អ្នក​ឃ្លាំមើល​សង្គម​ហៅ​ការ​បង្កើន​ចំនួន​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​មិនបាន​ជួយ​អ្វី​ដល់​មូលដ្ឋាន

ដោយ ហេង រស្មី
2019-01-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ថ្លែង​ប្រាប់​អ្នក​កាសែត​ក្នុង​កម្មវិធី​ពិគ្រោះ​យោបល់ និង​ផ្សព្វផ្សាយ​លទ្ធផល​សិក្សា​រៀបចំ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ការ​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង ដែល​រៀបចំ​ដោយ​ក្រសួង​រ៉ែ និង​ថាមពល នៅ​សណ្ឋាន​គារ អ៊ីនធឺ ខនធីណិនថល ភ្នំពេញ (Inter Continental Phnom Pehn) នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA
លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ថ្លែង​ប្រាប់​អ្នក​កាសែត​ក្នុង​កម្មវិធី​ពិគ្រោះ​យោបល់ និង​ផ្សព្វផ្សាយ​លទ្ធផល​សិក្សា​រៀបចំ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ការ​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង ដែល​រៀបចំ​ដោយ​ក្រសួង​រ៉ែ និង​ថាមពល នៅ​សណ្ឋាន​គារ អ៊ីនធឺ ខនធីណិនថល ភ្នំពេញ (Inter Continental Phnom Pehn) នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA


មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​សង្គម​បាន​រិះគន់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​របប​ក្រុងភ្នំពេញ​ដើម្បី​បង្កើន​ចំនួន​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ថា ជា​រឿង​ចំណាយ​ថវិកា​ជាតិ​បន្ថែម និង​គ្មាន​ប្រយោជន៍​ដល់​ប្រទេសជាតិ និង​គ្មាន​ប្រសិទ្ធភាព។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា​ព្រឹទ្ធសភា​របស់​របប​ឯកបក្ស​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​កាលពី​ថ្ងៃទី១១ មករា នេះ ដើម្បី​ពង្រីក​អំណាច និង​មហិច្ឆតា របស់​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ៖ «រដ្ឋសភា​ឯក​បក្ស​កាល​ពីដើម​ខែ​មករា បាន​អនុម័ត​វិសោធនកម្ម​ច្បាប់ ស្ដីពី ការ​គ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​ទេ​កាល​ពី​ថ្ងៃ​ទី​១១ មករា។

សេចក្ដី​ស្នើ​ច្បាប់​វិសោធនកម្ម​ច្បាប់ ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​សេចក្ដី​ស្នើ​ច្បាប់​វិសោធនកម្ម​ច្បាប់ ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង និង​ក្រុមប្រឹក្សា​ស្រុក និង​ខណ្ឌ ត្រូវ​បាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា​ឯកបក្ស ប្រជុំ​ពិនិត្យ​ជាមួយ​ក្រុម​តំណាង​នីតិប្រតិបត្តិ​នៃ​របប​ឯក​បក្ស និង​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៨ និង​ត្រូវ​បាន​ឆ្លងកាត់​ការពិនិត្យ​នៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨។

ច្បាប់បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នេះ ត្រូវ​បាន​សភា​ឯកបក្ស​នៃ​របប​ក្រុងភ្នំពេញ ធ្វើ​វិសោធនកម្ម​ម្ដង គឺ​មាត្រា​១៣ (​ស្ទួន​) និង​បាន​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រម ប្រកាស​ឲ្យ​ប្រើ នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៧។

ច្បាប់​ស្ដីពី ការគ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មាត្រា​២៩ ៣០ ៣១ ៣២ ចែងថា ក្រុមប្រឹក្សា មាន​តួនាទី ចាត់ចែង​កិច្ចការ​ចាំបាច់​នានា ដើម្បី​សម្រេច​នូវ​គោលបំណង ក្នុង​ការ​បង្កើត ការ​ជំរុញ និង​ការ​ធ្វើ​ឱ្យ​មាន ចិរភាព ដល់​ការ​អភិវឌ្ឍ តាម​បែប​ប្រជាធិបតេយ្យ និង​ដើម្បី​បំពេញ​មុខងារ ភារកិច្ច​ដែល​បាន​ប្រគល់ និង​បាន​ធ្វើ​ប្រតិភូកម្ម​តាមច្បាប់។ ក្រុមប្រឹក្សា​មាន​សិទ្ធិ​អំណាច ធ្វើ​សេចក្ដី​សម្រេច ខាង​បញ្ញត្តិ គឺ​ការ​ចេញ​ដីកា និង​សេចក្ដី​សម្រេច​ខាង​ប្រតិបត្តិ គឺ​ការ​ធ្វើ​សេចក្ដី​សម្រេច នៅ​ក្នុង​អង្គប្រជុំ​របស់​ក្រុមប្រឹក្សា។ ក្រុមប្រឹក្សា​ត្រូវ​បំពេញ​មុខងារ និង​ភារកិច្ច ដោយ​ធ្វើ​សេចក្ដី​សម្រេច នៅ​ក្នុង​អង្គប្រជុំ​ក្រុមប្រឹក្សា​របស់​ខ្លួន និង​ត្រូវ​ធានា​ថា សេចក្ដី​សម្រេច​នោះ ត្រូវ​បាន​អនុវត្ត។

អតីត​គណៈកម្មាធិការ​ប្រតិបត្តិ​ស្រុក​ស្អាង​ខេត្ត​កណ្តាល លោក លី ម៉េង មិន​មាន​ជំនឿ​ថា ច្បាប់​ស្ដីពី ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​នេះ​នឹង​មាន​ប្រសិទ្ធភាព​ការងារ​នោះ​ទេ។ «»

ព្រឹទ្ធសភា​នឹង​បញ្ជូន​ច្បាប់​នេះ ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​ពិនិត្យ​ធម្មនុញ្ញភាព មុននឹង​បញ្ជូន​ទៅ​ព្រះមហាក្សត្រ​ដើម្បី​ចុះ​ព្រះ​ហត្ថលេខា​ក្លាយ​ជា​ច្បាប់។ ប៉ុន្តែ​កន្លង​ទៅ ឲ្យ​តែ​ច្បាប់​ស្នើ​ឲ្យ​បក្ស​កាន់​អំណាច​មិន​ដែល​ត្រូវ​ធាក់​ថយក្រោយ​វិញ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment