អ្នកវិភាគ​ថា របប​លោក ហ៊ុន សែន កំពុង​រឹត​ចំណង​មិត្តភាព​យោធា​ចិន​កាន់​តែ​ខ្លាំង ដើម្បី​រក្សា​លំនឹង​អំណាច​របស់​ខ្លួន

ដោយ ទីន ហ្សាការីយ៉ា
2019-01-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក គឹម សុខ អ្នកវិភាគ​នយោបាយ ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី រាត្រី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០១៩។ RFA
លោក គឹម សុខ អ្នកវិភាគ​នយោបាយ ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី រាត្រី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០១៩។ RFA


អ្នកវិភាគ​នយោបាយ​អះអាង​ថា ការ​ចូល​ចត​នាវា​ចម្បាំង​ចិន​ចំនួន​ ៣ គ្រឿង​ នៅ​កំពង់​ផែ​ក្រុង ​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី៩ មករា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ៤ថ្ងៃ នៅ​កម្ពុជា​នេះ គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​សម្ពន្ធភាព​រវាង​ចិន និង​កម្ពុជា លើ​វិស័យ​ស៊ីវិល និង​នយោធា ដើម្បី​ជួយ​ពង្រឹង​អំណាច​លោក ហ៊ុន សែន នៅ​គ្រា​ដែល​របប​នេះ កំពុង​តែ​ប្រឈម​នឹង​ការ​ងើប​បះបោរ​ពី​ក្រុម​ប្រជា​ពលរដ្ឋ នៅ​ក្រោយ​ពេល​កម្ពុជា​ទទួល​រង​ទណ្ឌកម្ម​ពី​ប្រទេស​លោក​ខាង​លិច​នៅ​ពេល​ខាង​មុខ​នោះ។

លោក គឹម សុខ អះអាង​ថា ដំណើរ​ទស្សនកិច្ច​របស់​នាវា​ចម្បាំង​ចិន​នៅ​កម្ពុជា​នៅ​ពេល​នេះ មិន​មែន​គ្រាន់​តែ​ជា​ការ​រឹត​ចំណង​មិត្តភាព​យោធា​រវាង​ប្រទេស​ទាំង​ពីរ​ឡើយ ក៏​ប៉ុន្តែ​ជា​ការ​បង្ហាញ​សាធារណជន​មើល​ឃើញ​ថា ចិន​គាំទ្រ​របប​ឯក​បក្ស​ទាំង​សេដ្ឋកិច្ច ទាំង​កម្លាំង​យោធា ដើម្បី​ធានា​និរន្តរភាព​អំណាច​របស់​របប​លោក ហ៊ុន សែន បន្ត​ទៅ​មុខ​ទៀត។

លោក គឹម សុខ ឲ្យដឹងកាលពីថ្ងៃទី៩មករាថា នៅ​ខណៈ​លោក ហ៊ុន សែន បាន​ដឹង​ខ្លួន​ច្បាស់​អំពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ប្រទេស​លោក​ខាង​លិច​នោះ លោក ហ៊ុន សែន បាន​ត្រៀម​ខ្លួន​ពង្រឹង​ទាំង​សេដ្ឋកិច្ច និង​កម្លាំង​យោធា ដោយ​យក​កុម្មុយនិស្ត​ចិន​ជា​ខ្នង​បង្អែក ក្រៅ​ពី​ប្រទេស​កុម្មុយនិស្ត​វៀតណាម​នោះ៖ «ការ​បង្ហាញ​កម្លាំង​ទ័ព​ចិន​នៅ​ពេល​នេះ គឺ​ជា​ការ​គំរាម​ស្មារតី​ពលរដ្ឋ​ឯង​ផង ស្មារតី​ជាតិ​ឯង​ផង នៅ​ពេល​របប​នេះ ឃើញ​មាន​បាតុកម្ម​ពី​ក្រុម​កម្មករ​ផ្ទុះ​ឡើង​ជា​បណ្ដើរៗ ក៏​ដូច​ជា​ការ​ប្រុងប្រៀប​ទប់ទល់​នឹង​ទណ្ឌកម្ម​អន្តរជាតិ អាច​នឹង​កើត​មាន​ឡើង ដែល​របប​លោក ហ៊ុន សែន មិន​ព្រម​កែ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ឲ្យ​ល្អ​ប្រសើរ​វិញ​ទេ​នោះ»

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ បញ្ជាក់​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​ថា ក្នុង​ចំណោម​នាវា​ទាំង ៣គ្រឿង​នោះ មាន​ពីរ​គ្រឿង​ជា​នាវា​ចម្បាំង និង​មួយ​គ្រឿង​ទៀត​ជា​នាវា​ផ្គត់ផ្គង់ ដែល​មាន​កង​នាវិក​សរុប​ចំនួន ៦៩៥នាក់ ដឹកនាំ​ដោយ​លោក ស៊ូ ហៃហួរ (Xu Haihua) ជា​មេ​បញ្ជាការ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត និង​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បន្ថែម​បាន​ទេ​កាល​ពី​ថ្ងៃ​ទី៩ មករា។

ប៉ុន្តែ​លោក ឈុំ សុជាត អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP និង ​កាសែត​បាងកក​ប៉ុស្តិ៍​ថា ទស្សនកិច្ច​របស់​នាវា​ចម្បាំង​ចិន​ទាំង ៣គ្រឿង​នេះ គឺ​ដើម្បី​រឹត​ចំណង​សាមគ្គីភាព និង​បង្កើន​​កិច្ច​សហប្រតិបត្តិ​ការ​យោធា​រវាង​ប្រទេស​ទាំង​ពីរ​ ជាពិសេស​កង​ទ័ព​ជើង​ទឹក​នៃ​​ប្រទេស​ទាំងពីរ។ លោក​បញ្ជាក់​ទៀត​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ គណៈប្រតិភូ​​កង​ទ័ព​ជើង​ទឹក​ចិន​នឹង​ជួប​ពិភាក្សា​គ្នា​​ជាមួយ​ថ្នាក់​ដឹក​នាំ​ជាន់ខ្ពស់​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក ទៀ បាញ់ ផង​ដែរ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ របប​លោក​ ហ៊ុន សែន បាន​បែរ​ខ្នង​ដាក់​បស្ចិម​ប្រទេស​កាន់​តែ​ខ្លាំង នៅ​​លើ​វិស័យ​យោធា ក្រោយ​របប​នេះ​ទទួល​បាន​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ជា​ច្រើន​​សន្ធឹក​សន្ធាប់​ពី​របប​ក្រុង​ប៉េកាំង។ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៨ កន្លង​ទៅ រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​ លោក វៃ ហ្វេងហេ (Wei Fenghe) បាន​ប្រកាស​ផ្ដល់​ជំនួយ​ឥត​សំណង​ជា​ទឹក​ប្រាក់​ប្រមាណ ១០០ លាន​ដុល្លារ​អាមេរិក សម្រាប់​​វិស័យ​យោធា​ដល់​របប​ក្រុង​ភ្នំពេញ​ ហើយ​ភាគី​ទាំង​ពីរ​បាន​ប្ដេជ្ញា​ថា នឹង​រួម​គ្នា​ធ្វើ​លំហាត់​យោធា​នាគ​មាស​​នៅ​ឆ្នាំ ២០១៩ នេះ ឱ្យ​មាន​លក្ខណៈ​កាន់​តែ​ធំជាង​មុន​ទៀត។

បន្ថែម​ពី​នេះ​ទៀត កាលពី​ខែ​វិច្ឆិកា ឆ្នាំ២០១៨ អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Mike Pence បាន​សរសេរ​លិខិត​ផ្លូវការ​មួយ​ច្បាប់​ទៅ​លោក ហ៊ុន សែន ប្រាប់​អំពី​កង្វល់​ចម្បង​បំផុត​នៃ​មូលដ្ឋាន​យោធា​ចិន​នៅ​កម្ពុជា​នេះ និង​ព្រមាន​ថា បើ​មាន​រឿង​បែប​នេះ​កើត​ឡើង​មែន​នោះ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ។

ទាក់ទង​និង​បញ្ហា​នេះ លោក ហ៊ុន សែន បាន​ច្រានចោល​ភ្លាមៗ ​ចំពោះ​ព័ត៌មាន​មូលដ្ឋាន​ទ័ព​ជើងទឹក​របស់​ចិន​នៅ​កម្ពុជា​នេះ។ លោក​អះអាង​ថា កម្ពុជា​គ្មាន​ការចាំបាច់​ណាមួយ​ដែល​ត្រូវការ​វត្តមាន​កងទ័ព​ប្រទេស​ដទៃ​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​ឡើយ ហើយ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋានទ័ព​បរទេស​នៅ​លើ​ទឹកដី​របស់​កម្ពុជា​នោះ​ដែរ។ លោក​បន្ត​ថា ការចោទប្រកាន់​របប​របស់​លោក​ថា កំពុង​រៀបចំ​មូលដ្ឋាន​ទ័ព​ជើងទឹក​របស់​ចិន​នោះ គឺជា​រឿង​អយុត្តិធម៌ និង​បាន​ជំរុញ​ឱ្យ​អន្តរជាតិ ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដើម្បី​ពិនិត្យ​មើល​ថា តើ​ករណី​នេះ​ពិតជា​កើតមាន​មែន ឬមួយ​ក៏​យ៉ាងណា​នោះ។

លោក ហ៊ុន សែន ថ្លែង​បែបនេះ​កាលពី​ថ្ងៃ​ទី១៥ ធ្នូ ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ឯ​ខេត្ត​កោះកុង ទី​ដែល​មាន​ការ​សង្ស័យ​ថា ចិន​កំពុង​ស្ថាបនា​កំពង់ផែ​ទឹក​ជ្រៅ​ដែល​អាច​ឱ្យ​នាវាចម្បាំង​របស់​ចិន​អាច​ចូល​សំចត​បាន៖ «ទោះបី​ជា​យើង​មាន​សមត្ថភាព​កែ​រដ្ឋ​ធម្មនុញ្ញ​ ក៏​យើងខ្ញុំ​មិន​កែ​រដ្ឋធម្មនុញ្ញ​ ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យ​បរទេស​​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ផ្ដល់​លទ្ធភាព​ឱ្យ​កម្ពុជា​មាន​លទ្ធភាព​​បញ្ជូន​កង​ទ័ព​ទៅ​បរទេស មិនមែន​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ​នោះ​ទេ។ នេះ​ជា​សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​សា​ជា​ថ្មី​​ម្ដងទៀត​ បន្ទាប់​ពី​សេចក្ដី​ថ្លែងការណ៍​របស់​ខ្ញុំ​នៅ​ក្នុង​ប្រជុំ​គណៈរដ្ឋមន្ត្រី ​ហើយ​នៅ​ក្នុង​ពេល​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​រវាង​ខ្ញុំ​ និង​នាយករដ្ឋមន្ត្រី​វៀតណាម​ នៅ​ឯ​ទីក្រុង​ហាណូយ»

ទោះ​បី​ជា​មាន​ការ​អះអាង​ពី​លោក ហ៊ុន សែន បែប​នេះ​ក្ដី របប​ក្រុង​ភ្នំពេញ​បាន​លុប​​ចោល​សម​យុទ្ធ​​យោធា “ឆ្មាំ​អង្គរ” ជាមួយ​សហរដ្ឋ​អាមេរិក និង​សម​យុទ្ធ​យោធា ដន គោព្រៃ (Dawn Kouprey) ជាមួយ​អូស្ត្រាលី កាល​ពី​ឆ្នាំ២០១៧ កន្លង​ទៅ ហើយ​របប​នេះ​មិន​បាន​បង្ហាញ​ចេតនា​ណា​មួយ​ក្នុង​ការ​បង្កើត​ឡើង​វិញ​នូវ​សម​យុទ្ធ​យោធា​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​ទាំង​នេះ​ជា​ថ្មី​ទៀត​ឡើយ។

ទាក់ទង​បញ្ហា​នេះ អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ​ព្រមាន​ថា ការ​លម្អៀង​ខ្លាំង​ទៅ​រក​ប្រទេស​ចិន​នៅ​លើ​វិស័យ​យោធា​នេះ នឹង​មិន​ផ្ដល់​ផល​ល្អ​ដល់​របប​ក្រុង​ភ្នំពេញ​ប៉ុន្មាន​នោះ​ឡើយ​ ជាពិសេស​គឺ​នៅ​ពេល​លេចឮ​ដំណឹង​ថា របប​នេះ​​កំពុង​រៀប​ចំ​ឱ្យ​មាន​មូលដ្ឋាន​ទ័ព​ចិន​នៅ​លើ​ទឹក​ដី​កម្ពុជា​ទៀត​នោះ។ លោក គឹម សុខ បន្ថែម​ថា ទោះ​បី​ជា​របប​ឯក​បក្ស​នេះ ចាប់​យក​ចិន​ទាំង​សេដ្ឋកិច្ច និង​យោធា ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន​បែប​នេះ​ក្ដី ប៉ុន្តែ​របប​នេះ​នឹង​មិន​ទទួល​ជោគជ័យ​ឡើយ៖ «ក្នុង​ស្ថានភាព​លោក ហ៊ុន សែន ទ័ល​ច្រក​នា​ពេល​បច្ចុប្បន្ន គឺ​ពិបាក​ជោគជ័យ​របស់​លោក ហ៊ុន សែន ណាស់ ទោះ​បី​ជា​មាន​ខ្នង​បង្អែក​ពី​ចិន​ក៏​ដោយ ហើយ​គឺ​ជា​ផ្លូវ​ផ្សេង​ពី​លោក ហ៊ុន សែន តែ​មួយ​គត់ របស់​លោក ហ៊ុន សែន ដែល​លោក​គ្មាន​ជម្រើស​អ្វី​ល្អ​ក្រៅ​ពី​ពឹង​ចិន សម្រាប់​របប​របស់​គាត់»

កាសែត ឌឹ អេស៊ា ថាមស៍ (The Asia Times) វិញ បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ មាន​ចំណង​ជើង​ថា កម្ពុជា​អាច​ក្លាយ​ជា​ចំណុច​ស្នូល​នៃ​សង្គ្រាម​ត្រជាក់​ថ្មី ដោយសារ​តែ​ការ​ងាករេ​ខ្លាំង​ពេក​ទៅ​រក​ប្រទេស​ចិន​កុម្មុយនិស្ត។ អត្ថបទ​នេះ បាន​រៀបរាប់​អំពី​លទ្ធភាព​នៃ​ការ​កកើត​មូលដ្ឋាន​ទ័ព​ជើងទឹក​របស់​ចិន​ក្នុង​ខេត្ត​កោះកុង តាម​រយៈ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ចិនUDGទំហំ​ជាង ៤​ម៉ឺន ៥​ពាន់​ហិកតារ រយៈ​ពេល ៩៩​ឆ្នាំ ដើម្បី​ឲ្យ​ចិន​សាងសង់​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ ដែល​អាច​ឲ្យ​កប៉ាល់​ចម្បាំង​ចិន​ចូល​ចត​បាន។

អ្នក​វិភាគ​លើក​ឡើង​ថា មក​ទល់​ពេល​នេះ សហគមន៍​អន្តរជាតិ សហភាព​អឺរ៉ុប មិន​ដក​ថយ​ចំពោះ​ការ​ព្រមាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​របប​ឯក​បក្ស​លោក ហ៊ុន សែន ដែល​គេ​ចាត់​ទុក​ថា ជា​របប​ខុស​ច្បាប់​នោះ ហើយ​បច្ចុប្បន្ន​នេះ​ទៀត ចលនា​ផ្ទុះ​បាតុកម្ម​របស់​កម្លាំង​កម្មករ និង​មហាជន នឹង​ត្រៀម​បាតុកម្ម​កាន់​តែ​ខ្លាំង​ថែម​ទៀត ប្រឆាំង​របប​លោក ហ៊ុន សែន បើ​សិន​ជា​របប​នេះ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​នោះ នៅ​ពេល​នោះ ទោះ​បី​ជា​ឈរ​ជា​ខ្នង​បង្អែក​ខ្លាំង​យ៉ាង​ណា​ក៏​មិន​អាច​ទប់ទល់​នឹង​កម្លាំង​មហាជន​បាន​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles