ជនជាតិ​ដើម​ភាគតិច​កួយ​ខេត្ត​ព្រះវិហារ​ចោទ​ក្រុមហ៊ុន​រ៉ែ​មាស​ថា យក​ទាហាន​គំរាមកំហែង​ពួកគេ

ដោយ ហេង រស្មី
2019-01-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទីតាំង​អាជីវកម្ម​រ៉ែ​មាស នៅ​តំបន់​ភ្នំលុង ឃុំ​រមទម្យ ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of Mother Nature
ទីតាំង​អាជីវកម្ម​រ៉ែ​មាស នៅ​តំបន់​ភ្នំលុង ឃុំ​រមទម្យ ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of Mother Nature


ជនជាតិ​ដើម​ភាគតិច​កួយ ២​គ្រួសារ​ក្នុងចំណោម​ពលរដ្ឋ ៦៦​គ្រួសារ រស់នៅ​ឃុំ​រម្យទម ស្រុក​រវៀង​ខេត្ត​ព្រះវិហារ ចោទ​ក្រុមហ៊ុន ឌែល ខម កម្ពុជា (Del com Cambodia) ថា បាន​ប្រើ​កម្លាំង​ទាហាន​គំរាមកំហែង​អ្នកភូមិ មិន​ឲ្យ​អាស្រ័យ​ផល​លើ​ដី​របស់​ខ្លួន។

អ្នកភូមិ​ថា ក្រុមហ៊ុន​នេះ​មិន​បាន​អនុវត្ត​កិច្ចសន្យា ដែល​អាជ្ញាធរ​ខេត្ត​ព្រះវិហារ សម្រេច​កាត់​ឆ្វៀល​ដី​ទំហំ​ជិត ២០​ហិកតារ ឲ្យ​ពលរដ្ឋ ២​គ្រួសារ អាស្រ័យ​ផល​នោះ​ទេ។

ជនជាតិ​ដើម​ភាគតិច​កួយ​រស់នៅ​តំបន់​រំដេង ឃុំ​រម្យទម នៅ​ថ្ងៃទី១៣ មករា បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​សង្គម​ស៊ីវិល និង​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​ជួយ​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ ដែល​កំពុង​ទទួលរង​ការ​គំរាមកំហែង ពី​ក្រុមហ៊ុន ឌែល ខម កម្ពុជា។

អ្នកភូមិ​ថា អាជ្ញាធរ​មូលដ្ឋាន​មិនបាន​យកចិត្តទុកដាក់​ដោះស្រាយ ក្តី​កង្វល់​របស់​ពលរដ្ឋ​នោះ​ទេ ហើយ​ថែមទាំង​លម្អៀង​ទៅ​ខាង​ក្រុមហ៊ុន​ឯកជន។

ជនជាតិ​ដើម​ភាគតិច​ម្នាក់ ក្នុង​ចំណោម​ជាច្រើន​ទៀត ដែល​មាន​ដីចម្ការ​នៅ​ជិត​តំបន់​ភ្នំលុង ដែល​ជា​កន្លែង​រុករក​រ៉ែ​មាស​នោះ គឺ​លោកស្រី យឹម ផាត អះអាង​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ​សម្រេច​កាត់​ឆ្វៀល​ដី​ទំហំ ១៩​ហិកតារ ឲ្យ​ពលរដ្ឋ ២​គ្រួសារ កាលពី​ឆ្នាំ​២០១៧ តែ​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​នៅតែ​ប៉ុនប៉ង​យក​ដី​នោះ និង​គំរាមកំហែង​ពួកគាត់​មិន​ឲ្យ​អាស្រ័យ​ផល។ លោកស្រី​ថា ក្រុមហ៊ុន​តែងតែ​គំរាម​គ្រួសារ​លោកស្រី មិន​ឲ្យ​រែង​រ៉ែ​មាស លក្ខណៈ​គ្រួសារ​លើ​ដី​របស់​ខ្លួន​នោះ​ទេ បើ​ទោះ​បី​ជា​លោកស្រី បាន​បង្ហាញ​ឯកសារ និង​កិច្ចសន្យា​ប្រាប់​មន្ត្រី​យោធា​ទាំងនោះ​ក្ដី៖ «ស៊ី​ប្រាក់ខែ​ក្រុមហ៊ុន និង​ហូប​ប្រាក់​ខែ​រដ្ឋាភិបាល លោក (ទាហាន​) ហេតុ​អី​បាន​មក​គំរាម​ពលរដ្ឋ។ ខ្ញុំ​ថា វា​មិន​សម​ណា​លោក​ធ្វើ​នេះ​ដូច​សម្លាប់​ពលរដ្ឋ និង​ជនជាតិ​ដើម​ភាគតិច​កួយ។ ដី​១២​ហិកតារ ថ្នាក់លើ​កាត់​ឲ្យ​ខ្ញុំ មាន​ក្រដាស​ស្នាម»

ក្រុម​ប្រជា​សហគមន៍​រំដេង ភ្នំ​លុង ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី១៤ ខែ​មិថុនា ឆ្នាំ​២០១៧ អភិបាលខេត្ត​ព្រះវិហារ លោក អ៊ុន ចាន់ដា បាន​សម្រេច​កាត់​ឆ្វៀល​ដី​ពី​ក្រុមហ៊ុន ឌែលខម កម្ពុជា (Del com Cambodia) ចំនួន ១៩​ហិកតារ ឲ្យ​ទៅ​ពលរដ្ឋ​ឈ្មោះ យឹម សុផាត និង ឈ្មោះ ឈិក យី។ សេចក្ដី​សម្រេច​នោះ តំណាង​ក្រុមហ៊ុន​បាន​ឯកភាព ចុះ​ហត្ថលេខា​ព្រម​ប្រគល់​ដី​ទាំងនោះ​ឲ្យ​ទៅ​ពលរដ្ឋ ២​គ្រួសារ ដែល​មាន​អាជ្ញាធរ​ឃុំ និង​អភិបាល​ស្រុក​ដឹងឮ។

ពលរដ្ឋ​ដែល​ត្រូវជា​ជន​បង្គោល លោក ពុយ ឆេង ប្រាប់​អាស៊ីសេរី​ថា ក្រុមហ៊ុន ឌែល ខម បាន​អនុវត្ត​ផ្ទុយ​កិច្ចសន្យា​ដែល​បាន​ព្រមព្រៀង​គ្នា តាំងពី​ឆ្នាំ​២០១៧ និង​បាន​យក​ទាហាន​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី។ លោក​ថា មក​ទល់​ពេល​នេះ ពលរដ្ឋ​រស់នៅ​តំបន់​ភ្នំ​លុង ៦៦​គ្រួសារ មាន​វិបត្តិ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​រ៉ែ​មាស និង​ក្រុមហ៊ុន ឌែល ខម កម្ពុជា នៅ​មិនទាន់​ដោះស្រាយ​ចប់​នៅ​ឡើយ ធ្វើ​ឲ្យ​ពលរដ្ឋ​ជួប​ការ​លំបាក ព្រោះ​ក្រុមហ៊ុន​មាន​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយខ្នង៖ «តាម​ការ​ពិត​ដី​ហ្នឹង អាជ្ញាធរ​ខេត្ត​ឲ្យ​ពលរដ្ឋ ២​គ្រួសារ ហើយ​ការរស់នៅ​របស់​លោក ឈិក យី និង យឹម សុផាត តាំងពី​ឆ្នាំ​១៩៩៧​មក ដូច្នេះ​ក្រុមហ៊ុន​បាន​យក​ដី​នៅ​ឆ្នាំ​២០០៣ និង​២០០៤ គឺ​ក្រោយ​លោក ឈិក យី និង សុផាត បាន​កាន់កាប់។ អាជ្ញាធរ​ខេត្ត​បាន​កាត់​ដី​ឲ្យ​ពលរដ្ឋ នៅតែ​ក្រុមហ៊ុន​រំលោភ​សិទ្ធិ​ពលរដ្ឋ​ដដែល ថ្មីៗ​ហ្នឹង»

អាស៊ីសេរី​នៅ​មិនទាន់​រក​ប្រភព​ទាក់ទង តំណាង​ក្រុមហ៊ុន ឌែល ខម កម្ពុជា ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី១៣ មករា។

មេឃុំ​រម្យទម លោក សោម មុត អះអាង​ថា ភារកិច្ច​ដោះស្រាយ​រឿង​នេះ គឺ​ហួស​ពី​សមត្ថភាព​អាជ្ញាធរ​ឃុំ។ តែ​យ៉ាងណា​លោក​ថា ក្រុម​ពលរដ្ឋ​បាន​ទៅកាន់​កាប់​ដី​ទាំងនោះ ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​មិន​ទាន់​វិនិយោគ​នៅ​តំបន់​នោះ។ លោក​ថា មាន​ពេល​ខ្លះ ពលរដ្ឋ​ចេះតែ​ចង្អុល​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ​ថា ជា​ដី​របស់​ខ្លួន៖ «ដី​ហ្នឹង​គឺ​ដី​ក្រុមហ៊ុន បង់ពន្ធ​យូរ​ណាស់​ហើយ តែ​ពលរដ្ឋ​ចូល​ក្រោយ​ចាប់​យក ដូច្នេះ​ឲ្យ​ខាង​អាជ្ញាធរ​ស្រុក និង​ខេត្ត​ធ្វើ​លិខិត​ឲ្យ​ស្រួលបួល​ហើយ ទាំង​ខ្ញុំ​ក៏​ស៊ីញេ​ឲ្យ​ដែរ តែ​មកដល់​គេ​មិន​ដឹង​គិត​យ៉ាងម៉េច បាន​ធ្វើ​របង និង​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ទីលំនៅ តែ​ខ្ញុំ​មិនសូវ​ដឹង​ទេ។ បញ្ហា​ហ្នឹង ដល់​សួរ​ក្រុមហ៊ុន​គេ​ថា គេ​មក​យូរ​ណាស់​ហើយ ហើយ​លោកស្រី យឹម ផាត ទើប​មក​ក្រោយ​ទេ»

ទោះជា​យ៉ាងណា អភិបាលស្រុក​រវៀង លោក ហោ ប៊ុនហ៊ួ បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ជុំវិញ​រឿង​នេះ ដល់​អាស៊ីសេរី​ទេ​នៅ​ថ្ងៃអាទិត្យ ទី​១៣ មករា។

មន្ត្រី​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ ដែល​ធ្លាប់​បាន​ចុះ​អង្កេត​រឿង​នេះ​យល់ថា ការ​យក​កម្លាំង​ទាហាន​គំរាម​ពលរដ្ឋ គឺជា​ការអនុវត្ត​ផ្ទុយ​អនុសាសន៍​ប្រមុខ​ដឹកនាំ​រដ្ឋ ដែល​ធ្លាប់​លើកឡើង​ថា ទាហាន​ជា​កម្លាំង​ការពារ​បូរណភាព​ទឹកដី មិនមែន​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​នោះ​ទេ។ លោក​បារម្ភ​ថា បញ្ហា​ដែល​ក្រុមហ៊ុន​រ៉ែ​មាស រំលោភ​ដី​ពលរដ្ឋ​កាន់តែ​កើន​ឡើងៗ ហើយ​ដំណោះស្រាយ​នៅតែ​អូស​បន្លាយ​ពេល ដែល​នាំ​ឲ្យ​ពលរដ្ឋ​ជួប​ការ​លំបាក​សព្វ​បែប​យ៉ាង​។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ពិនិត្យមើល​រឿង​នេះ​ឡើងវិញ ថា​តើ​ក្រុមហ៊ុន​យក​កម្លាំង​ទាហាន​កាង​ការពារ​អាជីវកម្ម​ឲ្យ​ខ្លួន ឬ​យ៉ាងណា?«រឿង​ដែល​ក្រុមហ៊ុន​ឯកជន ដែល​មាន​ខ្នង​ជា​អ្នក​មាន​អំណាច​គ្រាក់ៗ​យក អង្គរក្ស និង​ទាហាន​ការពារ​ផលប្រយោជន៍ ក្រុមហ៊ុន គឺជា​ការ​ផ្ទុយ​ពី​គោលការណ៍​ច្បាប់​ហើយ»

លោក ប៊ុក សោភ័ណ សង្កេត​ឃើញ​ថា កន្លង​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ជាតិ​បាន​បង្កើត​គណៈកម្មការ​ដោះស្រាយ​វិបត្តិ​ដីធ្លី​នៅ​តំបន់​ភ្នំ​លុង​ដែរ តែ​មិន​អាច​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​បាន​នោះ​ទេ ព្រោះ​ដំណោះស្រាយ​ទាំងនោះ​ភាគី​ក្រុមហ៊ុន​តែង​មាន​ប្រៀប​ជាង​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles