អ្នកវិភាគ​ថា បញ្ហា​សេដ្ឋកិច្ច​តែ​បន្តិចបន្តួច នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ពាក់​កណ្ដាល​ប្រទេស ធ្លាក់​ខ្លួន​ក្រ​ភ្លាម

ដោយ មួង ណារ៉េត
2019-01-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្មេង​ទាំង​នេះ​កំពុង​តែ​សុំ​ទាន​នៅ​ចំណុច​ប្រសព្វ​ផ្លូវ​ម៉ៅសេទុង និង​ផ្លូវ​មុនីរ៉េត (ស្តុប​ផ្សារ​ដើម​គ) នៅ​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១៥។ Photo: RFA
ក្មេង​ទាំង​នេះ​កំពុង​តែ​សុំ​ទាន​នៅ​ចំណុច​ប្រសព្វ​ផ្លូវ​ម៉ៅសេទុង និង​ផ្លូវ​មុនីរ៉េត (ស្តុប​ផ្សារ​ដើម​គ) នៅ​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១៥។ Photo: RFA


អត្រាភាព​ក្រីក្រ​នៅ​កម្ពុជា ថយ​ចុះ​តិចតួច​ប៉ុណ្ណោះ បើ​តាម​តួ​លេខ​របស់​អង្គការ​អន្តរជាតិ។ អង្គការ​អន្តរជាតិ​កាល​ពី​ឆ្នាំ២០១៨ កន្លង​ទៅ​មក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ ដែល​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ គឺ​ស្ថិត​នៅ​ចន្លោះ​ពី ២០៣៥% នៅ​ឡើយ។ តួលេខ​នេះ គឺ​ខុស​គ្នា​ឆ្ងាយ ទៅ​នឹង​អ្វី​ដែល​របប​លោក ហ៊ុន សែន រក​ឃើញ​ជា​ផ្លូវការ។ អ្នក​វិភាគ​ថា បើ​មាន​បញ្ហា​សេដ្ឋកិច្ច​តែ​បន្តិចបន្តួច ពលរដ្ឋ​ខ្មែរ​ជិត​ពាក់​កណ្ដាល​ប្រទេស ឬ​ជិត ៨លាន​នាក់ នឹង​ធ្លាក់​ខ្លួន​ក្រ​ភ្លាម។

អង្គការអន្តរជាតិ​ចំនួន​ពីរ​ រក​ឃើញ​អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា ខុសគ្នា​ឆ្ងាយ​ពី​របាយការណ៍​ផ្លូវការ​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​កម្ពុជា។ អង្គការ​ GIZ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី និង​អាល្លឺម៉ង់ ក្នុង​កម្មវិធី​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ (IDPoor) នៅ​កម្ពុជា បាន​រក​ឃើញ​នៅ​ក្នុង​របាយការណ៍ខែ​ធ្នូ ឆ្នាំ២០១៨ ថា អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា មាន​ប្រហែល ២០%។ ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ប្រហែល ២០% ដែល​ក្រីក្រ​នេះ មាន​ពាក់​កណ្ដាល គឺ​ក្រ​ច្រើន​យ៉ាង ពោល​គឺ​ក្រ​ដោយ​កត្តា​បញ្ហា​សុខភាព ខ្វះ​ការ​អប់រំ ជីវភាព​រស់​នៅ​ខ្វះ​ស្តង់ដារ ខ្វះ​ប្រាក់​ចំណូល ខ្វះ​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត ខ្វះ​ការងារ​ល្អ និង​រង​ការ​គំរាម​កំហែង​ពី​អំពើ​ហិង្សា​ជា​ដើម។

របាយការណ៍​ដដែល ​ដែល​ពិនិត្យ​មើល​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​រយៈពេល៣ឆ្នាំ ពី​ឆ្នាំ ២០១៥២០១៨ បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ជាច្រើន នៅ​តែ​មិន​បាន​ទទួល​ផល ពី​សេដ្ឋកិច្ច​ទីផ្សារ​សេរី ដែល​ចាប់​ផ្ដើម​តាំង​ពី​ចុង​ទសវត្សរ៍​ឆ្នាំ១៩៩០ នោះ​ទេ។

ចំណែក​ឯ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​របស់​សហប្រជាជាតិ (UNDP) និង គម្រោង​ផ្ដួច​ផ្ដើម​អភិវឌ្ឍន៍​ធនធានមនុស្ស និង ភាព​ក្រីក្រ​របស់​ Oxford កាល​ពី​បី​ខែ​មុន ពោល​គឺ​កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៨ បាន​រក​ឃើញ នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​ថា ពលរដ្ឋ​កម្ពុជា​ចំនួន​រហូត​ដល់ ៣៥% គឺ​ជា​ពលរដ្ឋ​ក្រីក្រ ដែល​រក​ប្រាក់​ចំណូល​បាន​ក្រោម ១,៩០ដុល្លារ ក្នុង​មួយ​ថ្ងៃ។ អង្គការ​ទាំងនេះ ថា​កត្តា​ភាព​ក្រីក្រ គឺ​មក​ពី​ស្ថានភាព​សុខភាព អប់រំ ស្តង់ដារ​នៃ​ជីវភាព​រស់​នៅ និង​ប្រាក់​ចំណូល​ទាប។

ការ​រក​ឃើញ​ទាំង​នេះ ខុស​គ្នា​ស្រឡះ​ទៅ​នឹង​របាយការណ៍​ផ្លូវការ ដែល​បាន​មកពី​ទិន្នន័យ​អង្កេត​សេដ្ឋកិច្ច​សង្គមកិច្ច​កម្ពុជា​ឆ្នាំ ២០១៤ របស់​របប​លោក​​ ហ៊ុន សែន ដែល​ធ្វើ​ឡើង​ដោយ​វិទ្យា​ស្ថានជាតិ​ស្ថិតិ​ ដោយ​អះអាង​ថា អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា ត្រឹម​ឆ្នាំ២០១៤ ចុះ​មក​នៅ​ត្រឹម ១៣,% ពោល​គឺ​ចុះ​ពី ៤៧,% ក្នុង​ឆ្នាំ ២០០៧។

អ្នក​វិភាគ និង​ជា​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី ភ្ញាក់​ផ្អើល​នឹង​តួលេខ​របស់​របប​លោក ហ៊ុន សែន ដែល​ថា ភាព​ក្រីក្រ​ធ្លាក់​ចុះ​ដល់ ១៣,% នោះ ព្រោះ​លោក​មន្ទិល ពី​ភាព​ឯករាជ្យ​ក្នុង​ការ​ប្រមូល​ទិន្នន័យ ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន។ លោក​បណ្ឌិត​បន្ថែម​ថា ការ​អះអាង​របស់​ស្ថាប័ន​នៃ​របប​លោក ហ៊ុន សែន ដូចជា​មិន​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ពិត​ នៃ​ស្ថានភាព​ក្រីក្រ​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ​នោះ​ឡើយ។ ប៉ុន្តែ​បណ្ឌិត​ មាស នី យល់ស្រប​តាម​របាយការណ៍ ​របស់​ស្ថាប័ន​អន្តរជាតិ ជាពិសេស​ការ​រក​ឃើញ​ចុង​ក្រោយ​របស់​អង្គការ GIZ នេះ។

កាលពី​របាយការណ៍​អង្គការ UNDP ចេញ​ភ្លាម ក្រសួង​ផែនការ​នៃ​របប​លោក ហ៊ុន សែន ​ខឹង​សម្បារ​យ៉ាង​ខ្លាំង។ ​រដ្ឋមន្ត្រី​ក្រសួង​ផែនការ​របស់​របប​លោក ហ៊ុន សែន គឺ​លោក ឆាយ​ ថន ចោទ​ថា​របាយការណ៍​នោះ ចេញ​ផ្សាយ​ជា​សាធារណៈ ដោយ​មិន​ជូន​ដំណឹង​ទៅ​ក្រសួង​ជា​មុន។ លោក ឆាយ ថន សរសេរ​លិខិត​ផ្ញើ​ជូន​ទៅ​នាយក​អង្គការ UNDP នៅ​ពេល​នោះ ដោយ​អះអាង​ថា របាយការណ៍​បែប​នេះ ធ្វើ​ឲ្យ​សាធារណជន​ភាន់​ច្រឡំ និង​ប៉ះពាល់​ដល់​ជោគជ័យ​របស់​របប​លោក ហ៊ុន សែន ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ លោក​ស្នើ​ឲ្យ​អង្គការ​នេះ បន្ត​ប្រើប្រាស់​ទិន្នន័យ​របស់​របប​លោក ហ៊ុន សែន ទាក់ទង​នឹង​អត្រា​ភាព​ក្រីក្រ​នេះ។ អង្គការ​ UNDP សុំទោស និង សុខចិត្ត​ធ្វើ​តាម​ក្រសួង។

ទោះ​បី​រដ្ឋមន្រ្តី​ក្រសួង​ផែនការ ជំទាស់​ភ្លាមៗ ​ទៅ​នឹង​របាយការណ៍​របស់​អង្គការ UNDP ក៏​ក្រសួង​នេះ ​មិន​ទាន់​មាន​ប្រតិកម្ម​ណាមួយ ទៅ​នឹង​របាយការណ៍​ការ​អង្គការ GIZ នៅ​ឡើយ​ទេ។

អាស៊ីសេរី មិនទាន់អាច​សុំ​ការ​បំភ្លឺ ពី​មន្ត្រី​នាំ​ពាក្យ​របស់​ក្រសួង​ផែនការ ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ ទោះ​បី​អាស៊ី​សេរី​ព្យាយាម​ទាក់ទង​ទៅ​គ្រប់​មន្ត្រី​ទាំង​បួន​រូប ដែល​មានឈ្មោះ ​ក្នុង​បញ្ជី​ក្រុម​អ្នកនាំពាក្យ​ នៃ​ក្រសួង​នេះ​ក៏​ដោយ។ លោក ណុប កនណាវុឌ្ឍ អគ្គនាយករង​ផែនការ មិន​អាច​ទាក់ទង​បាន។ លោក ជ័យ ណាត ប្រធាន​នាយកដ្ឋាន​រដ្ឋបាល លោក ផន ចិន្តា អនុប្រធាន​នាយកដ្ឋាន​នៃ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ និង លោក ស្រី ដា នាយរង​ខុទ្ទកាល័យ​ក្រសួង​ផែនការ សុទ្ធតែ​មិន​លើក​ទូរស័ព្ទ។ អាស៊ី​សេរី​បាន​ទាក់ទង​ទៅ​លោក ហ៊ូ តាំងអេង រដ្ឋលេខាធិការ​ក្រសួង​ផែនការ​ដែរ​ ប៉ុន្តែ​គ្រាន់​តែ​ឮ​ថា​អាស៊ី​សេរី​ទូរស័ព្ទ​ភ្លាម លោក​ប្រកែក​មិន​ឆ្លើយ​ឆ្លង​ភ្លាម៖ «អាឡូ! (មួង ណារ៉េត៖ អាឡូ! ឯកឧត្ដម ហ៊ូ តាំងអេង ឬ​មិនមែន? ខ្ញុំបាទ ណារ៉េត ទូរស័ព្ទ​ពី​អាស៊ី​សេរី។ ឯកឧត្ដម​ខ្ញុំ​តេ​ទៅ…) បាទ! សុំ​ទោស​ខ្ញុំ​អត់​និយាយ​ទេ

ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន ថា របប​នេះ​មិន​ចាប់​អារម្មណ៍ និង​ឲ្យ​តម្លៃ​ទៅ​លើ​របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​អន្តរជាតិ​ទាំង​នេះ​នោះ​ទេ ព្រោះ​លោក​អះអាង​ថា អង្គការ​ទាំង​នេះ មាន​បំណង​ផ្សេង​របស់​ពួក​គេ។​ ទោះ​បី​ជា​លោក ផៃ ស៊ីផាន មិន​បាន​បញ្ជាក់​ថា តើ​បំណង​ផ្សេង​របស់​អង្គការ​អន្តរជាតិ​ទាំង​នេះ ជា​អ្វី​ក៏​ដោយ ក៏​លោក ផៃ ស៊ីផាន អះអាង​ថា ស្ថានភាព​ពិត​របស់​ពលរដ្ឋ​ខ្មែរ មិន​ដូច​ការ​រក​ឃើញ​ទាំង​នោះ​ឡើយ៖ «ប៉ុន្តែ ដែល​យើង​វាយតម្លៃ គឺ​យើង​មាន​ភាព​រីករាយ តាម​រយៈ​ភាព​សុខសាន្ត​របស់​មហាជន​របស់​យើង ដែល​កំពុង​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ប្រកបដោយ​វិបុលភាព​នោះ។ ដូច្នេះ​យើង​មិន​ចាប់​អារម្មណ៍ យើង​មិន​ធ្វើ​ការ​ដើម្បី​បំពេញ​ចិត្ត​អ្នក​ទាំង​អស់​នោះ នោះ​ទេ»

ទោះបី​ជា​អង្គការ​ UNDP ព្រម​ជឿ​តាម​ក្រសួង​ផែនការ ជុំវិញ​ទិន្នន័យ​នៃ​អត្រា​ភាព​ក្រីក្រ ដែល​របប​លោក ហ៊ុន សែន រក​ឃើញ​ជា​ផ្លូវការ​ថា មានតែ ១៣,% នោះ​ក៏​ដោយ ក៏​ប្រការ​នេះ ​មិន​អាច​ផ្លាស់​ប្ដូរ​ការ​ពិត​ អំពី​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ​នោះ​ដែរ។ តួលេខ​របប​លោក ហ៊ុន សែន កំណត់​ថា អ្នក​ដែល​រក​បាន​ក្រោម ១,៩០ ដុល្លារ​ក្នុង​មួយថ្ងៃ រាប់​ថា​ជា​​ពលរដ្ឋ​ក្រីក្រ។ ដូច្នេះ​មាន​ន័យ​ថា ពលរដ្ឋ​ខ្មែរ​ដែល​រក​បាន​ត្រឹម​តែ ១០សេន (ឬ ៤០០រៀល) ក្រោម ១,៩០ ដុល្លារ​ក្នុង​មួយថ្ងៃ គឺ​ចាត់​ទុក​ថា ក្រ។ ប៉ុន្តែ បើ​អ្នក​រក​បាន​តែ ត្រឹមតែ​ ១០សេន (ឬ ៤០០រៀល) លើស​ពី​ ១,៩០ ដុល្លារ​ក្នុង​មួយថ្ងៃ មាន​ន័យ​ថា​ គាត់​រួច​ផុត​ពី​បន្ទាត់​ភាព​ក្រីក្រ ឬ ប៊ិះ​ក្រ។

បើ​ផ្អែក​លើ​ការ​គណនា​នេះ និង​ដោយ​យោង​ទៅ​លើ​តួលេខ​ជាក់​ស្ដែង ដែល​រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ប៊ិះ​ក្រ យ៉ាង​ហោច​ណាស់ ២០% ផ្សេង​ទៀត ដែល​រក​ប្រាក់​បាន​លើស​ពី ១,៩០ ដុល្លារ​ក្នុង​មួយ​ថ្ងៃ តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ឬ​រក​បាន​ក្រោម ៣ដុល្លារ​ក្នុង​មួយ​ថ្ងៃ នោះ​គេ​នឹង​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ដែល​ងាយ​រអិល​ធ្លាក់​ទៅ​រក​ភាព​ក្រីក្រ​វិញ គឺ​មាន​ចំនួន​ច្រើន។

បើ​មាន​បញ្ហា​ប៉ះទង្គិច​ផ្នែក​​សេដ្ឋកិច្ច តែ​បន្តិចបន្តួច​ប៉ុណ្ណោះ អ្នក​ប៊ិះ​ក្រ​ទាំង​នេះ នឹង​ក្លាយ​ខ្លួន​ជា​អ្នកក្រ​វិញ​ភ្លាម ពោល​គឺ បើ​ឧបមា​ថា អត្រា​ភាព​ក្រីក្រ​បច្ចុប្បន្ន តាម​ទិន្នន័យ​របប​លោក ហ៊ុន សែន ថា​ពិត​ទៅចុះ ក៏​ពលរដ្ឋ​រហូត​ដល់​ ៣៣,% នឹង​ធ្លាក់ខ្លួន​ក្រ ពោល​គឺ​ម្នាក់​ក្នុង​បី​នាក់ ឬ​ជិត ៦លាន​នាក់ នឹង​ធ្លាក់ខ្លួន​ក្រ។ បើ​តាម​ទិន្នន័យ​របស់​អង្គការ GIZ បើ​បញ្ហា​នេះ​កើត​ឡើង ពលរដ្ឋ​ខ្មែរ​ធ្លាក់​ខ្លួន​ក្រ​វិញ នឹង​កើន​ជិត​ពាក់​កណ្ដាល ឬ ៨លាន​នាក់ ពោល​គឺ​ពីរ​នាក់ មាន​ម្នាក់​ក្រ។ បើ​តាម​ទិន្នន័យ​របស់​អង្គការ UNDP វិញ អ្នក​ក្រ​អាច​នឹង​កើន​ឡើង​ដល់​ជាង​ពាក់​កណ្តាល (៥៥%) ឬ ជិត ៩លាន​នាក់​ឯ​ណោះ បើ​ជួប​បញ្ហា​សេដ្ឋកិច្ច​តែ​បន្តិចបន្តួច​នោះ។

បញ្ហា​ប៉ះ​ទង្គិច​ផ្នែក​សេដ្ឋកិច្ច​ ដែល​ងាយ​ប៉ះពាល់​ដល់​កម្ពុជា មាន​ដូច​ជា​ការ​បាត់បង់​ទីផ្សារ​នាំ​ផលិតផល ចេញ​ទៅ​អន្តរជាតិ ប្រសិនបើ​សហភាព​អឺរ៉ុប​លែង​ផ្តល់​ការ​អនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា​ ត​ទៅ​ទៀត​ជា​ដើម​។

បណ្ឌិត មាស នី លើក​ឡើង​ថា ឥឡូវនេះ សូម្បី​តែ​សហភាព​អឺរ៉ុប មិន​ទាន់​កាត់​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ​ផង ក៏​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា នៅ​តែ​មាន​ភាព​ផុយ​ស្រួយ មិន​អាច​លើកស្ទួយ​ជីវភាព​ពលរដ្ឋ ឲ្យ​ងើប​ផុត​ពី​ភាព​ក្រីក្រ​បាន​ប្រសើរ​នៅ​ឡើយ​ទេ ដោយសារ​ខ្វះ​ភាព​សមធម៌។ ភាព​ខ្វះ​សមធម៌​នេះ បណ្ឌិត ចង់​សំដៅ​ទៅ​លើ​ជញ្ជីង​ទ្រព្យធន​ដែល​មិន​ស្មើ​គ្នា រវាង​អ្នក​មាន និង​អ្នកក្រ ដោយ​អ្នកមាន​មួយ​ចំនួន​តួច​ប៉ុណ្ណោះ ប៉ុន្តែ​គ្រប់គ្រង​ទ្រព្យ​ធន​ក្នុង​ប្រទេស​ស្ទើរ​តែ​ទាំង​អស់ ស្រប​ពេល​ដែល​ពលរដ្ឋ​ទូទៅ​ស្ទើរ​តែ​ទាំង​អស់ បែរ​ជា​គ្រប់គ្រង​ទ្រព្យធន​ចំនួន​តិចតួច​ប៉ុណ្ណោះ​ទៅ​វិញ។ ​

លោកបណ្ឌិតលើកពីកត្ត​សំខាន់ពីរ ដែលធ្វើឲ្យ​កម្ពុជា ពិបាក​រំដោះខ្លួន​ពី​ភាព​ក្រី និង ងាយ​ធ្លាក់ខ្លួន​ក្រវិញយ៉ាង​ឆាប់​ គឺ​កត្តា​ខ្វះទីផ្សារ​លក់​ផលិត​កសិកម្ម​ របស់​កសិករ​ខ្មែរ ដែល​ពលរដ្ឋខ្មែរ​ជាង ១លាន​នាក់ អស់ជំនឿ​លើ​វិស័យ​កសិកម្ម​ ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាកស្រុក​ ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ និង ប្រទេស​ដទៃ និង កត្តា​តម្លៃ​ពលកម្ម​ថោក ដែល​ធ្វើ​ឲ្យ​ជីវភាព​ពលរដ្ឋ​នៅ​តែ​លំបាក។ បណ្ឌិត​បន្ថែម​ទៀត​ថា សូម្បី​តែ​ប្រាក់ខែ​កម្មករ​វិស័យ​រោងចក្រ​កាត់ដេរ​បច្ចុប្បន្ន ត្រឹម​ ១៨០ដុល្លារ​នេះ​ក៏​ដោយ ក៏​នៅ​តែ​តិចតួច​ស្ដួចស្ដើង ដែល​មិន​ទាន់​សម​ល្មម នឹង​តម្រូវ​ការ​ជីវភាព​ប្រចាំ​ថ្ងៃ​នៅ​ឡើយ​ដែរ។ នេះ​មិន​ទាន់​គិត​ពី​ការ​ដាក់ទណ្ឌកម្ម​ណាមួយ ពី​សហគមន៍​អន្តរជាតិ​ផង៖ «បើ​យើង​ចុះ​ទៅ​មើល​ប្រជាពលរដ្ឋ យើង​ឃើញ​ថា ពួក​គាត់​នៅ​តែ​ក្រ​ដដែល។ រឿង​ដែល​សំខាន់ ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រកាស​ខ្លួន​ថា ជា​ប្រទេស​ប្រាក់​ចំណូល​ទាប មធ្យម​ ឬ ខ្ពស់ គឺ​ទាក់ទង​ទៅ​នឹង​សមធម៌​នៃ​ជីវភាព​រស់​នៅ​ផង​ដែរ។ បើ​ថា​មាន​ប្រាក់​ចំណូល​ខ្ពស់ តើ​ពលរដ្ឋ​ធម្មតាៗ មាន​ប្រាក់​ប៉ុណ្ណឹង​ដូច​ អ្វី​ដែល​ជា​ចំណាត់​ដែលគេ​បង្ហាញ​នេះ​ដែរ​ឬ​ទេ? ដូច្នេះ​សមធម៌ នៃ​ការ​បែងចែក​ធនធាន​សេដ្ឋកិច្ច គឺ​ជា​រឿង​សំខាន់ ជាង​គ្រាន់​តែ​អធិប្បាយ​អំពី​ចំណាត់​ថ្នាក់​នៃ​ប្រាក់​ចំណូល»

ការ​រីក​លូតលាស់​សេដ្ឋកិច្ច និង ការ​អភិវឌ្ឍ​ខ្លះ នៅ​ក្នុង​សង្គម​ខ្មែរ​កន្លង​មក គឺ​អាស្រ័យ​ខ្លាំង​ទៅលើ​កត្តា​ខាង​ក្រៅ ជា​ពិសេស​ជំនួយ​អន្តរជាតិ និង​ការ​អនុគ្រោះ​ពន្ធ។ ជំនួយ​ពី​អន្តរជាតិ​ទាំង​នេះ បាន​ក៏​ចំណុះ​ទៅ​លើ​កត្តា នៃ​ការ​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើង​វិញ​ដែរ។ ប៉ុន្តែ បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​នេះ កំពុង​ក្លាយ​ជា​បញ្ហា​ប្រឈម​មួយ ដែល​នឹង​ធ្វើ​ឲ្យ​កម្ពុជា មិន​អាច​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សកល ឆ្នាំ ២០៣០ បាន​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "អ្នកវិភាគ​ថា បញ្ហា​សេដ្ឋកិច្ច​តែ​បន្តិចបន្តួច នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ពាក់​កណ្ដាល​ប្រទេស ធ្លាក់​ខ្លួន​ក្រ​ភ្លាម"

  1. mak says:

    ជួយទាំងអស់គ្នាបានហើយ

Leave a Reply

Submit Comment