កម្ពុជា​បង្កើន​ការ​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​និង​ការ​អភិវឌ្ឍ​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង

ដោយ សេក បណ្ឌិត
2019-01-10
RFA

នាយករដ្ឋមន្ត្រី​ប្រទេស​វៀតណាម លោក ង្វ្រៀន តាន់យ៉ុង (Nguyen Tan Dung) [ឆ្វេង] ចាប់​ដៃ​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ក្នុង​ឱកាស​សម្ពោធ​បង្គោល​ព្រំដែន​គោក​លេខ ៣១៤ នៅ​រវាង​ខេត្ត​កំពត ប្រទេស​កម្ពុជា និង​ខេត្ត​គៀងយ៉ាង ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​២៤ មិថុនា ឆ្នាំ​២០១២។ RFA
នាយករដ្ឋមន្ត្រី​ប្រទេស​វៀតណាម លោក ង្វ្រៀន តាន់យ៉ុង (Nguyen Tan Dung) [ឆ្វេង] ចាប់​ដៃ​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ក្នុង​ឱកាស​សម្ពោធ​បង្គោល​ព្រំដែន​គោក​លេខ ៣១៤ នៅ​រវាង​ខេត្ត​កំពត ប្រទេស​កម្ពុជា និង​ខេត្ត​គៀងយ៉ាង ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​២៤ មិថុនា ឆ្នាំ​២០១២។ RFA


មន្ត្រី​របប​លោក ហ៊ុន សែន ថា កម្ពុជា​កំពុង​បង្កើន​កិច្ច​សហប្រតិបត្តិការ ជាមួយ​ប្រទេសជិតខាង ដើម្បី​ពង្រឹង សន្តិសុខ សុវត្ថិភាព និង​ការ​អភិវឌ្ឍ​តំបន់​ព្រំដែន ព្រមទាំង​បណ្ដា​ខេត្ត​ដែល​នៅ​ជាប់​តាម​បណ្ដោយ​ព្រំដែន​នោះ។

ការប្រកាស​នេះ​ធ្វើឡើង​ក្នុង​ជំនួប​ដាច់​ដោយ​ឡើង​ពី​គ្នា រវាង​ភាគី​កម្ពុជា​ជាមួយ​ប្រទេស​វៀតណាម និង​ថៃ។ នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​១០ រយៈពេល ២​ថ្ងៃ ស្ដីពី​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​វៀតណាម កាល​ពី​ថ្ងៃទី៩១០ ខែ​មករា ឆ្នាំ​២០១៩ ដែល​ធ្វើឡើង​នៅ​ទីក្រុង​ហូជីមិញ កម្ពុជា និង​វៀតណាម បាន​ព្រមព្រៀង មិន​អនុញ្ញាត​ឲ្យ​មាន​អង្គការ​ចាត់តាំង ឬ​បុគ្គល​ណាមួយ ប្រើប្រាស់ ទឹកដី​របស់​ប្រទេស​ម្ខាង ដើម្បី​បង្ក​អន្តរាយ​ដល់​សន្តិសុខ​ជាតិ និង​ស្ថិរភាព​របស់​ប្រទេស​ទាំងសងខាង​ឡើយ។

ភាគី​ទាំងពីរ​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​រួមគ្នា ក្រោយ​កិច្ចប្រជុំ​លើក​ទី​១០ ដោយមាន​ការចូលរួម ពី លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា ជាមួយ​លោក ផាម ប៊ិញមីញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ ភាគី​ទាំងពីរ​បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់ នៃ​ការ​ថែរក្សា​ទំនាក់​ទំនងជា​មិត្តភាព ក្នុង​លក្ខណៈ​ជា ភូមិ​ផង​ល្អ​ប្រសើរ មិត្ត​ភាពជា​ប្រពៃណី​។ ក្រៅ​ពី​នេះ ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​ជំរុញ​កសាង​ផ្លូវ និង​ស្ពាន​ឆ្លងកាត់​ព្រំដែន​ផង​ដែរ ដោយ​បាន​ឯកភាព​ដាក់​ចេញ​នូវ​ទិសដៅ​រួមគ្នា សំដៅ​ពង្រឹង និង​បង្កើន​កិច្ចសហការ​លើ​វិស័យ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ វិស័យ​សុខាភិបាល វិស័យ​ព័ត៌មាន និង​ឃោសនាការ​ជាដើម។

ដោយឡែក​ជាមួយ​ភាគី​ថៃ​វិញ ភាគី​ទាំងពីរ ក្នុង​នោះ​មាន​មេបញ្ជាការ​កងទ័ព ជួរមុខ​នៅ​តាម​ព្រំដែន ជាពិសេស​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​ប្ដេជ្ញា​បន្ត​រឹតចំណង​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​ល្អ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ដើម្បី​ភាព​រីកចម្រើន​របស់​ប្រទេស និង​ប្រជាពលរដ្ឋ​ទាំងពីរ​ផង​ដែរ។

ការ​ប្តេជ្ញា​ចិត្ត​នេះ ធ្វើឡើង កាលពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៩ នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ច្រក​អាន​សេះ ស្ថិត​ក្នុង​ភូមិ​អានសេះ ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ប្រទេស​កម្ពុជា។

កាសែត​ក្នុងស្រុក បាន​ដកស្រង់​ប្រសាសន៍ លោក​ឧត្តមសេនីយ៍​ឯក ស្រី ឌឹក ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​សភាពការណ៍​នៃ​ការ​ប៉ះទង្គិច​គ្នា គឺ​មិន​មាន​ទេ មានតែ​ការ​ណាត់​ជួប​គ្នា​សម្រួល​រាល់​បញ្ហា មានការ​ស្និទ្ធស្នាល​គ្នា ហើយ​កម្លាំង​ជួរមុខ មិន​មាន​បញ្ហា​ប្រឈម ពិសេស​ប្រជាជន​ទាំងពីរ​មានការ​ទំនាក់ទំនង​ល្អ​។ ជាមួយគ្នា​នោះ លោក​បាន​ជំរុញ​ឱ្យ​ភាគី​ថៃ ត្រូវ​ធ្វើ​អ្វី ដែល​ដូច​ពីមុន​ចំពោះ​ការលក់ដូរ​របស់​ប្រជាពលរដ្ឋ ដោយ​កុំ​ឱ្យ​មាន​ការ​ដាក់​កំហិត លើ​ការទិញ​មុខទំនិញ​ផ្សេងៗ ដើម្បី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទាំងសងខាង។

ភាគី​ថៃ​ថា នឹង​យក​សំណើ​នេះ​ទៅ​រាយការណ៍​ជូន​លោក​មេបញ្ជាការ​កងទ័ព​ថៃ ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment