អ្នកច្បាប់ យល់​​​​ថា​ការ​ឃាត់ខ្លួន​នគរបាលប្រឆាំង​ផលិតផលក្លែងក្លាយ បង្ហាញ​ពី​កម្សោយ​នៃ​កិច្ច​សហការ


|
https://www.vodhotnews.com

មន្ត្រី​អង្គភាព​គណៈ​ កម្ម​ការ​ប្រយុទ្ធ​ប្រឆាំង​ ផលិត​ ផល​ក្លែងក្លាយ​ក្រសួងមហាផ្ទៃ ដែលត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

អ្នក​ច្បាប់​​​មួយ​ចំនួន ​លើក​ឡើង​ថា ​ករណី​សមត្ថកិច្ច​ខណ្ឌសែនសុខ​ឃាត់​ខ្លួន​នគរបាលប្រឆាំង​ផលិតផលក្លែងក្លាយ​​កាលពីម្សិលមិញ ​​បង្ហាញ​ពី​​កម្សោយ​នៃ​កិច្ចសហការ និង​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ជា​ពិសេស​វា​នឹង​ធ្វើ​ឲ្យ​មន្ត្រី​អនុវត្តច្បាប់​​ក្រោយ​ៗ​ មាន​ការ​រុញរា​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន​។

កាល​ពី​ម្សិលមិញ​តម្រួត​បទ​បញ្ជា​របស់​ក្រសួង​មហាផ្ទៃ​បាន​ចុះ​ទៅ​ឃាត់​ខ្លួន​មន្ត្រី​នៃ​គណៈកម្ម​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ​៦នាក់ ​ក្នុង​នោះ​មាន​​ឧត្ដមសេនីយ៍​ត្រី​(ផ្កាយមួយ)ម្នាក់​ផង​ដែរ ​បន្ទាប់​ពី​មន្ត្រី​ទាំង​នោះ​ចុះ​ពិនិត្យ​ឃ្លាំង​ស្តុក​បារី​មួយ​ក្លែង​នៅ​ក្នុង​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ ទោះ​ជា​យ៉ាង​ណា​បន្ទាប់​ពី​ឃាត់​ខ្លួន​​អ្នក​ទាំង​៦​នាក់​នោះ​ត្រូវ​បាន​ដោះលែង​វិញ​។

ករណី​នគរបាល​ឃាត់​ខ្លួន​នគរបាល​នេះ​ត្រូវ​បាន​អ្នក​តាម​ដាន​សង្គម និង​អ្នក​ច្បាប់​យល់​ថា​ កំពុង​បង្ហាញ​ពី​ភាព​មិន​ស៊ី​សង្វាក់​គ្នា​នៃ​ការ​អនុវត្ត​ច្បាប់ និង​ធ្វើ​ឲ្យ​មន្ត្រី​ក្រោយៗ​មាន​ការ​រុញរា​ក្នុង​ការ​អនុវត្តន៍​ច្បាប់​ផង​ដែរ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ​ លោក អំ សំអាត យល់​ថា​ ​ករណី​នេះ​​​វាបង្ហាញ​ពី​ភាព​មិន​សហការ​គ្នា​រវាង​មន្ត្រីគ្នាឯង និង​ព្រះរាជអាជ្ញា ហើយ​វា​​បាន​ធ្វើ​ឲ្យ​អ្នក​អនុវត្តន៍​ច្បាប់​ក្រោយៗ​មាន​ការ​ព្រួយ​បារម្ភ​នៅ​ពេល​ដែល​ខ្លួនចុះ​ប្រតិបត្តិការណ៍ ​​​បើ​ទោះ​បី​ជា​ ​ស៊ើប​ដឹង​​ថា​កន្លែង​ដែល​ខ្លួន​ចុះ​ទៅ​ពិនិត្យ​នោះ​គឺ​ខុសច្បាប់​មែនក៏​ដោយ​​។

លោក​ថា៖ « ទី​មួយ​ គេ​អាច​នឹង​សង្ស័យ​ថា​ការ​ដែល​ចុះ​ទៅ​ហ្នឹង គឺ​គ្មាន​លិខិត​បេសកកម្ម ឬ​អី​វា​អាច​ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​ទៅ​វិញ អញ្ចឹង​បើ​ចេតនា​គាត់​ខ្លះ​ល្អ ​ក៏​ប៉ុន្តែ​គ្មាន​លិខិត​បេសកកម្ម​អត់​មាន​បទ​បញ្ជា​អាច​នឹង​រង​គ្រោះ ហើយ​ព្រឹត្តិការណ៍​ម្សិល​មិញ​នោះ​វា​នឹង​ធ្វើ​ឲ្យ​សមត្ថកិច្ច​ត្រូវ​ពិចារណា​ឡើង​វិញ​ឲ្យ​បាន​ច្បាស់លាស់​មុន​នឹង​ចេញ​បេសកកម្ម​នោះ » ។

ប្រធាន​ក្រុម​អ្នក​ច្បាប់​អមរិន្ទ​ លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា​ បើ​តាម​ឋានានុក្រម​សមត្ថកិច្ច​ថ្នាក់​ក្រោម​មិន​មាន​លទ្ធភាព​ណា​មួយ​ក្នុង​ការ​ឃាត់​ខ្លួន​អ្នក​​ដែល​មាន​ឋានៈ​លើ​ខ្លួន​ទេ លោក​​យល់ថា​ រូបភាព​ដែល​នគរបាល​ឃាត់​ខ្លួន​នគរបាល​នេះ​វា​បាន​បង្ហាញ​ពី​ការ​មិន​ឲ្យ​តម្លៃ​នៃ​ឋានន្តរសក្ដិ​ក្នុង​ជួរ​មន្ត្រី​នៅ​កម្ពុជា។

លោក​ថា៖ « ទី​មួយ ​យើង​សំអាង​លើ​បណ្ដឹង​ថា ​មាន​ជន​ក្លែងក្លាយ​មក​មែន​ឬ​អត់។ ទីពីរ​ ចុះ​ទៅ​មើល​ថា ​ដូច​ការ​រាយការណ៍​មក​មែន​ឬ​អត់? ហើយ​បើ​ទៅ​មើល​ឃើញ​ថា​គេ​មាន​លិខិត​បទ​បញ្ជា​អី​ច្បាស់លាស់។ ​រឿង​អី​យើង​ទៅ​ឃាត់​ខ្លួន​គេ។ ទុក​ឲ្យ​គេ​ធ្វើ​ការ​សិន​ទៅ » ។

VOD មិន​អាច​ទាក់​ទង​អ្នក​នាំពាក្យ​អគ្គស្នងការនគរបាល​ជាតិ​លោក ឆាយ គឹមខឿន ​ដើម្បី​ឆ្លើយ​តប​បាន​នៅ​ឡើយ​ទេ។

គេហទំព័រ​នគរបាល​ជាតិ កាល​ពី​ម្សិល​មិញ​​បាន​ដកស្រង់ប្រសាសន៍​​របស់ អនុប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ លោក​ឧត្ដមសេនីយ៍​ ទូច​ យុ​ទ្ធា ​ថា​ករណី​នេះ​គឺជា​ការ​យល់​ច្រឡំ​ ដោយថា​​មុន​ហេតុការណ៍​នោះ​ គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ បាន​ទទួល​សេចក្ដី​រាយការណ៍​ថា​ មាន​រថយន្ត​ដឹក​បារី​ ក្លែងក្លាយ​ចូល​ក្នុង​ឃ្លាំង​ ប៉ុន្តែ​ពេល​កម្លាំង​ចុះ​ធ្វើការ​ ក៏​ជួប​នឹង​ហេតុការណ៍​នេះ​តែ​ម្ដង​។​

លោក​បន្ថែម​ថា ម្ចាស់​ក្រុមហ៊ុន​បារី​​មិន​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ និង​បាន​រាយការណ៍​ទៅសមត្ថកិច្ច បណ្ដាល​អោយ​មាន​កម្លាំង​តម្រួត​បទបញ្ជា​ សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ ចុះ​ឃាត់​ខ្លួន​តែ​ម្ដង។

បើ​តាម​អគ្គស្នងការ​នគរបាល​ជាតិ​ ការ​ចាប់​ខ្លួន​មន្ត្រី​៦​នាក់ ​គឺ​កើត​ឡើង​ដោយ​សារ​ការ​ចាប់​ច្រឡំ​ប៉ុណ្ណោះ បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​អំពី​មនុស្ស​ក្លែង​ ឯកសណ្ឋាន​បន្លំ​ធ្វើ​កងកម្លាំង​នគរបាល​ ចុះ​ធ្វើ​សកម្មភាព​មិន​ប្រក្រតី​ជា​ច្រើន​ដែល​នាំ​អោយ​មានការ​យល់​ច្រឡំ​ មក​លើ​កងកម្លាំង​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​ ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles