ជំនួប​លើក​ទី​៣​ជាមួយ​អ្នក​កាសែត​ នាយក​រដ្ឋមន្ត្រី​ស្នើ​ឲ្យ​ផ្សាយ​ព័ត៌មាន​វិជ្ជមាន​ពិតប្រាកដដើម្បីទាក់ទាញ​ទេសចរ ​និង​វិនិយោគិន

ដោយ ញឹម សុផល
11/01/2019
RFI

media
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបជាមួយអ្នកកាសែតកាលពីឆ្នាំទៅ
fb


លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​គ្រោង​ជួប​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុងស្រុក​មកពី​ស្ថាប័ន​ជាតិ ​និង​ឯកជន​ប្រមាណ​ជាង​៤០០០​នាក់ ​នៅ​មជ្ឈមណ្ឌល​កំសាន្ត​កោះ​ពេជ្រ​។ ​គឺ​ជា​ជំនួប​សំណេះសំណាល​ប្រចាំ​ឆ្នាំ​លើក​ទី​៣ ​បន្ទាប់​ពី​ជំនួប​ដំបូង ត្រូវ​បាន​រៀបចំឡើង​កាល​ពី​ខែ​មករា ​ឆ្នាំ​២០១៧ ​នៅ​សណ្ឋាគារ​សុខា​។

ដូច​ជំនួប​កាល​ពី​២​លើក​កន្លង​មក ​នៅ​ក្នុង​ជំនួប​លើក​ទី​៣ ​រវាង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​អ្នក​សារព័ត៌មាន ​ដែល​បំរើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពេល​នេះ ​មាន​អ្នក​កាសែត​ចូលរួម ​ប្រមាណ​ជាង​ ៤៥០០​នាក់ ​គឺ​កើន​លើស​ពី​ជំនួប​លើក​ទី​១​និង​លើក​ទី​២​។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ថា ​ពិត​ប្រាកដ​ណាស់ ​ការ​រីក​ច​ម្រើ​ន​របស់​ប្រទេស​ជាតិ ​គឺ​មិន​អាច​កាត់​ផ្តាច់​ពី​ការ​ចូលរួម​របស់​អ្នក​សារព័ត៌មាន​បាន​ឡើយ​។

លោក​បន្ត​ថា ​យើង​បាន​បាត់បង់​ឱកាស​កសាង​ប្រទេស​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដោយសារ​សង្គ្រាម​។ ​ក្រោយពី​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ ​គឺ​យើង​ត្រូវការ​ទេសចរ ​ពាណិជ្ជករ ​និង​អ្នក​វិនិយោគទុន​បរទេស​ជាច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​។ ​ដូច្នេះ​ការ​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​វិជ្ជមាន​ពិត​ប្រាក ​គឺ​កាន់​តែ​ផ្តល់​នូវ​ទំនុក​ចិត្ត​ដល់​ទេសចរ​បរទេស ​និង​វិនិយោគ​គិ​នប​រទេស​។ ​នេះ​បើតាម​សំណេរ​របស់ ​លោក ​ហ៊ុន សែន ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។

ទាក់ទង​ទៅនឹង​ជំនួប​លើក​ទី៣ ​រវាង​ប្រមុខ​រដ្ឋាភិបាល ​និង​អ្នក​សារព័ត៌មាន​នេះ​ដែរ ​អង្គការ​សមាគម​សារព័ត៌មាន​នានា ​បាន​មើលឃើញ​ថា​ជា​ជំនួប​ដែល​មាន​សារៈសំខាន់ ​ដោយ​ផ្តល់ឱកាស​ដល់​អ្នក​សារព័ត៌មាន​បង្កើត​ទំនាក់​ទំនង និង​ភាព​ស្និទ្ធស្នាល​ជាមួយ​ថ្នាក់​ដឹកនាំ​ប្រទេស​។ ​ជាមួយគ្នានេះ ​ក៏មាន​ការ​លើកឡើង​ផង​ដែរ ​ថា​ជំនួប​នេះ ​គេ​គួរតែ​លើក​យក​បញ្ហា​របស់​សារព័ត៌មាន ​និង​អ្នក​សារព័ត៌មាន​ មក​ជជែក​លើស​ពី​ការ​ជួប​ដើម្បី​ទទួល​ទាន​អាហារ​។

យោងតាម​ក្រសួង​ព័ត៌មាន ​អគ្គនាយកដ្ឋាន​ព័ត៌មាន ​និង​សោតទស្សន៍​ ក្រសួង​ព័ត៌មាន​បាន​ផ្តល់​កាត​សរុប​កាល​ពី​ថ្ងៃ​ម្សិលមិញ ​ចំនួន ​៤ ៥៧៩​នាក់ ​ដល់​បណ្តា​ក្រសួង-​ស្ថាប័ន ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន ​ដើម្បី​ចូលរួម​ក្នុង​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​និង ក្រុម​អ្នកសារព័ត៌មាន​ក្នុងស្រុក​លើក​ទី​៣​។

អ្នក​ចូលរួម​ក្នុង​ជំនួប​លើក​ទី​៣​នេះ ​រួមមាន​ថ្នាក់ដឹកនាំ ​និង​មន្ត្រី​ក្រសួង​ព័ត៌មាន ​ស្ថានីយ​វិទ្យុ ​និង​ទូរទស្សន៍ ​សារព័ត៌មាន​បោះពុម្ពផ្សាយ ​ក្រុម​ការងារ​ពត៌មាន ​Facebook ​គេហទំព័រ ​និង ​TV Online ​និង ​អ្នកនាំពាក្យ​ក្រសួង-​ស្ថាប័ន ​រាជធានី-​ខេត្ត ​និង​មន្ទីរ​ព័ត៌មាន​រាជធានី-​ខេត្ត​ ជា​ដើម​៕

What Next?

Recent Articles