សង្គមស៊ីវិលស្នើរដ្ឋាភិបាលឈប់លាបពណ៌ពួកគេ ដើម្បីពង្រឹងភាពជាដៃគូ


|
https://www.vodhotnews.com

ក្រុមអង្គការសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោត (ពេជ្រ ចំរុង)

ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកស្នើទៅរដ្ឋាភិបាលឲ្យបញ្ឈប់ការលាបពណ៌ជុំវិញការចោទថាពួកគេបានចូលរួមជាមួយបក្សប្រឆាំងដើម្បីបំផុសចលនាបដិវត្តន៍ពណ៌បំផ្លាញសន្ដិភាពនៅកម្ពុជា។

បើតាមសេចក្ដីប្រកាសព័ត៌មានក្រសួងមហាផ្ទៃនឹងរៀបចំវេទិកាមួយស្ដីអំពីភាពជាដៃគូរវាងរដ្ឋាភិបាល និង អង្គការសង្គមស៊ីវិលលើកទី២នៅថ្ងៃស្អែកនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការណ៍រវាងភាគីពាក់ព័ន្ធ។  

ក្នុងបទសម្ភាសន៍មួយជាមួយ VOD កាលពីថ្ងៃម្សិលមិញ
នាយកប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្ដិការដើម្បីកម្ពុជា លោក សឿង សារឿន មានប្រសាសន៍ថា អង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួនដែលត្រូវបានរដ្ឋាភិបាលដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅបានជួបប្រឈមបញ្ហាជាច្រើនដែលរឹតត្បឹតដល់ការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេដូចជាការចោទថា បានចូលរួមជាមួយអតីតបក្សប្រឆាំងក្នុងចលនាបដិវត្តន៍ពណ៌ជាដើម។

លោកថា រដ្ឋាភិបាលគួរបញ្ឈប់ការលាបពណ៌ និងចោទប្រកាន់ផ្សេងៗ លើក្រុមអង្គារសង្គមស៊ីវិលទាំងនោះ
ដោយថា ដើម្បីពង្រឹងភាពជាដៃគូ និងធានាសិទ្ធិសេរីភាពរបស់សង្គមស៊ីវិល។

លោកបន្ដថា៖ «ខ្ញុំកត់សម្គាល់នៅថ្ងៃនោះដែរ គឺសូមមេត្តាឲ្យរដ្ឋាភិបាលលោកឈប់លាបពណ៌ឲ្យអង្គការសង្គមស៊ីវិលពាក់ព័ន្ធទៅនឹងគណបក្សប្រឆាំង ឬក៏ចូលរួមក្នុងបដិវត្តន៍ពណ៌ ដែលវាមិនមានអីកើតឡើងនៅក្នុងកម្ពុជាហ្នឹង ហើយសូមឲ្យការអនុវត្តនៅកម្ពុជាហ្នឹង មានលក្ខណៈជាស្ដង់ដាររួម»។

ក្នុងបទសម្ភាសន៍នេះ លោក សឿង សារឿន ក៏គ្រោងស្នើឲ្យរដ្ឋាភិបាលកែលម្អចំណុចមួយចំនួនដើម្បីធានាការចូលរួមរបស់សង្គមស៊ីវិលដូចជា លុបចោលច្បាប់ និងបទបញ្ញត្តិដែលរារាំងដល់សកម្មភាពរបស់ពួកគេអនុញ្ញាតឲ្យសង្គមស៊ីវិលធ្វើសកម្មភាពដោយសេរី គ្មានការគំរាមកំហែង និងរៀបចំកិច្ចពិភាក្សាជាប្រចាំដើម្បីជជែក និងដោះស្រាយបញ្ហាជាមួយភាគីពាក់ព័ន្ធ។

បើតាមលោក សឿង សារឿន អង្គការជាង ១០០ ដែលបានដាក់លិខិតស្នើសុំចូលរួមវេទិកានេះតាមរយៈអង្គការរបស់លោក
ភាគច្រើនត្រូវបានរដ្ឋាភិបាលអញ្ជើញឲ្យចូលរួម ប៉ុន្ដែ លោកថា ក៏មានអង្គការមួយចំនួនទៀតមិនត្រូវបានអញ្ជើញផងដែរ។

មន្ត្រី​ឃ្លាំ​មើ​លការបោះឆ្នោតនៅអង្គការ​ខុមហ្វ្រែល លោក កន​ សាវាង្ស អះអាងថា អង្គការរបស់លោកមិនបានទទួលដំណឹង ឬលិខិតអញ្ជើញឲ្យចូលរួមកិច្ចប្រជុំនោះទេ។ លោករំលឹកថា កន្លងមក ក្រុមអង្គការសង្គមស៊ីវិល និងបន្ទប់ស្ថានការណ៍បោះឆ្នោតបានទទួលរងការគំរាមកំហែងនិងតាមដានពីសំណាក់អាជ្ញាធរ បន្ទាប់ពីរដ្ឋាភិបាលចោទប្រកាន់ជាចំហរថា ពួកគេបានចូលរួមក្នុងចលនាបដិវត្តន៍ពណ៌។

លោកគូសបញ្ជាក់ថារដ្ឋាភិបាលគួរបើកចំហឲ្យក្រុមអង្គការសង្គមស៊ីវិលទាំងអស់អាចចូលរួម និងធ្វើសកម្មភាពដោយសេរីដើម្បីបង្ហាញថា​ រដ្ឋាភិបាលមួយនេះពិតជាចង់ពង្រឹងភាពជាដៃពិតប្រាកដមែន។

លោកបន្ដថា៖ «ខ្ញុំមានការសោកស្ដាយដោយសារយើងអត់បានចូលរួម យើងក៏អត់បានទទួលការណែនាំផ្សេងពីហ្នឹងដែរ យើងអត់បានទទួលពីភាពច្បាស់លាស់ថាតើកិច្ចប្រជុំហ្នឹងជជែងពីរបៀបវាៈអីខ្លះ […] ប៉ុន្ដែ សម្រាប់អង្គការខ្ញុំ ដែលមិនស្ថិតនៅក្រោមឆ័ត្ររបស់ CCC យើងអត់បានចូលរួមទេ។ ហើយចំណុចនេះ យើងគិតថា បើរដ្ឋាភិបាលរៀបចំដើម្បីចង់ពិគ្រោះយោបល់ គួរតែបើកទូលាយឲ្យសង្គមស៊ីវិលទាំងអស់មានការចូលរួម»។

ប្រធាន​នាយកដ្ឋាន​កិច្ចការ​សមាគមនិង​គណបក្សនយោបាយ លោក ឈឹម កាន អះអាងថា ក្រសួងបានជូនដំណឹងជាសាធារណៈដល់អង្គការសង្គមស៊ីវិលដែលចង់ចូលរួមកិច្ចប្រជុំនេះ
ប៉ុន្ដែ លោកថា អង្គការខ្លះមិនបានដាក់លិខិតស្នើសុំមកនោះទេ។ លោកថាកិច្ចប្រជុំនៅថ្ងៃស្អែកនេះ នឹងផ្ដល់ឪកាសឲ្យក្រុមសង្គមស៊ីវិលអាចលើកឡើងនូវក្ដីកង្វល់និងបញ្ហាផ្សេងៗ របស់ពួកគេបានដោយសេរី។  

បើតាមលោក ឈឹម កាន មកទល់ពេលនេះ អង្គការចំនួន២៣០ បានចុះឈ្មោះនិងត្រៀមខ្លួនចូលរួមកិច្ចប្រជុំនៅថ្ងៃស្អែកនេះ។

លោកបន្ដថា៖ «ចំនួន២៣០ បាទហ្នឹង គាត់អត់មកចុះឈ្មោះ យើងបានប្រកាសព័ត៌មាន យើងបានជូនព័ត៌មានទៅគាត់តាមរយៈការសែងឲ្យគាត់មកចុះឈ្មោះហើយតើ។ គាត់មិនមកចុះឈ្មោះ យើងធ្វើម៉េចអាហ្នឹង […] យើងអាចឲ្យគាត់មានសំណួរ ចម្លើយស្អីៗក្នុងហ្នឹងទាំងអស់កម្មវិធីរបស់យើងស្អែកនេះ»។

កាលពីខែកុម្ភៈ ឆ្នាំមុន រដ្ឋាភិបាលបានចេញផ្សាយសៀវភៅ «ស» ដែលអះអាងថា កម្ពុជាកំពុងកើតមាននូវបដិវត្ដន៍ពណ៌មួយដែលរៀបចំឡើងអតីតគណបក្សប្រឆាំងដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ ក្នុងសៀវភៅនោះ
រដ្ឋាភិបាលក៏បានចោទប្រកាន់អង្គការជាង ៣០០ថា បានចូលរួមក្នុងបដិវត្តន៍នោះផងដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles