លោក ហ៊ុន សែន ព្រមាន​តំណាង​រាស្រ្ត​នៃ​ប្រទេស​អៀកឡង់​ថា​ សហគមន៍​អ៊ឺរ៉ុប​មិន​ត្រូវ​យក​ពលរដ្ឋ​ខ្មែរ​ជា​ចំណាប់​ខ្មាំង​នយោបាយ​ទេ​

លោក ហ៊ុន សែន ព្រមាន​តំណាង​រាស្រ្ត​នៃ​ប្រទេស​អៀកឡង់​ថា​ សហគមន៍​អ៊ឺរ៉ុប​មិន​ត្រូវ​យក​ពលរដ្ឋ​ខ្មែរ​ជា​ចំណាប់​ខ្មាំង​នយោបាយ​ទេ


By

ឌឹ ខេមបូឌា ដេលី

លោក ​ហ៊ុន សែន ​បាន​ព្រមាន​តំណាង​រាស្រ្ត​របស់​ប្រទេស​អៀកឡង់​ មួយ​រូប​ថា ​សហភាព​អឺរ៉ុប​កុំ​ព្យាយាម​បង្កើត​កំហុស​ជាលើក​ទី៣​ នៅ​កម្ពុជានិង​កុំយក​ពលរដ្ឋ​ខ្មែរ​ជាង​១៦​លាន​នាក់​ធ្វើ​ជា​ចំណាប់​នៃ​នយោបាយ​ឲ្យ​សោះ។​

ការ​អះអាង​របស់​លោក ​ហ៊ុន សែន ​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​លោក​ Enda Patrick Kenny​ សមាជិក​សភា​ និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អៀកឡង់​នៅ​ឯវិមាន​សន្តិភាព ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។​

លោក​ ហ៊ុន សែន ​អះអាង​ថា​ កន្លង​មក​សហគមន៍​អឺរ៉ុប​បាន​សាង​កំហុស​ពីរ​មក​លើ​កម្ពុជា ​ទី១​ គឺ​ការ​គាំទ្រ​ឲ្យ​មាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្តេច​ នរោត្តម​សីហនុ ​នៅ​ឆ្នាំ​១៩៧០​ ហើយ​កំហុស​ទី​២​ គឺការ​គាំទ្រ​អាសនៈ​របស់​ខ្មែរក្រហម​នៅ​អង្គការ​សហ​ប្រជាជាតិ​រហូត​ដល់​ទៅ​ជាង​១២​ឆ្នាំ។​

អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុង​ហៃ ​អះអាង​ថា​ សហគមន៍​ អឺរ៉ុប​មិន​បាន​យក​ពលរដ្ឋ​ខ្មែរ​ធ្វើ​ជា​ចំណាប់​ខ្មាំង​នោះ​ទេ​ ប៉ុន្តែ​ពួក​គេ​ចង់​បាន​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ដូច​មាន​ចែង​នៅ​ក្នុង​ធម្មនុញ្ញ​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​កម្ពុជា​ជា​សមាជិក​តែ​ប៉ុណ្ណោះ។​

លោក​បន្ត​ថា​ សហគមន៍​អឺរ៉ុប​បាន​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រី​ក្រ​ច្រើន​ណាស់​តាម​រយៈ​ការ​ផ្តល់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​លើ​ផលិត​ផល​គ្រប់​ប្រភេទ​លើក​លែង​តែ​អាវុធ​នេះ​ឯង​ ហើយ​ការ​ចោទ​ប្រកាន់​សហគមន៍​អឺរ៉ុប​យក​ពលរដ្ឋ​ខ្មែរ​ធ្វើ​ជា​ចំណាប់​ខ្មាំង​នយោបាយ​ដូច្នេះ​ គឺ​ពុំ​មាន​សីលធម៌​នោះ​ឡើយ៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

Leave a Reply

Submit Comment