សកម្មជន​បក្ស​ប្រឆាំង​នៅ​ស្វាយរៀង លោក គង់ ម៉ាស់ ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​ភ្នំពេញ

ដោយ ថន ថារ៉ូ
2019-01-16
RFI

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អាជ្ញាធរ​ឃាត់​ខ្លួន​លោក គង់ ម៉ាស់ (អាវ​ដៃ​ខ្លី​ពណ៌​លឿង) នៅ​ហាង​កាហ្វេ អាលមិន (Almond) នៅ​ជិត​ស្ថានទូត​រុស្ស៊ី​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​មករា។ Provided photo
អាជ្ញាធរ​ឃាត់​ខ្លួន​លោក គង់ ម៉ាស់ (អាវ​ដៃ​ខ្លី​ពណ៌​លឿង) នៅ​ហាង​កាហ្វេ អាលមិន (Almond) នៅ​ជិត​ស្ថានទូត​រុស្ស៊ី​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​មករា។ Provided photo


ប៉ូលិស​ក្រសួង​មហាផ្ទៃ បាន​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ដ៏​សកម្ម និង​ល្បីនៅ​ខេត្ត​ស្វាយរៀង​ម្នាក់ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​អំពី​សកម្មភាព​បក្ស​ប្រឆាំង និង​ការ​រិះគន់​របប​ក្រុង​ភ្នំពេញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក។ មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ថា ប្រសិន​បើ​ការ​ឃាត់​ខ្លួន​នេះ ពាក់ព័ន្ធ​នឹង​រឿង​បង្ហោះ​សារ​រិះគន់​លើ​ហ្វេសប៊ុក​នោះ គឺ​ជា​រំលោភ​សិទ្ធិ​សេរីភាព និង​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ ដែល​ធានា​ពី​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​គ្រប់​រូប។

សមាជិក​ក្រុមការងារ​គណបក្ស សង្គ្រោះ​ជាតិ ​ខេត្ត​ស្វាយរៀង ​និង​ជា​អនុ​ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះ​ឆ្នោត និង​នីតិកម្ម គឺ​លោក គង់ ម៉ាស់ ដែល​របប​ក្រុង​ភ្នំពេញ​រំលាយ​ចោល​នោះ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន បញ្ជូន​ទៅ​សួរ​នាំ​នៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​នៃ​ក្រសួង​មហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​មករា ក្នុង​ពេល​លោក​កំពុង​អង្គុយ​ទទួលទាន​កាហ្វេ​ក្នុង​ហាង អាលមិន (Almond) ស្ថិត​នៅ​ជិត​ស្ថានទូត​រុស្ស៊ី រាជធានី​ភ្នំពេញ។

សកម្មជន​បក្ស​ប្រឆាំង​មួយ​រូប គឺ​លោក ​ឯម ​សុខសុវណ្ណ ដែល​អង្គុយ​ទទួលទាន​កាហ្វេ​ជាមួយ​គ្នា ឲ្យ​ដឹង​ថា អាជ្ញាធរ​ប្រមាណ ១០នាក់ មាន​ទាំង​ព្រះរាជ​អាជ្ញា​ផង បាន​ចុះ​ទៅ​ឃាត់​ខ្លួន​លោក គង់ ម៉ាស់ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​លើ​ហ្វេសប៊ុក តែ​មិន​បាន​បញ្ជាក់​ថា ជា​សារ​អ្វី​នោះ​ទេ។ លោក​បញ្ជាក់​ថា ភ្លាមៗ​នោះ​ អាជ្ញាធរ​បាន​នាំ​ខ្លួន​លោក គង់ ម៉ាស់ ទៅ​សួរ​នាំ​នៅ​អគ្គស្នងការ​នគរបាល​ជាតិ​តែម្តង​ ​ដើម្បីបន្ត​សួរនាំ៖ «គេ​មក​នេះ គេ​ប្រាប់​ថា រឿង​បង្ហោះ​សារ​លើ​ហ្វេសប៊ុក ហើយ​យើង​ក៏​អត់​ថា​ម៉េច​ដែរ គ្រាន់​តែ​គេ​ថា សុំ​ទៅ​សាកសួរ​នៅ​ទី​នោះ​ទៅ”»

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់​អាស៊ី​សេរី​ថា លោក​មិន​ទាន់ ទទួល​បាន​ព័ត៌មាន​នេះ​ទេ៖ «ខ្ញុំ​អត់​ទាន់​ទទួល​បាន​ព័ត៌មាន​អី​ផង។ ខ្ញុំ​អត់​ដឹង​ថា គេ​ឃាត់​ខ្លួន​អី​អត់​ផង»

អាស៊ីសេរី មិនអាចសុំការឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ទេ ដោយ​លោក​ពុំ​ទទួល​ទូរស័ព្ទ។

លោក មេធាវី សំ សុគង់ ដែល​ត្រូវ​បាន​គ្រួសារ​លោក គង់ ម៉ាស់ ពឹង​ពាក់​ឲ្យ​ធ្វើ​ជា​មេធាវី​ការពា​ក្តី ឲ្យ​អាស៊ី​សេរី​ដឹង​ថា លោក គង់ ម៉ាស់ កំពុង​ត្រូវ​បាន​សាកសួរ​នៅ​ក្នុង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃ​ក្នុង នៃ​អគ្គស្នងការ​នគរបាល​ជាតិ៖ «យើង​អត់​ទាន់​បាន​ជួប​គាត់ (គង់ ម៉ាស់) ផ្ទាល់​ទេ ដោយសារ​ខាង​នគរបាល​យុត្តិធម៌​ថា មិន​ទាន់​អនុញ្ញាត​ទេ ដោយសារ​សមត្ថកិច្ច​កំពុង​ធ្វើ​ការងារ ហើយ​ចាំ​គាត់​ជូន​ដំណឹង​មក​មេធាវី​នៅ​ពេល​ក្រោយ តែ​មិន​ដឹង​ថា​ពេល​ណា​ទេ។តាម​នីតិវិធី​គេ​ត្រូវ​ការ​ស្រាវជ្រាវ ២៤ម៉ោង ទើប​មាន​ការ​ជួប​ជាមួយ​មេធាវី និង​ក្រុម​គ្រួសារ។ ខ្ញុំ​សួរ​ទៅ​មន្ត្រី​ប៉ូលិស ខាង​ប៉ូលិស​ប្រាប់​ថា គេ​ចោទ​នោះ គឺ​ពាក់ព័ន្ធ​នឹង​បទ​ញុះញង់ ប៉ុន្តែ​មិន​ដឹង​ថា ញុះញង់​រឿង​អ្វី​នោះ​ទេ»

នៅមុនការឃាត់ខ្លួន​មួយ​ម៉ោង លោក គង់ ម៉ាស់ បាន​បង្ហោះ​រូបថត​របស់​លោក កំពុង​អង្គុយ​ទទួល ទាន​កាហ្វេ និង​សរសេរ​ថា យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ បាន​ចុះ​ផ្សាយ​ថា ទឹក​ទី១៖ សហភាព​អឺរ៉ុប​បាន​សម្រេច​ជំហាន​ដំបូង​ដាក់​ទណ្ឌកម្ម​លើ​ការ​យក​ពន្ធ និង​តំឡើង​ថ្លៃ​លើ​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា ដោយ​យក​ពន្ធ ២០០.៧៣ដុល្លារ​ក្នុង​មួយ​តោន។ ដោយឡែក កាល​ពី​ថ្ងៃ​ទី១៥ មករា លោក​ក៏​បាន​បង្ហោះ​សារ​មួយ​ដែរ ដោយ​ចោទ​ថា រដ្ឋបាល​លោក ហ៊ុន សែន គិត​តែ​រឿង​អំណាច មួយ​ថ្ងៃៗ មិន​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះ​ស្រាយ​មធ្យោបាយ​ផលិត​ ការពារ​តម្លៃ​ផលិតផល​ជូន​កសិករ​ សិប្បករ​ និង​ជួយ​រក​ទី​ផ្សារ​លក់​ផលិតផល ជា​ពិសេស មិន​បាន​យក​ចិត្ត​ទុក​ដាក់​គ្រប់គ្រង​ទីផ្សារ​ជូន​ប្រជា​ពលរដ្ឋ ឲ្យ​មាន​កម្រិត​សមរម្យ​នោះ​ទេ។ លោក​សូម​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ងើប​ឡើង​តវ៉ា ដើម្បី​ជីវភាព​គ្រប់ៗ គ្នា។ ចុង​ក្រោយ លោក​សរសេរ​ពាក្យ​ថា ប្តូៗ ជា​ដើម។

ក្រៅ​ពី​នេះ​កន្លង​មក លោក គង់ ម៉ាស់ តែងតែ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ស្ទើរាល់ថ្ងៃអំពី​សកម្មភាព​នានា​របស់​គណបក្ស សង្គ្រោះ​ជាតិ និង​តែងតែ​រិះគន់​លើ​ការ​ដឹក​នាំ​របស់​របប​ក្រុង​ភ្នំពេញ។

សកម្មជនបក្ស​ប្រឆាំង​នៅ​ខេត្ត​ស្វាយរៀង លោក ស៊ុន មករា ឲ្យ​ដឹង​ថា ការ​ឃាត់​ខ្លួន​នេះ គ្មាន​អ្វី​ក្រៅ​ពី​រឿង​នយោបាយ​នោះ​ទេ ព្រោះ​លោក គង់ ម៉ាស់ គឺ​ជា​សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ ដ៏​ក្លាហាន ដោយ​មិន​ខ្លាច​ការ​គំរាមកំហែង​របស់​អាជ្ញាធរ​នោះ​ទេ។ លោក​រម្លឹក​ថា នៅ​មុន​ពេល​ឃាត់​ខ្លួន​នេះ លោក គង់ ម៉ាស់ ក៏​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ស្វាយរៀង គំរាមកំហែង​ធ្ងន់ៗ និង​ស្វែងរក​ចាប់​ខ្លួន​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ដោយសារ​តែ​លោក​មិន​ព្រម​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច និង​បន្ត​រិះគន់​គណបក្ស​កាន់​អំណាច​ថែម​ទៀត៖ «ខាង​រដ្ឋាភិបាល​ធ្លាប់​ហៅ​លោក គង់ ម៉ាស់ ឲ្យ​ចុះ​ចូល​ឲ្យ​តំណែង​ឲ្យ​តួនាទី​ច្រើន​លើក​ច្រើន​សា​មក​ហើយ តែ​លោក គង់ ម៉ាស់ មិន​ព្រម​ចូល​ជាមួយ​នោះ​ទេ ដោយសារ​លោក​គោរព​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ដែល​ស្រឡាញ់​គាំទ្រ និង​ស្រលាញ់​លទ្ធិ​ប្រជាធិបតេយ្យ។ សកម្មភាព​របស់​គាត់​គឺ​គ្មាន​អី​ខុស​ច្បាប់​ទេ»

ការចាប់ខ្លួន​សកម្មជនបក្ស​ប្រឆាំងនេះ ​បន្ទាប់ពីកាល​ពីថ្ងៃ​ទី១៤ ​ខែមករា ​លោក ហ៊ុន ​សែន​ ប្រកាស ថា​ របប​លោក​នឹង​បន្ត​តាម​កម្ទេច​គណបក្ស​ប្រឆាំង​ដោយ​មិន​ទុក​ឲ្យ​មាន​ជីវិត​ទេ ប្រសិន​បើ​អន្តរជាតិ​ដាក់​គំនាប​សេដ្ឋកិច្ច​លើ​កម្ពុជា​មែន​នោះ។ ការ​របស់​លោក ហ៊ុន សែន នេះ ដោយសារ​សហភាព​ អឺរ៉ុប និង​អាមេរិក ព្រមាន​ដក​ប្រពន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ប្រសិន​បើ​នៅ​តែ​ចចេស​មិន​មិន​ព្រម​ស្ដារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។

អ្នកនាំពាក្យសមាគមន៍ អាដហុក លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ប្រសិន​បើ​ការ​ឃាត់ ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​រិះគន់​របប​ដឹក​នាំ​សព្វ​ថ្ងៃ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នោះ គឺ​ជា​ការ​អនុវត្ត​វិធានការ​រំលោភ​ទៅ​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ដែល​ធានា​អំពី​សិទ្ធិ​សេរីភាព​ពលរដ្ឋ​គ្រប់​រូប។ លោក​យល់​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គឺ​ជៀស​មិន​ផុត​ពី​ការ​រិះគន់​របស់​ប្រជា​ពលរដ្ឋ​នោះ​ទេ ព្រោះ​ពួក​គេ​ចង់​ឲ្យ​ការ​ដឹក​នាំ​ប្រទេស ងាក​មក​រក​ផ្លូវ​ត្រឹមត្រូវ និង​ល្អ​ប្រសើរ​ឡើង​វិញ៖ «បើ​យើង​យក​និន្នាការ​នៃ​នយោបាយ មក​ចាត់​វិធានការ​អ្នក​ដែល​មាន​គំនិត និង​ទស្សនៈ​នយោបាយ​ផ្ទុយ គឺ​វា​ធ្វើ​ឲ្យ​រំលោភ​ទៅ​លើ​សិទ្ធិ​អ្នក​គាំទ្រ​នូវ​គោល​នយោបាយ និង​អ្នក​នយោបាយ​ទាំង​អស់​នេះ គឺ​វា​បាន​រំលោភ​បំពាន​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា»

លោក​បន្ត​ថា ចំណាត់​ការ​បែប​នេះ នឹង​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្ថានភាព​នយោបាយ​កម្ពុជា​កាន់​តែ​អាក្រក់​ថែម​ទៀត ខណៈ​ដែល​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន កំពុង​រង​ការ​រិះគន់​ជុំ​ទិស​ស្រាប់​ទៅ​ហើយ​អំពី​រឿង​បំផ្លាញ​លទ្ធិ​ប្រជាធិបតេ្យ និង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ចំណែកសកម្មជនបក្សប្រឆាំងនៅខេត្តស្វាយរៀង ក៏​ទាមទារ​ឲ្យ​អាជ្ញាធរ​នៃ​របប​ក្រុង​ភ្នំពេញ ដោះ​លែង​លោក គង់ ម៉ាស់ វិញ ដោយ​ឥត​លក្ខខណ្ឌ​ដែរ ព្រោះ​ពួក​គេ​យល់​ថា សកម្មភាព​របស់​លោក គង់ ម៉ាស់ គឺ​ស្រប​តាម​ច្បាប់ ក្នង​ការ​ចង់​ឃើញ​កម្ពុជា មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពេញលេញ មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​សង្គម​ជាតិ​រីក​ចម្រើន​ត្រឹម​ត្រូវ និង​ពុំ​បាន​ញុះញង់​អ្វី​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ប្រទេស​កម្ពុជា​នោះ​ទេ៕

លោក គង់ ម៉ាស់ បក្សសង្គ្រោះជាតិ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles