មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក​ ប្តេជ្ញា​ជួយ​ពង្រឹង​យោធា​កម្ពុជា​ដោយ​ដាក់​លក្ខខណ្ឌ ​តែ​កម្ពុជា​បដិសេធ​

លោក នាង​ ផាត និង​ លោក​ Joseph H. Felter នៅក្នុង​ជំនួប​កាលពីថ្ងៃ​ម្សិលមិញ​​​​។ សហការី



and
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ឧបការី​រង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​ លោក Joseph H.Felter បាន​ជួប​ជា​មួយ​នាយ​ឧត្តម​សេនីយ៍ ​នាង ​ផាត ​កាល​ពី​ព្រឹក​ម្សិលមិញ​ដើម្បី​ពិភាក្សា​អំពី​កិច្ច​សហ​ប្រតិបត្តិការ​យោធា​ជាមួយ​ប្រទេស​កម្ពុជា​ នា​ពេល​ខាង​មុខ គឺ​នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​មាន​ភាព​ជឿន​លឿន ​ក្នុង​ការ​អនុវត្ត​ការ​ធ្វើ​កំណែ​ទម្រង់ ក្នុង​នោះ​ក៏​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​នឹង​លោក ​កឹម សុខា​ ផង​ដែរ ជា​អ្វី​ដែល​កម្ពុជា​បាន​បដិសេធ​។

លោក Joseph H. Felter ឧបការីរង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​ ទទួល​បន្ទុក​តំបន់​អាស៊ី​ខាង​ត្បូង​ និង​អាស៊ី​អាគ្នេយ៍ បាន​ចាប់​ផ្តើម​បំពេញ​ទស្សន​កិច្ច​របស់​លោក​នៅ​កម្ពុជា​ ចាប់​ពី​ថ្ងៃ​ទី ១៥​ ដល់​ថ្ងៃ​ទី ១៦ ​ខែ​មករា​នេះ។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន ​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា ​ដែល​ចេញ​កាល​ពី​ម្សិលមិញ បាន​ឲ្យ​ដឹង​ថា លោក​ Felter នឹង​ជួប​ជាមួយ​នាយ​ឧត្តម​សេនីយ៍​ នាង ផាត​ រដ្ឋ​​លេខា​ធិការ​ក្រសួង​ការពារ​ជាតិ​ដើម្បី​ពិភា​ក្សា​ពី​ចក្ខុ​វិស័យ​រួម ដែល​ចង់​ឲ្យ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក មាន​ភាព​បើក​ចំហ និង​មាន​ភាព​សេរី និង​ពិភាក្សា​ពី​ការ​ដែល​ទំនាក់​ទំនង​រវាង​យោធា និង​យោធា​ដ៏​ល្អ​មួយ​ដែល «អាច​ជួយ​កម្ពុជា ក្នុង​ការ​រក្សា​អធិប​តេយ្យ​ភាព របស់​ខ្លួន​បាន ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ​ដើម្បី​ធានា​បាន​នូវ​សន្តិភាព វិបុល​ភាព និង​ឯករាជ្យ​របស់​ប្រទេស​កម្ពុជា សម្រាប់​មនុស្ស​ជំនាន់​ក្រោយ»។

សេចក្តីប្រកាស​ព័ត៌មាន​នោះ បាន​បន្ថែមថា៖ «បន្ទាប់មក លោក (Felter) នឹង​ពិភាក្សា ពី​ជំហាន​បន្ទាប់ សម្រាប់​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ រវាង​យោធា និង​យោធា នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា មាន​ភាព​ជឿន​លឿន ក្នុង​ការ​ពង្រឹង​ស្ថាប័ន និង​អនុវត្ត​កំណែ​ទម្រង់​ដែល​រួម​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា ហើយ​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដំណើរការ​ដោយ​សេរី»។

លោក Arend Zwartjes អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ លើ​បញ្ហា​នេះ ដោយ​សារ​តែ​រដ្ឋាភិបាល​អាមេរិក​បាន​បិទ​ផ្នែក​ខ្លះ។

ចំណែកឯ​លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ មិនអាច​ទាក់ទង​ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ទេ​កាល​ពី​ម្សិលមិញ។

ប៉ុន្តែ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ បាន​ថ្លែង​ថា លោក​មិន​ទាន់​បាន​ទទួល​របាយ​ការណ៍​នៃ​ការ​ពិភាក្សា​នោះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​បាន​សង្កត់​ធ្ងន់​ថា អធិប​តេយ្យ​ភាព​កម្ពុជា មិន​អាច​ប្តូរ​ជាមួយ​ការ​ពង្រឹង​ទំនាក់​ទំនង​យោធា​អាមេរិក​បាន​ទេ។ លោក​បាន​លើក​ឡើង​ថា ការ​ទាមទារ​ឱ្យ​ដោះ​លែង​លោក កឹម សុខា ដើម្បី​កិច្ច​សហ​ប្រតិបត្តិការ​យោធា គឺជា​រឿង​របស់​សហរដ្ឋ​អាមេរិក។

លោក​ថ្លែង​ថា៖ «លក្ខខណ្ឌ​នេះ គឺ​មិន​អាច​ទៅ​រួច​ទេ ពីព្រោះ​នេះ គឺជា​អធិប​តេយ្យ​ភាព​របស់​យើង ដូច្នេះ​ហើយ វា​មិន​អាច​ទៅ​រួច​ទេ សម្រាប់​អ្នក​នេះ ឬ​អ្នក​នោះ មក​ដាក់​លក្ខខណ្ឌ​ឬ​មក​ប្រាប់​ឲ្យ​ធ្វើ​នេះ​ឬ​ធ្វើ​នោះ.។ យើង​មិន​អាច​ប្តូរ​អធិបតេយ្យ​ភាព សិទ្ធិ និង​ច្បាប់ របស់​យើង ជាមួយ​រឿង​នោះ​ទេ»។

លោក​បន្តថា រដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា អាចរ​ស់បាន​ដោយ​គ្មាន​ជំនួយ​របស់​ពួកគេ។ លោក​បន្ថែម​ថា៖ «ធម្មជាតិ​របស់​ប្រទេស​មហា​អំណាច ក៏មាន​រឿង​នេះ​ដែរ (ដាក់​សម្ពាធ​និង​ដាក់​លក្ខខណ្ឌ) ហើយ​នេះ​មិន​មែន​ជា​រឿង​ថ្មី​នោះទេ។ រឿង​ដូចនេះ វា​មាន​ជា​យូរ​មក​ហើយ ហើយ​មិន​ដែល​ផ្តល់​ឱកាស​ដល់​ប្រទេស​ក្រីក្រ ឱ្យធ្វើ​រឿង​អ្វី​មួយ​បាន​ងាយ​ស្រួល​នោះ​ទេ។ និយាយ​ឱ្យ​ខ្លី ពួកគេ ព្យាយាម​រារាំង​ដល់​ការ​អភិវឌ្ឍ​របស់​យើង​នៅ​គ្រប់​វិស័យ តាមរយៈ​ការ​ដាក់​សម្ពាធ​នេះ​សម្ពាធ​នោះ​ដែល​នេះ គឺជា​វិធានការ​របស់​ពួកគេ​ដែល​ពួកគេ​បាន​អនុវត្ត​ជា​រហូត​មក»។

ចំណែក​លោក ​ផៃ ស៊ី​ផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ក៏បាន​ថ្លែង​ដែរ​ថា ប្រទេស​កម្ពុជា នឹង​មិន​ទទួល​យក​កិច្ច​សហការ​ដែល​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​បែប​នេះ​ទេ។ លោក​បន្ថែម​ថា កងកម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​ទទួល​ខុស​ត្រូវ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង និង​អនុវត្ត​ភារកិច្ច ដែល​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​មិន​ពាក់​ព័ន្ធ​នឹង​នយោបាយ​ទេ។

លោក​លើក​ឡើង​ថា៖ «ប្រសិន​បើ​បរទេស ជាពិសេស​យោធា​មក​ប្រាប់​កង​យោធ​ពល​ខេមរភូមិន្ទ ដែល​ទាក់​ទង​នឹង​ករណី​របស់ កឹម សុខា យើង​មិន​អាច​ទទួល​យក​បា​នទេ។ នេះ​គឺជា​ការ​ជ្រៀត​ជ្រែក​កិច្ចការ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ។ កង​យោធ​ពល​ខេមរ​ភូមិន្ទ មិន​មែន​ជា​ស្ថាប័ន​នយោបាយ​ទេ។ ករណី​របស់​លោក កឹម សុខា ត្រូវ​តែ​ដោះស្រាយ​ដោយ​តុលាការ មិន​មែន​ដោយ​រដ្ឋាភិបាល ឬ​ដោយ​កង​យោធ​ពល​ខេម​រភូមិន្ទ​នោះ​ទេ។ ដូច្នេះ​ហើយ​យើង​មិន​អាច​ទទួល​យក​ការ​ពិភាក្សា​ឬ​ការ​ជជែក​ណាមួយ ដើម្បី​ឲ្យ​ដោះ​លែង​គាត់​បាន​ទេ»។

លោក ស៊ី​ផាន បាន​លើកឡើងថា ការ​លើកយក​រឿង​រប​ស់លោក កឹម សុខា ចូល​ទៅ​ក្នុង​ការ​ពិភាក្សា​កិច្ចការ​យោធា គឺ​មានន័យ​ថា ជា​ការ​ញុះញង់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ឲ្យ​ចូល​ជ្រៀត​ជ្រែក​កិច្ចការ​តុលាការ។ លោក​បន្ត​ថា ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កង​យោធ​ពល​ខេមរ​ភូមិន្ទ​អនុវត្ត​តាម​តែ​ការ​បញ្ជា​ពី​នាយករ​ដ្ឋមន្ត្រី​ប៉ុណ្ណោះ។

លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​បាន​យក​អធិបតេយ្យ​ភាព​របស់​ប្រទេស​តូច​តាច​ទៅ​ដោះដូរ​ជាមួយ​ទំនាក់​ទំនង​ការទូត ឬ​បច្ចេកទេស។ លោក​បាន​ចោទ​សួរ​ថា តើ​តម្លៃ​អធិបតេយ្យ​ភាព​របស់​ប្រទេស​មួយ​អាច​ប្តូរ​ជាមួយ​ទំនាក់​ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​បាន​ទេ។

លោក​ថ្លែងថា៖ «ហេតុអ្វី បានជា​សហរដ្ឋអាមេរិក យក​រឿង​របស់​លោក កឹម សុខា ដាក់​ចូល​ក្នុង​ការ​ពិភាក្សា​ជាមួយ​កម្ពុជា? តើ​លោក កឹម សុខា ជា​ពលរដ្ឋ​អាមេរិក ឬ​ជា​អាយ៉ង​របស់​អាមេរិក ដែល​កំពុង​អនុវត្ត​គោល​នយោបាយ​របស់​អាមេរិក​នៅ​កម្ពុជា? សហរដ្ឋ​អាមេរិក គួរ​បញ្ជាក់​ថា តើ​ កឹម សុខា ជា​អ្នក​ណា?»។

លោក​បន្ថែមថា លោក កឹម សុខា គឺជា​ពលរដ្ឋ​កម្ពុជា និង​ជា​អ្នក​នយោបាយ ហើយ​គាត់​មាន​បញ្ហា​ជាមួយ​ច្បាប់​កម្ពុជា។ លោក​បន្ថែម​ថា ការ​លើក​យក​រឿង​លោក កឹម សុខា ដាក់​ចូល​ទៅ​ក្នុង​ការ​ពិភាក្សា​យោធា គឺ​វា​បាន​ឆ្លុះ​បញ្ចាំង​ថា ប្រទេស​មហា​អំណាច​នេះ បាន​ប្រើប្រាស់​អំណាច​របស់​ខ្លួន ដើម្បី​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​តូចតាច៕


Contact authors: នៀម ឆេង and ម៉ិច ដារ៉ា

What Next?

Recent Articles

3 Responses to "មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក​ ប្តេជ្ញា​ជួយ​ពង្រឹង​យោធា​កម្ពុជា​ដោយ​ដាក់​លក្ខខណ្ឌ ​តែ​កម្ពុជា​បដិសេធ​"

  1. Anonymous says:

    That’s what US predicted. On the contrary, Cambodia welcomed what ever Vietnam and China ordered to control our country. To bad these people chose to be with communist
    And expect to be independent. In fact Cambodia belongs to Vietnam and China years ago but don’t expect US steps back from this game because it will create a big threat to all US allies mainly in south east Asia which means Cambodia will never be at peace anymore. Hun Sen fully understood this Cambodia future crisis but he doesn’t care because he lives to only serve his vietnamese and Chinese bosses, and when China collapses, Cambodia will be automatically belonged to Vietnam.

  2. so socheath says:

    គេមិនអាចយកជនក្បត់ជាតិ មកធ្វើការដោះដូរជាមួយជំនួយ ជាមួយ
    និងការត្រៀមទទួលយកសេចក្តីស្លាប់ របស់ប្រទេសជាតិ និងប្រជាជន ដែលស្តែងចេញពីទង្វើរបស់ជនក្បត់ជាតិនោះឡើយ
    ———
    ដោយសម្អាងលើទឹកប្រាក់ជិត ៧០០លានដុល្លារក្នុងមួយឆ្នាំៗ ដែលកម្ពុជាចំណេញពីការមិនបង់ពន្ធសម្រាប់នំាចេញទំនិញរបស់ខ្លួនទៅលក់នៅទី ផ្សារអឺរ៉ុបនោះ
    សហភាពអឺរ៉ុបកំពុងរៀបចំដំណើរការព្យួរប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដោយទុកពេលឲ្យកម្ពុជា
    ត្រឹមខែមិនា ឆ្នាំ២០១៩ ហើយ លក្ខខណ្ឌចម្បងដែលសហភាពអឺរ៉ុបទាមទារ ឲ្យកម្ពុជាដែលជារដ្ឋឯករាជ្យ
    និងមានអធិបតេយ្យភាពជាតិពេញលេញនោះ គឺត្រូវឲ្យគណបក្សប្រឆាំងនៅកម្ពុជាបានចូលរួមប្រឡូកក្នុងឆាកនយោបាយឡើងវិញ មិនទទួលស្គាល់រដ្ឋាភិបាលថ្មីដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងទាមទារត្រូវរៀបចំការបោះឆ្នោតឡើងវិញតាមយន្តការប្រជាធិបតេយ្យ ( ? ? ? ) ។
    សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ
    បានបង្ហាញថា កម្ពុជានឹងមិនព្យាយាមរក្សាប្រព័ន្ធអនុគ្រោះពន្ធរបស់សហគមន៍អឺរ៉ុបនោះ ទេ។
    កម្ពុជាកំពុងបង្កើតយុទ្ធនាការពង្រឹងឯករាជ្យរបស់ខ្លួន ដើម្បីទប់ទល់នឹងការ
    ដកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប និងអាមេរិកតាមរយៈធ្វើកំណែទម្រង់វិស័យធុរៈកិច្ច។
    សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថានឹងកម្ទេចបក្សប្រឆាំងនៅកម្ពុជាចោល
    ដើម្បីជាការឆ្លើយតបទៅនឹងការ ដកហូតប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសកម្ពុជាពីសំណាក់
    ក្រុមទាំងនេះ។
    សម្តេចតេជោហ៊ុន សែន បញ្ជាក់ថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសកម្ពុជា
    គឺមិនខុសពីសម្លាប់បក្សប្រឆាំងនោះទេ ហើយក៏លែងមានដែរចំពោះការនិយាយពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។
    សម្តេច ហ៊ុន សែន ថា ដោយសារអ្នក ជ្រុលតែដាក់ទណ្ឌកម្មខ្ញុំហើយ អ្នកក៏គ្មានសិទ្ធិដើម្បីនិយាយប្រដៅខ្ញុំរឿងសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យអីនោះដែរ។
    គឺអត់ទេ ហើយខ្ញុំចង្អុលបង្ហាញថា បើសិនអ្នកឯងដាក់ទណ្ឌកម្មខ្ញុំ គឺស្មើនឹងវ៉ៃសម្លាប់គណបក្សប្រឆាំងនៅកម្ពុជា។ ខ្ញុំនិយាយប្រាប់អ្នកឯងឱ្យច្បាស់ ព្រោះគ្មានរឿងអី
    ដែលខ្ញុំត្រូវថ្នាក់ថ្នម ព្រោះវាបានតែជ្រុលអីចឹងទៅហើយ ឱ្យវាទៅបណ្តោយទៅ គឺមានតែ ជាន់ក ហ្អែងថែម ។
    ចំណែករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចកម្ពុជានិយាយថា វា មិនមានអ្វីដែលត្រូវព្រួយបារម្ភហួសហេតុពេកនោះទេ
    ចំពោះបញ្ហាផ្តាច់EBAដោយសហភាពអឺរ៉ុប នេះ ដោយសំអាងថា កម្ពុជាមានកំណើនសេដ្ឋកិច្ចជាទៀងទាត់
    ក្នុងរង្វង់៧% ក្នុងមួយឆ្នាំ និង នៅមានលទ្ធភាពខ្ចីលុយពីបរទេសបានច្រើនទៀតផង។
    ការទាមទារពីសំណាក់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ឲ្យគណបក្សកាន់អំណាចប្រគល់អាសនៈ
    ទៅឲ្យគណបក្សប្រឆាំងវិញ និងរៀបចំការបោះឆ្នោតឡើងវិញ វាពិតជាមិនអាចទៅរួចនោះទេ។
    ការធ្វើបែបនេះ វាគឺជារឿងរំលោភច្បាប់ រំលោភលើរដ្ឋធម្មនុញ្ញកម្ពុជា ព្រោះថា ប្រជាពលរដ្ឋកម្ពុជា
    ភាគច្រើនលើសលប់ បានបោះឆ្នោតគាំទ្របក្សកាន់អំណាច នោះគឺគណបក្សប្រជាជនកម្ពុជា។
    ជំហរដ្ឋាភិបាលមកដល់ពេលនេះ មិនផ្លាស់ប្តូរទេ ក្នុងការចង់រក្សាប្រព័ន្ធអនុគ្រោះពីសហភាពអឺរ៉ុប ។
    ប៉ុន្តែគំនៀបសង្កត់ដ៍ហួសហេតុ ប្រាសចាកបទដ្ឋានច្បាប់ របស់សហភាពអឺរ៉ុប មកលើកម្ពុជាពិតជាមិនអាចទទួលយកបាននោះទេ។
    ប្រព័ន្ធអនុគ្រោះ EBA វាមិនបានជួយឲ្យមានការរីកចម្រើនជាមួយនិងការផ្តល់ដោយភាពស្ថិតស្ថេរចិរកាល នោះទេ ។ កម្ពុជាត្រូវការក្រោកឈរខ្លួនឯង ដោយធ្វើការការប្រកួតប្រជែងនៅក្នុងទីផ្សារសេរី តាមរយះការបង្កើនការផលិត ព្រោះថាប្រទេសខ្លះគេមិនត្រូវការ ប្រព័ន្ធអនុគ្រោះ EBA ដែលជាអន្ទាក់ជំនួយដ៍ពិសពុល ក្នុងការយកមកសម្លាប់អធិបតេយ្យភាពជាតិខ្លួនដោយខ្លួនឯងនោះទេ ។
    កម្ពុជាត្រូវការជំនួយ ។ តែការបរិច្ចាគ សូមប្រកបដោយឆន្ទះក្នុងការជួយ ពេញភាពមនុស្សធម៍ និងស្មើភាពរវាងប្រទេសនិងប្រទេស មិនមែនដាក់ធ្វើជានុយដើម្បីគៀបសង្កត់នោះទេ ។
    គេមិនអាចយកជនក្បត់ជាតិ មកធ្វើការដោះដូរជាមួយជំនួយ ជាមួយនិងការត្រៀមទទួលយក
    សេចក្តីស្លាប់ របស់ប្រទេសជាតិ និងប្រជាជន ដែលស្តែងចេញពីទង្វើរបស់ជនក្បត់ជាតិនោះឡើយ ៕

  3. Sam says:

    ប្រជាជនខ្មែរសូមសម្បដប្រាប់ចក្រពត្តិមហាអំណាចអាមេរិកអោយដឹងថាកុំមើលងាយជនជាតិខ្មែរអោយសោះ មើលប្រវត្តិសាស្ត្រអោយច្បាស់ខ្មែរពូជអ្នកចម្បាំងច្បាំងការពារបូរណភាពទឹកដី តាំងពីទឹកដីធំរហូតដល់តូច​ ច្បាំងដេញអាមេរិករហូតដល់សុីគល់ចេកនឹងគទ្តួរ។ យើងមិនត្រូវការលក់ឧត្តមគតិដូរយកលុយទេ​លើកលែងតែលុយដុល្លារ។
    យើងកសាងប្រទេសជឿនលឿនសព្វថ្ងែមិនពឹងលើបរទេសទេ​​គ្រាន់តែនាំទំនិញចេញទៅប្រទេសមួយចំនួនបំុណ្ណោះ​ ហើយបានចំណេញប្រាក់មិនបង់ពន្ធ័៕