អ្នកមានជម្លោះដីធ្លីខេត្តក្រចេះជាង១ពាន់គ្រួសារ ​ព្រមទទួលយកដី២ហិកតា ដើម្បីបញ្ចប់វិវាទជាមួយក្រុមហ៊ុន​


|
https://www.vodhotnews.com

មន្ត្រីរៀប​ចំក្រសួងដែនដីនគរូបនីយកម្ម បានលើកឡើងក្នុងកិច្ចប្រជុំជាមួយពលរដ្ឋដែលមានជម្លោះដីធ្លី នៅស្រុកស្នួល ខេត្តក្រចេះ នៅក្នុង​វត្តសាមគ្គីរង្ស៊ី នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ណាត សុភាព

អ្នកមានជម្លោះដីធ្លី​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ​​ ព្រមទទួលយកដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាលក្នុងមួយគ្រួសារ​២ហិកតា ដើម្បីបញ្ចប់ជម្លោះជាមួយក្រុមហ៊ុនចម្ការ​កៅស៊ូ​មេមត់​ ក្រោយពីបានឡើងមក​តវ៉ានៅ​ភ្នំពេញ​ចំនួន​១១ដង​។

អ្នកភូមិមានជម្លោះដីធ្លីនៅឃុំ២ធ្នូ អ្នកស្រី ហី សេងហ៊ន​ បានរៀប​រាប់ប្រាប់ វីអូឌី នៅថ្ងៃនេះថា ប្រជាពលរដ្ឋជាង១ពាន់គ្រួសារ​ទាមទារឲ្យរដ្ឋាភិបាលផ្តល់ដីឲ្យពួកគាត់​២ហិក​តាកន្លះ។ ប៉ុន្តែមន្ត្រីរៀប​ចំក្រសួងដែនដីនគរូបនីយកម្ម បានលើកឡើងក្នុងកិច្ចប្រជុំនៅក្នុង​វត្តសាមគ្គីរង្ស៊ី នាព្រឹកនេះថា ក្រសួងសម្រេចផ្តល់ដីជូនពួកគេត្រឹមតែ២ហិកតាក្នុងមួយគ្រួសារ ដើម្បីបញ្ចប់ជម្លោះជាមួយក្រុមហ៊ុន​។ ករណីនេះអ្នកស្រីថា ពួកគាត់​ព្រមទទួលយក ដើម្បីបានដីធ្លីប្រកបមុខ​របរទ្រទ្រង់ជីវភាពគ្រួសារ។

មន្ត្រីរៀប​ចំក្រសួងដែនដីនគរូបនីយកម្ម បានលើកឡើងក្នុងកិច្ចប្រជុំជាមួយពលរដ្ឋដែលមានជម្លោះដីធ្លី នៅស្រុកស្នួល ខេត្តក្រចេះ នៅក្នុង​វត្តសាមគ្គីរង្ស៊ី នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ណាត សុភាព


អ្នកស្រីមានប្រសាសន៍ថា៖«សម្បទានឲ្យរដ្ឋខ្លះ យើងខ្លះ ដើម្បីបានការទំនាក់ទំនងគ្នាទៅវិញទៅមក ដូចថា មានជម្ងឺមានអ្វី មានផ្លូវ​លឿន សំរាប់ព្យាបាលជម្ងឺទាន់ពេលវេលា ​បាន​ប្រយោជន៍រួម ចែករំលែកគ្នា រស់ទាំងអស់គ្នា​»។

អ្នកមានជម្លោះដីធ្លីរូបនោះបញ្ជាក់ថា មន្រ្តី​ក្រសួង​ដែនដីនគររូបនីយកម្ម និងសំណង់ សន្យាថានឹងធ្វើការអភិវឌ្ឍនៅតំបន់បែងចែកក្បាលដីជូនប្រជាពលរដ្ឋនៅក្នុងឃុំ២ធ្នូនោះ ដូចជា ធ្វើផ្លូវ​ ជីកអណ្តូងទឹក សង់សាលារៀន បង្គន់ ផ្សារ និងមន្ទីរពេទ្យជូនពួកគាត់​ឲ្យបានឆាប់ជាដើម។

លោក ភិន ធា ជាអ្នកភូមិនៅឃុំ២ធ្នូ ម្នាក់ទៀត សាទរនឹងការសន្យានេះ ប៉ុន្តែលោកថា បើអាជ្ញាធរមិនធ្វើតាមការសន្យាទេ ពួកគេនឹងឡើងមកតវ៉ានៅរាជធានីភ្នំពេញទៀត។

លោកព្រមានថា៖ «ប្រសាសន៍របស់លោក ជា សុផារ៉ា គាត់ថាឲ្យតំណាងរបស់ឯកឧត្តម ជា សុផារ៉ា ក៏មានប្រសាសន៍ថាឲ្យទៀត។ ពួកខ្ញុំត្រូវ​តែត្រឡប់មកទាមទារវិញ ឲ្យទាល់តែបាន ប្រសិនបើមិនមានដំណោះស្រាយឲ្យខ្ញុំទេ​»។

លោក
ភិន ធា បានអះអាងទៀតថា ថ្ងៃច័ន្ទទី១៤ ខែមករានេះ មន្ត្រីក្រសួងរៀបចំដែនដីនឹងចុះទៅជួបជាមួយអ្នកមានជម្លោះដីធ្លីផ្ទាល់នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីបោះបង្គោលព្រំដីបែងចែកទៅឲ្យប្រជាពលរដ្ឋជាង១ពាន់គ្រួសារ។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុកលោក សឹង សែនករុណា បាន​លើក​ថា ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​ដែល​ឡើង​មក​តវ៉ា​ និង​ស្វែង​រក​អន្តរាគមន៍​នៅ​រាជ​ធានី​ភ្នំពេញ ដោយសារ​តែ​ពួកគេ​អស់​ជំនឿ​លើ​មន្ត្រី​ថ្នាក់​ក្រោម។ លោកថា បើរដ្ឋាភិបាល​មិន​គោរពតាមការសន្យាពន្លឿនដោះស្រាយបញ្ហាដីធ្លីនេះជូនពលរដ្ឋឲ្យបានឆាប់ទេនឹងធ្វើឲ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។

លោកមានប្រសាសន៍ថា៖ «​កាលណាយើងមានកិច្ចសន្យាជាមួយប្រជាពលរដ្ឋ ហើយអត់អនុវត្តតាម ទីមួយបញ្ហាទាំងនេះមិនអាច​ដោះស្រាយ​បានទេ។ ហើយពលរដ្ឋប្រាកដណាស់ គាត់មិនសុខចិត្ត ហើយគាត់នឹងបន្តការទាមទារតាមកិច្ចសន្យាហ្នឹង ហើយវាក៏ប៉ះពាល់ដល់ការដឹកនាំរបស់រដ្ឋាភិបាលដែរ។​ ប្រសិនបើចេះតែសន្យា ហើយអត់អនុវត្តតាម វាធ្វើឲ្យពលរដ្ឋគ្មានជំនឿ ទៅលើការដោះស្រាយនៅករណីហ្នឹងក៏ដោយ ឬក៏ករណីផ្សេងៗទៀត និងគ្មានការជឿជាក់ទៅលើការដោះស្រាយ​ជាបន្តទៅមុខ​ទៀត​»។

កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ ប្រជាពលរដ្ឋជាច្រើននាក់នៅភូមិជើងឃ្លេរ ឃុំ២ធ្នូ បានរងរបួសនៅពេលប៉ះទង្គិចគ្នាជាមួយក្រុមសមត្ថកិច្ចចម្រុះប្រដាប់ដោយកាំភ្លើងដែលចុះការពារគ្រឿងចក្រក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ខណៈពលរដ្ឋទាំងនោះបានតវ៉ាបិទផ្លូវជាតិលេខ ៧៦A ប្រឆាំងគ្រឿងចក្រក្រុមហ៊ុនចុះឈូសឆាយផ្ទះ និងដំណាំពួកគេ៕

ពលរដ្ឋដែលមានជម្លោះដីធ្លី នៅស្រុកស្នួល ខេត្តក្រចេះ មកជួបជុំគ្នា ក្នុង​វត្តសាមគ្គីរង្ស៊ី នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ណាត សុភាព


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment