មុន​ខួប​១៥​ឆ្នាំ៖ កា​រអំពាវ​នាវ​ឲ្យ​ផ្តល់​យុត្តិធម៌​ដល់ លោក ជា វិជ្ជា បាន​លាន់​ឮ​ជា​ថ្មី​ទៀត​

ដោយ អ៊ឹង ប៊ុនថន
14/01/2019
RFI

media
ការ​ជួបជុំ​គ្នា​គោរព​វិញ្ញាណក្ខន្ធ​ លោក ជា វិជ្ជា ​នៅ​ព្រឹក​ ថ្ងៃ​ទី​២២ ​មករា​ ឆ្នាំ​២០១៧​ (រូបភាពឯកសារ)
@Yim Sovan Facebook Page


លោក​ រ៉ុង​ ឈុន​ ជា​អតីត​មិត្ត​ភ័ក្ត​ជិត​ស្និទ​របស់​ លោក ​ជា​ វិជ្ជា ​បាន​អំពាវ​នាវ​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​ស្វែង​រក​ឃាតករ​ពិត​ និង​អ្នក​ពាក់​ព័ន្ធ​មក​កាត់​ទោស​ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​រូបនេះ​។​ ការ​អំពាវ​នាវ​នេះ ​ធ្វើ​ឡើង​មុន​ពេល​ដែល​សហជីព​សេរី ​និង​សកម្មជន​សហជីព​ជិត​២០០​នាក់​ គ្រោង​ជួប​ជុំ​គ្នា​រំឭក​ខួប​១៥​ឆ្នាំ ​នៃ​ការ​បាញ់​សម្លាប់ ​លោក​ ជា​ វិជ្ជា​ នៅ​ក្បែរ​វត្ត​ល័ង្កា​ កាល​ពី​ឆ្នាំ​២០០៤​។ 

បើ​ទោះ​បី​ជា​១៥​ឆ្នាំ​កន្លង​ផុត​ទៅ​ ឃាតករ​ពិត​នៅ​មិន​ទាន់​ត្រូវ​បាន​នាំ​មក​កាត់​ទោស​ក៏​ដោយ ក៏​លោក ​រ៉ុង​ ឈុន​ មិន​អស់​សង្ឃឹម​ឡើយ​។​ អតីត​មិត្ត​ភ័ក្ត​ជិត​ស្និទ​របស់​ លោក ជា ​វិជ្ជា​រូប​នេះបាន​អំពាវ​នាវ​ជា​ថ្មី​ម្តង​ទៀត ​ឲ្យ​ស្វែង​រក​ឃាតករ​ពិត ​និង​អ្នក​ពាក់​ព័ន្ធ​មក​កាត់​ទោស ​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ លោក​ ជា​ វិជ្ជា ​អតីត​ប្រធាន​សហជីព​សេរីកម្មករ​កម្ពុជា​។​ លោក​ ជា​ វិជ្ជា ​ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​ព្រឹក​ នៅគ្រា​ដែល​លោក​កំពុង​អង្គុយ​អាន​កាសែត​នៅ​ក្បែរ​របង​វត្ត​ល័ង្កា​ កណ្តាល​ទី​ក្រុង​ភ្នំពេញ​ កាល​ពី​ឆ្នាំ​២០០៤​។

មក​ទល់​ពេល​នេះ ​នៅ​មិន​ទាន់​រក​ឃើញ​ជន​ដៃ​ដល់ និង​អ្នក​ពាក់​ព័ន្ធត្រូវ​នាំ​មក​កាត់ទោស​នៅឡើយ ​ខណៈ​បុរស​ពីរ​នាក់ ​ប៊ន ​សំណាង​ និង​ សុខ​ សំអឿន​ ត្រូវ​បាន​ដោះ​លែង​វិញ​ក្រោយ​រក​មិន​ឃើញ​កំហុស បន្ទាប់ពី​ជាប់​ពន្ធនាគារ​ជិត​១០​ឆ្នាំ។​

បើ​តាម​អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​សំណុំ​រឿង​ឃាតករ​កម្ម​ដ៍​រសើប ​និង​ល្បី​រន្ទឺ​មួយ​នេះ​នៅ​មិន​ទាន់​បិទ​បញ្ចប់​ទេ​។​ ជាមួយ​គ្នា​នោះ ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បង្កើត​គណៈកម្មការ​ពិសេស​មួយ​កាល​ពីខែ​មិថុនា​ឆ្នាំ​២០១៥​ ដើម្បី​បន្ត​ស៊ើប​អង្កេត ករណី ​លោក​ជា វិជ្ជា​ និង​មេដឹកនាំ​សហជីព​ពីរ​រូប​ផ្សេង​ទៀត គឺ​ លោក ​ហ៊ី ​វុទ្ធី ​និង​លោក​រស់ ​សុវណ្ណារ៉េត​។​ សមាសភាព​គណៈ​កម្មការ​ពិសេស​នេះ មាន​ការ​ចូល​រួម​ពី​ក្រសួង​មហាផ្ទៃ​ ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ និង​ក្រសួង​យុត្តិធម៌។​តែ​មក​ទល់ពេល​​នេះ​នៅមិន​ទាន់​មាន​តម្រុយ​អ្វី​ថ្មី​ដែល​ត្រូវ​បាន​រក​ឃើញ​នៅឡើយ​។​

សម្រាប់​ខួប​លើក​ទី​១៥​ឆ្នាំ​នៅ​ឆ្នាំ​២០១៩​នេះ ​សហជីព​សេរីកម្មករ​ ​បានដាក់​លិខិត​ជូន​ដំណឹង​រួច​ហើយ​ទៅ​សាលាក្រុង​ភ្នំពេញ ដោយ​គ្រោង​ជួប​ជុំ​សកម្មជន​សហជីព និង​សាច់​ញាត្តិ​ជនរងគ្រោះ​ជិត​២០០​នាក់​។​ ជា​ការ​ជួប​ជុំ​នៅ​មុខ​រូប​សំណាក​របស់ ​លោក​ ជា​ វិជ្ជា ​នៅ​លើ​សួន​ច្បារ​ខាង​លិច​វិមាន​ឯករាជ្យ​ក្បែរ​ទីតាំង​ដែល​កើត​ហេតុ​៕

What Next?

Recent Articles