ពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាននៅកំពង់ធំ ថារថយន្តដឹកឈើកើតមានរាល់យប់


|
https://www.vodhotnews.com

រូបភាពកំណាត់ឈើ ពេលដែលចុះល្បាតរបស់ក្រុមការពារព្រៃឡង់ខេត្តកំពង់ធំនៅថ្ងៃ ទី ១៣ -១៥ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ផ្ដល់ដោយ ប្រភពបណ្តាញការពារព្រៃឡង់ខេត្តកំពង់ធំ)

ពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន​នៅខេត្តកំពង់ធំ បានលើកឡើងថា ឈ្មួញនៅតែបន្តដឹកឈើពីខេត្តនេះរាប់សិបឡាននិងគោយន្ត ជារៀងរាល់យប់ ដើម្បី​យកទៅចែកចាយនៅចំការលើខេត្តកំពង់ចាម។

ពលរដ្ឋ និង​អាជ្ញាធរមូលដ្ឋានទាំងនោះ បានរៀបរាប់ប្រាប់ VOD នៅថ្ងៃនេះថា ជារៀង​រាល់ថ្ងៃ ជាពិសេសនៅពេលយប់ចន្លោះម៉ោង៩ រហូតទៀប​ភ្លឺ​ មានរថយន្តយីឌុក និងគោយន្តកែឆ្នៃ ដឹកឈើផ្តៀក ឈើទាល រាប់រយគីបចេញពីតំបន់ព្រៃឡង់ ឆ្លងកាត់ស្រុកសន្ទុក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីយកទៅចែកចាយបន្តនៅចំការលើ ខេត្តកំពង់ចាម​។

ប្រភពដែលផ្តល់រូបនិងរាយការណ៍ប្រាប់ វីអូឌី ហើយសុំមិនបង្ហាញអត្តសញ្ញាណបាន​ ស្នើទៅអាជ្ញាធរពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលជួយអន្តរាគមន៍ជុំវិញបញ្ហានេះ ដើម្បីកាត់បន្ថយកុំឲ្យបទល្មើសព្រៃឈើកើតឡើងបន្តទៀត។

អភិបាលរងខេត្តកំពង់ធំ លោក សុខ ហៃ សុំមិនបំភ្លឺជុំវិញករណីនេះ​ ដោយលោកបង្វែរសំនួរឲ្យទៅសួរមន្ត្រីមន្ទីរ​កសិកម្មប្រចាំខេត្ត និងមន្ត្រីរដ្ឋបាលព្រៃឈើទៅវិញ។

វីអូឌី មិនទាន់អាចទាក់ទងទៅមន្ត្រីមន្ទីរកសិកម្ម និង មន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំបានទេនៅថ្ងៃនេះ។​

ប្រជាសហគមន៍ព្រៃឡង់ ប្រចំាខេត្តកំពង់ធំ លោក ហឿ សុភាព មានប្រសាសន៍ថាបទល្មើសព្រៃឈើដែលឈ្មួញដឹកចេញពីខេត្តកំពង់ធំនោះ ជាឈើនៅក្នុងតំបន់ព្រៃឡង់។ លោកថាបើរដ្ឋាភិបាលមិនទប់ស្កាត់ និងពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាពទេនឹងធ្វើឲ្យព្រៃឈើនៅកម្ពុជាបាត់បង់អស់នៅថ្ងៃអនាគត។

លោកមានប្រសាសន៍ថា៖ «នៅក្នុងការទប់ស្កាត់ព្រៃឈើ វាអត់ដដែល គឺសុំសម្តេចធ្វើការស្រាវជ្រាវ ឬធ្វើការស៊ើបអង្កេតនៅក្នុងករណីនេះ ក្នុងប្រទេសកម្ពុជា ជាពិសេសព្រៃឡង់តែម្តង ព្រៃឡង់កំពុងតែបាត់បង់យ៉ាងខ្លាំងជាប់ពិមួយថ្ងៃទៅមួយថ្ងៃ សុំសម្តេច​មេត្តា ចុះប្រមើលនៅក្នុងតំបន់ព្រៃឡង់ ជាពិសេសដាក់មន្ត្រីក្រោមឱវាទ ឲ្យដាក់សម្ពាធគាត់ឲ្យខ្លាំង ឲ្យគាត់មានការអនុវត្តច្បាប់​» ។

​ នៅអំឡុងពេល​ជួប​សំណេះ​សំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរនៅក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​និយាយ​ដល់​បញ្ហា​ការ​បាត់​បង់​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយក្នុងនោះលោកបាន​បន្ទោស​ទៅ​លើ​​ «ចោរ» និង​ «ពលរដ្ឋ» ចំពោះ​ការ​បាត់​បង់​ព្រៃឈើ​​នៅ​កម្ពុជា​ ដោយ​លោក​ថា «ចោរ» បាន​លួច​កាប់​ព្រៃ​ឈើ ហើយចំនួន​​ «ពលរដ្ឋ» កើន​ឡើងបាន​ជំរុញ​ឲ្យ​មាន​ការ​ចូល​កាប់​ឆ្ការ​ព្រៃ​ឈើ​យក​ដី។

អង្គការ​ Global Witness ​ចេញ​របាយការណ៍​ស៊ើប​អង្កេត​ជាច្រើន​ស្ដី​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជាបានរកឃើញថា ​វិនាសកម្ម​ព្រៃឈើ​បង្ក​ឡើង​ដោយ​បុគ្គល​មាន​អំណាច មាន​លុយនិង​មាន​ឥទ្ធិពល ហើយ​បុគ្គល​ទាំង​នោះ​សុទ្ធ​តែ​មាន​ទំនាក់​ទំនង​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ។

របាយការណ៍នេះបញ្ជាក់ថា ព្រៃឈើ​ត្រូវ​បាន​កាប់និង​ដឹក​ជញ្ជូន​ចេញ​ពី​តំបន់​ការពារ​ ឬ​តំបន់​អភិរក្ស ដូចជា តំបន់​ព្រៃឡង់ និង​តំបន់​ការពារ​ស្ថិត​នៅ​តាម​បណ្ដា​ខេត្ត​ភាគ​ឦសាន​កម្ពុជាជាប់​នឹង​ព្រំដែន​វៀតណាមជាដើម៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles