ដោយ ហេង រស្មី
2019-01-15
RFA
លោក ចូសេហ្វ ហ្វែលធើ (Dr. Joseph H. Felter) (ឆ្វេង) ចាប់ដៃគ្នាជាមួយលោក នាង ផាត (ស្តាំ) ក្នុងជំនួបនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។ រូបថតដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា
មន្ត្រីជាន់ខ្ពស់ផ្នែកការពារជាតិមួយរូបរបស់សហរដ្ឋអាមេរិកមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៥ និង ១៦ ខែមករា ដើម្បីជជែកគ្នាពីរឿងពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។ របបក្រុងភ្នំពេញស្វាគមន៍ចំពោះកិច្ចពិភាក្សាលើកស្ទូយវិស័យយោធា ក៏ប៉ុន្តែមិនស្វាគមន៍ឡើយចំពោះការលើកឡើងពីរឿងនយោបាយក្នុងស្រុករបស់កម្ពុជា។
ឧបការីរងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បណ្ឌិត ចូសេហ្វ ហ្វែលធើ (Dr. Joseph H. Felter) បានជួបជាមួយរដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា លោក នាង ផាត នៅព្រឹកថ្ងៃទី ១៥ មករា ដើម្បីពិភាក្សាគ្នាអំពីចង្ខុវិស័យរួម ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយដែលបើកចំហ និងមានភាពសេរី ព្រមទាំងពិភាក្សាពីរបៀបដែលទំនាក់ទំនងល្អលើវិស័យយោធា អាចជួយឱ្យកម្ពុជារក្សានូវអធិបតេយ្យភាពរបស់ខ្លួនបានដោយពេញលេញគ្មានការបង្ខិតបង្ខំ ធានាបាននូវសន្តិភាពជាតិ វិបុលភាព និងឯករាជ្យភាពសម្រាប់មនុស្សជំនាន់ក្រោយ។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកនៅថ្ងៃទី ១៥ មករា ឱ្យដឹងថា រឿងសំខាន់មួយទៀតដែលលោក ចូសេហ្វ ហ្វែលធើ (Dr. Joseph H. Felter) ត្រូវលើកឡើងនោះ គឺការលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរតាមរយៈការទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយលើលោក កឹម សុខា និងអនុញ្ញាតឱ្យសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយអាចដំណើរការបានដោយគ្មានការរារាំង ខណៈដែលកម្ពុជាកំពុងបន្តពង្រឹងស្ថាប័នជាតិ និងអនុវត្តកំណែទម្រង់ទាំងឡាយ។
នេះជាលើកទីមួយហើយសម្រាប់ឆ្នាំ ២០១៩ ដែលមន្ត្រីការពារជាតិអាមេរិកមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ខណៈទំនាក់ទំនងកម្ពុជា–អាមេរិក នៅលើវិស័យនយោបាយ និងយោធា ហាក់មិនមានដំណើរការល្អប៉ុន្មាននោះឡើយ ដោយសាររបបក្រុងភ្នំពេញបានបង្ហាញជំហរលម្អៀងខ្លាំងទៅរកមហាអំណាចចិន ដែលជាគូប្រជែងដ៏ធំរបស់អាមេរិក។
មន្រ្តីនាំពាក្យរបបក្រុងភ្នំពេញលោក ផៃ ស៊ីផាន ថ្លែងថា កម្ពុជាស្វាគមន៍រាល់ជំនួបជាមួយមន្ត្រីការពារជាតិអាមេរិក ក្នុងគោលបំណងពង្រឹងទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ និងការជួយលើកស្ទួយឯករាជ្យភាពរបស់កងទ័ពកម្ពុជា ក៏ប៉ុន្តែមិនមែនជាជំនួបនិយាយពីរឿងដោះលែងលោក កឹម សុខា នោះឡើយ៖ «ចំពោះនាយទាហានជាន់ខ្ពស់អាមេរិកដែលមកធ្វើទស្សនកិច្ចនៅកម្ពុជា ដែលមានហេតុផល និងទិសដៅចង់ពង្រឹងឯករាជ្យភាព និងថាមពលរបស់កងយោធពលខេមរភូមិន្ទនេះ យើងស្វាគមន៍។ ក៏ប៉ុន្តែអ្វីដែលគាត់លើកឡើងពាក់ព័ន្ធនឹង កឹម សុខា នេះជារឿងមួយជ្រៀតជ្រែកក្នុងបញ្ហាធិបតេយ្យភាពរបស់កម្ពុជា ហើយក៏ជ្រៀតជ្រែកនៅក្នុងកាតព្វកិច្ចនៃការប្រព្រឹត្តទៅរបស់កងយោធា ពីព្រោះយោធាមិនមែនស្ថិតក្នុងរឿងនយោបាយនោះទេ។ អាហ្នឹងយើងខ្ញុំសុំទោស ហើយយើងមិនទទួលជាដាច់ខាត»។
ដំណើរទស្សនកិច្ចរបស់មន្ត្រីការពារជាតិអាមេរិកនេះ ធ្វើឡើងបន្ទាប់ពីនាវាចម្បាំងចិនចំនួន ៣ គ្រឿង ដែលផ្ទុកកងនាវិកជិត ៧០០ នាក់ បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីសប្តាហ៍មុន ជាទស្សនកិច្ចដែលរបបក្រុងភ្នំពេញអះអាងថា ដើម្បីរឹតចំណងសាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។
អ្នកវិភាគនយោបាយ លោក គឹម សុខ ជឿជាក់ថា ទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ការពារជាតិអាមេរិកនៅកម្ពុជានេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតុនក្នុងការជួយស្តារស្ថានការណ៍នយោបាយនៅកម្ពុជា និងទប់ស្កាត់កុំឱ្យមានរឿងហេតុអាក្រក់កើតឡើងនៅពេលខាងមុខតាមរយៈការឃុបឃិតគ្នារវាងរបបក្រុងភ្នំពេញ និងប្រទេសចិនកុម្មុយនីស្តនៅលើវិស័យនយោបាយ សេដ្ឋកិច្ច និងយោធា។ លោកជឿជាក់ថា សហរដ្ឋអាមេរិកមិនទាន់អស់ចិត្តនៅឡើយទេទាក់ទងនឹងរឿងព័ត៌មានស្តីពីការកសាងមូលដ្ឋានកងទ័ពចិននៅលើទឹកដីកម្ពុជា ទោះបីជារបបក្រុងភ្នំពេញបានបដិសេធរួចទៅហើយក្តី ដូច្នេះលោកអះអាងថា ទស្សនកិច្ចរបស់មន្ត្រីការពារជាតិអាមេរិកនេះ ក៏ជាការព្រមានដល់ក្រុមមេដឹកនាំនៃរបបក្រុងភ្នំពេញផងដែរ៖ «ល្បិចកលទាំងឡាយដែលលោក ហ៊ុន សែន កំពុងតែធ្វើដោយស្ងាត់ៗជាមួយចិនក្តី ដោយយុទ្ធសាស្ត្រផ្ទៃក្នុងបក្សប្រជាជន ផ្ទៃក្នុងជាតិគំរាមពលរដ្ឋឯងក្តី គឺគេដឹងទាំងអស់។ ម៉្លោះហើយដំណើរទស្សនកិច្ចរបស់មន្ត្រីការពារជាតិជាន់ខ្ពស់របស់អាមេរិក ជាការរំឭកផង ជាការព្រមានផង ហើយក៏ចង់ចូលរួមដោះស្រាយបញ្ហាប្រទេសកម្ពុជាផង នៅក្នុងលក្ខខណ្ឌដែលមានវិបត្តិធ្ងន់ធ្ងរអំពីប្រជាធិបតេយ្យ ដែលត្រូវក្រុមលោក ហ៊ុន សែន ប្រើកណ្តាប់ដៃដែក ស្ទើរតែសម្លាប់ទាំងស្រុងនៅប្រទេសកម្ពុជាបច្ចុប្បន្ននេះ»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ របបលោក ហ៊ុន សែន បានបែរខ្នងដាក់អាមេរិកកាន់តែខ្លាំង នៅលើវិស័យយោធា ក្រោយរបបនេះទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសជាច្រើនសន្ធឹកសន្ធាប់ពីរបបក្រុងប៉េកាំង។ របបនេះបានលុបចោលសមយុទ្ធយោធា “ឆ្មាំអង្គរ” ជាមួយអាមេរិក កាលពីឆ្នាំ ២០១៧ កន្លងទៅ ដោយលើកហេតុផលថា ជាប់រវល់រៀបចំសន្តិសុខសម្រាប់ការបោះឆ្នោត ក៏ប៉ុន្តែជាង ២ ឆ្នាំមកនេះ របបក្រុងភ្នំពេញមិនដែលបង្ហាញបំណងណាមួយក្នុងការរៀបចំសមយុទ្ធយោធាជាមួយអាមេរិកជាថ្មីទៀតឡើយ ខណៈរបបនេះបានរៀបចំសមយុទ្ធយោធានាគមាសជាមួយប្រទេសចិនពីរដងរួចទៅហើយ និងកំពុងត្រៀមរៀបចំលំហាត់នាគមាសជាមួយយោធាចិន ឱ្យបានធំជាងមុនទៀតនៅឆ្នាំ ២០១៩ នេះ។
ចំពោះទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ផ្នែកការពារជាតិរបស់សហរដ្ឋអាមេរិកនៅកម្ពុជារយៈពេលពីរថ្ងៃនេះវិញ មន្ត្រីកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក អេរេន ឆ្វាតចេស (Arend C. Zwartjes) មិនធ្វើអត្ថាធិប្បាយបន្ថែមជុំវិញជំនួបរបស់ ចូសេហ្វ ហ្វែលធើ (Dr. Joseph H. Felter) និងលោក នាង ផាត នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។