បទយកការណ៍៖ ពលរដ្ឋរស់នៅលើច្រាំងទន្លេទល់​មុខ​តំបន់កោះពេជ្រ ទទួលបានការគាំពារតិចតួច


|
https://www.vodhotnews.com

ពលរដ្ឋរស់នៅលើច្រាំងទន្លេទល់មុខតំបន់កោះពេជ្រ។ រូបភាព៖ ពេជ្រ ចំរុង

ឈរ​សម្លឹង​មើល​ពី​ច្រាំង​ខាង​កើត​នៃ​ទន្លេ​បាសាក់ អគារ​ខ្ពស់ៗ​ជាច្រើន បាន​លេច​រូប​រាង​ឡើង​​​នៅ​លើ​ដី​កោះ​ពេជ្រ ដែល​អគារ​ខ្លះ​ត្រូវ​បាន​សាង​សង់​រួច​រាល់​ទាំង​ស្រុង​ទៅ​ហើយខណៈ​ដែល​អគារ​ខ្លះ​ទៀត កំពុង​ស្ថិត​ក្នុង​ដំណើរការ​សាង​សង់​នៅ​ឡើយ ដែលអគារ​ទាំង​នោះ​បាន​ឆ្លុះ​បញ្ចាំង​ពី​កំណើន​នគរូបនីយកម្ម​នៅ​រាជ​ធានី​ភ្នំពេញ។

ប៉ុន្តែ នៅ​ត្រើយ​ខាង​កើត​នៃ​ទន្លេ​បាសាក់​ដែល​ខណ្ឌ​ចែក​ទឹកដី​ខណ្ឌ​ច្បារអំពៅ​នោះសំណង់​លំនៅឋាន​ប្រជា​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​ស្ថិតនៅ​តាម​មាត់​ទន្លេ​បាសាក់​នេះស្ថិត​លើ​ដំណើរ​​ផ្ទុយ​គ្នា​ទៅ​នឹង​សន្ទុះ​នៃ​នគរូបនីយកម្ម​​​សំណង់​កំពុង​រីក​លូត​លាស់​នៅ​លើ​ដែន​ដី​កោះ​ពេជ្រ​​ទៅ​វិញ។

ពលរដ្ឋរស់នៅលើច្រាំងទន្លេទល់មុខតំបន់កោះពេជ្រ។ រូបភាព៖ ពេជ្រ ចំរុង


ប្រជាពលរដ្ឋរស់នៅលើច្រាំងទន្លេនេះ កំពុង​ប្រឈមបញ្ហាលំបាកជាច្រើន ដូចជាការ​បាក់​ច្រាំង​ទន្លេ កង្វះ​បង្គន់អនាម័យ កង្វះ​ការ​ទទួល​បាន​ចរន្ត​អគ្គិសនី​របស់​រដ្ឋនិងមិនសូវទទួលបានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ។

កំពុង​នៅ​ជុំ​ជាមួយម្ដាយអាយុ ៧០ឆ្នាំ និងកូនតូចពីរនាក់នៅក្នុងផ្ទះមានជញ្ជាំង និងដំបូលសង់ឡើងពីស័ង្កសី​ចាស់ៗ​នោះ អ្នកស្រី វង្ស ម៉ូរ៉ា ដែល​អះ​អាង​ថា ជា​បុគ្គលិក​ផ្នែក​អនាម័យ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​កន្លែង​នោះ បាន​រៀបរាប់​មក​កាន់​អ្នក​សារព័ត៌មាន ​វីអូឌី​ ថា អ្នកស្រីនិងក្រុមគ្រួសារ បានតស៊ូរស់នៅលើច្រាំងទន្លេដែលស្ថិតក្នុងភូមិដើមស្លែងទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារ​អំពៅ​នេះ អស់រយៈពេលជាង៣០ឆ្នាំមកហើយ ចាប់​តាំងពីអ្នកស្រីនៅកុមារភាពម្ល៉េះ។

ពលរដ្ឋរស់នៅលើច្រាំងទន្លេទល់មុខតំបន់កោះពេជ្រ។ រូបភាព៖ ពេជ្រ ចំរុង


អ្នកស្រីបន្ដថា៖ «១ខែ ៥០ទៅ៦០ដុល្លារឯណោះ យើងធ្វើការ ១ខែបានតែ ១៥០ដុល្លារហ្នឹង នៅថ្លៃផ្ទះ ថ្លៃទឹក ថ្លៃភ្លើង គ្រាន់តែភ្លើង ខ្ញុំ ១ខែជិត ១០ម៉ឺន។ គេមានដី គេតមក​ពី​រដ្ឋ ​យើងតពីគេមកវិញ ពេលខ្លះគេត្រូវចិត្តអញ្ចឹងទៅ គេឲ្យយើងត ពេលគេអត់ត្រូវចិត្ត គេផ្ដាច់ភ្លើង ផ្ដាច់ទឹកអញ្ចឹងទៅ»

ស្ត្រី​វ័យ ៣២​ឆ្នាំ​រូប​នេះ បាន​ឲ្យ​ដឹង​ថា គ្រួសារ​អ្នក​ស្រី​បាននិង​កំពុង​ប្រឈម​មុខ​នឹង​កង្វះ​ខាត​ការ​ផ្គត់​ផ្គង់​ហេដ្ឋា​រចនា​សម្ព័ន្ធនិង​សេវា​រដ្ឋ​បែប​នេះ បន្ទាប់​ពី​គ្រួសារ​អ្នកស្រី​បាត់​បង់​ដី​ធ្លី ដែល​បាន​បាក់​ចូល​ក្នុង​ទឹក​ទន្លេ។

អ្នកស្រីបន្ដថា៖ «បាក់ហ្នឹង ម៉ាយប់អី ២ម៉ែត្រ ៣ម៉ែត្រ ទៅ១០មែត្រ ម៉ាយប់អី បាក់។ ដីយើងមាន កាលទឹកឡើង ពេលស្រកចុះវិញគឺត្របាក់យកមកតែ​ម្ដង។ យាយខ្ញុំ គាត់នៅហ្នឹង គាត់មានដី​ម៉ាតូចល្មមនៅអញ្ចឹង។ មានលុយឯណាទៅនៅ បើដីចូលទន្លេបាត់ មានដីណាលក់។ ទាល់តែដីដោះដូរទៅ យើងអាចលក់ទៅ យើងទៅនៅវីឡានៅអី ក្រហើយបានទ្រាំនៅរាល់ថ្ងៃហ្នឹង ប៉ុន្ដែ ឥឡូវដីហ្នឹង គេផ្អើលៗ ជិតលក់ហើយ»

ពលរដ្ឋម្នាក់ទៀតដែលរស់នៅលើច្រាំងទន្លេនេះដែរ អ្នកស្រី ស្រ៊ុន ចាន់ធៀង ឲ្យដឹងថាអ្នកស្រីក៏ជាពលរដ្ឋរងគ្រោះដោយសារការបាក់ច្រាំងទន្លេ កាលពីជាង ១០ឆ្នាំមុនផងដែរ ហើយថាសព្វថ្ងៃ អ្នកស្រី និងគ្រួសារដែលមានកូនៗ ៥នាក់ បានសម្រេចចិត្តជួលដី និងផ្ទះគេដើម្បីស្នាក់អាស្រ័យដូចពលរដ្ឋឯទៀត។

អ្នកស្រីបន្ដថា៖ «ហ្នឹងហើយជាពិសេសអត់បង្គន់ហ្នឹង ពេលបន់ជើង ច្រកថង់បោះចោលទឹកទន្លេ។ សំខាន់ឲ្យសុំតែទឹក ហើយភ្លើងចូលមកដល់នេះ កុំឲ្យថ្លៃពេក ព្រោះអីផ្ទះអត់សូវថ្លៃទេ។ មួយខែទឹកហើយនិងភ្លើងស្មើនឹងផ្ទះដែរហ្នឹង។ ណាមួយ យើងនៅស្រុកយើងនៅហ្នឹង បើគេលក់អស់អាហ្នឹង ចាំយើងបែកគ្នា»

ពលរដ្ឋម្នាក់ទៀត គឺលោក ប៊ុច ផុន និយាយថា ពលរដ្ឋរស់នៅលើច្រាំងទន្លេនេះមានចំនួនជិត៣០គ្រួសារ ហើយពួកគេសុទ្ធសឹងជាជនរងគ្រោះដោយសារការបាក់ច្រាំងទន្លេ។ លោកថា អ្នកភូមិរស់នៅលើច្រាំងទន្លេនេះមិនទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរនោះទេ ដូចជា មិនមានសេវាទឹកភ្លើង គ្មានបង្គន់អនាម័យនិងសេវាសាធារណៈផ្សេង​ទៀត។

ពលរដ្ឋរស់នៅលើច្រាំងទន្លេទល់មុខតំបន់កោះពេជ្រ។ រូបភាព៖ ពេជ្រ ចំរុង


លោកបន្ដថា៖ «អត់ទេ និយាយរួមចំទៅ​ ប៉ូលិស អាជ្ញាធរ គាត់គិតថា រឿងគេមិនមែនរឿងខ្ញុំផង។ ខាងខ្ញុំ រឿងគេចាប់វាយគ្នាឈ្លោះគ្នា គាត់មកដល់វិញ។ អត់មាននិយាយស្អីទេ។​ ឥឡូវម្នាក់ដែលជួលដីគេ ២៥ដុល្លារ ឬ ១០ម៉ឺនចុះ អាហ្នឹងចំពោះភ្លើង​ ហើយទឹកទៀត។ អញ្ចឹង គាត់ ១ខែ អន់ណាស់​ក៏ជាង ៥០ដុល្លារ អាហ្នឹងគិតទឹក​ភ្លើងផ្ទះ»

លោក ប៊ុច ផុន សំណូមទៅរដ្ឋាភិបាលជួយគិតគូដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅលើច្រាំងទន្លេនេះដោយថា អ្នកភូមិរស់នៅលើច្រាំងទន្លេនេះ សុទ្ធសឹងជាប្រជាពលរដ្ឋក្រីក្រ គ្មានផ្ទះសម្បែងនិងដីធ្លីច្បាស់លាស់ បន្ទាប់ដី និងផ្ទះរបស់ពួកគាត់បានបាក់រលំចូលទៅក្នុងទឹកទន្លេអស់។

លោកបន្ដថា៖ «យើងចង់ឲ្យគាត់ជួយទៅហើយ ប៉ុន្ដែ បើគាត់មិនអើពើអីផង យើងទៅរកពីណាឲ្យជួយយើង […] ចិត្តខ្ញុំដូចខ្ញុំប្រាប់ពីមុនអញ្ចឹង ត្រូវចង់បានទឹកហើយភ្លើង។ អាហ្នឹងគឺធូរមួយកម្រិត គឺធូរពាក់កណ្ដាល»

ប្រធានភូមិដើមស្លែងទី១ នៃសង្កាត់ច្បារអំពៅទី២ លោក ខៀវ ជួង ឲ្យដឹងថា ពលរដ្ឋរស់នៅលើច្រាំងទន្លេក្នុងភូមិដើមស្លែងទី១នេះមានចំនួន ២៧គ្រួសារ ក្នុងនោះ មានតែ ៦គ្រួសារប៉ុណ្ណោះមានប័ណ្ឌកម្មសិទ្ធិលើដីធ្លី។

មេ​ភូមិ​រូប​ប្រាប់​ថា មូលហេតុដែលអាជ្ញាធរមិនអាចរៀបចំតភ្ជាប់បណ្ដាញទឹក និងអគ្គិសនីចូលក្នុងតំបន់នេះបានគឺដោយសារពួកគាត់រស់នៅលើដីឯកជនគ្មានប័ណ្ណកម្មសិទ្ធិផ្ទាល់ខ្លួន និងថា
ការតភ្ជាប់ទាំងឡាយអាចធ្វើទៅបាន លុះត្រាមានការយល់ព្រមពីម្ចាស់ដីដែលពាក់ព័ន្ធប៉ុណ្ណោះ។

លោកបន្ដថា៖ «ពីដើមមកយើងរៀបរយដែរ គាត់មានកម្មសិទ្ធិរៀងខ្លួនៗ។ មួយផ្ទះៗ មានការកាន់កាប់ដីត្រឹមត្រូវ ប៉ុន្ដែ ដោយបាក់ច្រាំងអស់អញ្ចឹងទៅ រប៉ាត់​រប៉ាយ គាត់ចេះតែរំកិលមកៗ។ ឥឡូវផុតអស់អាកម្មសិទ្ធិគាត់ហ្នឹង គាត់មកជួលដីគេនៅ ហើយដីនេះវាអត់មានផ្លូវទៀត ដើរកាត់ហ្នឹង គឺដីរបស់គេទេ។ អញ្ចឹង ការដោះស្រាយរបស់អាជ្ញាធរ វាពិបាកដែរ យើងទៅធ្វើលើដីគេវាម៉េចនឹង​បាន»

មន្ដ្រីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ថាការមិនមានបណ្ណកម្មសិទ្ធ ឬប្លង់កាន់កាប់ដីធ្លី មិនមែនជាមូលហេតុធ្វើឲ្យពលរដ្ឋបាត់បង់សិទ្ធិទទួលបានសេវាសាធារណៈនោះទេ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា


លោកបន្ដថា៖ «បើយើងនិយាយពីសិទ្ធិពលរដ្ឋក្នុងការទទួលបានសេវាសាធារណៈពីអាជ្ញាធរ រដ្ឋាភិបាលគួរតែបែងចែកឲ្យបានដាច់ ព្រោះ វាមិនពាក់ព័ន្ធអីទៅហ្នឹងការរស់នៅទាល់តែដីមានកម្មសិទ្ធិបាន បានមានសិទ្ធិប្រើប្រាស់សេវាទាំងអស់ហ្នឹងទេ។ សូមឲ្យអាជ្ញាធរ គាត់គិតបញ្ហាទាំងអស់ហ្នឹងឡើងវិញ»

លោកបន្ដថា ពលរដ្ឋដែលកំពុងរស់នៅច្រាំងទន្លេនេះ អាចស្នើសុំសិទ្ធិលើដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាលបានដោយថា ពួកគេធ្លាប់មានប័ណ្ណកម្មសិទ្ធិផ្ទាល់ខ្លួន និងរងគ្រោះដោយសារការបាក់ច្រាំងទន្លេ។

លោកបន្ដថា៖ «បើសិនជាគាត់អ្នកអត់ដីពិតប្រាកដ ហើយធ្លាប់រងគ្រោះដោយបាក់ច្រាំងទន្លេអីអញ្ចឹង ខ្ញុំជឿជាក់ថា អាជ្ញាធរនឹងមានការគិតគូដើម្បីផ្ដល់សម្បទានសង្គមកិច្ចដល់គាត់ ព្រោះគាត់អាចនឹងដាក់ស្នើសុំតាមអាជ្ញាធរសង្កាត់ដែលគាត់រស់នៅហ្នឹង»

ក្រុមប្រជាពលរដ្ឋរស់នៅភូមិដើមស្លែងទី១ ក៏អំពាវនាវទៅរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធជួយទំនុកបម្រុងផ្សេងៗដល់ពួកគេ ជាពិសេស ប្រសិនបើម្ចាស់ដីលក់ដីនេះទៅឲ្យក្រុមហ៊ុន ឬនៅពេលពួកគេជួបបញ្ហាបាក់ច្រាំងទន្លេម្ដងទៀតនោះ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles