ក្រុម​សហជីព និង​សាច់ញាតិ នឹង​រំឭក​ខួប​១៥​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា

សិទ្ធិ​មនុស្ស


រូបឯកសារ៖ សមាជិក​សហជីព​មួយ​រូប​យំ ​នៅ​ក្បែរ​កម្រង​ផ្កា​​ដែល​មាន​រូបថត​លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​សព​របស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៥ ខែ​មករា ឆ្នាំ​២០០៤ នៅ​រាជធានី​ភ្នំពេញ។


11 មករា 2019
កាន់ វិច្ឆិកា
វីអូអេខ្មែរ

នៅ​ថ្ងៃទី​២២ ខែ​មករា​ ឆ្នាំ​២០១៩​នេះ គឺ​មាន​រយៈពេល​១៥​ឆ្នាំ​ហើយ​​ដែល​លោក​ ជា វិជ្ជា​ ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ដ៏​ល្បីល្បាញ​​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ក្បែរ​វត្តលង្ការ​​ ​រាជធានី​ភ្នំពេញ​ ​ដោយ​មិន​ទាន់​​ទទួល​បាន​​យុត្តិធម៌។

ក្រុម​សហជីព​កម្មករ​និង​សាច់​ញាតិ​របស់​លោក​ ជា​ វិជ្ជា​ ​អតីត​ប្រធាន​សហជីព​សេរីកម្មករ​ ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​១៥​ឆ្នាំ​មុន​ ​គ្រោង​នឹង​ជួប​ជុំ​គ្នា​មុខ​រូប​សំណាក​របស់​លោក​ក្បែរ​វិមាន​ឯករាជ្យ​ ​នៅ​ថ្ងៃ​ទី២២​ខែ​មករា​នេះ​ ​ដើម្បី​ដាក់​កម្រង​ផ្កា​ ​និង​គោរព​វិញ្ញាណ​ក្ខន្ធ​ ​ខណៈ​យុត្តិធម៌​មិន​ទាន់​ត្រូវ​បាន​រក​ឃើញ​នៅ​ឡើយ។​

លោកម៉ាន់ សេងហាក់​ ​អនុ​ប្រធាន​សហជីព​សេរី​កម្មករ​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃសុក្រ​នេះ​ថា​ ​ក្នុង​ពិធីដាក់​កម្រងផ្កា​នៅ​មុខ​រូប​សំណាក​របស់​លោក ជា វិជ្ជា​ ​ខាង​មុខ​វត្ត​លង្ការ​ ​ក្បែរ​វិមាន​ឯករាជ្យ​ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២២ខែ​មករា​ខាង​មុខ​ នឹង​មាន​អ្នក​ចូលរួម​ប្រមាណ​ជា​២០០​នាក់។​ ​លោក​បន្ថែម​ថា ​ក្នុងពិធី​គោរព​វិញ្ញាណ​ក្ខន្ធ​នោះក៏​នឹង​មាន​ការ​រំឭក​ពីវីរភាព​របស់​លោក​ ជា វិជ្ជា​ ក្នុងការ​ទាមទារ​សិទ្ធិ​សម្រាប់​កម្មករ ​និង​ស្នើ​ឲ្យ​មាន​ការ​ពន្លឿន​ការ​ស៊ើប​អង្កេត​ដើម្បី​ស្វែងរក​ឃាតក​ពិត​ផង​ដែរ។​

លោក​បញ្ជាក់​ថា៖​

«ខ្ញុំ​ជឿជាក់​ថា​ ​បើសិន​ជា​រដ្ឋាភិបាល​មាន​ចេតនា​ចង់រក​ឃាតក​ពិត ​នោះ​នឹង​ឃើញ​តែ​ម្តង ​ពីព្រោះ​ការ​អនុវត្ត​ច្បាប់​ បើ​មិន​មាន​និទណ្ឌភាព​ទេ​ ​នោះ​ការ​អនុវត្ត​ច្បាប់​ត្រូវ​មាន​ប្រសិទ្ធ​ភាព។​ ហើយ​យ៉ាង​ណា​ក៏​ដោយ ​យើង​មានសង្ឃឹម​រហូត​ដល់​ភាព​ស៊ើប​អង្កេត​ហ្នឹង​ចប់ ​ពីព្រោះ​យើង​ឃើញ​ហើយ​ថា​ ​ការ​តស៊ូ​ដើម្បី​យុត្តិធម៌​នឹង​ទទួល​បាន​ជោគជ័យ​ ហើយ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​គង់​តែ​រក​ឃើញ​ទេ»។​

លោក ជា វិជ្ជា​ ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ដ៏​ល្បីល្បាញ​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២​ខែ​មករាឆ្នាំ​២០០៤​ ​ខណៈ​លោក​ចូល​ទិញ​កាសែត​នៅ​ក្បែរ​វត្ត​លង្ការ​ ក្នុង​ក្រុង​ភ្នំពេញ។​ ​មួយ​សប្តាហ៍​ក្រោយ​មក​ ​ជន​សង្ស័យ​ពីរ​រូប​ដែល​ក្រុម​សង្គម​ស៊ីវិល​ហៅ​ថា​ ជា​ឃាតកសិប្ប​និមិ្មត​គឺលោក ​ប៊ន សំណាង​ ​និង​លោក​ ​សុខ សំអឿន​ ត្រូវ​បាន​ចាប់​ខ្លួន។​ ​ក្រោយ​ការ​ឃុំ​ខ្លួន​អស់​ជា​ច្រើន​ឆ្នាំ​ ​លោក ប៊ន សំណាង​ និង​លោក សុខ សំអឿន ត្រូវ​បាន​រកឃើញថា​ គ្មាន​ទោស​កំហុស និង​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរី​ភាពវិញ​ តាម​ដីកា​សម្រេច​របស់​តុលាការ​កំពូល​នៅ​ចុង​ឆ្នាំ​២០១៣។

នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ​ ​អ្នក​នាំពាក្យក្រសួង​មហា​ផ្ទៃ​ ប្រាប់​ ​VOA​ ​ថា​ ​សមត្ថ​កិច្ចកំពុង​បន្ត​ការ​ស៊ើប​អង្កេតករណី​ឃាតកម្ម​លើលោក ជា វិជ្ជា​ ប៉ុន្តែ​លោក​ថា​ ករណី​ឃាតកម្ម​នេះមិនមាន​ការ​សហការ​ពី​សាក្សី។​ ​យ៉ាងណាក្តី​ ​នាយ​ឧត្តម​សេនីយ៍ ខៀវ សុភ័គ បន្ថែម​ថា​ ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាឲ្យ​ស៊ើប​អង្កេត​ករណី​នេះ​ រហូត​ឃាតក​ពិត​ត្រូវ​បាន​រក​ឃើញ។

​លោក​មាន​ប្រសាសន៍ថា៖​

«តម្រុយ​យើង​ចេះ​តែ​មាន​ ​ចេះ​តែ​ឮ​សូរ ​ប៉ុន្តែ​អ្នក​ខ្លះ​ អ្នក​ដែល​ដឹង​ហ្នឹង​ គ្នា​ដូច​ជា​មិន​ផ្តល់​នូវ​កិច្ច​សហការ​សោះ។​ គ្រាន់តែ​ដឹង​ទៅ​ បាន​តែ​ផ្សព្វ​ផ្សាយ​តាម​ព័ត៌មាន​ តែ​មិន​បាន​បង្ហាញ​ខ្លួន​ ឬក៏​ចូល​ខ្លួន​មក​សហការ​ ​ឬ​ផ្តល់​ព័ត៌មាន​ ឬ​ផ្តល់​សាក្សី ​ឬ​ផ្តល់​វត្ថុតាង​អី​ផ្សេងៗ។​ វា​គ្មាន។ ​អា​កន្លែង​ហ្នឹងហើយ​ដែល​ធ្វើ​ឲ្យ​ការ​ស៊ើប​អង្កេត​ហ្នឹង​វា​មិន​បាន​ដល់​ទី​ជម្រៅ ​ឬ​ក៏​មិន​បាន​ដល់​គោល​ដៅ​ច្បាស់លាស់»។​

ក្រៅ​ពី​ឃាតកម្ម​លើ​លោកជា វិជ្ជា​ ​ដែល​ជា​ប្រធាន​សហជីពដ៏​សកម្ម ​និង​ល្បី​ក្នុង​ការ​ទាមទារ​សិទ្ធិ​ឲ្យ​កម្មករ​នោះ​ ​ ក៏​នៅ​មាន​ករណី​នៃ​ការ​បាញ់​សម្លាប់​ធំៗ​មួយ​ចំនួន​ទៀត ​កើត​មាន​ជា​បន្ត​បន្ទាប់។​

កាលពី​ថ្ងៃ​ទី១០ខែ​កក្កដា​ឆ្នាំ​២០១៦​ ​លោក​បណ្ឌិត កែម ឡី​ ​អ្នក​វិភាគ​ឯក​រាជ្យ​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ចំនួន​ពីរ​គ្រាប់ ​បណ្ដាល​ឲ្យ​ស្លាប់​ភា្លមៗ​នៅហាង​លក់​ទំនិញ​មួយ​កន្លែង​ ​ក្នុង​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​មួយ​ ក្នុង​ខណ្ឌ​ចំការមន ​រាជធានី​ភ្នំពេញ។​

ចំណែក​លោក ឈុត វុទ្ធី​ ​អតីត​សកម្មជន​ការ​ពារ​បរិស្ថាន​ដ៏​សកម្ម​មួយ​រូប ​ត្រូវ​បាន​ខ្មាន់​កាំភ្លើងបាញ់​សម្លាប់​ក្នុង​ខេត្ត​កោះកុង ​កាល​ពី​ខែ​មេសា​ឆ្នាំ​២០១២។​

ក្នុង​រយៈ​ពេល​ជិត​២០​ឆ្នាំ​កន្លង​មក​នេះ​ ​មាន​សកម្ម​ជន​គណបក្ស​នយោ​បាយ​ ​សកម្ម​ជន​បរិស្ថាន​ អ្នក​វិភាគ ព្រះសង្ឃ​ ​សហជីព​ ​និង​អ្នក​កាសែត​ជា​ច្រើន​រូប ​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់។ ​ក្រុម​អ្នក​រិះ​គន់​បាន​និយាយ​ថា​ មិន​មាន​ឃាតក​ពិត​ប្រាកដ​ណា​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​យក​មក​កាត់​ទោស​តាម​ច្បាប់​នៅ​ឡើយ៕

What Next?

Recent Articles