ក្រសួងមហាផ្ទៃ​គ្រោង​រៀបចំ​វេទិកា​ជួប​ជាមួយ​សង្គម​ស៊ីវិល​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ

ដោយ វ៉ែន សុមេធ
2019-01-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ស្ដីពី​ស្ថានភាព​ពន្ធនាគារ នា​ក្រសួង​មហាផ្ទៃ កាលពី​​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៦។ Photo: RFA
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ស្ដីពី​ស្ថានភាព​ពន្ធនាគារ នា​ក្រសួង​មហាផ្ទៃ កាលពី​​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៦។ Photo: RFA


ក្រសួងមហាផ្ទៃ គ្រោង​រៀបចំ​វេទិកា​ជួប​ជាមួយ​អង្គការ​សង្គម​ស៊ីវិល នៅ​សប្ដាហ៍​ក្រោយ ក្នុង​បំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយគ្នា។ ប៉ុន្តែ អង្គការ​សង្គម​ស៊ីវិល​នៅតែ​បារម្ភ​អំពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ការ​ធ្វើទុក្ខបុកម្នេញ និង​ការរើសអើង​ពី​របប​ក្រុងភ្នំពេញ​ដដែល ព្រោះ​កន្លងមក​របប​ក្រុង ភ្នំពេញ ពុំ​មាន​ឆន្ទៈ​ស្មោះត្រង់​នោះ​ទេ តែង​អនុវត្ត​ផ្ទុយ​ស្រឡះ​ពី​ការប្រកាស​របស់​ខ្លួន។ក្រសួងមហាផ្ទៃ​អះអាង​ថា វេទិកា​ភាពជា​ដៃគូ​រវាង​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល លើក​ទី​២ នឹង​រៀបចំ​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ខាងមុខ​នេះ។

ក្រសួងមហាផ្ទៃ​ជូនដំណឹង​ឲ្យ​សាធារណជន សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក និង​អង្គ ការ​មិនមែន​រដ្ឋាភិបាល​បរទេស ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​នានា ដែល​មាន​បំណង​ចូលរួម ត្រូវ​ចុះ​ឈ្មោះ​ជាមួយ​គណៈកម្មាធិការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា (CCC) យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​១៤ ជា​កំណត់។

អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ បានទេ ដោយ​លោក​ពុំ​ទទួល​ទូរស័ព្ទ។

ប៉ុន្តែ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ម្នាក់ទៀត លោក ផាត សុផានិត បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា ជំនួប​លើក​ទី២​នេះ ក្រសួង​នឹង​ផ្ដល់​ឱកាស​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ តែ​ចំពោះ​នីតិវិធី​ជាក់លាក់ គឺ​ក្រសួង​កំពុងតែ​រៀបចំ ដែល​មិន​អាច​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ទេ។

មន្ត្រី​សង្គម​ស៊ីវិល​នៅ​មិនទាន់​សម្រេច​ចិត្ត​ថា ចូលរួម​ឬ​យ៉ាងណា​នៅឡើយ​ទេ ដោយសារតែ​គ្មាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​នៃ​វេទិកា​នោះ។

អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា សមាគម​អាដហុក មិន​ទាន់​សម្រេចចិត្ត​ចូលរួម​យ៉ាងណា​នៅឡើយ​ទេ។ ទោះ​យ៉ាងណា លោក​ស្វាគមន៍​ចំពោះ​ការរៀបចំ​វេទិកា​នេះ និង​ស្នើសុំ​ឲ្យ​មាន​ភាព​ស្មោះត្រង់ ព្រោះ​កន្លងមក​ថ្វី​ដ្បិតតែ​មាន​សារាចរ និង​លិខិត​បទដ្ឋាន​នានា​ពី​ក្រសួងមហាផ្ទៃ ស្ដីពី​ការ​បើក​ទូលាយ​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ក្ដី ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល នៅតែ​ពិបាក​បំពេញការងារ​ដដែល។ លោក​សង្កេត​ឃើញ​ថា អាជ្ញាធរ​របប​លោក ហ៊ុន សែន តាំងពី​ថ្នាក់លើ រហូតដល់​ថ្នាក់ក្រោម នៅតែ​បន្ត​ធ្វើការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ស្ទើរ​គ្រប់​យ៉ាង និង​បន្ត​ធ្វើ​ទុក្ខបុកម្នេញ និង​មានការ​រើសអើង​លើ​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ៖ «យើង​ចង់​ឲ្យ​រដ្ឋាភិបាល បើក​ឲ្យ​ទូលាយ​ទៅតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដែល​ប្រទេស​កម្ពុជា​យក​មក​អនុវត្ត​តាំងពី​ក្រោយ​កិច្ចព្រមព្រៀង កិច្ច​ព្រម​ទីក្រុង​ប៉ារីស​រហូត​មក តែ​យើង​ឃើញ​ការ​អនុវត្ត នៅ​មាន​ភាព​មិន​ច្បាស់លាស់​ម្ដង​ទូលំទូលាយ ម្ដង​រឹតត្បិត ពេលខ្លះ​ស្ទើរ​តែ​មិន​អាច​អនុវត្ត​បាន​តែម្ដង ហើយ​យើង​អត់​ចង់​ឲ្យ​ដំណើរការ​នេះ​វិវឌ្ឍ​វិល​ចុះ​វិល​ឡើង​អ៊ីចឹង​ទេ។ យើង​ចង់​ឲ្យ​តែ​គោរព​ទៅតាម​បទដ្ឋាន​អន្តរជាតិ ឬ​ក៏​រដ្ឋធម្មនុញ្ញ នៃ​ប្រទេស​យើង​ដែល​ជា​ច្បាប់​កំពូល​មាន​ចែង​ទទួលស្គាល់​ធម្មនុញ្ញ អង្គការ​សហប្រជាជាតិ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំងឡាយ គឺ​វា​ជា​ការ​ល្អ​ប្រសើរ​បាត់​ទៅ​ហើយ មិន​ចាំបាច់​ធ្វើ​ឲ្យ​ពិបាក​ចំណាយ​ពេលវេលា និង​ទៅ​ជជែក​ពិភាក្សា​វែងឆ្ងាយ​នោះ​ទេ»

ស្រដៀង​គ្នា​នេះ​ដែរ អ្នកគ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើបអង្កេត នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា អង្គការ​លីកាដូ មិនទាន់​សម្រេច​ចូលរួម​នៅឡើយ​ទេ ព្រោះ​ទើបតែ​ឃើញ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ ខណៈ​ដែល​វេទិកា​លើក​ទី​១​កន្លង​ទៅ មិន​បាន​ដឹង និង​មិន​បាន​ចូលរួម​នោះ​ទេ។ លោក អំ សំអាត បន្ត​ថា តាម​ពិត​ទៅ​អង្គការ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល គឺជា​ដៃគូ​គ្នា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ស្រេច​ទៅ​ហើយ ប៉ុន្តែ​កន្លងមក អង្គការ សង្គម​ស៊ីវិល ដែល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោត និង​ការ​តស៊ូ​មតិ ផ្សេងៗ តែងតែ​រង​ការចោទប្រកាន់ និង​លាប​ពណ៌​ផ្សេងៗ​ពី​របប​ក្រុងភ្នំពេញ​ថា ជា​ក្រុម​ប្រឆាំង និង​ចូលរួម​បដិវត្ត​ពណ៌​ជាដើម។ លោក​សង្ឃឹមថា វេទិកា​លើក​ទី​២​នេះ របប​ក្រុងភ្នំពេញ នឹង​បើកទូលាយ​កិច្ច​សហ​ប្រតិបត្តិការ​ពិតប្រាកដ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​គ្រប់​ប្រភេទ ដើម្បី​រួមគ្នា​អភិវឌ្ឍ​សង្គម​កម្ពុជា ដ៏​ត្រឹមត្រូវ៖ «យើង​នៅ​តែ​មាន​ការ​បារម្ភ​ដដែល​ទោះបីជា​កន្លងមក ខាង​ក្រសួងមហាផ្ទៃ ឬក៏​រដ្ឋាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស ឬ​ចេញ​សេចក្ដី​សម្រេច​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​ការ​សហការ​ជាមួយ​សង្គម​ស៊ីវិល​ក្តី ក៏​បញ្ហា​ទាំងអស់​នេះ មិនទាន់​អនុវត្ត​នៅឡើយ​ទេ។ អាជ្ញាធរ​មួយ​ចំនួន នៅតែ​រឹតត្បិត និង​តាម​ឃ្លាំមើល​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ឡើយ។ អ៊ីចឹង​យើង​សង្ឃឹមថា វេទិកា​នេះ​នឹង​លើក​យក​បញ្ហា​ទាំងអស់​នេះ ហើយ​ដោះស្រាយ និង​មាន​ឆន្ទៈ​ពិតប្រាកដ នៅ​ក្នុង​ការ​បើក​ទូលាយ​កិច្ចសហការ​រវាង​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​កម្ពុជា»

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់​លើកឡើង​ក្នុង​វេទិកា​លើក​ទី​១ ថា ការរៀបចំ​ឲ្យ​មាន វេទិកា​ភាពជា​ដៃគូ​រវាង​របប​លោក ហ៊ុន សែន និង​សង្គម​ស៊ីវិល​នេះ​ឡើង ក្នុង​គោលបំណង​ឲ្យ​ភាគី​ទាំងពីរ រួមគ្នា​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​ជា​ចំណុច​អសកម្ម​នា​ពេល​កន្លងមក ហើយ ធ្វើ​ការ​រួមគ្នា​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា​ឲ្យ​កាន់តែ​រីក​ចំរើន​ទៀត។ លោក ក៏បាន​ចេញ​លិខិត និង​អំពាវនាវ​ម្ដង​ហើយ​ម្ដងទៀត​ទៅ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​ថ្នាក់​ជាតិ និង​ថា្នក់​ក្រោម​ជាតិ ត្រូវ​សហការ​រួមគ្នា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដោយ​ផ្អែកលើ​ការពិត ត្រឹមត្រូវ​ដោយ​មិន លំអៀង។

ប៉ុន្តែ មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​តាមដាន​បញ្ហា​សង្គម​មើល​ឃើញ​ថា របប​ក្រុងភ្នំពេញ តែងតែ​អនុវត្ត​ផ្ទុយ​ស្រឡះ​ពី​ច្បាប់​និង​អ្វី​ដែល​ខ្លួន​បាន​សន្យា។

ក្នុង​ជំនួប​លើក​ទី១ កាលពី​ខែ​មិថុនា ឆ្នាំ២០១៨ មាន​តំណាង​ស្ថាប័ន និង​អង្គការ​សង្គម​ស៊ីវិល​ជាង ១៧០ ស្ថាប័ន​បាន​ជួប​ជាមួយ​លោក ស ខេង។ តាម​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ បង្ហាញ​ថា អង្គការ​សមាគម​ទាំងអស់ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ មាន​ចំនួន ៥.៣០០ស្ថាប័ន ក្នុង​នោះ​មាន​សមាគម​ជាង ២​ពាន់ (.១៧៩) និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន ៣១៤​ស្ថាប័ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles