សហជីព​គ្រោង​ជួបជុំ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា ខួប​១៥​ឆ្នាំ

ដោយ មាន ឫទ្ធិ
2019-01-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រូប​សំណាក​របស់​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ជិត​វត្ត​លង្កា រូប​ថត​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។ Photo: RFA
រូប​សំណាក​របស់​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ជិត​វត្ត​លង្កា រូប​ថត​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។ Photo: RFA


សហជីពគ្រោងរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធអតីតប្រធានសហជីព លោក ជា វិជ្ជា


មេដឹកនាំ​សហព័ន្ធ​សហជីព​សេរី​កម្មករ​អះអាង​ថា សហព័ន្ធ​សហជីព​របស់​លោក នឹង​នៅតែ​បន្ត​រៀបចំ​ពិធី​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា គម្រប់​ខួប​លើក​ទី១៥ នៅ​ថ្ងៃ​ទី២២ ខែ​មករា ខាងមុខនេះ ដោយមាន​មនុស្ស​គ្រោង​ចូលរួម​ចំនួន ១៥០​នាក់ បើ​ទោះ​ជា​អាជ្ញាធរ​របប​លោក ហ៊ុន សែន មិន​អនុញ្ញាត​ឲ្យ​ធ្វើ​យ៉ាងណាក៏ដោយ។ មក​ទល់​ពេល​នេះ អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន មិនទាន់​ស្វែងរក​ឃាតក​បាញ់សម្លាប់​លោក ជា វិជ្ជា ទាំង​កណ្ដាល​ថ្ងៃ​បាន​នៅឡើយ​ទេ។

អនុប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​លោក ម៉ាន់ សេងហាក់ ថា សាលាក្រុង​នៅ​មិនទាន់​ឆ្លើយតប​នឹង​សំណើ​របស់​សហជីព​នៅឡើយ​ទេ។ ប៉ុន្តែ​លោក​ថា ជា​រៀងរាល់​ឆ្នាំ ទាល់តែ​ជិត​ដល់​ថ្ងៃ​ប្រារព្ធ​ពិធី ទើប​សាលា​រាជធានី​ភ្នំពេញ​អញ្ជើញ​មន្ត្រី​សហជីព​របស់​លោក ឲ្យ​ទៅ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ទាក់ទង​នឹង​រឿង​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នេះ៖ «សហព័ន្ធ​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​នៅតែ​បន្ត​ធ្វើ​ការ​គោរព​វិញ្ញាណក្ខន្ធ​នៅ​ថ្ងៃ២២ (មករា) ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​សហជីព​មូលដ្ឋាន ចូលរួម​ទាំង​ក្រុម​គ្រួសារ​សាច់ញាតិ​មិត្តភ័ក្ដិ​របស់​គាត់​ចំនួន ១៥០នាក់។ ប៉ុន្តែ​យើង​នៅតែ​ធ្វើ បើ​សិនជា​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ក៏ដោយ»

លោក​បន្ត​ថា សហជីព​របស់​លោក មិន​បាន​អញ្ជើញ​អ្នកនយោបាយ​ចូលរួម​នោះ​ទេ ប៉ុន្តែ​សហជីព​មិន​អាច​រារាំង​មិន​ឲ្យ​ក្រុម​អ្នកនយោបាយ​មកពី​មជ្ឈដ្ឋាន​ដ៏​ទៃ សង្គម​ស៊ីវិល ឬ​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​មាន​បំណង​ចង់​មក​ចូលរួម​ប្រារព្ធ​ពិធី​នេះ​បានទេ។ លោក​ថា លោក​ស្វាគមន៍​ជានិច្ច​ចំពោះ​ការចូលរួម​របស់​ពួកគេ ដើម្បី​រួមគ្នា​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា ដែល​លោក​ហៅថា ជា​វីរជន​កម្មករ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាក្រុង​ភ្នំពេញ លោក ម៉េត មាសភក្តី ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ ដោយសារតែ​លោក​មិន​លើក​ទូរស័ព្ទ កាល​ពី​យប់​ថ្ងៃទី១១ មករា។

ជា​រៀងរាល់​ឆ្នាំ ថ្នាក់ដឹកនាំ និង​សមាជិក​សហជីព​សេរីកម្មករ ព្រមទាំង​ក្រុម​គ្រួសារ សាច់ញាតិ និង​មិត្តភ័ក្ដិ តែង​រៀបចំ​ពិធី​រំឮក​ខួប​លោក ជា វិជ្ជា មិន​ដែល​អាក់ខាន​នោះ​ឡើយ។ ក៏ប៉ុន្តែ លោក ម៉ាន់ សេងហាក់ បញ្ជាក់​ថា អស់​រយៈពេល​ពីរ​ឆ្នាំ​ហើយ​ដែល​ប្អូនប្រុស​បង្កើត​របស់​លោក ជា វិជ្ជា គឺ​លោក ជា មុន្នី ដែល​ជា​អតីត​ប្រធាន​សហជីព​សេរីកម្មករ បន្តវេន​ពី​បងប្រុស​របស់​លោក មិន​អាច​មាន​វត្តមាន​ចូលរួម​ប្រារព្ធ​ពិធី​រំឭក​ខួប​នៃ​ការ​បាញ់​សម្លាប់​បងប្រុស​របស់​លោក​បាន​ដោយសារតែ​លោក ជា មុន្នី រង​សម្ពាធ និង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​របប​លោក ហ៊ុន សែន ក្រោយ​រង​បណ្ដឹង​ពី​តុលាការ ដែល​តម្រូវ​ឲ្យ​លោក ជា មុន្នី ត្រូវ​រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស។

លោក ជា វិជ្ជា ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​ទាំង​កណ្ដាល​ថ្ងៃត្រង់ កាលពី​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ ២០០៤ នៅមុខ​តូប​លក់​កាសែត​ក្បែរ​វត្ត​លង្កា ក្នុង​ពេល​ដែល​កម្ពុជា​ជួប​វិបត្តិ​នយោបាយ​បង្កើត​រដ្ឋាភិបាល​ថ្មី​មិន​ចេញ ក្រោយ​ការ​បោះឆ្នោត​ជាតិ ខែ​កក្កដា ឆ្នាំ២០០៣។

គិត​រហូត​ពេលនេះ មាន​រយៈពេល ១៥​ឆ្នាំ​ហើយ ដែល​សំណុំរឿង​ឃាតកម្ម​ដ៏​កក្រើក​មួយ​នេះ មិនទាន់​ត្រូវ​បាន​របប​ក្រុងភ្នំពេញ វែកមុខ​រក​ឃាតក​ឃើញ​នៅឡើយ ក្រោយ​រង​ការ​រិះគន់​ថា បាន​ព្យាយាម​បង្កើត​ឃាតក​សិប្បនិមិត្ត។ គិត​មក​ទល់​ពេល​នេះ របប​នេះ នៅតែ​អះអាង​ថា សំណុំ​រឿង​នេះ នៅ​មិនទាន់​បិទ​បញ្ចប់​នៅឡើយ​ទេ ហើយ​ថា​ខ្លួន​នៅតែ​បន្ត​បើក​ការស៊ើបអង្កេត​ជា​បន្ត​ទៀត។

លោក ម៉ាន់ សេងហាក់ បញ្ជាក់​ថា គិត​ចាប់​តាំង​ពី​ពេល​ដែល​របប​លោក ហ៊ុន សែន បាន​ដោះលែង​ឃាតក​សិប្បនិមិត្ត គឺ​លោក ប៊ន សំណាង និង​លោក សុខ សំអឿន ក្រោយពី​ជាប់ពន្ធនាគារ​ដល់​ទៅ​ពីរ​ដង​រួចមក មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ពន្លឺ​យុត្តិធម៌​ពិតប្រាកដ​ណាមួយ ដែល​អាច​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ ឬ​សាច់ញាតិ​របស់​លោក ជា វិជ្ជា មាន​ទំនុក​ចិត្ត​នៅឡើយ​ទេ។ លោក​ថា អ្វីៗ​ទាំងអស់​ហាក់​នៅ​ស្ងាត់​សូន្យឈឹង​តែម្ដង៖ «ខ្ញុំ​សង្ឃឹមថា នឹង​មាន​យុត្តិធម៌​សម្រាប់​គាត់​ដរាបណា​ប្រទេស​កម្ពុជា ប្រកាន់​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ។ បើសិនជា​រដ្ឋាភិបាល​គាត់​មាន​ឆន្ទៈ ចង់​រក​ឃាតក ខ្ញុំ​ជឿជាក់​ថា នឹង​រក​ឃើញ​តែម្ដង ប៉ុន្តែ​បើសិនជា​មិន​មាន​ឆន្ទៈ​ក្នុង​ការ​វែកមុខ​រក​ឃាតក​ទេ ខ្ញុំ​ជឿ​ថា មិន​អាច​រក​ឃើញ​ទេ។ ប្រទេស​ដែល​ជា​នីតិរដ្ឋ ត្រូវ​លុបចោល​នូវ​ភាព​មិន​ច្បាស់លាស់ ហើយ​បើ​ចេះតែ​ដោះ​សារ នោះ​គឺ​រក​មិន​ឃើញ​ទេ»

លោក ម៉ាន់ សេងហាក់ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​តំណាង​សហជីព​របស់​លោក​នៅ​តាម​មូលដ្ឋាន ឲ្យ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​ថ្ងៃ២២ មករា ខាងមុខនេះ ឲ្យ​បាន​ច្រើន​កុះករ។ លោក​ជឿជាក់​ថា ឃាតក​នឹង​រក​ឃើញ​ដរាបណា​ពួកគេ​នៅតែ​សាមគ្គី​គ្នា តស៊ូ ហើយ​មិន​បោះបង់ចោល​ការ​ទាមទារ​ឲ្យ​អាជ្ញាធរ​លោក ហ៊ុន សែន វែកមុខ​រក​ឃាតក និង​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​ករណី​សំណុំរឿង​ដ៏​កក្រើក​មួយ​នេះ។

មិនមែន​មានតែ​សំណុំរឿង​លោក ជា វិជ្ជា មួយ​ទេ ដែល​អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​បរាជ័យ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ពិតប្រាកដ​ជូន​ជន​គ្រោះ​នោះ។ សំណុំរឿង​ឃាតកម្ម​រស៊ើបៗ​ដទៃ​ទៀត​រាប់មិនអស់​លើ​ប្រធាន​សហជីព អ្នកកាសែត តារា​ចម្រៀង អ្នកនយោបាយ និង​ចុងក្រោយ​គឺ​អ្នកវិភាគ​សង្គម​ដ៏​ល្បីឈ្មោះ​គឺ​បណ្ឌិត កែម ឡី ក៏​មិន​ត្រូវ​បាន​របប​នេះ​អើពើ​វែកមុខ​រក​ជនល្មើស​ឃើញ​នោះ​ឡើយ។ ក្រុម​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ ដាក់​ការសង្ស័យ និង​រិះគន់​ថា របប​នេះ អាច​មាន​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​ករណី​ធ្វើ​ឲ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព​នៅ​ក្នុង​សង្គម​កម្ពុជា​រហូត​មក​ទល់​សព្វថ្ងៃ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles