របប​ក្រុង​ភ្នំពេញ​បញ្ជា​ឱ្យ​ប្រមូល​លិខិតឆ្លងដែន​ការទូត​ពី​ជនបរទេស​ដែល​គ្មាន​សញ្ជាតិ​ខ្មែរ​មកវិញ

ដោយ យន់ សាមៀន
2019-01-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ជួប​​​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាល​ពីអំឡុង​​ឆ្នាំ​២០១១។ Photo: RFA
អតីត​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ជួប​​​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាល​ពីអំឡុង​​ឆ្នាំ​២០១១។ Photo: RFA


អ្នកឃ្លាំមើល​សង្គម​ជំរុញ​ឱ្យ​របប​ក្រុងភ្នំពេញ ផ្ដន្ទាទោស​ជនសង្ស័យ​ណា​ដែល​លួច​ចេញ​លិខិតឆ្លងដែន​ផ្លូវការ​ឱ្យ​ជនបរទេស​ដែល​គ្មាន​សញ្ជាតិ​ខ្មែរ។ សំណើ​នេះ​ធ្វើឡើង​ដោយសារតែ របប​ក្រុងភ្នំពេញ​ទទួលស្គាល់​ថា របប​នេះ​ធ្លាប់​បាន​ចេញ​លិខិតឆ្លងដែន​ការទូត​ដល់​ជនបរទេស ដែល​មិន​មាន​សញ្ជាតិ​ខ្មែរ ក៏ប៉ុន្តែ​របប​នេះ​បន្ត​បដិសេធ​ថា មិនបាន​ផ្ដល់​លិខិតឆ្លងដែន​ដល់​អតីត​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) នោះ​ឡើយ។

របប​ក្រុងភ្នំពេញ​ចាប់ផ្ដើម​រឹត​បន្តឹង​ការ​ផ្តល់ និង​ការប្រើប្រាស់​លិខិតឆ្លងដែន​ការទូត ក្រោយ​ពេល​សារព័ត៌មាន​បរទេស​បាន​លាតត្រដាង​ថា អតីត​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ដែល​កំពុង​រត់​គេចខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​ថៃ កំពុង​ប្រើប្រាស់​លិខិតឆ្លងដែន​ផ្លូវការ​កម្ពុជា ដើម្បី​ធ្វើដំណើរ និង​ធ្វើ​ជំនួញ​ផ្ទាល់ខ្លួន។

របប​នេះ​បាន​ហាម​ក្រសួង​ពាក់ព័ន្ធ​មិន​ឱ្យ​ផ្ដល់​លិខិតឆ្លងដែន​ការទូត​កម្ពុជា​ដល់​ទីប្រឹក្សា ឬ​ជំនួយការ​ដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ឡើយ លើកលែងតែ​ក្នុង​ករណី​ដែល​របប​នេះ​យល់ថា ជា​ការ​ចាំបាច់​បំផុត។ របប​នេះ​ក៏បាន​បញ្ជា​ក្រសួង​ស្ថាប័ន​ទាំងឡាយ ឱ្យ​ប្រមូល​លិខិតឆ្លងដែន​ការទូត​ដែល​ក្រសួង​ស្ថាប័ន​នោះ បាន​ស្នើ​សុំ​ឱ្យ​ទីប្រឹក្សា និង​ជំនួយការ​របស់​ខ្លួន ដែល​ពុំ​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត និង​ត្រូវ​ប្រគល់​លិខិតឆ្លងដែន​ផ្លូវការ​ទាំងនោះ​ជូន​ក្រសួង​ការបរទេស​វិញ មិន​ឱ្យ​លើស​ពី​រយៈពេល​មួយ​ខែ គិត​ចាប់ពី​ថ្ងៃទី៩ មករា តទៅ។

សារាចរ​ណែនាំ​របស់​របប​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី១១ មករា តម្រូវ​ឱ្យ​ក្រសួង​ការបរទេស​ធ្វើ​មោឃភាព ឬ​លុបចោល​លិខិតឆ្លងដែន​ការទូត ដែល​ធ្លាប់​បាន​ផ្តល់​ឱ្យ​បុគ្គល​ដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​នា​ពេល​កន្លងទៅ។ លើស​ពី​នេះ របប​ក្រុងភ្នំពេញ​ក៏បាន​បញ្ជា​ឱ្យ​ក្រសួង​មហាផ្ទៃ​ទប់ស្កាត់​ការប្រើប្រាស់​លិខិត​ឆ្លងដែន​ការទូត​ទាំងនោះ សម្រាប់​ការ​ចេញ​ចូល​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​នានា​នៅ​កម្ពុជា​ផង​ដែរ។

ការ​ដាក់​ចេញ​នូវ​សារាចរ​ណែនាំ​នេះ ធ្វើឡើង​បន្ទាប់ពី​សារព័ត៌មាន​បរទេស​បាន​រក​ឃើញ​ថា អតីត​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី យីងឡាក់ បាន​ប្រើប្រាស់​លិខិតឆ្លងដែន​ផ្លូវការ​របស់​កម្ពុជា ដើម្បី​ចុះ​ឈ្មោះ​ធ្វើជា​អគ្គនាយក​ក្រុមហ៊ុន​សាជីវកម្ម​មួយ​ឈ្មោះ ភីធី ខភើរ៉េសិន (P.T. Corporation) នៅ​ទីក្រុង​ហុងកុង កាលពី​ខែ​សីហា ឆ្នាំ​២០១៨ កន្លង​ទៅ។ ឯកសារ​ដែល​បាន​បែក​ធ្លាយ និង​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​បរទេស​បង្ហាញ​ថា អ្នកស្រី យីងឡាក់ កាន់​លិខិតឆ្លងដែន​ផ្លូវការ​កម្ពុជា ដែល​មាន​លេខ​សម្គាល់ D0003918 ចេញ​ដោយ​អាជ្ញាធរ​កម្ពុជា កាលពី​ថ្ងៃទី៣០ សីហា ឆ្នាំ​២០១៧ និង​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃទី៣០ សីហា ឆ្នាំ២០២០ ខាងមុខ។

អ្នកស្រី យីងឡាក់ អាយុ ៥១ ឆ្នាំ ត្រូវ​បាន​តុលាការ​ថៃ​កាត់ទោស​កំបាំងមុខ កាលពី​ចុងខែ​កញ្ញា ឆ្នាំ​២០១៧ ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ ពី​បទ​ធ្វេសប្រហែស​នៅ​ក្នុង​គោលនយោបាយ​ឧបត្ថម្ភ​ស្រូវ​អង្ករ អំឡុង​ពេល​អ្នកស្រី​ធ្វើជា​នាយករដ្ឋមន្ត្រី ចន្លោះ​ពី​ឆ្នាំ២០១១ ដល់​ឆ្នាំ២០១៤ កន្លង​ទៅ។

ទោះជា​យ៉ាងណា អ្នកស្រី​បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​ពី​ប្រទេស​ថៃ តាំងពី​ថ្ងៃ២៥ ខែ​សីហា មក​ម្ល៉េះ ពោល​គឺ​នៅ​មុន​ការប្រកាស​សាលក្រម​នេះ​មួយ​ខែ។ ការ​រត់​គេចខ្លួន​ដោយ​ជោគជ័យ​របស់​អ្នកស្រី​ត្រូវ​បាន​មជ្ឈដ្ឋាន​មួយ​ចំនួន​ដាក់​ការ​សង្ស័យ​ថា មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​របប​ក្រុងភ្នំពេញ ហើយ​បើ​ពិនិត្យមើល​ឯកសារ​ដែល​សារព័ត៌មាន​បរទេស​បាន​ចេញផ្សាយ​នោះ គឺ​អ្នកស្រី​ទទួល​បាន​លិខិតឆ្លងដែន​ផ្លូវការ​របស់​កម្ពុជា រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​ថៃ។

ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែង​ថា សារាចរ​របស់​របប​ក្រុងភ្នំពេញ​នេះ បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ទន់ខ្សោយ​នៃ​ប្រព័ន្ធ​គ្រប់គ្រង និង​ការអនុវត្ត​ច្បាប់​របស់​របប​នេះ ទាក់ទង​នឹង​ការ​ផ្ដល់​លិខិតឆ្លងដែន​ផ្លូវការ​ដល់​ជនបរទេស​ដែល​គ្មាន​សញ្ជាតិ​ខ្មែរ៖ «មើល​ទៅ​នីតិវិធី គឺ​ជនបរទេស​ពិបាក​នឹង​ទទួល​បាន​សញ្ជាតិ​កម្ពុជា​ដែរ ប៉ុន្តែ​បើ​គ្រាន់តែ​ពួកគេ​មាន​តួនាទី​ជាទី​ប្រឹក្សា ហើយ​បាន​ទទួល​លិខិតឆ្លងដែន​ប្រភេទ​ការទូត ខ្ញុំ​គិត​ថា វា​ជា​រឿង​មួយ​គួរ​ឱ្យ​អាម៉ាស់​ដែរ​សម្រាប់​ការអនុវត្ត​ច្បាប់​របស់​កម្ពុជា។ ហើយ​នេះ​ជា​ចំណុច​ចន្លោះប្រហោង​ដ៏​ធំ​មួយ​ដែល​ធ្វើ​ឱ្យ​ខូច​មុខមាត់ និង​កិត្យានុភាព​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ»

លោក សន ជ័យ ថ្លែង​ទៀត​ថា ករណី​ជនបរទេស​កាន់​លិខិតឆ្លងដែន​ផ្លូវការ​របស់​កម្ពុជា ទាំង​ដែល​ពួកគេ​មិន​មាន​សញ្ជាតិ​ខ្មែរ​បែបនេះ ជា​រឿង​ដ៏​អាម៉ាស់​សម្រាប់​ជាតិ ហើយ​របប​ក្រុងភ្នំពេញ​មិន​អាច​ត្រឹមតែ​ចេញ​សារាចរ​ណែនាំ​បែបនេះ​រួច​ក៏​ស្ងប់ស្ងាត់​ទៅវិញ​នោះ​ទេ។ លោក​ជំរុញ​ឱ្យ​របប​នេះ​អនុវត្ត​វិធានការ​ផ្លូវច្បាប់​ទៅលើ​មន្ត្រី និង​អ្នក​ពាក់ព័ន្ធ​ទាំងឡាយ​ណា ដែល​ឃុបឃិត​គ្នា​ចេញ​លិខិតឆ្លងដែន​ផ្លូវការ​ឱ្យ​ជនបរទេស ដើម្បី​ជា​ការ​ព្រមាន​កុំ​ឱ្យ​ករណី​បំពាន​ច្បាប់​បែបនេះ​កើតឡើង​ជា​ថ្មី​ទៀត៖ «វិធានការ​ស៊ីជម្រៅ គឺ​ការស៊ើបអង្កេត ហើយ​យក​អ្នក​ប្រព្រឹត្ត​ខុស ឬក៏​អ្នក​ដែល​ដឹកនាំ អ្នក​ដែល​ធ្វើ​ឱ្យ​មាន​ការអនុវត្ត​ខុស​ហ្នឹង យក​មក​ប្រឈមមុខ​នឹង​ផ្លូវច្បាប់។ ការ​ប្រឈម​មុខ​វា​មាន​ពីរ ទីមួយ​ថា តើ​វា​អាច​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែរ​ទេ​? ហើយ​ទី​ពីរ​វា​ជា​បទល្មើស​ផ្នែក​រដ្ឋបាល អ៊ីចឹង​បើ​បទល្មើស​រដ្ឋបាល គេ​ពិន័យ​រដ្ឋបាល ដូចជា​ការ​ព្យួរ​តួនាទី ឬក៏​ដាក់​ករណី​នេះ​នៅ​ក្នុង​បញ្ជី​ខ្មៅ​ជាដើម»

ទោះបីជា​យ៉ាងណា អ្នកឃ្លាំមើល​សង្គម​បញ្ជាក់​ថា ពួកគេ​គ្មាន​ការ​ភ្ញាក់ផ្អើល​អ្វី​នោះ​ទេ ចំពោះ​ការដែល​របប​លោក ហ៊ុន សែន ផ្ដល់​លិខិតឆ្លងដែន​ទៅ​ឲ្យ​អ្នកស្រី យីងឡាក់ ដោយសារតែ​ត្រកូល ស៊ីណាវ៉ាត្រា ធ្លាប់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្រួសារ​លោក ហ៊ុន សែន ហើយ​បងប្រុស​អ្នកស្រី យីងឡាក់ គឺ​លោក ថាក់ស៊ីន ក៏​ធ្លាប់​ជា​អតីត​ទីប្រឹក្សា​សេដ្ឋកិច្ច​ឱ្យ​លោក ហ៊ុន សែន ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment