ក្រុម​អ្នក​សារព័ត៌មាន​គ្មាន​ឱកាស​​ស្នើសុំ​ផ្ទាល់​ទៅ​លោក ហ៊ុន សែន ករណី​បុគ្គលិក​អាស៊ីសេរី​ ២​រូប

ដោយ សុ ជីវី
2019-01-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ជំនួប​រវាង​អ្នកសារព័ត៌មាន​ក្នុង​ស្រុក ជាមួយ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន នៅ​មជ្ឈមណ្ឌល​កោះពេជ្រ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ​២០១៩។ Photo courtesy of May Titthara's Facebook
ជំនួប​រវាង​អ្នកសារព័ត៌មាន​ក្នុង​ស្រុក ជាមួយ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន នៅ​មជ្ឈមណ្ឌល​កោះពេជ្រ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ​២០១៩។ Photo courtesy of May Titthara’s Facebook


ក្រុម​អ្នកសារព័ត៌មាន​ពុំ​មាន​ឱកាស​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​សំខាន់ៗ ជាពិសេស​គឺ​សំណើសុំ​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​២​នាក់ នៅ​ក្នុង​កម្មវិធី​ជួប​ជាមួយ​លោក ហ៊ុន សែន កាល​ពី​ពេល​ជួបជុំ​អាហារ​កាល​ពី​​ល្ងាច​ថ្ងៃ​សុក្រ ទី​១១ ខែ​មករា​នោះ​ឡើយ​។ ក្នុង​ឱកាស​ជួបជុំ​អ្នកកាសែត​ដែល​ភាគច្រើន​ជា អ្នក​​កាសែត​​គាំទ្រ​​របប​​លោក ហ៊ុន សែន នោះ មេដឹកនាំ​របប​ឯកបក្ស លោក ហ៊ុន សែន មិន​បើកឱកាស​អោយ​អ្នកសារព័ត៌មាន​បាន​លើក​ឡើង​ពី​បញ្ហា ឬ​ចោទ​​សំនួរ​ទៅតាម​វិជ្ជាជីវៈ​របស់​ពួកគេ​ឡើយ ពោល​គឺ​លោក​ដណ្ដើម​ក្បាល​មីក្រូ​និយាយ​តែម្នាក់​ឯង។

លោក ហ៊ុន សែន មិន​បាន​លើកឡើង​ពី​ការ​ធ្វើទុក្ខបុកម្នេញ​អ្នកសារព័ត៌មាន​ក្នុងស្រុក និង​សេរីភាព​សារព័ត៌មាន​ដែល​កំពុង​ធ្លាក់​ចុះ​នៅ​កម្ពុជា​នោះ​ទេ ក្នុង​ពេល​ជួប​ជាមួយ​អ្នកកាសែត ក្រៅ​តែ​ពី​អ៊ួត​រឿង​កាន់​តំណែង​បាន​យូរ។

ក្រុម​អ្នកសារព័ត៌មាន​ឯករាជ្យ​​ស្ដាយ​ចំពោះ​ការដែល​ពួកគេ​មិនបាន​សាកសួរ​លោក ហ៊ុន សែន និង​ស្នើ​ឲ្យ​លោក​ដោះស្រាយ​ករណី​អតីត​អ្នកសារព័ត៌មាន​ដែល​កំពុង​រង​ការចោទប្រកាន់។

អ្នកសារព័ត៌មាន​ជិត ៤០​នាក់​នៅ​មួយ​ថ្ងៃមុន​ពិធី​ដែល​លោក ហ៊ុន សែន ជួប​ជាមួយ​អ្នក​​សា​ព័ត៌មាន​​នោះ​​បាន​​រួម​គ្នា​​ផ្តិត​​មេ​ដៃ​​នៅ​​លើ​​លិខិត​​ចំហ​​មួយ អំពាវនាវ​ជាថ្មី​ដល់​តុលាការ​គ្រប់​លំដាប់​ថ្នាក់ បញ្ចប់​ការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​របស់​តុលាការ​លើ​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ព្រមទាំង​ទម្លាក់​ចោល​ទាំងស្រុង​នូវ​ការចោទប្រកាន់​លើ​ពួកគេ។

ក្រុម​អ្នកសារព័ត៌មាន បារម្ភ​ពី​ការ​ចោទប្រកាន់​អ្នក​ទាំងពីរ ទាក់ទង​នឹង​ការ​ផ្ដល់​ព័ត៌មាន​ដែល​នាំ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ ជា​ការ​ចោទប្រកាន់​មួយ​ដ៏​ធ្ងន់ធ្ងរ។ ពួកគេ​ចាត់​ទុក​ការ​ចោទប្រកាន់​នេះ​ថា កំពុង​បង្ក​ភាព​ភាព​ភ័យខ្លាច​ដល់​អ្នក​សារ​ព័ត៌មាន​​ដទៃ​​ទៀត ដែល​កំពុង​បំពេញ​វិជ្ជាជីវៈ និង​ធ្វើ​ឱ្យ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ធ្លាក់​ចុះ។

អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី លោក យាង សុធារិន្ទ សោកស្ដាយ​ដែល​លោក ហ៊ុន សែន មិន​បាន​និយាយ​ដល់​សំណុំរឿង​របស់​ពួក​លោក និង​សំណើ​របស់​អ្នកសារព័ត៌មាន​ដែល​ចង់​អោយ​មាន​ការ​អន្តរាគមន៍​ទៅ​តុលាការ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​លើ​រូបលោក និង​លោក អ៊ួន ឈិន។ «»

លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ តាម​មាត្រា ៤៤៥​នៃ​ក្រមព្រហ្មទណ្ឌ។ អ្នក​ទាំងពីរ​ត្រូវ​បាន​តុលាការ ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន កាលពី​ខែ​សីហា ឆ្នាំ​២០១៨ បន្ទាប់​ពី​ឃុំខ្លួន​ជាង ៩​ខែ​នៅ​ពន្ធនាគារ​ព្រៃស ប៉ុន្តែ បទ​ចោទ​ប្រឆាំង​ពួកគាត់​ទាំង​ប៉ុន្មាន គឺ​នៅ​ដដែល​និង​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ដែល​មានន័យថា អ្នក​ទាំងពីរ នៅតែ​រង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ជាច្រើន ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការរស់នៅ និង​មិន​អាច​បំពេញការងារ​ជា​អ្នកកាសែត​បន្ត​ទៀត​នោះ​ទេ។ ទន្ទឹម​គ្នា​នេះ ពួកគេ​មិន​អនុញ្ញាត​ឲ្យ​ផ្លាស់​លំនៅឋាន​ដោយ​គ្មាន​ការអនុញ្ញាត ពី​ចៅក្រម​ស៊ើបសួរ មិន​ត្រូវ​ចេញទៅ​ក្រៅ​ប្រទេស ត្រូវ​បង្ហាញខ្លួន​នៅ​សប្ដាហ៍​ទី​១ ជា​រៀងរាល់​ខែ នៅ​ប៉ុស្ដិ៍​នគរបាល​ស្ទឹងមានជ័យ​ជាដើម។ ក្នុង​ករណី​អ្នក​ទាំងពីរ មិនបាន​អនុវត្ត​តាម​ការ​បង្គាប់​នេះ ពួកគាត់​អាច​នឹង​ត្រូវ​ចាប់ខ្លួន​ឡើងវិញ។ ទោះ​យ៉ាង​ណា​ក្តី ក្នុង​រយៈពេល​ឃុំខ្លួន​និង​ការចោទប្រកាន់​យ៉ាង​យូរ​នេះ តុលាការ​គ្មាន​បង្ហាញ​ភស្តុតាង ដើម្បី​ដាក់​បន្ទុក​លើ​អ្នក​ទាំងពីរ​នោះ​ទេ។

ក្នុង​ជំនួប​លើក​ទី​៣ រវាង​លោក ហ៊ុន សែន និង​អ្នកសារព័ត៌មាន ដែល​មាន​កម្មវិធី​ផឹក​ស្រា និង​ពិសា អាហារ​រួម​គ្នា​នោះ លោក ហ៊ុន សែន នៅតែ​កាន់​មេក្រូ​និយាយ​ម្នាក់ឯង​ជិត ២​ម៉ោង ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន បាន​លើក​ឡើង​អំពី​ក្តី​កង្វល់ និង​បញ្ហា​ប្រឈម​របស់​ពួកគេ​នោះ​ទេ។ លោក ហ៊ុន សែន បាន​លើកឡើង​ដដែលៗ​ដូច​ជំនួប​លើក​មុន​ដែរ ថា លោក​ចង់​ឲ្យ​អ្នកសារព័ត៌មាន​ធ្វើ​ជា​កញ្ចក់​ថ្លា​ឆ្លុះបញ្ចាំង​ការ​ពិត​ពី​សង្គម ធ្វើជា​អ្នកសារព័ត៌មាន រិះគន់ ដើម្បី​ស្ថាបនា និង​ជា​ស្ពាន​ចម្លង​​ព័ត៌មាន​ទៅវិញ​ទៅ​មក​រវាង​ស្ថាប័នរដ្ឋ និង​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ក្របខ័ណ្ឌ​គោល​នយោបាយ តែ​ចៀសវាង​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ជាតិ។ លោក ហ៊ុន សែន ថែម​ទាំង​បាន​ប្រៀនប្រដៅ​ដល់​អ្នក​សារព័ត៌មាន​ពី​របៀប​ផ្សព្វផ្សាយ​ព័ត៌មាន​អោយ​ទាន់​​សម័យ​ព័ត៌មានវិទ្យា ពី​វិជ្ជាជីវៈ​សារព័ត៌មាន និង ត្រូវ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ជាដើម។

លើស​ពី​នេះ លោក ហ៊ុន សែន ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន និង​ភាគី​ពាក់ព័ន្ធ ពិភាក្សា​បង្កើត​ច្បាប់​គ្រប់ គ្រង​លើ​ឧក្រិដ្ឋកម្ម​ព័ត៌មាន​បច្ចេកវិទ្យា និង​ព័ត៌មាន​ក្លែងក្លាយ ព្រមទាំង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី របប​សារព័ត៌មាន​ឆ្នាំ​១៩៩៥ ផង​ដែរ ខណៈ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សិទ្ធ​ទទួល​ព័ត៌មាន​កំពុង​ធ្វើ។ «»

យ៉ាង​នេះ​ក្ដី​នាយក​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ CCIM លោក ណុប វី សោកស្ដាយ ដែល​លោក ហ៊ុន សែន និយាយ​តែ​ម្នាក់ឯង​ហើយ​ឲ្យ​អ្នកកាសែត​បាន​ត្រឹម​តែ​អង្គុយ​ស្ដាប់ ដោយ​មិនបាន​បញ្ចេញ​មតិយោបល់​អ្វី​ទាំងអស់។ លោក​ថា ប្រសិនបើ​លោក ហ៊ុន សែន មាន​ឆន្ទៈ​ចង់​ឲ្យ​អ្នកសារព័ត៌មាន​ផ្សព្វផ្សាយ​ការពិត​ពី​សង្គម និង​ដើរ តួនាទី​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​សង្គម​នោះ គួរតែ​ធ្វើ​សកម្មភាព​ឲ្យ​ស្របតាម​ការ​លើកឡើង កុំ​ឲ្យ​សកម្មភាព និង​ការ​និយាយ​ផ្ទុយគ្នា​ដូច​កន្លង​មក។ លោក ណុប វី គាំទ្រ​ចំពោះ​បំណង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន ឆ្នាំ​១៩៩៥ និង​ពន្លឿន​អនុម័ត​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន ដើម្បី​លើកកម្ពស់​សេរីភាព​សារព័ត៌មាន និង​ការងារ​អ្នកសារព័ត៌មាន។ «»

បើទោះបីជា​លោក ហ៊ុន សែន បង្ហាញ​ការ​យកចិត្តទុកដាក់​ចំពោះ​វិស័យ​សារព័ត៌មាន​ក៏​ក្នុង​ជំនួប​រវាង​លោក ហ៊ុន សែន និង​អ្នកសារព័ត៌មាន​ក្នុងស្រុក​នោះ ក៏​មាន​អ្នកសារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ទៀត ត្រូវ​គេ​ផាត់​ចេញពី​ជំនួប​នេះ។

អ្នករាយការណ៍​របស់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA ) លោក ស៊ុន ណារិន រៀបរាប់​ថា មូលហេតុ​ដែល​លោក​មិន​បាន​ចូលរួម ព្រោះ​ក្រសួង​ព័ត៌មាន​មិន​បាន​ផ្ដល់​កាត​ចូលរួម​ដល់​លោក​ដូច​អ្នកសារព័ត៌មាន​ដទៃ​ទៀត ហើយ​លោក​ក៏​មិន​ចាប់​អារម្មណ៍​ទៅ​សុំ​កាត​នោះ​ដែរ។ លោក​យល់ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន គឺ​មិន​ចំ​បញ្ហា​ប្រឈម​របស់​អ្នកកាសែត​នោះ​ទេ។ លោក ហ៊ុន សែន គួរតែ​និយាយ​អំពី​បញ្ហា​ប្រឈម​នានា ដូចជា​ការ​ហាមឃាត់​អ្នកកាសែត​មួយ​ចំនួន មិន​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ធំៗ រួមមាន​កម្មវិធី​លោក ហ៊ុន សែន ជាដើម និង​ជួយ​អន្តរាគមន៍​កុំ​ឲ្យ​មន្ត្រី និង​ស្ថាប័ន​រដ្ឋាភិបាល បែងចែក​និង​រើសអើង​ស្ថាប័ន​សារព័ត៌មាន ហើយ​ចៀសវាង​ការ​ចោទប្រកាន់​ថា សារព័ត៌មាន​នេះ ឬ​សារព័ត៌មាន​នោះ​បម្រើ​ឲ្យ​បរទេស។ «»

សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ក្នុង​របប​លោក ហ៊ុន សែន បាន​ធ្លាក់​ចំណាត់ថ្នាក់​យ៉ាង​គំហុក រហូតដល់ ១០​លេខ គឺ​ធ្លាក់​ពី​លេខ ១៣២ ក្នុង​ឆ្នាំ​២០១៧ មក​លេខ ១៤២ ក្នុង​ឆ្នាំ​២០១៨ គឺ​ក្នុង​ចំណោម​ប្រទេស ១៨០។ តាមរយៈ​សន្ទស្សន៍​នៃ​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ២០១៨ ដែល​ចងក្រង​ដោយ​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (the Reporters Without Borders) បង្ហាញ​ថា ប្រទេស​កម្ពុជា បាន​ចំណាត់ថ្នាក់​អាក្រក់​ផ្នែក​សេរីភាព​សារព័ត៌មាន ដោយ​ឈរ​នៅ​លេខ​រៀង ទាប​ជាង​ប្រទេស​អាស៊ាន​ដូចគ្នា ដូចជា​ទាប​ជាង​ប្រទេស​ថៃ និង​ភូមា ជាដើម។ ប៉ុន្តែ គ្រាន់បើ​ជាង​ប្រទេស​ឡាវ វៀតណាម ប្រ៊ុយណេ និង​សិង្ហបុរី។ របប​លោក ហ៊ុន សែន កំពុង​ចម្លង​តាម​គំរូ​ប្រទេស​ចិន​កុម្មុយនិស្ត ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​គាំទ្រ​រដ្ឋ និង​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

ការណ៍​ដែល​កម្ពុជា ធ្លាក់​ចុះ​ចំណាត់ថ្នាក់​នេះ អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន ថា​មកពី​របប​លោក ហ៊ុន សែន បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាង​ចាស់ដៃ ដូចជា​ការ​ចាប់​អ្នកកាសែត បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មាន កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) វិទ្យុ​អាស៊ីសេរី និង​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​ជាង ៣០​ឯណោះ កាល​ពី​ឆ្នាំ​២០១៧៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment