ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដាំ​ក្បាល​ចុះ​ក្នុង​រយៈ​ពេល ១០ឆ្នាំ​ចុង​ក្រោយ​ ​ក្លាយ​ជា​របប​ផ្ដាច់ការ

ដោយ មាន ឫទ្ធិ
2019-01-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ផែនទីបង្ហាញអំពី​សន្ទស្សន៍​លទ្ធិ​ប្រជាធិបតេយ្យ​លើ​ពិភពលោក ឆ្នាំ ២០១៨ សិក្សា​ដោយ​អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច​ EIU ​នៃ​ទស្សនាវដ្ដី​ The Economist។ អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច​ EIU ​នៃ​ទស្សនាវដ្ដី​ The Economist
ផែនទីបង្ហាញអំពី​សន្ទស្សន៍​លទ្ធិ​ប្រជាធិបតេយ្យ​លើ​ពិភពលោក ឆ្នាំ ២០១៨ សិក្សា​ដោយ​អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច​ EIU ​នៃ​ទស្សនាវដ្ដី​ The Economist។ អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច​ EIU ​នៃ​ទស្សនាវដ្ដី​ The Economist


ការសិក្សា​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា កម្ពុជា​ស្ថិត​ក្នុង​ជំពូក​ក្រុម​ប្រទេស​ផ្ដាច់ការ មិន​ខុស​ពី​បណ្ដា​ប្រទេស​កុម្មុយនិស្ត​ចិន​ វៀតណាម​ រុស្ស៊ី​ ​និង​កូរ៉េ​ខាងជើង​នោះ​ឡើយ។ សម្រាប់​សន្ទស្សន៍​ប្រជាធិបតេយ្យ​ឆ្នាំ២០១៨ ​អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច​ EIU ​នៃ​ទស្សនាវដ្ដី​ The Economist របស់​ចក្រភព​អង់គ្លេស​ រក​ឃើញ​ថា កម្ពុជា​បាន​ដាំ​ក្បាល​ចុះ​គួរឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ​ពី​លេខ ១០២ ​ក្នុង​ឆ្នាំ២០០៨ មក​ដល់​លេខ​ ១២៥ ​ក្នុង​ឆ្នាំ២០១៨ ​ក្នុង​ចំណោម ១៦៧ ​ប្រទេស​ និង​ដែនដី នៅ​ទូទាំង​សាកលលោក។

ពិន្ទុ​ប្រជាធិបតេយ្យ​របស់​កម្ពុជា​នៅ​ឆ្នាំ២០១៨ នេះ​ ​បាន​ត្រឹមតែ​ ៣,៥៩ ​ពិន្ទុ​ប៉ុណ្ណោះ​ ​ដែល​ពិន្ទុ​នេះ​ ត្រូវ​ចាត់​ទុក​ជា​ជំពូក​ប្រទេស​គ្រប់គ្រង​តាម​បែប​ផ្ដាច់ការ ​ខណៈ​ពិន្ទុ​ខ្ពស់​បំផុត គឺ ១០ពិន្ទុ ​ជា​ប្រទេស​មាន​ប្រជាធិបតេយ្យ​ពេញលេញ។ ការ​ផ្ដល់​ពិន្ទុ​ ​និង​សន្ទស្សន៍​នេះ​ ​ធ្វើឡើង​ផ្អែក​លើ​សូចនាករ​សំខាន់ៗ ចំនួន​ ៥ ក្នុង​នោះ​រួមមាន​ដំណើរការ​បោះឆ្នោត​ ​និង​ពហុ​បក្ស ​ដំណើរការ​រដ្ឋាភិបាល​ ​ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ វប្បធម៌​នយោបាយ​ ​និង​ការ​គោរព​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

ផ្អែក​តាម​ការស្រាវជ្រាវ​របស់​អង្គភាព​ EIU ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ២០១៨ ​ជាប់​លេខរៀង​ទី​ ១២៥ ​គឺ​ឈរ​នៅ​ពីក្រោម​ប្រទេស​មីយ៉ាន់ម៉ា ​ឬ​ភូមា ​ហើយ​ស្ថិត​ជាមួយ​ក្រុម​បណ្ដា​ប្រទេស​ផ្ដាច់ការ​ដទៃ​ទៀត​រួមមាន​ ​អេហ្ស៊ីប ​ចិន​ ហ្សីម​បាវ៉េ ​វេណេហ្សុយ​អេឡា ​វៀតណាម​ រុស្ស៊ី​ ​និង​កូរ៉េ​ខាងជើង​ជាដើម។ ក្នុង​ចំណោម​សូចនាករ​ទាំ ៥ នេះ​ ​កម្ពុជា​ទទួល​បាន​ពិន្ទុ​ទាប​បំផុត​ ​ផ្នែក​ដំណើរការ​បោះឆ្នោត​ និង​ពហុ​បក្ស ​ការចូលរួម​ផ្នែក​នយោបាយ ​និង​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ។

ឆ្នាំ២០១៧ ​ជា​ឆ្នាំ​ដែល​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​បាន​ដាំ​ក្បាល​ចុះ​ រអិល​ធ្លាក់​ពី​ជំពូក​ក្រុម​ប្រទេស​ដែល​មាន​របប​ប្រជាធិបតេយ្យ​បែប​កូនកាត់​ មក​ជា​ប្រទេស​ផ្ដាច់​ការ​ទាំងស្រុង​តែ​ម្តង។ ការណ៍​នេះ​ ​គឺ​ដោយសារតែ​របប​លោក​ ហ៊ុន ​សែន ​បាន​សម្រេច​គាស់​រម្លើង​ និង​រម្លាយ​ចោល​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​មុន​ការបោះឆ្នោត​ជាតិ​ខែ​កក្កដា ​ឆ្នាំ ២០១៨ ​ដោយ​បាន​រម្លាយ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​ ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​អង្គការ​សង្គម​ស៊ីវិល​ ​និង​អ្នកសារព័ត៌មាន​ឯករាជ្យ​ជាដើម។ ​ប្រទេស​កម្ពុជា​ធ្លាប់​ត្រូវ​បាន​អង្គភាព​នេះ​ចាត់ទុកជា​ប្រទេស​មាន​ប្រជាធិបតេយ្យ​បែប​កូន​កាត់​ពី​ឆ្នាំ ២០០៦ រហូត​មក​ទល់​ឆ្នាំ ២០១៦។​

អង្គភាព​ EIU ​បែងចែក​ប្រជាធិបតេយ្យ​នៅ​លើ​ពិភពលោក​ជា​ ៤ ​ជំពូក​ ​គឺ​ ​ប្រជាធិបតេយ្យ​ពេញលេញ​ ​ប្រជាធិបតេយ្យ​មិន​ពេញលេញ​ ​ប្រជាធិបតេយ្យ​បែប​កូនកាត់​ ​និង​ប្រជាធិបតេយ្យ​បែប​ផ្ដាច់ការ។ ​អង្គភាព​នេះ​ ​ផ្ដល់​និយម​ថា​ ​រដ្ឋ​ដែល​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​ផ្ដាច់ការ ​គឺ​ពុំ​មាន​ការអនុវត្ត​ប្រព័ន្ធ​សេរី​ពហុ​បក្ស​នយោបាយ​នោះ​ទេ​ ​ហើយ​ប្រព័ន្ធ​នេះ​រង​ការ​រឹតត្បិត​ខ្លាំង​។ ​អាច​មាន​ស្ថាប័ន​ប្រជាធិបតេយ្យ​ផ្លូវការ​របស់​រដ្ឋ​ ​តែ​ស្ថាប័ន​ទាំង​នេះ​ពុំ​មាន​ប្រសិទ្ធភាព​នោះ​ទេ​។ ​ការបោះឆ្នោត​ ​មិន​ធ្វើឡើង​ដោយ​សេរី​ ​និង​ត្រឹមត្រូវ​នោះ​ទេ​ ​គ្មាន​ការ​គោរព​ និង​រំលោភ​នូវ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។ ចំណែក​ឯ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ជា​ទូទៅ​គឺជា​របស់​រដ្ឋ ​ឬ​គ្រប់គ្រង​ដោយ​ក្រុម​ដែល​មាន​ជាប់​ទាក់ទង​នឹង​របប​ដឹកនាំ​ប្រទេស។ មាន​ការគាបសង្កត់​ទៅលើ​អ្នករិះគន់​រដ្ឋអំណាច​ និង​មាន​ការ​រឹតត្បិត​ព័ត៌មាន​ជា​ខ្លាំង ​ខណៈ​ពុំ​មាន​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ​នោះ​ឡើយ។

ផ្អែក​តាម​ការស្រាវជ្រាវ​របស់​ EIU ​មាន​តែ ២០ប្រទេស​ប៉ុណ្ណោះ​ ​ស្មើនឹង​ចំនួន​ប្រជាជន​ ៤,៥ ភាគរយ​នៃ​ពិភពលោក​ ​ដែល​ប្រកាន់​យក​លទ្ធិ​ប្រជាធិបតេយ្យ​ពេញលេញ​ ​ក្នុង​នោះ​ ​ប្រទេស​ន័រវ៉េ (Norway) ​ឈរ​នៅ​លេខរៀង​ទី ១ ​បន្ត​ដោយ​ប្រទេស​អ៊ីស្លង់ (Iceland)​ ​ស៊ុយអែត (Sweeden) ​នូវែលហ្សេឡង់ (New Zealand)​ ​និង​ដាណាម៉ាក (Denmark)​។ ​ដោយឡែក​ ​ប្រទេស​ចំនួន​ ៥៥ ​ស្ថិត​ក្នុង​ជំពូក​ជា​ប្រទេស​ដែល​មាន​ប្រជាធិបតេយ្យ​មិន​ពេញលេញ​ ​ស្មើនឹង​ ​ចំនួន​ប្រជាជន​ ៤៣,២ ​ភាគរយ​នៃ​ពិភពលោក​ ក្នុង​នោះ​មាន​ដូចជា​ប្រទេស​កូរ៉េ​ខាងត្បូង (South Korea)​ ជប៉ុន​ (Japan) ​និង​ឈីលី (Chile) ​ជាដើម​។ ​រីឯ ៣៩ ប្រទេស​ទៀត​ ​ស្ថិត​ក្នុង​ជំពូក​ជា​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​បែប​កូនកាត់​ ​ស្មើនឹង​ចំនួន​ប្រជាជន​ ១៦,៧ ភាគរយ​នៃ​ពិភពលោក​ ​រួម​មាន​ដូចជា​ប្រទេស​អាល់បានី (Albania) ​អែល​សាវា​ឌ័រ (El Salvado) ​និង​ម៉ាសេដូនី​ (Macedonia) ជាដើម។ ចុងក្រោយ​គឺ​ ៥៣ ​ប្រទេស​ទៀត​ ​ជា​ប្រទេស​ប្រកាន់​យក​របប​ផ្ដាច់ការ ​ស្មើនឹង​ចំនួន​ប្រជាជន​ ៣៥,៦ ​ភាគរយ​នៃ​ពិភពលោក​ ​ដែល​ក្នុង​នោះ​មាន​កម្ពុជា​ផង​ ​ហើយ​ប្រទេស​ស៊ីរី (Syria) ​និង​កូរ៉េ​ខាងជើង (North Korea)​ ឈរ​នៅ​លំដាប់​ថ្នាក់​បាត​តារាង​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles