សិស្ស​ពុល​អាហារ ១២ នាក់​ក្នុង​ចំណោម ១៤២ នៅ​បន្ត​ដេក​ពេទ្យ

សិស្សពុល​អាហារ​កំពុងសម្រាក​ព្យា​បាល​​​នៅ​មន្ទីរ​ពេទ្យ​។ នគរបាល




ភ្នំពេញប៉ុស្តិ៍

បន្ទាយ​មាន​ជ័យៈ មាន​សិស្ស​ចំនួន ១២ នាក់​ក្នុង​ចំណោម ១៤២ នាក់​ដែល​មាន​អាយុ​ពី ១២ ទៅ ១៦ ឆ្នាំ​នៅ​បឋម​សិក្សា​ប៉ោយ​សំរោង ស្ថិត​ក្នុង​ឃុំ​ស្រុក​ព្រះនេត្រ​ព្រះ​នៅ​មិន​ទាន់​ចេញ​ពី​មន្ទីរពេទ្យ​នៅ​ឡើយ​ទេ គិត​មក​ដល់​ថ្ងៃ​ម្សិលមិញ បន្ទាប់​ពី​ពួកគេ បាន​ពុល​ចំណី​អាហារ ដែល​ត្រូវ​បាន​ចែក​ជូន​ដោយ​ជន​ជាតិ​កូរ៉េ ១ ក្រុម​កាល​ពី​ថ្ងៃ​សុក្រ។

អធិការរង ស្រុក​ព្រះនេត្រព្រះ លោក ហៀ​ត ឈុន​ហៃ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា រហូត​មក​ដល់​ថ្ងៃ​អាទិត្យ មាន​កុមារ​ចំនួន ១២ នាក់ (ប្រុស ៩ នាក់) ក្នុង​ចំណោម​ក្មេង ១៤២ នាក់ កំពុង​សម្រាក​តាម​ដាន​សុខភាព នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក ព្រោះ​តែ​អាការ​ជំងឺ​របស់​ពួកគេ មិន​ទាន់​ធូរ​ស្បើយ។

លោក​ថ្លែង​ថា៖ «ខាង​សាលា​ហ្នឹង ក្រុម​ជន​ជាតិ​កូរ៉េ បាន​ចុះ​មក មាន​បាយ​ទទួល​ក្មេងៗ​គាត់​ចុះ​ខាង​ផ្នែក​យេស៊ូ​ហ្នឹង នៅ​ពេល​ល្ងាច​ក៏​ពុល​ភ្លាមៗ ប្រជាពលរដ្ឋ​ផ្តល់​ព័ត៌មាន​មក ក៏​ខាង​សមត្ថកិច្ច​ចុះ​ទៅ ដឹក​ជញ្ជូន​គាត់​មក​មន្ទីរពេទ្យ។
ពួកគាត់ (កុមារ ១៤២ នាក់) មាន​សភាព​អស់​ជាតិ​ទឹក​ច្រើន គាត់​ខ្សោយ គាត់​រាក​ផង​ក្អួត​ផង»។

សមត្ថកិច្ច​បា​នប​ញ្ចូ​ន​ចំណីអាហារ​ទាំងនោះ ទៅ​មន្ទីរពិសោធន៍​ដើម្បី​ឲ្យ​អ្នក​ជំនាញ​ធ្វើ​កោសល្យ​វិច័យ​ខណៈ​ការ​សន្និដ្ឋាន​ដំបូង​របស់​អាជ្ញាធរ ថា​អាច​បណ្ដាល​មក​ពី​ពុល​បន្លែ​មាន​ជាតិ​គីមី​ក្នុង​បាយ​ដែល​ក្រុម​ជនជាតិ​កូរ៉េ​ចុះ​ផ្សព្វផ្សាយ​សាសនា បាន​ចែក​ឲ្យ​ពួកគេ។

តាម​ការផ្តល់​ចម្លើយ​ដល់​សមត្ថកិច្ច ក្រុម​ជនជាតិ​កូរ៉េ និយាយថា ម្ហូបអាហារ​ដែល​ពួកគេ​បាន​ចែក​ជូន​ក្មេងៗ គឺ​មួយ​ចំនួន បាន​ទិញ​ពី​ផ្សារ ក្នុង​ក្រុង​សិរី​សោភ័ណ និង​មួយ​ចំនួន​បាន​ចម្អិន​ដោយ​ផ្ទាល់ រួច​ដាក់​ក្នុង​ប្រអប់​ស្នោ ដោយ​ចែក​ជូន​ក្មេងៗ បរិភោគ​តែ​ម្តង។

យ៉ាង​ណា សមត្ថកិច្ច​មិន​បាន​ឃាត់​ខ្លួន​ក្រុម​ជន​ជាតិ​កូរ៉េ​ទាំង​នោះ​ទេ ដោយ​គ្រាន់​តែ​ហៅ​មក​សាកសួរ ដើម្បី​ស្វែងរក​ប្រភព​ចំណី​អាហារ​នោះ​តែ​ប៉ុណ្ណោះ ហើយ​នៅ​ពេល​សាក​សួរ​ចប់ សមត្ថកិច្ច​ក៏បាន​ឲ្យ​ពួកគេ​ត្រឡប់​ទៅ​វិញ។ នេះ​បើ​តាម អធិការ​រង​រូប​នេះ។

លោក វ៉ា​ត់ វង់ នាយក​សាលា​បឋមសិក្សា​ប៉ោយ​សំរោង មិនអាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ ប៉ុន្តែ លោក​បាន​ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា នៅ​រសៀល​ថ្ងៃទី ១១ ខែ​មករា ឆ្នាំ ២០១៩ ជន​ជាតិ​កូរ៉េ ១ ក្រុម​ដែល​កាន់​សាសនា​គ្រិស្ត បាន​ចូល​មក​ក្នុង​សាលា ដើម្បី​សុំ​ផ្សព្វផ្សាយ សាសនា។

លោក​បន្ត​ថា៖ «នៅ​ក្នុង​នោះ ក្រុម​ជនជាតិ​កូរ៉េ ក៏មាន​រៀបចំ​ល្បែង​កម្សាន្ត​សម្រាប់​ពួក​ក្មេងៗ រួម​ទាំង​ចែក​ស្ករ​គ្រាប់ បាយ​កញ្ចប់ ទឹក​សុទ្ធ និង​អាវយឺត។ ក្រោយ​ពី​ចប់ ការ​លេង​ល្បែង​កម្សាន្ត​ក៏​នាំគ្នា​ញ៉ាំ​អាហារ​រួមគ្នា​ទាំង​សិស្ស គ្រូ និង​ក្រុម​ជន​ជាតិ​កូរ៉េ»។

លោក វ៉ា​ត់ វង់ បន្តថា ក្រោយពី​ញ៉ាំ​អាហារ​រួចក្មេងៗមួយ​ចំនួន ក៏មាន​អាការ​ទន់​ដៃ​ជើង ក្អួត​ចង្អោរ និង​ឈឺ​ពោះ រួច​ក៏ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។

កាលពីដើមឆ្នាំ ២០១៧ កន្លងទៅ សិស្សសាលា​ជាង ៣០០ នាក់ នៅឯ​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ បាន​ធ្លាក់​ខ្លួន​ឈឺ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជា​បន្ត​បន្ទាប់ បន្ទាប់​ពី​ពួកគេ បរិភោគ​ចំណី​អាហារ​ដែល​ត្រូវ​បាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​នៅ​ឃុំ​សំរោង​ចែក​ជូន។ ស្រដៀង​គ្នា​នេះ សិស្ស​សាលា​ជាង ៥០ នាក់​ផ្សេង​ទៀត នៅ​ឯ​អនុ​វិទ្យាល័យ​មួយ ក្នុង​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា​ឆ្នាំ ២០១៨ ក៏បាន​ក្អួត​ចង្អោរ ទន់​ដៃជើង ហើយ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផង​ដែរ ក្រោយ​ពី​ពួកគេ បរិភោគ​អាហារ​ដែល​លក់​នៅ​ក្នុង​សាលា​រៀន​នោះ។

លោក ​ស៊ុំ ចាន់​គា មន្ត្រី​សម្របសម្រួល​អង្គការ​អាដហុក​ប្រចាំខេត្ត​បន្ទាយ​មានជ័យ​បាន​លើក​ឡើង​ថា អាជ្ញាធរ​ហាក់​នៅ​មាន​ភាព​កម្សោយ​ក្នុងការ​ទប់ស្កាត់​លើ​បញ្ហា​នេះ ​ខណៈ​លោក​បារម្ភ​ថា វា​នឹង​នៅ​តែ​បន្ត​កើត​មាន និង​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​ពលរដ្ឋ​កាន់​តែ​ច្រើន​ទៅ​ថ្ងៃ​អនាគត។

លោក​សង្កត់​ធ្ងន់​ថា៖ «ការ​ដុត​ដៃ​ដុត​ជើង ទាល់​តែ​កើត​មាន​បញ្ហា​កើត​ឡើង​ហើយ បាន​នាំគ្នា​អន្តរាគមន៍ ដែល​ពី​មុន​មក មាន​បាន​យក​ចិត្ត​ទុក​ដាក់​ដែរ​អត់? ការ​ជួយ​ក្នុង​ពេល​នេះ គឺជា​ការ​ល្អ​មួយ​ដែរ តែ​គួរ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ធ្វើ​ឲ្យ​បាន​មុន​ហ្នឹង»។

បើតាម​របាយការណ៍រ​បស់​ក្រសួងសុខាភិបាល ចាប់ពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០១៧ មាន​មនុស្ស​ពុល​អាហារ និង​ពុល​ស្រា​បាន​ស្លាប់​ចំនួន ៤៧ នាក់ ក្នុង​ចំណោម​អ្នក​ពុល​ប្រមាណ ៣៨២៤ នាក់ ដែល​មូល​ហេតុ​នៃ​ការ​ពុល​មាន​ដូចជា ពុល​នំ​បញ្ចុក ពុល​ចំណី​អាហារ​ចម្រុះ ត្រី​ក្រពត ដំឡូង​ឈើ និង​ស្រា​ដែល​លាយ​សារ​ជាតិ​មេ​តាណុល​ជាដើម៕


Contact author: ឡុង គីមម៉ារីតា

What Next?

Recent Articles