“កម្ពុជា​អនុវត្ត​ស្តង់ដារ​ពីរ​ករណី​ផ្ដន្ទាទោស​យុវជន​ម្នាក់​ដែល​ប្រមាថ​ព្រះមហាក្សត្រ​តាម​ហ្វេសប៊ុក”

ដោយ ហេង រស្មី
2019-01-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច ព្រះនរោត្ដម សីហមុនី (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ RFA
ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច ព្រះនរោត្ដម សីហមុនី (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ RFA


អ្នកវិភាគ​រិះគន់​តុលាការ​របប​ក្រុងភ្នំពេញ​ថា កំពុង​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ​ដោយសារតែ​ច្បាប់​ប្រឆាំង​ការប្រមាថ​ព្រះមហាក្សត្រ​ត្រូវ​បាន​អនុវត្ត​តែ​លើ​អ្នក​ក្រីក្រ​ទន់ខ្សោយ ប៉ុន្តែ​អ្នក​មាន​អំណាច​អាច​រួច​ពី​សំណាញ់​ច្បាប់​ដដែល។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ បាន​រិះគន់​តុលាការ​ថា មិន​ហ៊ាន​កាត់ទោស​មេដឹកនាំ​ទីក្រុង​ភ្នំពេញ​លោក ហ៊ុន សែន​ទេ បើ​ទោះ​បី​ជា​ធ្លាប់​បាន​ប្រមាថ​ព្រះមហាក្សត្រ​ក៏ដោយ។

ការ​លើកឡើង​របស់​លោក គឹម សុខ បាន​កើតឡើង​បន្ទាប់ពី​តុលាការ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី១០ មករា បាន​សម្រេច​កាត់​ទោស​បុរស​ម្នាក់​ឈ្មោះ អៀង ជលសា ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៣​ឆ្នាំ ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​ដោយ​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែល​មានន័យ​ប្រមាថ​ដល់​ព្រះមហាក្សត្រ។

រដ្ឋសភា​នៃ​របប​លោក ហ៊ុន សែន បាន​តាក់តែង និង​អនុម័ត​មាត្រា ៤៣៧​ស្ទួន​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ ស្ដីពី​ការប្រមាថ​ព្រះមហាក្សត្រ។ ច្បាប់​ថ្មី​ចែងថា «ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ ១០​លាន​រៀល។ ចំពោះ​នីតិបុគ្គល ក៏​អាច​ត្រូវ​បាន​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ក្នុង​ករណី​ដែល​តុលាការ​រក​ឃើញ​ថា មាន​ពិរុទ្ធភាព​ពាក់ព័ន្ធ​នឹង​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ»

លោក គឹម សុខ បាន​បញ្ជាក់​ថា ស្ថាប័ន​តុលាការ​កំពុង​ប្រមាថ​ប្រជាជន​ដែល​ជា​ម្ចាស់​ប្រទេស​ទាំងមូល​អោយ​តែ​តម្រូវ​ចិត្ត​លោក ហ៊ុន សែន តែប៉ុណ្ណោះ៖ «នេះ​មាន​ន័យ​ថា ប្រទេស​កម្ពុជា​ទាំងមូល​ត្រូវ​បាន​លោក ហ៊ុន សែន ចាត់ទុកថា​ដូចជា​ទីស្នាក់ការ​ក្រុមហ៊ុន​របស់​គាត់​ដើម្បី​គាត់​ធ្វើ​អ្វីៗ​បង្វិល ឬ​បំពេញ​ទៅតាម​បំណង​មហិច្ឆតា​និង​ក្រុម​គ្រួសារ​គាត់​តែ​ប៉ុណ្ណឹង»

ទីប្រឹក្សា​ព្រះមហាក្សត្រ លោក អ៊ុំ ដារ៉ាវុធ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ដោយ​លោក​គ្រាន់តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា​កំពុង​ជាប់រវល់​ប្រជុំ៖ «អត់​ទេ រស្មី ! សូមទោស ជាប់​ប្រជុំ»

ករណី លោក អៀង ជលសារ មិនមែន​ជា​ករណី​ទី​មួយ​ទេ​ដែល​ត្រូវ​បាន​កាត់ទោស​ករណី​ប្រមាថ​ព្រះមហាក្សត្រ​នោះ។

កាលពី​ខែ​ឧសភា​ឆ្នាំ​២០១៨ តុលាការ​របប​ក្រុងភ្នំពេញ​បាន​កាត់ទោស​លោក ឃាង ណាវី អាយុ ៤០ ឆ្នាំ នៅ​ក្នុង​ខេត្ត​កំពង់ធំ និង​លោក បាន សម្ភីរ អាយុ ៧០ នៅ​ក្នុង​ខេត្ត​សៀមរាប​អោយ​ជាប់ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ទោះបី លោក អៀង ជលសារ ត្រូវ​បាន​ដាក់​ពន្ធនាគារ​ក៏ដោយ ប៉ុន្តែ​សមត្ថកិច្ច​កម្ពុជា​មិន​ទាន់​បាន​ស៊ើបអង្កេត​ករណី​លោក ហ៊ុន សែន នៅ​ឡើយ​ទេ។ កាលពី​ចុងខែ​ធ្នូ លោក ហ៊ុន សែន បាន​និយាយ​ប្រមាថ​ព្រះមហាក្សត្រ​ជាថ្មី​ម្តង​ទៀត នៅ​ក្នុង​សារ​សំឡេង​បែក​ធ្លាយ​មួយ ដែល​លោក ហ៊ុន សែន ប្រើ​អំណាច​របស់​ខ្លួន​លូកដៃ​អន្តរាគមន៍​ជម្លោះផ្ទៃក្នុង​ក្រុមហ៊ុន​ទូរទស្សន៍​ស៊ី​.​អិន​.​ស៊ី (CNC) របស់​លោក គិត ម៉េង អ្នកជំនួញ​ដ៏​ធំ​មួយ​នៅ​កម្ពុជា។ ក្នុង​សារ​សំឡេង​បែក​ធ្លាយ​នោះ បង្ហាញ​ថា លោក ហ៊ុន សែន បញ្ជា​ឲ្យ​លោក គិត ម៉េង ដក​ហូត​មុខតំណែង​លោក​អគ្គនាយក​ទូរទស្សន៍ CNC​ចេញ។ លោក ហ៊ុន សែន ថា លោក គិត ម៉េង ត្រូវតែ​ធ្វើតាម​លោក ព្រោះ​អំណាច​របស់​ធំ​ជាង​ស្ដេច​ផែនដី ហើយ កុំថាឡើយ​ស្ដេច ឪ​ស្ដេច ម៉ែ​ស្ដេច ក៏​លោក​មិន​ខ្លាច​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles