កសិករ​នៅ​ខេត្ត​បន្ទាយមានជ័យ​ត្អូញត្អែរ​ពី​តម្លៃ​ស្រូវ​ចុះថោក​និង​គ្មាន​អ្នកទិញ

ដោយ ហេង រស្មី
2019-01-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រជា​កសិករ​លី​ស្រូវ​ដាក់​រថយន្ត​ឲ្យ​ឈ្មួញ​ទិញ​តាម​ផ្ទះ​នៅ​ភូមិ​វត្តកណ្ដាល ឃុំ​រាំងកេសី ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA
ប្រជា​កសិករ​លី​ស្រូវ​ដាក់​រថយន្ត​ឲ្យ​ឈ្មួញ​ទិញ​តាម​ផ្ទះ​នៅ​ភូមិ​វត្តកណ្ដាល ឃុំ​រាំងកេសី ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA


ប្រជាកសិករ​ជាច្រើន​គ្រួសារ​នៅ​ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ ត្អូញត្អែរ​អំពី​តម្លៃ​ស្រូវ​ចុះថោក ហើយ​លក់​មិនបាន​ប្រាក់កម្រៃ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ។

លោក​កសិករ​អះអាង​ថា សព្វថ្ងៃ​ស្រូវ​សែន​ក្រអូប​ចុះថោក​មក​នៅ​ត្រឹម​តែ​ជាង ៦០០​រៀល​ក្នុង​មួយ​គីឡូក្រាម។

ប្រជាកសិករ​នៅ​ស្រុក​មង្គលបូរី​មួយ​ចំនួន​កំពុង​ខ្វល់ខ្វាយ​អំពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ព្រោះ​ពួកគាត់​ពឹងផ្អែក​ទៅលើ​របប​ធ្វើស្រែ​តែមួយ​មុខ ដើម្បី​ការ​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ។

កសិករ​នៅ​ភូមិ​តាអ៊ិន ឃុំ​ស្រះរាំង លោក ប៉ាត លួម ថ្លែងប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​១៣ មករា ថា ឆ្នាំនេះ​លោក​ធ្វើ​ស្រូវ​ចំនួន ៤​ហិកតារ ហើយ​ចំណាយ​អស់​ដើមទុន​ប្រមាណ ៦០០​ដុល្លារ​អាមេរិក​ប៉ុន្តែ តម្លៃ​ស្រូវ​លក់​ចេញ​ឆ្នាំនេះ​ចុះថោក​ខុស​ពី​ឆ្នាំ​មុនៗ។

លោក​ថា ស្រូវ​សែន​ក្រអូប ប្រភេទ​ស្រូវ​មិនសូវ​ល្អ ឈ្មួញ​ទិញ​ក្នុង​តម្លៃ​ត្រឹមតែ ៧០០​រៀល​ក្នុង​មួយ​គីឡូក្រាម រីឯ​ស្រូវ​សែន​ក្រអូប​សុទ្ធ​ស្អាត​ល្អ ឈ្មួញ​ទិញ​តម្លៃ​ប្រមាណ​៩០០​រៀល​ក្នុង​មួយ​គីឡូក្រាម ដែល​ខុស​ពី​ឆ្នាំ​កន្លងទៅ​តម្លៃ​ជាង ១​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម៖ «ប៉ះពាល់​ដល់​ជីវភាព ព្រោះ​រក​មិន​បាន​ប្រាក់​ហើយ​ទៀត​ក៏​ចេះតែ​យ៉ាប់​ទៅៗ ព្រោះ​ទីផ្សារ​ស្រូវ​នៅ​លើ​បបូរមាត់​ឈ្មួញ។ ឆ្នាំនេះ​ពលរដ្ឋ​ត្អូញត្អែរ​ទាំងអស់​តែ​គ្នា​នឹង ព្រោះ​ឆ្នាំនេះ​ស្រូវ​វា​មិនកើត​ហើយ​តម្លៃ​ចុះថោក ឆ្នាំ​ស្រូវ​សែន​ក្រអូប​ធ្វើ​បាន​ផល​តិច​ណាស់ បើ​ស្រូវ​ប្រភេទ​ផ្សេង​បាន​ផល​គួរសម​ដែរ លក់​មិនបាន​ថ្លៃ​ទេ»

ចំណែក​កសិករ​នៅ​ឃុំ​ស្រះរាំង​ម្នាក់ទៀត លោក ព្រីង ធឿន អះអាង​ថា កសិករ​ស្រុក​មង្គល​បូរី​ឆ្នាំនេះ​មិន​ទទួល​បាន​ប្រាក់កម្រៃ​ដូច​ឆ្នាំមុន ព្រោះ​ម្យ៉ាង​ស្រូវប្រាំង រដូវ​ទី​២ នេះ​មិនសូវ​បាន​ផល​ល្អ ដោយ​ក្នុង​មួយ​ហិកតារ បាន​ទិន្នផល​ចន្លោះ​ពី​១ ទៅ​២​តោន​កន្លះ​ប៉ុណ្ណោះ ហើយ​តម្លៃ​ក៏​ចុះថោក​ទៀត។លោក​បន្ត​ថា ដោយសារ​ស្រូវ​មិនសូវ​ល្អ ដូច្នេះ​ឈ្មួញ​ទិញ​ឲ្យ​តម្លៃ​ជា​ស្រូវ​ប្រភេទ​លេខ​២ ក្នុង​តម្លៃ​ប្រមាណ ៧០០​រៀល​ក្នុង​មួយ​គីឡូក្រាម៖ «ខ្ញុំ​មិនបាន​ចំណេញ​ទេ ខាត​ព្រោះ​ចំណាយ​អស់​ដើមទុន​ច្រើន ខ្ញុំ​ឆ្នាំ​មិន​បាន​ស្រូវ ៥​តោន​ផង​ទេ ខ្ញុំ​នៅ​ស្រែ​សង្ឃឹម​ទៅលើ​ផល​ស្រូវ​នេះឯង​គ្រាន់​បាន​ប្រាក់​យក​ទៅ​ចងដៃ​ការ​គេ​ចូល​បុណ្យ​ផង និង​ចាយវាយ​ផ្សេងៗ​ផង ហើយ​ខ្ញុំ​ក៏​ជំពាក់​លុយ​គេ​ខ្លះ​ទៀត​ផង»

លោក​បន្ថែម​ថា កសិករ​មួយ​ចំនួន​បាន​ប្រមូល​ផល​រួចហើយ ប៉ុន្តែ មិនទាន់​លក់​ស្រូវ​ចេញ​នៅឡើយ ព្រោះ​តម្លៃ​ស្រូវ​ថោក​ពេក ហើយ​បើ​លក់​ស្រូវ​ភ្លាម​មិនបាន​ប្រាក់​កម្រៃ ដូច្នេះ​ហើយ​បានជា​នាំគ្នា​ទុក​ស្រូវ​មួយ​រយៈ​សិន ក្រែងលោ​ស្រូវ​ឡើងថ្លៃ​មកវិញ​ខ្លះ។

ឆ្លើយតប​នឹង​បញ្ហា​នេះ​អភិបាលស្រុក​មង្គលបូរី លោក រ័ត្ន ដាស៊ីណាង មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា តម្លៃ​ស្រូវ​មិន​ចុះថោក​នោះ​ទេ ប្រសិន​បើ​កសិករ​ធ្វើ​ស្រូវ​បាន​ស្អាត​ល្អ ក៏​នៅតែ​មានតម្លៃ​សមរម្យ​ដដែល។ លោក​បន្ថែម​ថា តម្លៃ​ស្រូវ​សែន​ក្រអូប​តម្លៃ​ប្រមាណ​៧០០​រៀល ក្នុង​មួយ​គីឡូក្រាម​នោះ ដោយសារ​ដើម​ស្រូវ​មាន​រោគ​ច្រើន ដែល​បណ្ដាល​មក​ពី​ខ្វះ​ទឹក​ស្រោចស្រព​នៅ​ពេល​ស្រូវ​ចេញ​ផ្លែ ទើប​ធ្វើ​ឲ្យ​គុណភាព​ស្រូវ​មិនសូវ​ល្អ៖ «ម្សិលមិញ​ខ្ញុំ​ចុះទៅ​មើល​មូលដ្ឋាន​ស្រូវ​វា​ពណ៌​ស្រអាប់​គ្រប់​កន្លែង ដែល​ខុស​ពី​ឆ្នាំ​ទៅ​ការ​ធ្វើ​ស្រែ​លើក​ទី១ បាន​ផល ៤​ទៅ ៥​តោន​ក្នុង​មួយ​ហិកតារ ដល់​លើក​ទី​២​នេះ កាលពី​ដើមដៃ​ស្រូវ​ល្អ​ដូចគ្នា ប៉ុន្តែ​បាន​ទិន្នផល​ត្រឹមតែ ២​តោន​កន្លះ​អី​ទេ ប៉ុន្តែ​គុណភាព​វា​ក៏​អត់​ល្អ​ដូច​លើក​ទី​១​ដែរ ប៉ុន្តែ​លោក ឧកញ៉ា ភូ ពុយ គាត់​នៅតែ​ប្រមូល​ទិញ​ដដែល​ទេ ហើយ​យើង​មិន​ស្រូវ​លក់​ឲ្យ​គាត់​វិញ​ផង​សព្វថ្ងៃ​នេះ»

លោក​អភិបាលស្រុក​រូប​នេះ​បន្ថែម​ទៀត​ថា ថ្វីបើ​ស្រូវ​របស់​កសិករ​ភាគច្រើន​លក់​មិនបាន​ថោក​ជាង​ឆ្នាំមុន​ក៏ដោយ ក៏​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​ក្នុងស្រុក​មង្គលបូរី​នោះ​ទេ ព្រោះ​កសិករ​បាន​ប្រមូល​ផល​ស្រូវ​លើកទីមួយ​រួច​ម្ដង​ហើយ ទទួល​បាន​ទិន្នផល​ល្អ ដូច្នេះ​ពួកគាត់​អាច​យក​ប្រាក់​ចំណេញ​ពី​លើកទីមួយ​មក​ទូទាត់​គ្នា​បាន គ្រាន់តែ​មិន​បាន​ប្រាក់ចំណេញ​ច្រើនតែ​ប៉ុណ្ណោះ។

ទោះជា​យ៉ាងណា​កសិករ​មួយ​ចំនួន​អះអាង​ថា ការ​ប្រមូល​ផល​ស្រូវ​ទាំង​២​លើក ក៏​ពួកគាត់​លក់​ស្រូវ​សង​ធនាគារ​មិន​គ្រប់​ដែរ ព្រោះ​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​ធ្វើ​ដើមទុន​ដោយ​មាន​អត្រា​ការប្រាក់ ខណៈ​ដែល​ពួកគាត់​មានតែ​របប​ធ្វើស្រែ​តែមួយ​មុខ ដូច្នេះ​មិន​អាច​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន​ទេ។

របាយការណ៍​អភិបាលស្រុក​មង្គលបូរី​ឲ្យ​ដឹង​ថា ស្រូវប្រាំង​របស់​ប្រជាកសិករ​ដាំ​ដុះ​នៅ​លើក​ទី​២ នៅ​ទូទាំង​ស្រុក មាន​ប្រមាណ​៤​ម៉ឺន​ហិកតារ ក្នុង​នោះ​ស្រូវ ២០​ភាគរយ​កសិករ​កំពុង​ប្រមូល​ផល ហើយ​ស្រូវ​ប្រហែល​៨០​ភាគរយ​ទៀត​កសិករ​បាន​ប្រមូល​ផល​រួចរាល់​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment