កម្ពុជា​បង្កើត​យុទ្ធនាការ​ពង្រឹង​ឯករាជ្យភាព​សេដ្ឋកិច្ច ​​ទប់​ទល់​នឹង​ការ​ដក​ពន្ធ​អនុគ្រោះ​ពី​អឺរ៉ុប​និង​អាមេរិក

ដោយ វ៉ា សំណព្វ
12/01/2019
RFI

media
លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​​ថ្លែង​នៅក្នុង​ជំនួប​ប្រចាំ​ឆ្នាំ​លើក​ទី ​០៣ ​រវាងអ្នកកាសែតកម្ពុជាជាមួយនាយករដ្ឋមន្ត្រីនៅឯមជ្ឈមណ្ឌលកោះពេជ្រ ​កាលពីយប់ថ្ងៃទី​ ១១ ​មករា​ ២០១៩​ ​។ @facebook/PM Hun Sen
@facebook/PM Hun Sen


លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ប្រកាស​​នៅ​ក្នុង​​ជំនួប​​ជា​មួយ​​អ្នក​កាសែត​​ជាង​​៤៥០០​​នាក់​​​នៅ​​ឯ​​មជ្ឈមណ្ឌល​​កោះ​ពេជ្រ ​កាល​ពី​​យប់​​ថ្ងៃទី ​១១ ​មករា​​ថា ​កម្ពុជា​​កំពុង​​បង្កើត​​យុទ្ធ​នា​ការ​​​មួយ ​​ដើម្បី​​ពង្រឹង​​ឯករាជ្យ​ភាព​​សេដ្ឋកិច្ច​​របស់​ខ្លួន ​ដើម្បី​​​ត្រៀម​​ទប់​​ទល់​នឹង​​ការ​ដក​​ប្រព័ន្ធ​​​អនុ​គ្រោះ​​ពន្ធ​​របស់​​អឺរ៉ុប​​និង​​អាមេរិក​។ ​ការ​លើក​ឡើង​​របស់​លោ​ក​​នាយករដ្ឋ​មន្ត្រី ​គឺ​​បន្ទាប់​​ពី​​សមាជិក​​ព្រឹទ្ធសភា​​អាមេរិក​​ពីរ​រូប ​ទើប​​ស្នើ​​សេចក្តី​ព្រាង​ច្បាប់​​ថ្មី​​មួយ ​ស្តីពី ​ពាណិជ្ជ​​កម្ម​​​កម្ពុជា​​​ឆ្នាំ​២០១៩ ​​ដើម្បី​​ឲ្យ​​រដ្ឋបាល​​អាមេរិក​​លោក ​ដូ​ណា​ល់​ ត្រាំ ​ពិចារណា​​ឡើង​វិញ​​នូវ​​ការ​អនុ​គ្រោះ​​ពន្ធ​​ទូទៅ ​GSPដ​ល់​​កម្ពុជា ​និង​​ខណៈ​ពេល​ដែល​​សហ​ភាព​​អឺរ៉ុប ​កំពុង​​ដំណើរ​​ការ​​​ដក​​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ ​EBA​ ពី​​កម្ពុជា​។ 

ជា​វិធានការ​ដំបូង​និងក្តៅៗ ដើម្បី​ឈានទៅ​ពង្រឹង​ឯករាជ្យភាព​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា លោក​ទើបតែ​បាន​បញ្ជារ​ឲ្យ​ដក​កង​កម្លាំង​​និង​ស្ថាប័នផ្សេងៗចេញពី​គ្រប់​ច្រកព្រំដែន​ទាំងអស់ ដោយ​ទុក​ឲ្យ​មានតែ​ស្ថាប័ន​អន្តោ​ប្រវេសន៍ និង​គយ​តែប៉ុណ្ណោះ។ ចំណែកឯ​ស្ថាប័នផ្សេងៗទៀត នឹងត្រូវ​ជម្រុះ​ចោល​ទាំង​អស់។ នេះ​គឺជា​វិធានការ​មួយ ក្នុងចំណោម​វិធានការ​ឯទៀត ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​​លោក ហ៊ុន សែន បាន​អះអាងថា ជា​យុទ្ធនា​ការពង្រឹង​ឯករាជ្យភាព​សេដ្ឋកិច្ច​របស់​កម្ពុជា បើទោះបីជា​គេ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ក៏ដោយ ក៏​កម្ពុជា នៅតែ​អាចរ​ស់បាន​ដោយ​ខ្លួនឯង។

ថ្លែង​នៅក្នុង​ជំនួប​ប្រចាំឆ្នាំ​លើក​ទី ០៣ រវាង​អ្នកកាសែត​កម្ពុជា​ជាមួយ​នាយករដ្ឋមន្ត្រី​នៅឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​យប់​ថ្ងៃទី ១១ មករា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា លោក​បានអនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចកម្ពុជា​លោក អូន ព័ន្ធមុនីរ័ត្ន ជា​អ្នកអនុវត្ត​យុទ្ធនាការ​នេះ ដោយ​ជាបឋម​ត្រូវ​ដកចេញ​នូវ​ស្ថាប័ន​នានា ដែលជា​ឧបសគ្គ​ដល់​ការធ្វើ​ពាណិជ្ជកម្ម​នៅតាម​ច្រកព្រំដែន។ បន្ថែម​លើ​នេះ នៅក្នុង​ក្របខណ្ឌ​នៃ​គោលនយោបាយ​ក្នុងការ​គាំទ្រ​ដល់​វិស័យ​ធុរកិច្ច​នៅ​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ដាក់ចេញ​នូវ​វិធានការ​មួយចំនួនទៀត តួយ៉ាង​ការលុបបំបាត់​ចោលលុយ​ក្រោម​តុ ការកាត់បន្ថយ​តម្លៃ​ស្កេ​ន និង​រួមទាំង​ការកាត់បន្ថយ​តម្លៃ​ចំណាយ​ក្រៅផ្លូវការផ្សេងៗទៀត។ អ្វីដែល​រដ្ឋាភិបាល​កម្ពុ​ជា​ធ្វើ​នៅពេលនេះ គឺ​ដើម្បី​ធានា​ឲ្យ​អ្នក​រក​ស៊ី​នៅ​កម្ពុជា រក្សាបាន​នូវ​ផលចំណេញ​របស់ខ្លួន។

លោក ចាន់ សុផល អ្នកវិភាគ​សេដ្ឋកិច្ចកម្ពុជា​បានចាត់ទុក​វិធានការ​នេះ ថា​ជាការ​បោះ​ជំហាន​​ដ៏​ធំ​មួយ​របស់​កម្ពុជា។ នេះ​គឺជា​ការកែទម្រង់​មួយ ដើម្បី​បង្កើន​ភាព​ប្រជែង​ឈ្នះ​របស់​​កម្ពុជា និង​ដើម្បី​កាត់បន្ថយ​ការពឹង​ពាក់​លើ​សម្បទាន​ពាណិជ្ជកម្ម​ពី​អឺរ៉ុប​និង​អាមេរិក​។ ប៉ុន្តែ​លោក ចាន់ សុផល បាន​លើកឡើងថា នៅមាន​ការងារ​ច្រើន​ថែមទៀត ដែល​កម្ពុជា​​ត្រូវធ្វើ​ដើម្បី​ជំរុញ​កម្ពុជា​ឱ្យទៅជា​ប្រទេសមួយ​មាន​សមត្ថភាព​ប្រកួតប្រជែង​ដោយ​ពេញ​លេញ​​នៅលើ​ឆាក​អន្តរជាតិ។

គួរ​ជម្រាបជូន​ថា ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះ គឺ​បន្ទាប់ពី​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ពីររូប គឺ​លោក ថិ​ត គ្រូ​ស (TED Cruz) មកពី​គណបក្ស​​សាធារណៈរដ្ឋ​និង​សមាជិក​ព្រឹទ្ធសភា​ម្នាក់ទៀត លោក គ្រី​ស ខូ​នស៍ (Chris Coons) មកពី​គណបក្ស​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី ០៩ មករា ទើបបាន​ស្នើ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​មួយ ស្តីពី ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ២០១៩ ដើម្បី​ឲ្យ​រដ្ឋបាល​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ពិចារណា​ឡើងវិញ​នូវ​ការអនុគ្រោះ​ពន្ធ​ទូទៅ GSP ដល់​កម្ពុជា និង​ស្រប​ពេល​ដែល​​សហភាព​អឺរ៉ុប កំពុងដំណើរការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា បាន​អះអាង​ថា កម្ពុជា​នឹង​ខាតបង់​ប្រាក់​ពី៣០០ ទៅ ៤០០លាន​ដុល្លារ​អាមេរិក នៅក្នុង​មួយឆ្នាំ បើ​អាមេរិក​ដក​ការអនុគ្រោះ​ពន្ធ (GSP) ពី​កម្ពុជា​មែន។ កម្ពុជា​ដែល​ទទួលបាន​ការអនុគ្រោះ​ពន្ធ (GSP) ពី​អាមេរិក​នេះ តាំងពី​ឆ្នាំ១៩៩៧ មក​ម្លេះ។ ហើយ​នេះ​គឺ​លើកទីមួយ​ហើយ ដែល​ព្រឹទ្ធសភា​អាមេរិក ចាប់ផ្តើម​ធ្វើ​សេចក្តីស្នើច្បាប់ ដើម្បី​ស្នើ​ផ្តាច់ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា បន្ទាប់ពី​សហភាព​អឺរ៉ុប៕

What Next?

Recent Articles