សាច់ញាតិ និង​តំណាង​កម្មករ​បន្ត​ទាមទារ​យុត្តិធម៌​ជូន​លោក ជា វិជ្ជា ខណៈ​ជិត​គម្រប់​ខួប​១៥​ឆ្នាំ

ដោយ សេក បណ្ឌិត
2019-01-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​យក​កម្រង​ផ្កា និង​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​ លោក ជា វិជ្ជា នៅ​កន្លែង​តម្កល់​រូប​សំណាក​ត្រង់​សួនច្បារ ប៉ែក​ខាង​លិច​វិមាន​ឯករាជ្យ​នៃ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២២ មករា ២០១៥។ Photo: RFA
ពលរដ្ឋ​យក​កម្រង​ផ្កា និង​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​ លោក ជា វិជ្ជា នៅ​កន្លែង​តម្កល់​រូប​សំណាក​ត្រង់​សួនច្បារ ប៉ែក​ខាង​លិច​វិមាន​ឯករាជ្យ​នៃ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២២ មករា ២០១៥។ Photo: RFA


ក្រុម​សហជីព​កម្មករ និង​សាច់ញាតិ បន្ត​ទាមទារ​យុត្តិធម៌​ជូន លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ដ៏​ល្បីល្បាញ​ម្នាក់ ដែល​ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​នៅ​ក្បែរ​វត្ត​លង្កា រាជធានី​ភ្នំពេញ កាលពី ១៥​ឆ្នាំមុន។ ការ​បន្ត​ទាមទារ​នេះ ដោយសារ​សំណុំរឿង​ឃាតកម្ម​ដ៏​ក្ដៅ​នេះ នៅតែ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​នៅឡើយ ទោះបីជា​មន្ត្រី​របប​លោក ហ៊ុន សែន អះអាង​ថា សំណុំ​រឿង​នេះ កំពុង​ស៊ើបអង្កេត​អស់​រយៈពេល ១៥​ឆ្នាំ​មក​ហើយ​ក្ដី។

ឃាតកម្ម​ទៅលើ​លោក ជា វិជ្ជា ដែល​កម្មករ​ចាត់ទុកជា​មេដឹកនាំ​សហជីព​ដ៏​ក្លាហាន ហ៊ាន​ពុះពារ​តវ៉ា​ដើម្បី​ផលប្រយោជន៍​ជូន​កម្មករ​បាន​អូស​បន្លាយ​អស់​រយៈពេល ១៥​ឆ្នាំ​មក​ហើយ​ក្ដី ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​លោក និង​ក្រុម​មេដឹកនាំ​សហជីព​មួយ​ចំនួន នៅតែ​បន្ត​ស្រែក​ទាមទារ​ស្វែងរក​យុត្តិធម៌​ដដែល។

ក្រុម​គ្រួសារ និង​ក្រុម​សហជីព ឲ្យ​ដឹង​ថា ពួកគេ​គ្រោង​នឹង​ជួបជុំគ្នា​មុខ​រូបសំណាក​របស់​លោក ជា វិជ្ជា នៅ​ក្បែរ​វិមានឯករាជ្យ នៅ​ថ្ងៃ​ទី​២២ ខែ​មករា​ខាងមុខនេះ ដើម្បី​ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក។

អតីត​ប្រធាន​សហជីព​សេរី​កម្មករ និង​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​លោក​ជា វិជ្ជា គឺ លោក ជា មុនី លើកឡើង​ថា លោក​នឹង​រង់ចាំ​យុត្តិធម៌​សម្រាប់​បងប្រុស​របស់​លោក​អស់​មួយ​ជីវិត។ លោក ជា មុនី ទទូច​ឲ្យ​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ ស្វែងរក​ចាប់ខ្លួន​ឃាតក​ពិត​មក​ផ្ដន្ទាទោស​តាមច្បាប់ បើ​ពុំ​ចង់ ឲ្យ​មាន​ការ​ចោទប្រកាន់ និង​ការរិះគន់​ផ្សេងៗ​ទៅលើ​របប​ដឹកនាំ​របស់​ខ្លួន។ «»

លោក ជា មុនី បន្ត​ថា សមត្ថកិច្ច​របប​ក្រុងភ្នំពេញ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ស្វែងរក ឃាតក​សម្លាប់ លោក ជា វិជ្ជា ក៏ប៉ុន្តែ សំខាន់​នៅ​ត្រង់​ថា ពួកគេ​មាន​ឆន្ទៈ​ក្នុង​ការ​ស្វែងរក​ចាប់ខ្លួន​ដែរ​ឬ​អត់? «»

លោក ជា វិជ្ជា ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​នៅ​តូប​លក់​កាសែត​ជិត​វត្ត​លង្កា ក្រុងភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា កំពុង​ជួប​វិបត្តិ​នយោបាយ​រវាង​គណបក្ស​ចំនួន​៣ ក្រោយពេល​បោះឆ្នោត ឆ្នាំ​២០០៣ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សម រង្ស៊ី។

លោក ជា វិជ្ជា ក្រៅពី​ជា​មេដឹកនាំ​សហជីព​នោះ លោក​ក៏​ជា​សកម្មជន​គណបក្ស សម រង្ស៊ី ដែរ។លោក​តែងតែ​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ដើម្បី​ទាមទារ​ផលប្រយោជន៍​ផ្សេងៗ​ជូន កម្មករ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ដែល​ជា​មនុស្ស​ជិតស្និទ្ធ​ជាមួយ​លោក ជា វិជ្ជា លើកឡើង​ថា ក្រុម​សហជីព និង​កម្មករ នៅតែ​ចង់​ឃើញ​របប​ក្រុងភ្នំពេញ ស្វែងរក​យុត្តិធម៌​ជូន​ក្រុម គ្រួសារ​របស់​លោក ជា វិជ្ជា ព្រោះ​រយៈពេល ១៥​ឆ្នាំនេះ ពួកគេ​បាន​រស់នៅ​ក្នុង​ភាព​ឈឺចាប់​ដោយសារ គ្មាន​ពន្លឺ​យុត្តិធម៌​ទាល់តែសោះ។ «»

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេ​នៅ ថ្ងៃ​ទី១៣ ខែ​មករា ដោយ​លោក​ពុំ​ទទួល​ទូរស័ព្ទ។

រីឯ​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បដិសេធ​មិន​ឆ្លើយតប​អំពី​សុំណុំ​រឿង​ឃាតកម្ម​លោក ជា វិជ្ជា នោះ​ទេ។ «»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ទៅ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​គឺ​លោក គឹម សន្តិភាព និង​លោក ជិន ម៉ាលីន ប៉ុន្តែ​លោក​ទាំងពីរ​មិន​ទទួល​ទូរស័ព្ទ​នោះ​ទេ។

ទោះយ៉ាងណា​ក្តី អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ប្រាប់​វិទ្យុ​វីអូអេ (VOA ) ថា សមត្ថកិច្ច នៅតែ​បន្ត​ការស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​លោក ជា វិជ្ជា ប៉ុន្តែ​លោក​ថា ករណី​ឃាតកម្ម​នេះ មិន​មាន​ការ​សហការ​ពី​សាក្សី។ លោក​បន្ថែម​ថា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​ស៊ើបអង្កេត​ករណី​នេះ រហូត​ឃាតក​ពិត​ត្រូវ​បាន​រក​ឃើញ។

លោក រ៉ុង ឈុន ចាត់ទុកថា ការ​បកស្រាយ​របស់​ក្រសួងមហាផ្ទៃ គឺ​ដដែល គ្មាន​អ្វី​ថ្មី និង​គ្មាន​ឆន្ទៈ ពិត​នោះ​ទេ ក្នុង​រយៈពេល ១៥​ឆ្នាំ​មកនេះ។ លោក​បន្ត​ថា សំណុំរឿង​ឃាតកម្ម​លើ​លោក ជា វិជ្ជា នេះ មិន​ពិបាក​ស្វែងរក​ឃាតក​ពិត​នោះ​ទេ ប្រសិនបើ​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ មាន​ឆន្ទៈ​ពិតប្រាកដ។ «»

នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០០៣ លោក ជា វិជ្ជា ត្រូវ​បាន​គេ​គំរាម​សម្លាប់ បន្ទាប់ពី​លោក​ប្រកាស​ឲ្យ​សមាជិក​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់​គាំទ្រ​គណបក្ស សម រង្ស៉ី។ ទោះ បី​មាន​សារ​គំរាម​សម្លាប់​ក្តី លោក ជា វិជ្ជា មិន​ព្រម​ចាក​ចេញពី​ប្រទេស​កម្ពុជា​ឡើយ ព្រោះ​លោក​ចង់​តស៊ូ​ដើម្បី​ផលប្រយោជន៍​កម្មករ សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ក្រោយ​ការ​ស្លាប់​របស់​លោក ជា វិជ្ជា គឺ​មាន​ការ​ពុះកញ្ជ្រោល យ៉ាង​ខ្លាំង​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ក្នុង​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស្វែង​ចាប់ខ្លួន​ឃាតក។ មន្ត្រី​សិទ្ធិមនុស្ស​លើកឡើង​ថា ដើម្បី​ទប់​ស្ថានការណ៍​បាន​ខ្លះ​នៅ​កាលណោះ សមត្ថកិច្ច​បាន​ចាប់​ឃាតក​សិប្ប​និមិត្ត គឺ ប៊ន សំណាង និង សុខ សំអឿន ក្នុង​ការ​បង្វែរ​ពី​ការស្វែងរក​ឃាតក​ពិត និង​ដើម្បី​ឲ្យ​សាធារណជន​ស្ងប់ចិត្ត។ ទីបំផុត តុលាការ​កំពូល ក៏​បាន​សម្រេចចិត្ត​ដោះលែង​អ្នក​ទាំងពីរ​វិញ ហើយ​បង្វែរ​សំណុំរឿង​ឲ្យ​សាលាឧទ្ធរណ៍​ស៊ើបអង្កេត​សំណុំ​រឿង​នេះ​ឡើងវិញ។

អតីត​ស្នងការ​រាជធានី​ភ្នំពេញ លោក ហេង ពៅ ធ្លាប់​ប្រាប់​កាសែត​បរទេស មុន​ពេល​លោក ហ៊ុន សែន មិនទាន់​ចាប់ខ្លួន​លោក​ពី​ប្រទេស​ម៉ាឡេស៊ី ថា អតីត​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា លោក ហុក ឡងឌី បាន​បញ្ជា​ឲ្យ​លោក​ចាប់ សុខ សំអឿន និង ប៊ន សំណាង។ តែ​មន្ត្រី​លោក ហ៊ុន សែន បាន​បដិសេធ​ការ​អះអាង​របស់​លោក ហេង ពៅ នៅ​ពេល​នោះ។

កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៥ លោក ហ៊ុន សែន ក៏បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ស៊ើប អង្កេត​ពិសេស​លើ​ឃាតកម្ម​សម្លាប់​លោក ជា វិជ្ជា និង​មេ​សហជីព​ពីរ​រូប​ផ្សេងទៀត គឺ​លោក ហ៊ី វុទ្ធី និង​លោក រស់ សុវណ្ណារ៉េត ប៉ុន្តែ​មក​ទល់​ពេល​នេះ អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន មិន​ទាន់​បាន បង្ហាញ​តម្រុយ​ណាមួយ​ពី​ការស៊ើបអង្កេត​នេះ​នៅឡើយ។

មជ្ឈដ្ឋាន​មួយ​ចំនួន បាន​ចោទ​ប្រកាន់​ថា មូលហេតុ​ដែល​របប​លោក ហ៊ុន សែន គ្មាន​ឆន្ទៈ​ស្វែងរក ឃាតក​ពិត​នេះ គឺ​ដោយសារ​របប​លោក ហ៊ុន សែន ជា​អ្នក​នៅ​ក្រោយ​ខ្នង​ការ​សម្លាប់​លោក ជា វិជ្ជា ព្រោះ​លោក ជា វិជ្ជា គឺជា​វីរជន​កម្មករ និង​ជា​សកម្មជន​គណបក្សប្រឆាំង​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment