឈប់​ចោទ​ប្រកាន់​គ្នា​ថា អគតិ និង​ក្បត់​ជាតិ​ទៀត ពោល​គឺ គួរ​តែ​មាន​សាមគ្គីជាតិរវាងគ្រប់ ភាគី​នយោបាយ ជា​ពិសេស​គណបក្ស​កាន់​អំណាច និងគណបក្ស សង្គ្រោះ​ជាតិ​ ដើម្បីពង្រឹងទិសដៅ​រួម​ក្នុង​ការ​អភិវឌ្ឍ​ឲ្យមានស្ថេរភាព កុំឲ្យលិចអណ្តែតឬដូចផ្លែកបន្ទោរដូចសព្វថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន ចោទ​បក្ស​ប្រឆាំង​ថា រារាំង និង​ញុះញង់​បរទេស​មិន​ឲ្យ​វិនិយោគ ទើប​កម្ពុជា​អភិវឌ្ឍ​យឺត​"

  1. so chết says:

    ce psychopathe , paranoiaque commence à attraper ALZHEIMER, il a aboyé comme un poisson dans un bocal
    Est ce le vent de panique ? Mais n’est ce pas ce psychopathe a nargué les occidentaux en disant qu’il y a le grand frère chinois pour lui défendre?
    Finalement il m’a déchu cet homme je me sens de empathie pour cet homme
    comme prédisait cette femme aveugle lui il se pourrait pour mettre son corps non pas le kaki mais les pâtes en carton

  2. Anonymous says:

    Veitcong mafia dictator have a mad-cow brain decease because he did killing a lot of khmer to please his Veitcong boss so he become mad and accused opposition ‘ . This veitcong mafia dictator never care about nation or country ‘ he did everything to please his boss even killing his nation or his own race ‘ so this veitcong mafia dictator blame on the opposition because he got mad-cow decease ‘ he will go to hell soon’

  3. so socheath says:

    អាឆ្កួត so chết នេះ មិនដឹងវាចង់និយាយពីស្អីវា ?
    វាទៅជាយក ស្រីនិងកូនប្រុសម៉ោធ្វើExanple ​ថាយកចិន មកធ្វើខ្នង ម៉្រាយវាស្អីទេ !
    ស្តាប់មិនបាន ហ្មង !
    ភ្លើៗអញ្ចឹង ពួកអាក្បត់ជាតិ បក្សសង្គ្រោះផេះ សុទ្ធតែលើគ្នាវា ថាជាអ្នកចេះដឹងផង ?
    ឡប់សតិ សោះហ្នឹង ! យ៉ាប់ពួកអាស្ទើរគីឡូ