ក្រសួង​សុខាភិបាល បិទ​មន្ទីរពេទ្យ វ៉ិចតូរៀ ជា​ផ្លូវការ និង​ឃាត់​ខ្លួន​បុគ្គលិក​ម្នាក់

ដោយ សុ ជីវី
2019-01-15
RFA

មន្ទីរពេទ្យ​អន្តរជាតិ វ៉ិចតូរៀ (Victoria International Hospital) នៅ​ភ្នំពេញ ដែល​ក្រសួង​សុខាភិបាល​បិទ កាល​ពី​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ២០១៩។ Screenshot
មន្ទីរពេទ្យ​អន្តរជាតិ វ៉ិចតូរៀ (Victoria International Hospital) នៅ​ភ្នំពេញ ដែល​ក្រសួង​សុខាភិបាល​បិទ កាល​ពី​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ២០១៩។ Screenshot


ក្រសួង​សុខាភិបាល​ សម្រេច​បិទ​មន្ទីរពេទ្យ​អន្តរជាតិ វ៉ិចតូរៀ (Victoria International Hospital) ជា​ផ្លូវការ និង​ឃាត់​ខ្លួន​បុគ្គលិក​ម្នាក់ បន្ទាប់​ពី​រង​ការ​ចោទ​ថា បាន​បង្ខំ​អ្នក​ជំងឺ​ឲ្យ​វះកាត់​ក្នុង​តម្លៃ​ថ្លៃ​ខ្ពស់ និង​បាន​ឃុំ​អ្នក​ជំងឺ​ទុក ដើម្បី​ទាមទារ​ថ្លៃ​សេវា​វះ​កាត់​នោះ​ទៀត​ផង។ អ្នក​ជំនាញ​ផ្នែក​វិស័យ​សុខាភិបាល យល់​ថា ក្រសួង​សុខាភិបាល​គួរ​តែ​បញ្ជាក់​ហេតុផល ជា​សាធារណៈ​ឲ្យ​បាន​ច្បាស់​ជុំវិញ​ការ​បិទ​មន្ទីរពេទ្យ​ឯកជន​នេះ ដើម្បី​កុំ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ផ្សេងៗ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ​លោក ម៉ម ប៊ុនហេង បាន​បញ្ជា​ឲ្យ​បិទ​មន្ទីរពេទ្យ​អន្តរជាតិ វ៉ិចតូរៀ ជា​ផ្លូវ​ការ​តែ​ម្តង កាល​ពី​ថ្ងៃ​ទី១៤ ខែ​មករា បន្ទាប់​ពី​ក្រុម​ស្រាវជ្រាវ​របស់​ក្រសួង​មួយ​នេះ រក​ឃើញ​ថា មន្ទីរ​ពេទ្យ​ឯកជន​នេះ គ្មាន​ការ​គោរព​តាម​លិខិត​បទដ្ឋាន​របស់​ក្រសួង។

ក្នុង​លិខិត​របស់​ក្រសួង​សុខាភិបាល ដែល​អាស៊ី​សេរី​ទទូល​បាន​នៅ​ថ្ងៃ​ទី១៥ ខែ​មករា បញ្ជាក់​ថា អ្នកស្រី​វេជ្ជបណ្ឌិត សៀង សុគន្ធ អ្នក​ទទួល​ខុស​ត្រូវ​មន្ទីរពេទ្យ វ៉ិចតូរៀ ត្រូវ​អនុវត្ត​សេចក្តី​សម្រេច​នេះ ឲ្យ​មាន​ប្រសិទ្ធភាព។

អាស៊ី​សេរី មិន​ទាន់​អាច​ស្វែង​រក​ប្រភព​ទាក់ទង​អ្នកស្រី​វេជ្ជបណ្ឌិត សៀង សុគន្ធ និង​តំណាង​មន្ទីរពេទ្យ​អន្តរជាតិ វ៉ិចតូរៀ បាន​ទេ នៅ​ថ្ងៃ​ទី១៥ ខែ​មករា។

អភិបាល​ខណ្ឌ​ទួល​គោគ លោក ឯក ឃុនដឿន ប្រាប់​អាស៊ី​សេរី​ដោយ​ខ្លី​ថា មន្ទីរពេទ្យ​អន្តរជាតិ វិច តូរៀ ពិត​ជា​បិទ​ជា​ផ្លូវការ​មែន ហើយ​លោក​ដឹង​ថា អាជ្ញាធរ​បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន​ម្នាក់ ដែល​ជា​អ្នក​គិត​លុយ​របស់​មន្ទីរពេទ្យ៖ «យើង​បាន​ចុះ​ទៅ​បិទ​មន្ទីរពេទ្យ ហើយ​ក្នុង​នោះ​យើង​បាន​នាំ​ខ្លួន​តែ​បុគ្គលិក​ម្នាក់​ដែល​ជា​អ្នក​គិត​លុយ​មក​សាកសួរ​បន្ត ព្រោះ​អី​យប់​កើត​នោះ បុរស​គិត​លុយ​ជា​អ្នក​ប្រាប់​ម្តាយ​ជន​រង​គ្រោះ​បង់​លុយ។នេះ​បើ​តាម​ការ​ចង្អុយ​របស់​ម្តាយ​រង​គ្រោះ។ សមត្ថកិច្ច​គេ​កំពុង​តែ​ស្រាវជ្រាវ​បន្ត»

អាស៊ីសេរី បាន​ព្យាយាម​ទំនាក់ទំនង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង និង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន ជា​ច្រើន​លើក ប៉ុន្តែ​ពុំ​ទទូល​ទូរស័ព្ទ។

ទោះ​យ៉ាង​នេះ​ក្តី សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះផ្សាយ​ថា ក្រៅ​ពី​បិទ​មន្ទីរពេទ្យ​អន្តរជាតិ វ៉ិចតូរៀ នោះ គឺ​អាជ្ញាធរ​បាន​ឃាត់​ខ្លួន​បុគ្គលិក​ពេទ្យ​ចំនួន ៤នាក់​បន្ថែម​ទៀត ដើម្បី​បញ្ជូន​ទៅ​សាកសួរ​នៅ​សាកសួរ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

ព្រះរាជអាជ្ញាធររង និងជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាន់ណា បដិសេធ​មិន​ឆ្លើយ​តប​ផ្ទាល់​មាត់​តាម​ទូរស័ព្ទ​ជាមួយ​អាស៊ី​សេរី​នោះ​ទេ ដោយ​ស្នើសុំ​ឲ្យ​ផ្ញើ​សារ​ទៅ​លោក​វិញ ប៉ុន្តែ​ទោះ​បី​ជា​ផ្ញើ​សារ​ទៅ​លោក​ក្តី ក៏​មិន​មាន​ការ​ឆ្លើយ​តប​ដែរ៖ «សូម​ទម្លាក់​សារ (Message) មក​ណា ព្រោះ​ខ្ញុំ​ជាប់​ប្រជុំ​តិច​បាទ»

មន្ទីរពេទ្យ វ៉ិចតូរៀ ស្ថិត​នៅ​ផ្លូវ​លេខ៣១៥ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ និង​ត្រូវ​គេ​ដឹង​ម្ចាស់​មន្ទីរពេទ្យ​នេះ គឺ​ជា​ជន​ជាតិ​ចិន។

នគរបាល​ប៉ុស្តិ៍​នៃ​នគរបាល​ខណ្ឌ​ទួល​គោក​ម្នាក់ ប្រាប់​អាស៊ី​សេរី​ថា លោក​ដឹង​ថា មាន​ការ​ឃាត់​ខ្លួន​បុគ្គលិក​ពេទ្យ វ៉ិចតូរៀ ចាប់​ពី ៦ ទៅ ៨នាក់ ក្នុង​នោះ​មាន ៦នាក់​ជា​ជន​ជាតិ​ចិន បញ្ជូន​ទៅ​នគរបាល​អន្តោប្រវេសន៍៖ «ខ្ញុំ​អត់​បាន​ដឹង​ទេ តែ​ដំបូង​ថា ឃាត់​ខ្លួន​មនុស្ស ៨នាក់ តែ​ឥឡូវ​នេះ ឮ​សូរ​ថា ៦នាក់ ហើយ​នឹង​ម្នាក់​ទៀត​នៅ​ខណ្ឌ។ ៦នាក់​នោះ យក​ទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍»

ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​សរុប​​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក កែម សារិន បដិសេធ​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ។

វិធានការ​របស់​ក្រសួង​សុខាភិបាល​នេះ បន្ទាប់​ពី​មន្ទីរ​ពេទ្យ វ៉ិចតូរៀ រង​ការ​ចោទ​ថា កាល​ពី​យប់​ថ្ងៃ​ទី១៣ ខែ​មករា មាន​អ្នក​ជំងឺ​ម្នាក់ ទៅ​ពិនិត្យ​ជំងឺ​ក្នុង​មន្ទីរពេទ្យ​នោះ ហើយ​គ្រូពេទ្យ បាន​បង្ខិតបង្ខំ ឲ្យ​អ្នក​ជំងឺ​វះ​កាត់ ដោយ​មិន​ប្រាប់​ពី​អាការៈ​ជំងឺ​ឲ្យ​ច្បាស់លាស់ និង​បំភ័យ​ថា បើ​មិន​វះ​កាត់​អាច​ត្រូវ​ស្លាប់។ ទោះ​យ៉ាង​ណា​គ្រួសារ​អ្នក​ជំងឺ ប្រាប់​គ្រូ​ពេទ្យ​ថា ខ្លួន​មាន​លុយ​តែ ៦រយ (៦០០)ដុល្លារ និង​សុំ គ្រូពេទ្យ​ចេញ​ក្រៅ តែ​គ្រូពេទ្យ នៅ​តែ​បន្ត​ទាមទារ​វះ​កាត់​ដដែល ដោយ​មិន​បាន​ប្រាប់​ពី​តម្លៃ​ព្យាបាល​ជា​មុន​នោះ​ទេ។ បន្ទាប់​ពី​វះ​កាត់​រូច មន្ទីរ​ពេទ្យ បាន​ចេញ​វិក័យប័ត្រ​ថ្លៃ​សេវា​វះ​កាត់​ជាង ២ពាន់ (.០០០) ដុល្លារ​ទៀត ប៉ុន្តែ​ដោយ​អ្នក​ជំងឺ​ពុំ​មាន​លុយ​ឲ្យ​គ្រប់​ចំនួន ក៏​ខាង​មន្ទីរពេទ្យ​បាន​ចាក់​សោ បិទ​ទ្វារ​បង្ខាំង​អ្នក​ជំងឺ និង​ម្តាយ​អ្នក​ជំងឺ​មិន​ឲ្យ​ចេញ​ក្រៅ​នោះ​ទេ លុះ​ត្រា​តែ​មាន​លុយ​គ្រប់​ចំនួន។

អ្នកជំនាញសុខភាពសាធារណៈ លោក វេជ្ជបណ្ឌិត លី ចេងហ៊ុយ លើក​ឡើង​ថា លោក​មិន​ទាន់​ជឿ​ថា ភាគី​ខាង​ណា​ខុស​នោះ​ទេ ព្រោះ​ពេល​នេះ មិន​ទាន់​មាន​ចម្លើយ​ពី​ខាង​គ្រូពេទ្យ​នោះ​មាន​តែ​ខាង​គ្រួសារ​អ្នក​ជំងឺ​ប៉ុណ្ណោះ។ លោក​ពន្យល់​ថា ការ​ព្យបាល​ជំងឺ​ដោយ​ការ​វះ​កាត់ លុះត្រា​មាន​ការ​ព្រមព្រៀង​គ្នា​រវាង​គ្រួពេទ្យ និង​អ្នក​ជំងឺ ប៉ុន្តែ​បើ​គ្មាន​លិខិត​ព្រម​ព្រៀង​ទេ គឺ​មិន​អាច​វះ​កាត់​បាន​ទេ៖ «បើ​គាត់​មាន​កិច្ចព្រមព្រៀង គឺ​យើង​មើល​ទៅ​លើ​កិច្ច​ព្រមព្រៀង​នោះ បើ​កិច្ច​ព្រមព្រៀង​នោះ គាត់ (ពេទ្យ) អាច​វះ​គាត់ និង​ព្រម​យក​តែ ៦រយ​ដុល្លារ​ទេ ឬ​ក៏​យ៉ាង​ម៉េច ឬ​ក៏​ទទូល​យក ៥០ភាគ​រយ ឬ​ក៏​យ៉ាង​ម៉េច។អ៊ីចឹង​ត្រូវ​ផ្អែក​លើ​កិច្ច​ព្រមព្រៀង ព្រោះ​មនុស្ស​សព្វ​ថ្ងៃ​នេះ មិន​ថា​អ្នក​មាន​វិជ្ជាជីវៈ និង​អ្នក​ជំងឺ ឬ​ក៏​គ្រូពេទ្យ​ទេ គឺ​មួយ​ចំនួន​ធំ​បាត់បង់​សីលធម៌​ទៅ​ហើយ។ ការ​បាត់បង់​សីលធម៌​នេះ អ្នក​ជំងឺ ក៏​អាច​ភូត​មន្ទីរពេទ្យ​បាន ហើយ​មន្ទីពេទ្យ ក៏​អាច​គាប​សង្កត់​យក​លុយ​ពី​អ្នក​ជំងឺ​ដែរ។ ខ្ញុំ​យល់​ថា ទាល់​តែ​ពិនិត្យ​មើល​លើ​កិច្ច​ព្រមព្រៀង​ករណី​នេះ»

លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ បន្ត​ថា ក្រសួង​សុខាភិបាល គួរ​តែ​ចេញ​បញ្ជាក់​ហេតុផល​ជា​សាធារណៈ​ឲ្យ​បាន​ច្បាស់លាស់ និង​លម្អិត​អំពី​ការ​បិទ​មន្ទីរពេទ្យ ព្រោះ​មិន​អាច​មាន​រឿង​តិចតួច​ចេះ​តែ​បិទ និង​បើក​វិញ​នោះ​ទេ ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​វិស័យ​សុខាភិបាល៖ «ទី​១ ការ​ធ្វើ​អី​មួយ គួរ​តែ​មាន​លក្ខណៈ​វិនិច្ឆ័យ​ឲ្យ​គ្រប់​ជ្រុងជ្រោយ និង​លម្អិត។ ទី២ ខ្ញុំ​គិត​ថា​ វិធានការ​គួរ​តែ​មាន​ហេតុផល​ត្រឹម​ត្រូវ ហើយ​គួរ​តែ​ឲ្យ​បាន​ល្អ ហើយ​ឲ្យ​មាន​ប្រសិទ្ធិភាព​បំផុត។ ប្រសិន​បើ​មន្ទីរ​ពេទ្យ​នោះ​ខុស​មែន ខ្ញុំ​គិត​ថា វិធានការ​របស់​ក្រសួង​សុខាភិបាល គឺ​ល្អ​មែន​ទែន គឺ​បាន​ជួយ​អន្តរាគមន៍​ដល់​ប្រជា​ពលរដ្ឋ​បាន​ល្អ។ ផ្ទុយ​ទៅ​វិញ បើ​កំហុស​នេះ មិន​មែន​ជា​កំហុស​របស់​មន្ទីរពេទ្យ ហើយ​ត្រូវ​ក្រសួង​បិទ​លឿន​ពេក អ៊ីចឹង​ពេល​នោះ​ប៉ះពាល់​អារម្មរណ៍​អ្នក​អាជីវកម្ម ទាក់ទង​នឹង​វិស័យ​សេវាកម្ម​សុខាភិបាល​ហើយ ព្រោះ​ថា ការ​បិទ​មន្ទីរពេទ្យ ចំណាយ​អស់​លុយ​ច្រើន​ណាស់»

វេជ្ជបណ្ឌិត លី ចេងហ៊ុយ លើក​ឡើង​ថា សព្វថ្ងៃ​នេះ ប្រជា​ពលរដ្ឋ​ប្រហែល​លើស​ពី ៥០ភាគ​រយ បាន​បាត់​បង់​ទំនុក​ចិត្ត​លើ​គុណភាព​សេវា​សុខាភិបាល​នៅ​កម្ពុជា​ទាំង​ឯកជន និង​រដ្ឋ ហើយ​ពួក​គេ បាន​សម្រេច​ចិត្ត​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស។ លោក​ស្នើសុំ​ឲ្យ​ក្រសួង​សុខាភិបាល ត្រូវ​ធ្វើ​កំណែ​ទម្រង់​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​ពង្រឹង​គុណភាព​សេវា​សុខាភិបាល និង​ស្តារ​ទំនុក​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles