អាជ្ញាធរ​សម្រេច​បិទ​មន្ទីរពេទ្យ​វ៉ិចតូរៀ បន្ទាប់​ពី​ផ្ទុះ​រឿង​បង្ខាំង​មនុស្ស​ជំរិត​ទារ​ប្រាក់​


|
https://www.vodhotnews.com

បុរស​ម្នាក់​អង្គុយ​នៅ​ក្នុង​តុ​ទទួល​ភ្ញៀវ​នៃ​មន្ទីរ​ពេទ្យ​វិកតូរៀ ចំ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​បិទ​មន្ទីរ​ពេទ្យ​ ក្រោយ​ពី​ផ្ទុះ​រឿង​បង្ខាំង​មនុស្ស​ជំរិត​ទារ​ប្រាក់។ រូបថត៖ ហ៊ុន សិរីវឌ្ឍន៍

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​សម្រេច​​ចុះ​បិទ​មន្ទីរ​ពេទ្យ​វ៉ិចតូរៀ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ បន្ទាប់​ពី​ផ្ទុះ​រឿង​ឃុំឃាំង​មនុស្ស​ទារ​ប្រាក់​ថ្លៃ​ព្យាបាល​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ។

នៅ​រសៀល​នេះ​ អាជ្ញាធរ​រាជធានី​ភ្នំពេញ រួម​មាន​ប្រធាន​មន្ទីរ​សុខាភិបាល​រាជ​ធានី​ភ្នំពេញ ព្រះ​រាជអាជ្ញា​ និង​អភិបាល​ខណ្ឌ​ទួលគោក​ផង​នោះ​ បាន​ចុះ​ទៅ​សាកសួរ កសាង​សំណុំ​រឿង និង​បិទ​មន្ទីរពេទ្យ​វ៉ិចតូរៀ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួល​គោក ដែល​ផ្ទុះ​រឿង​ឃុំ​ឃាំង​មនុស្ស​ដើម្បី​ជំរិត​ទារ​ប្រាក់បង់​សេវា​ព្យាបាល​។

អភិបាល​ខណ្ឌ​ទួល​គោក​ លោក ឯក ឃុនឌឿន បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថាប្រសិន​ជា​រក​ឃើញ​ដូច​ការ​ចោទ​ប្រកាន់​ពិតមែន​ម្ចាស់​គ្លីនិក​ឯកជន​មួយ​នេះ​អាច​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ផង​ដែរ។

លោក​ថា៖ «យើងកំពុងឲ្យមន្ទីរពេទ្យគាត់សហការជាមួយយើង ដើម្បីដោះស្រាយបញ្ហានេះ តែជាគោលការណ៍ គឺយើងរួមគ្នាអនុវត្តតាមផ្លូវច្បាប់»

ទោះ​ជា​យ៉ាង​ណា​ គ្មាន​តំណាង​មន្ទីរពេទ្យ​នេះ​ណា​ម្នាក់​ចេញ​មក​ទទួល​ខុសត្រូវ​លើ​រឿង​នេះ​នៅ​ឡើយ​ទេ​ ក្រៅ​ពី​បុគ្គលិក​រដ្ឋបាល ​២​នាក់ ​ដែល​នៅ​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​សមត្ថកិច្ច​។

បើ​តាម​អាជ្ញាប័ណ្ណ​បាន​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធ​ដារកាល​ពី​ឆ្នាំ​២០១៣ មន្ទីរ​ពេទ្យ​មួយ​នេះ កាន់​កាប់​ដោយ​​ជនជាតិ​ចិន​​ឈ្មោះ LIGLO កាន់​លិខិត​ឆ្លង​ដែន​លេខ G27153335។

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​​កម្ពុជា លោក សន ជ័យ គាំទ្រ​ចំពោះ​ការ​ចាត់​វិធានការណ៍​នេះ​ តែ​ថា ក្រសួងសុខាភិបាល​គួរតែ​មាន​វិធានការ​ត្រួត​ពិនិត្យ​ពី​ប្រព័ន្ធ​សុខាភិបាល​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​ច្បាស់លាស់ និង​ហ្មត់ចត់​ជាង​នេះ​ ដើម្បី​កុំ​ឲ្យ​មាន​រឿង​ហើយ​ ទើប​មាន​វិធាន​តាម​ក្រោយ​នោះ​។

លោក​ សន ជ័យ ប្រាប់ថា៖​ «វាខុសពីករណីប្លន់បើករណីប្លន់ទាល់តែមានប្លន់ បានមានប៉ូលិសចុះទៅធ្វើការ អញ្ចឹង រឿងពីរហ្នឹង វាត្រូវតែមានភាពសកម្មខុសគ្នា ក្រសួងសុខាភិបាល គឺត្រូវតែសកម្មជាងក្រសួងផ្សេងៗទៀត។ អញ្ចឹង សព្វថ្ងៃនេះ វាមានទម្រង់ដូចរឿងចោរប្លន់អញ្ចឹង ទាល់តែប្លន់ហើយទើបទៅចាប់ចោរ ប៉ុន្តែ វិស័យសុខាភិបាលមិនគួរមានរឿងអញ្ចឹងទេ​» 

VOD មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ លោក​ស្រី យក់ សម្បត្តិ និង​លោក​ស្រី ឱ វណ្ណ​ឌីន បាន​នៅ​ឡើយ​ ខណៈ​សារ​ដែល ​VOD ផ្ញើ​ទៅ​កាន់​លោក លី សូវ៉ាន់​ គ្មាន​ការ​ឆ្លើយ​តប។

កាលពីដើមឆ្នាំ២០១៥ ក្រសួងព័ត៌មានបានចេញលិខិតពីរជូនដំណឹងទៅមន្ទីរពេទ្យវ៉ិចតូរៀ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឲ្យបញ្ឈប់ការផ្សាយពាណិជ្ជកម្មពីសេវាកម្មបច្ចេកវិជ្ជាវះកាត់និងដេរព្រហ្មចារីស្ត្រីជាបន្ទាន់ ដោយថា ទង្វើនេះធ្វើឲ្យប៉ះពាល់ខ្លាំងដល់សីលធម៌ប្រពៃណី និងកិត្តិយសអ្នកជំងឺ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles