ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ហោះហើរ​ជា​លើកដំបូង​ពី​ប៉េកាំង​មក​កម្ពុជា

ដោយ ម៉ៅ សុធានី
2019-01-10
RFA

គំរូ​​ប្លង់​សម្រាប់​សង់​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប ក្រោម​ការ​អនុវត្ត​ដោយ​វិនិយោគិន​ចិន។ Photo Screenshot
គំរូ​​ប្លង់​សម្រាប់​សង់​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប ក្រោម​ការ​អនុវត្ត​ដោយ​វិនិយោគិន​ចិន។ Photo Screenshot


ក្រុមហ៊ុន​អាកាសចរណ៍​ចិន Air China ចាប់ផ្ដើម​ហោះហើរ​ដោយ​ត្រង់ ពី​ទីក្រុង​ប៉េកាំង​មក​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៧ ខែ​មករា កន្លង​មក​នេះ។

អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល លោក ជា អូន ត្រូវ​បាន​កាសែត​ក្នុងស្រុក ដកស្រង់​សំដី​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា ការហោះហើរ​របស់​ក្រុមហ៊ុន​ចិន​នេះ ធ្វើឡើង ៣​ដង​ក្នុង​មួយ​សប្ដាហ៍ ដោយ​ប្រើ​យន្តហោះ​ប្រភេទ Airbus 320 ដែល​អាច​ផ្ទុក​អ្នកដំណើរ​ជិត​២០០​នាក់។ មន្ត្រី​រូប​នេះ បន្ត​ថា ការហោះហើរ​ដោយ​ត្រង់​នេះ នឹង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច ការ​វិនិយោគ​របស់​ចិន និង​ទាក់ទាញ​ការ​ធ្វើ​ទេសចរណ៍​រវាង​កម្ពុជា​-​ចិន ផង​ដែរ។

ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា និង​ភ្ញៀវ​ទេសចរ​ចិន បាន​កើន​ឡើង​យ៉ាង​គំហុក។ របាយការណ៍​របស់​ក្រសួងទេសចរណ៍​កម្ពុជា ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​១០​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៨ ភ្ញៀវ​ទេសចរ​ចិន ចំនួន​ជាង​១​លាន ៦​សែន​នាក់ បាន​មក​ទស្សនា​កម្ពុជា ដែល​អត្រា​នេះ គឺ​កើន​ឡើង​ជាង ៧១% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧។ បច្ចុប្បន្ន មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ចំនួន ១២​ក្រុមហ៊ុន ដែល​ប្រតិបត្តិការ​ជើង​ហោះហើរ សរុប​ចំនួន ១៥៥ ដង ហោះហើរ​ដោយ​ផ្ទាល់​ពី​ប្រទេស​ចិន​មកកាន់​កម្ពុជា រៀងរាល់​សប្ដាហ៍ ក្នុង​នោះ ៧០ ជើង មកកាន់​ក្រុងភ្នំពេញ ៨២ ជើង​ទៅកាន់​ខេត្ត​សៀមរាប និង ៣​ជើង​ទៅកាន់​ខេត្ត​ព្រះសីហនុ។

របប​លោក ហ៊ុន សែន កំពុង​រង​ការ​រិះគន់​ថា បាន​ងាក​ទៅ​រក​ប្រទេស​កុំមុយនិស​ចិន​កាន់តែ​ខ្លាំង ដើម្បី​បន្ត​ក្ដោបក្ដាប់​អំណាច​របស់​ខ្លួន ក្រោយ​ដែល​របប​នេះ​ទទួល​បាន​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ជាច្រើន ពី​រដ្ឋាភិបាល​ចិន។

កាលពី​ថ្ងៃទី៩ ខែ​មករា នាវាចម្បាំង​ចិន​ចំនួន ៣​គ្រឿង ក៏បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុង ព្រះសីហនុ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៤​ថ្ងៃ នៅ​កម្ពុជា​។ មន្ត្រី​សង្គម​ស៊ីវិល​និង​អ្នកវិភាគ អះអាង​ថា ដោយសារ របប​លោក ហ៊ុន សែន មើល​ឃើញ​ថា នឹង​ទទួលរង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ប្រទេស​លោក​ខាងលិច លោក ហ៊ុន សែន ក៏បាន​ងាក​ទៅ​រក​ការ​គាំទ្រ​ពី​ប្រទេស​ចិន និង​វៀតណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles