លោក ហ៊ុន សែន ​ព្រមាន​ថា ​ការ​ដាក់​ទណ្ឌ​កម្ម​ណា​មួយ​លើ​កម្ពុជា​ស្មើ​នឹង​សម្លាប់​បក្ស​ប្រឆាំង​

ដោយ វណ្ណ សុគន្ធា
14/01/2019
RFI

media
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបជាមួយអ្នកកាសែតកាលពីឆ្នាំទៅ
@FB


នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​បើក​សម្ពោធ​ការ​ដ្ឋាន​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី៣​ប្រវែង​ជិត​៥៣​គីឡូម៉ែត្រ​ឆ្លង​កាត់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​។ ពី​វេទិកា​សម្ពោធ​នេះ លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ បាន​ប្រកាស​ប្រាប់​ជា​សាធារណៈ​ទៅ​កាន់​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ថា បើ​សិន​ជា​ហ៊ាន​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា គឺ​ស្មើ​នឹង​សម្លាប់​ក្រុម​គណបក្ស​ប្រឆាំង​ហើយ​។ 

នៅ​ចំពោះ​មុខ​អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា និង​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន​រយ​នាក់ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​អះ​អាង​ថា លោក​មិនចង់​ឮ​ពី​ការ​ព្រមាន​ដាក់​ទណ្ឌកម្ម​ណាមួ​យមក​លើ​កម្ពុជា​ទៀត​នោះ​ទេ​។ ​ដូច្នេះ​ហើយ​លោក​ព្រលយ​ថា ចង់​ដាក់​អ្វី​ក៏​ដាក់​ចុះ​។ ក៏​ប៉ុន្តែ​លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ព្រមាន​ថា ប្រសិន​មាន​ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​មក​លើ​កម្ពុជា គឺ​មាន​តម្លៃ​ស្មើ​នឹង​សម្លាប់​ក្រុម​បក្ស​ប្រឆាំង​កម្ពុជា​ហើយ​។

សម្រាប់​លោក​នាយក​រដ្ឋមន្រ្តី បើ​ទោះ​បី​អត់​គណបក្ស​ប្រឆាំង​ក៏​ដោយ ក៏​កម្ពុជា​នៅ​តែ​មាន​ពហុ​បក្ស​ដដែល​។ជាក់​ស្ដែង​កាល​ពី​ពេល​បោះ​ឆ្នោត​ជាតិ​កន្លង​ទៅ គឺ​មាន​ដល់​ទៅ​២០​គណបក្ស​ឯណោះ​ដែល​បាន​ចូល​រួម​បោះ​ឆ្នោត​។ តាម​លោក​នាយក​រដ្ឋ​មន្រ្តី នៅ​ពេល​នេះ​លោក​កំពុង​រង់​ចាំ​មើល​ប្រទេស​ប្រជា​ធិបតេយ្យ​មួយ​ចំនួន បើ​សិន​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​មែន នោះ​លោក​ក៏​នឹង​មិន​លើក​លែង​ដល់​ក្រុម​បក្ស​ប្រឆាំង ដែល​លោក​ចាត់​ទុក​ថា ជា​បរិវារ​របស់​ប្រទេស​ទាំង​នោះ​។

ការ​ព្រមាន​ខ្លាំងៗ​ពី​សំណាក់​នាយក​រដ្ឋមន្រ្តី​កម្ពុជា​នា​ពេល​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប ក៏​ដូច​ជា​សហ​រដ្ឋ​អាមេរិក​បាន​ព្រមាន​ពី​ការ​ដាក់​ទណ្ឌ​កម្ម​ពាណិជ្ជ​កម្ម​មក​លើ​កម្ពុជា​ក្រោម​ហេតុ​ផល​ចោទ​ថា រដ្ឋា​ភិបាល​ខ្មែរ​បាន​រំលោភ​បំពាន​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ម្តង​ជា​ពីរ​ដង បាន​ផ្តាំ​ទៅ​កាន់​ប្រទេស​ទាំង​នោះ​វិញ​ថា កុំ​ធ្វើ​ឲ្យ​មាន​កំហុស​ជា​លើក​ទី​បី​លើ​ប្រទេស​កម្ពុជា និង​ប្រជាពល​រដ្ឋ​កម្ពុជា​។ កំហុស​ទី​បី​នេះ គឺ​លោក​នាយក​រដ្ឋ​មន្រ្តី​ចង់​សំដៅ​លើ​ការ​ដាក់​ទណ្ឌកម្ម​នេះ​ឯង ដែល​វា​ប៉ះពាល់​ខ្លាំង​ដល់​ប្រជាពល​រដ្ឋ​កម្ពុជា​។

ប៉ុន្តែ​មន្រ្តី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ និង​អ្នក​ឯកទេស​ខាង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​យល់​ថា ការ​ព្រមាន​ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា​នេះ គឺ​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​ទាំង​នោះ​ចង់​ឲ្យ​កម្ពុជា​ល្អ​។ ល្អ ដោយ​ឲ្យ​វិល​មក​គោរព​សិទ្ធិ​មនុស្ស និង​ស្តារ​លទិ្ធ​ប្រជាធិបតេយ្យ​ឡើង​វិញ​។ ប៉ុន្តែ​រដ្ឋា​ភិបាល​ខ្មែរ​បាន​អះ​អាង​ថា កម្ពុជា​គ្មាន​បាន​បំពាន​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​អ្វី​ទេ ពោល​គឺ​កម្ពុជា​ធ្វើ​អ្វី​ទៅ​តាម​ច្បាប់​របស់​ខ្លួន​ក្នុង​នាម​ជា​នីតិរដ្ឋ​មួយ​តែ​ប៉ុណ្ណោះ​។ សម្រាប់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កម្ពុជា​មិន​ចង់​ធ្វើ​សត្រូវ​ជាមួយ​ប្រទេស​ណា​មួយ​ទេ គឺ​ចង់​ធ្វើ​មិត្តភក្តិ​ទាំង​អស់ តែ​ការ​ចូល​ជ្រៀត​ជ្រែក​បញ្ហា​ផ្ទៃ​ក្នុង និង​រំលោភ​អធិបតេយ្យ​ភាព​កម្ពុជា គឺ​ជា​រឿង​ដែល​មិន​អាច​ទទួល​បាន​ឡើយ​៕

What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន ​ព្រមាន​ថា ​ការ​ដាក់​ទណ្ឌ​កម្ម​ណា​មួយ​លើ​កម្ពុជា​ស្មើ​នឹង​សម្លាប់​បក្ស​ប្រឆាំង​"

  1. ពុទ្ធោ! ពុទ្ធោ! says:

    និយាយលេងឬនិយាយមែនបង សែន ថ្ងៃមុនបងឯងថាបក្សប្រឆាំងស្លាប់ហើយចុះឥឡូវបក្សប្រឆាំងគាត់ទាក់ទងឥនិងការដាក់ទណ្ឌកម្មនឹងដែរបង! ជួយប្រាប់មហាជនអោយលោកដឹងផងបានអត់! បងសែនឯងចេះតែយ៉ាងមិចក្នុងខ្លួនបានជានិយាយដូចភ័យៗមិចដឹងទេ។

  2. Anonymous says:

    you know what SAMAKMIT BONG will going hell in the next two month. wait to see who will doing it to him OK. please be patient time will come this evil can not getting away from what he has done. GOD bless Cambodia and it’s people

Leave a Reply

Submit Comment