តំណាង​កម្មករ​៣​នាក់​លាឈប់​​ក្រោយ​ពី​ជួប​មន្ទីរ​ការងារ​រឿង​វិវាទ​ការងារ​នៅ​រោងចក្រ​ខេត្ត​ស្វាយរៀង

ដោយ មួង ណារ៉េត
2019-01-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ RFA
ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ RFA


តំណាង​កម្មករ ៣​នាក់ សម្រេច​លាឈប់​ពី​ការងារ ក្រោយ​ពី​ជួប​ជាមួយ​ប្រធាន​មន្ទីរ​ការងារ​ខេត្ត នៅ​ថ្ងៃទី១២ មករា ដោយ​គ្មាន​វត្តមាន​ភាគី​ថៅកែ​ក្រុមហ៊ុន​ចូលរួម ក្នុង​រឿង​វិវាទ​ការងារ​នៅ​រោងចក្រ បៃហុង ខេត្ត​ស្វាយរៀង។ ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា យល់ថា​ការសម្រេចចិត្ត​លាឈប់​ពី​ការងារ​របស់​តំណាង​កម្មករ​នេះ អាច​ពួកគេ​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ឬក៏​អាច​មាន​ការ​បំភិតបំភ័យ គំរាមកំហែង​ណាមួយ​ចំពោះ​ពួកគេ។

តំណាង​កម្មករ ៣​រូប មាន លោក ផុង មេសា លោកស្រី ម៉ោង សុភី និង​លោកស្រី ជួប ភារុំ សម្រេច​ឈប់​ធ្វើការ​នៅ​រោងចក្រ​រោងចក្រ​បៃហុង ខេបមូ (Bai Hong Cambo) ហើយ​មិន​បន្ត​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម​តទៅទៀត​ទេ ក្រោយពី​អាជ្ញាធរ​ខេត្ត​ស្វាយរៀង ចុះ​ដោះស្រាយ​វិវាទ​ការងារ​ក្នុង​រោងចក្រ​មួយ​នេះ។

តំណាង​កម្មករ​ម្នាក់​ក្នុងចំណោម​បី​នាក់ លោក ផុង មេសា ប្រាប់​អាស៊ីសេរី​ថា ការសម្រេចចិត្ត​ដែល​នាំ​ឲ្យ​ពួកគាត់ លាឈប់​ពី​ការងារ​បែបនេះ ដោយសារតែ​ពួកគាត់​មិន​ចង់​ឲ្យ​កម្មករ​ជាង ១.២០០​នាក់​បាត់បង់​ការងារ​ធ្វើ នាំ​ឲ្យ​គ្មាន​ប្រាក់ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​គេ​បាន។ ក្រោយ​ពី​ការ​លាឈប់​ពី​ការងារ តំណាង​កម្មករ​រូប​នេះ ស្នើសុំ​ទាំង​អាជ្ញាធរ​ខេត្ត ទាំង​ភាគី​ក្រុមហ៊ុន​ត្រូវ​គោរព​សិទ្ធិ​កម្មករ និង​គិត​ប្រាក់​ឈ្នួល​កម្មករ ឲ្យ​បាន​ត្រឹមត្រូវ ដោយ​ត្រូវ​ធ្វើ​ការ​កេងប្រវ័ញ្ច និង​ដាក់​បន្ទុក​ការងារ​កាន់​ច្រើន​ឡើងៗ ឲ្យ​កម្មករ​ធ្វើ​ទៅតាម​ការ​ចង់​បាន​របស់​ក្រុមហ៊ុន​នោះ​ទេ៖ «ពួក​ខ្ញុំ​គឺ​បាន​ស្ម័គ្រចិត្ត​ឲ្យ​កម្មករ គាត់​ចូល​ធ្វើការ​វិញ ព្រោះ​ថា យើង​មើល​ទៅ បើ​យើង​ធ្វើ​ទៅ​មុខ​ទៀត ក៏​ទៅ​មិន​រួច ហើយ​បងប្អូន​អ្នកគាំទ្រ​យើង​គាត់​នៅ​តទៅទៀត ក៏​គាត់​ខាត​ផលប្រយោជន៍​ច្រើន​ដែរ ដូចជា​អត្ថប្រយោជន៍ ដូចជា​លុយ​ថ្ងៃ គេ​កាត់​ជិត​អស់ហើយ​ហ្នឹង។ ពួក​យើង​ក៏​មិន​អាច​ឈរ​មើល​ឱប​ដៃ​ចាំ​ឲ្យ​គេ​ដោះស្រាយ​ឲ្យ​យើង ទាំង​បងប្អូន​យើង​ត្រូវ​បាន​គេ​កាត់​លុយ​ដែរ​បង។ ខាង​ខេត្ត​មក​ដោះស្រាយ​ឲ្យ​យើង គាត់​ដោះស្រាយ​របៀប​ដូច​រាល់ដង។ ហើយ​អ៊ីចឹង ពួក​យើង​ក៏​គ្មាន​ទឹកចិត្ត​អី ត្រូវ​ធ្វើ​ទៀត​ដែរ ដោះស្រាយ ៣​ដង​ហើយ​នៅតែ​មិន​ចេញ​អ៊ីចឹង»

ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា យល់ថា អាច​ពួកគេ​រង​ការ​បំភិតបំភ័យ គំរាមកំហែង​ណាមួយ ឬ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ទើប​ធ្វើ​ឲ្យ​ពួកគេ​សម្រេចចិត្ត​លាឈប់​ពី​ការងារ​ដូច្នេះ។ លោក ប៉ាវ ស៊ីណា លើកឡើង​ថា មន្ត្រី​បម្រើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ មិន​គួរ​ទោរទន់​ទៅតាម​ការ​ចង់​បាន​របស់​ភាគី​ថៅកែ​ក្រុមហ៊ុន ហើយ​បែរ​មក​ដាក់​គំនាប គាបសង្កត់ តំណាង​កម្មករ និង​សហជីព​ការងារ ឲ្យ​ព្រម​ទទួល​ការ​ចង់​បាន​របស់​ខ្លួន​នោះ​ឡើយ៖ «ពី​ម្សិលមិញ យើង​ឃើញ​មានការ​គំរាម​ពី​អាជ្ញាធរ​នៅ​តំបន់​ហ្នឹង ជាពិសេស​ទៀត ពួកគាត់​បារម្ភ​ពី​ការ​ប្ដឹងផ្ដល់​ផ្សេងៗ នៅ​ពេល​ដែល​ពួកគាត់​ធ្វើការ​ទាមទារ​ឲ្យ​ពួកគាត់​ចូល​វិញ។ ហើយ​ម្យ៉ាងទៀត គេ​បាន​ហាមប្រាម​មិន​ឲ្យ​មាន​វត្តមាន សហជីព​យើង​ចូលរួម​សម្របសម្រួល ចូលរួម​ដោះស្រាយ​ជូន​កម្មករ​នោះ​ទេ នេះ​ជា​ហេតុផល​មួយ បើ​សិន​គាត់​សម្រេចចិត្ត​ឈប់​មែន ដោយសារតែ​គាត់​មើល​ឃើញ​ថា មិន​មាន​ភាគី​ណា ជួយ​ធ្វើការ​អន្តរាគមន៍​ទៅលើ​ករណី​របស់​ពួកគាត់។ ជាពិសេស​យើង​ឃើញ​មាន​តែ​ការ​បំភិតបំភ័យ ដែល​នេះ​ជាហេតុ​ផល»

ទាក់ទង​នឹង​ការ​លើកឡើង​នេះ អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ស្វាយរៀង លោក ហាស់ ប៊ុនធី ដោយ​លោក​បិទ​ទូរស័ព្ទ។ ចំណែក អនុប្រធាន​មន្ទីរ​ការងារ​ខេត្ត​ស្វាយរៀង លោក អ៊ូ សុឃឿន ក៏​មិន​អាច​សុំ​ការ​បកស្រាយ​បាន​ដែរ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជាច្រើន តែ​គ្មាន​អ្នកទទួល។

ក្រុម​កម្មករ​រោងចក្រ​ផលិត​អំពូល​ភ្លើង​បាន​ធ្វើ​កូដកម្ម​អស់​រយៈពេល​៥​ថ្ងៃ ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ជនជាតិ​ចិន​តៃវ៉ាន់ ទទួលយក​តំណាង​ពួកគេ​ចូល​ធ្វើ​ការ​វិញ។ ប៉ុន្តែ​ការ​ទាមទារ​នេះ ត្រូវ​បាន​ភាគី​ក្រុមហ៊ុន​បដិសេធ និង​គ្មាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​ណាមួយ​ឡើយ ក្រោយពី​ដឹង​ថា​តំណាង​កម្មករ​ទាំងនោះ ចង់​បង្កើត​សហជីព​ការងារ​មួយ​នៅ​ក្នុង​រោងចក្រ។

លោក ប៉ាវ ស៊ីណា ថា ការបញ្ឈប់​តំណាង​កម្មករ សកម្មជន​សហជីព​នៅ​ថ្នាក់​មូលដ្ឋាន ពី​សំណាក់​ភាគី​ក្រុមហ៊ុន កំពុងតែ​កើត​ឡើងជា​បន្តបន្ទាប់ ទោះបីជា សិទ្ធិ​បង្កើត​សហជីព និង​ការ​ការពារ​សេរីភាព​សហជីព ត្រូវ​បាន​ធានា​ដោយ​ច្បាប់​ក៏ដោយ ប៉ុន្តែ​ភាគី​ថៅកែ​រោងចក្រ ហាក់​មិន​ខ្វាយខ្វល់ ចំពោះ​ការអនុវត្ត​ច្បាប់​នោះ​ឡើយ។ លោក​យល់​ថា មានតែ​ការអនុវត្ត​ច្បាប់​ដោយ​ស្មើភាព​គ្នា ទើប​អាច​បញ្ចៀស​វិវាទ​ការងារ​រវាង​កម្មករ​និង​ថៅកែ​រោងចក្រ​បាន។ លោក​ថា បើ​សិន​មន្ត្រី​អនុវត្ត​ច្បាប់​គ្មាន​សមត្ថភាព​បង្ខំ ឬ​ដាក់​សំពាធ អោយ​ថៅកែ​គោរព​ច្បាប់​ទៅ​ហើយ នោះ​កម្មករ​កាន់តែ​រង​ការ​រំលោភបំពាន​សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles