គណៈកម្មការ​អឺរ៉ុប​ បន្ត​ស៊ើប​អង្កេត​សំណុំរឿង​ចាត់ «វិធានការ​ការពារ» ប្រឆាំង​នឹង​ការ​នាំ​ចូល​អង្ករ​កម្ពុជា​

ដោយ មាន ឫទ្ធិ
2019-01-10
RFA

ស្រូវ និង​អង្ករ​ផ្កា​រំដួល ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦។ RFA/Tha Kitya
ស្រូវ និង​អង្ករ​ផ្កា​រំដួល ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦។ RFA/Tha Kitya


ក្រុមការងារ​ស្រាវជ្រាវ​ករណី​សំណុំរឿង​ចាត់ «វិធានការ​ការពារ» ប្រឆាំង​នឹង​ការនាំចូល​អង្ករ​កម្ពុជា​ ​និង​មីយ៉ាន់ម៉ា ​ឬ​ភូមា ​នៃ​អគ្គ​នាយកដ្ឋាន​ពាណិជ្ជកម្ម​របស់​គណៈកម្មការ​អឺរ៉ុប​ ថ្លែង​ប្រាប់​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិក​ថា បច្ចុប្បន្ន ​គណៈកម្មការ​អឺរ៉ុប ​នៅ​មិន​ទាន់​ធ្វើ​សេចក្ដី​សម្រេច​ជា​ស្ថាពរ​នៅឡើយ​ទេ ​ថា​តើ​ត្រូវ​យក​ពន្ធ​លើ​ការនាំចូល​អង្ករ​ពី​កម្ពុជា​ ​និង​ភូមា ​ឬ​យ៉ាងណា​នោះ។ ក្រុម​ការងារ​ស្រាវជ្រាវ​ករណី​នេះ​ថា​ ​ខ្លួន​កំពុង​បន្ត​ការ​ស៊ើប​អង្កេត​ជា​បន្ត​ទៀត​លើ​សំណុំរឿង​មួយ​នេះ​ ​មុននឹង​ឈាន​ទៅ​រក​ការសម្រេច​ណាមួយ​នោះ។

កាលពី​ចុង​ឆ្នាំ២០១៨ ក្រុម​ប្រទេស​ទាំង​ ២៨ ​ដែល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប ​បាន​បរាជ័យ​ម្ដង​រួច​មក​ហើយ​ក្នុង​ការបោះឆ្នោត​ផ្អែក​តាម​មតិ​ភាគ​ច្រើន​ ​ដើម្បី​អនុម័ត​លើ​ «វិធានការ​ការពារ» ដែល​ជា​សំណើ​របស់​ប្រទេស​អ៊ីតាលី​ ​ឲ្យ​សហភាព​អឺរ៉ុប​គិត​ពន្ធ​លើ​អង្ករ​នាំចូល​ពី​កម្ពុជា​ ​និង​ភូមា ​ក្រោយពី​ប្រទេស​នេះ​ ​បាន​ដាក់​បណ្ដឹង​តវ៉ា​ជា​ផ្លូវការ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ ឆ្នាំ២០១៨។ ប្រទេស​អ៊ីតាលី​ ​បាន​ដាក់​សំណើ​តវ៉ា​នេះ​ ​ផ្អែក​តាម​មាត្រា​ ២៤ ​នៃ​ច្បាប់​ស្ដីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប​ ​( GSP ) ដោយសារ​តែ​ប្រទេស​នេះ​យល់​ថា បរិមាណ​ ​ឬ​តម្លៃ​អង្ករ​នាំចូល​ពី​ប្រទេស​ទាំង​ពីរ​ ​គឺ​កម្ពុជា​ ​និង​ភូមា​នេះ​ ​បង្ក​ជា​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​សមត្ថភាព​ប្រកួតប្រជែង​ដោយ​ផ្ទាល់​របស់​ខ្លួន​ ​ខណៈ​ប្រទេស​កម្ពុជា និង​ភូមា ទទួល​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពិសេស​ «គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​អាវុធ ឬ EBA»

សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​ទិញ​អង្ករ​ធំ​ជាង​គេ​ពី​កម្ពុជា​ ​មាន​ចំនួន​ស្មើនឹង​ជិត​ ២៧ម៉ឺន​តោន ឬ​ស្មើនឹង​ជិត​ ៤៣ភាគ​រយ​ ​នៅ​ឆ្នាំ២០១៨។ ក្នុង​ឆ្នាំ​ដដែល​នេះ​ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ដាក់​លក់​នៅ​ទីផ្សារ​អន្តរជាតិ​សរុប​ចំនួន​ជាង​ ៦ សែន​តោន (៦២៦.២២៥តោន) ខណៈ​ប្រទេស​ចិន ​ជា​ប្រទេស​នាំមុខ​គេ​នៃ​ការ​ទិញ​អង្ករ​ពី​កម្ពុជា​ ​ក្នុង​ចំនួន​ដល់​ទៅ​ជាង​ ១៧ម៉ឺន​តោន ​ស្មើនឹង​ជាង​ ២៧ភាគរយ។

ប្រសិនបើ​គណៈកម្មការ​អឺរ៉ុប​ សម្រេច​យក​ពន្ធ​លើ​ការនាំចូល​អង្ករ​កម្ពុជា​ ​និង​មីយ៉ាន់ម៉ា​មែន​នោះ​ ​នោះ​ប្រទេស​ទាំង​ពីរ​ ត្រូវ​បង់​ពន្ធ​ក្នុង​អត្រា​ជិត​ ២០០ដុល្លារ​អាមេរិក (១៩៨,៣១ដុល្លារ) ក្នុង​អង្ករ​មួយ​តោន សម្រាប់​ឆ្នាំ​ដំបូង​ ២០១៩។ អត្រា​ពន្ធ​នេះ​ ​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ជាង ១៧០ដុល្លារ ក្នុង​អង្ករ​មួយ​តោន​ក្នុង​ឆ្នាំ២០២០ និង​ជាង ១៤១ដុល្លារ ក្នុង​អង្ករ​មួយ​តោន​នៅ​ឆ្នាំ២០២១។

អង្ករ​នាំចេញ​ពី​កម្ពុជា​ ​និង​មីយ៉ាន់ម៉ា ​ទៅ​សហភាព​អឺរ៉ុប ​បាន​កើន​ឡើង​ខ្លាំង​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​តម្លៃ​អង្ករ​នៅ​សហភាព​អឺរ៉ុប​ ​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ និង​បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ពី​កសិករ​តាម​បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប ​ជាពិសេស​នៅ​ប្រទេស​អ៊ីតាលី​ ​និង​អេស្ប៉ាញ។

សំណើ​ឲ្យ​គិត​ពន្ធ​លើ​អង្ករ​កម្ពុជា​ ​និង​មីយ៉ាន់ម៉ា​នេះ​ ​គឺជា​សំណុំរឿង​ដាច់ដោយឡែក​មួយ​ទៀត​ ​ពី​រឿង​ដែល​សហភាព​អឺរ៉ុប​កំពុង​ពិចារណា​លើ​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់​មុខ​ទំនិញ​លើក​លែង​តែ​អាវុធ ឬ​ EBA» ពី​កម្ពុជា​ ​ដោយសារ​ក្រុម​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ ​បាន​គាស់​រម្លើង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ជា​ស្ថាពរ ​ដែល​នេះ​មាន​ន័យ​ថា​ ​កម្ពុជា​ ​ប្រឈម​នឹង​ការ​យក​ពន្ធ​ពី​សហភាព​អឺរ៉ុប​លើ​គ្រប់​មុខ​ទំនិញ​ទាំងអស់​ បូក​រួម​ទាំង​អង្ករ​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment