សមត្ថកិច្ច​​រង​ការ​រិះគន់​ថា មិន​ស្រាវជ្រាវ​ឃាតកម្ម​បុគ្គលិក​អង្គការ​ការពារ​បរិស្ថាន​ម្នាក់

ដោយ ថន ថារ៉ូ
2019-01-16
RFA

និមិត្ត​សញ្ញា​អាស៊ីសេរី។ Photo: RFA
និមិត្ត​សញ្ញា​អាស៊ីសេរី។ Photo: RFA


មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​ការពារ​សិទ្ធិមនុស្ស​នៅ​ខេត្ត​ពោធិ៍សាត់ ព្រួយបារម្ភ​ខ្លាច​សមត្ថកិច្ច​មិន​អាច​រក​យុត្តិធម៌​ជូន​គ្រួសារ​ជនរងគ្រោះ​បាន។ ក្ដី​បារម្ភ​នេះ ដោយសារតែ​ប៉ូលិស​ខេត្ត​បាត់ដំបង និង​ប៉ូលិស​ខេត្ត​ពោធិ៍សាត់​បាន​រុញ​ដាក់គ្នា​ទៅវិញទៅមក ករណី​ឃាតកម្ម​លើ​បុគ្គលិក​អង្គការ​ការពារ​បរិស្ថាន​ម្នាក់​នៅ​តំបន់​បឹង​ទន្លេសាប​អស់​ជាច្រើន​ថ្ងៃ​ហើយ ប៉ុន្តែ​សមត្ថកិច្ច​មិនទាន់​ចាប់​ឃាតក​មក​ផ្ដន្ទាទោស​បាន​នៅឡើយ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ពោធិ៍សាត់ អ្នកស្រី មិត្ត មួន ថ្លែងប្រាប់​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មករា ថា ឃាតកម្ម​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អារម្មណ៍​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ដែល​ជួយ​ការងារ​សង្គម ក្នុង​ផ្នែក​ការពារ​បរិស្ថាន ធនធាន​ជលផល ជាដើម។ មន្ត្រី​ធ្វើការ​ផ្នែក​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​បន្ថែម​ទៀត​ថា រហូត​មក​ទល់​ពេលនេះ​ប៉ូលិស​មិនបាន​ចុះ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ឃាតក ដែល​សម្លាប់​បុគ្គលិក​អង្គការ​ការពារ​ព្រៃឈើ សត្វព្រៃ និង​ការពារ​ជលផល​នៅ​បឹង​ទន្លេសាប ក្នុង​ឃុំ​មេទឹក​មក​ផ្ដន្ទាទោស​បាន​នៅឡើយ​ទេ៖ «កា​រុញ​ដាក់គ្នា​ទៅវិញទៅមក វា​ធ្វើ​ឲ្យ​ការអនុវត្ត​ច្បាប់​ហាក់​ដូច​មិន​មាន​ភាព​ច្បាស់លាស់ ព្រោះ​សមត្ថកិច្ច​គាត់​ដឹង​ពី​តួនាទី​ច្បាស់ ហើយ​នៅ​ពេល​ដែល​មាន​កើតហេតុ​នៅ​កន្លែង​ណា​ហើយ​ទទួលខុស​អី​យ៉ាង​នោះ ដោយ​មិន​គួរ​និយាយ​ឲ្យ​រួច​តែ​ខ្លួន​ទេ ព្រោះ​យើង​ជា​សមត្ថកិច្ច​ដែល​ទទួលខុសត្រូវ​លើ​ការងារ​នេះ។សមត្ថកិច្ច​គួរតែ​ធ្វើការ​ស៊ើបអង្កេត​បន្ត​ទៀត ព្រោះ​ការ​ស្លាប់​ហាក់​ដូច​ជា​មាន​អាថ៌កំបាំង ដូច្នេះ​ត្រូវ​សហការ​គ្នា​រវាង​ប៉ូលិស​ខេត្ត​ទាំងពីរ​នេះ»

អ្នកស្រី​បន្ត​ថា សំណុំ​រឿង​នេះ អ្នកស្រី​បាន​ចុះទៅ​សាកសួរ​នាយ​ប៉ុស្តិ៍​នគរបាល រដ្ឋ​ឃុំ​មេទឹក​ស្រុក​បាកាន ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ដល់​គ្រួសារ​ជនរងគ្រោះ​ដែរ ប៉ុន្តែ​ប៉ូលិស​បែរជា​រុញ​ដាក់គ្នា​ពី​មួយ​ទៅ​មួយ ដោយ​ប៉ូលិស​ខេត្ត​ពោធិ៍សាត់​ថា ឃាតកម្ម​នេះ​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ប៉ូលិស​ក្នុង​ខេត្ត​បាត់ដំបង​ទៅវិញ។

ឆ្លើយតប​នឹង​បញ្ហា​នេះ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​មេទឹក លោក គុយ បូរា មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា ការ​ស្លាប់​នេះ​ជា​អំពើ​ឃាតកម្ម នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ប៉ូលិស​ឃុំ​កោះជីវាំង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ហើយ​សាកសព​ត្រូវ​បាន​អណ្ដែត​ទឹក​មក​ជាប់​នៅ​ក្នុង​ទឹកដី​ឃុំ​មេទឹក ស្រុក​បាកាន។ លោក​ថា ប៉ូលិស​ស្រុក​បាកាន​កំពុង​ចុះ​ស្រាវជ្រាវ​លើ​សំណុំ​រឿង​នេះ​មិនទាន់​ចប់​នៅឡើយ ដូច្នេះ​មិនទាន់​អាច​កំណត់​មុខសញ្ញា​ជន​ដៃ​បាន​នៅឡើយ​ទេ៖ «យើង​ទទួល​បាន​ព័ត៌មាន​ពី​ខាង​យោធា​ភូមិភាគ​៥ ដែល​ប្រចាំការ​នៅ​ទីនោះ ហើយ​សមត្ថកិច្ច​យើង​ក៏បាន​ចុះទៅ​ស្រាវជ្រាវ និង​បាន​ទៅ​ត្រួតពិនិត្យ​សាកសព​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​កោះជីវាំង។ ខ្ញុំ​មិនទាន់​បាន​ដឹង​ដំណឹង​នេះ​នៅឡើយ​ទេ ព្រោះ​ចុះ​ស្រាវជ្រាវ​នៅ​ថ្ងៃ​កើត​ហេតុ ប៉ុន្តែ​រហូតមកដល់​ថ្ងៃនេះ​ប៉ូលិស​ជំនាញ​ពី​អធិការ និង​មកពី​ខេត្ត​ពោធិ៍សាត់​បាន​ចុះទៅ​ស្រាវជ្រាវ​ដល់​ទី​កន្លែង​មិនទាន់​មកវិញ​ទេ ដូច្នេះ​មិន​ទាន់​សន្និដ្ឋាន​ថា យ៉ាង​មិច​ទេ​ចាំ​មើល​ជំនាញ​ខាង​ខេត្ត និង​ស្រុក​មកវិញ​បាន​ដឹង​ព័ត៌មាន​នេះ»

ចំណែក​ឯ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប៉ូលិស​ឃុំកោះជីវាំង លោក ញ៉ុក សុខុម មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា សំណុំ​រឿង​នេះ​មិនមែន​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ប៉ូលិស​ខេត្ត​បាត់ដំបង​នោះ​ទេ ព្រោះ​ឃាតកម្ម​កើតឡើង​នៅ​ក្នុង​ទឹកដី​ខេត្ត​ពោធិ៍សាត់ ដូច្នេះ​បាន​លោក​មិនបាន​ចុះ​ស្រាវជ្រាវ​លើ​រឿង​នេះ​នោះ​ទេ៖ «សូម​បង​ជួប​ជាមួយ​ជំនាញ​គេ​នៅ​ខាង​ខេត្ត​ពោធិ៍សាត់​ទៅ​បាន​ដឹង ព្រោះ​ខ្ញុំ​មិន​មាន​ជំនាញ​ខាង​កោសល្យវិច័យ​ទេ ខ្ញុំ​គ្រាន់តែ​បាន​ទៅ​ចូលរួម​សហការ​ជាមួយ​គេ ប៉ុន្តែ​ការងារ​អី​យ៉ាងណា​នៅ​លើ​ប៉ូលិស​ខាង​ពោធិ៍សាត់»

សព​បុរស​វ័យ ៥២​ឆ្នាំ ឈ្មោះ អ៊ួក សាន ធ្វើ​ការ​ឪ្យ​អង្គការ​ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍​ការពារ​បឹង​ទន្លេសាប ត្រូវ​ប្រទះឃើញ​កាលពី​ថ្ងៃ​ទី​១២ ខែ​មករា នៅ​លើ​ទូក​កាណូត ក្នុង​ភូមិ​ព្រែកក្រ ឃុំ​មេទឹក ស្រុក​បាកាន។

កម្លាំង​នគរបាល​ស្រុក​ស្រុក​បាកាន ខេត្ត​ពោធិសាត់ និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កោះជីវាំង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ដែល​បាន​ប្រទះឃើញ​សាកសព អ្នកការពារ​បរិស្ថាន​រូប​នោះ បាន​សន្និដ្ឋាន​វា​ជា​ករណី​ឃាតកម្ម ដោយ​ពិនិត្យ​ឃើញ​ថា សព​ដេក​ផ្អៀង​អង្កុញ​ជើង​លើ​ទូក​ស្មាច់ ហើយ​ភ្នែក​ខាងស្ដាំ​លៀនជាំ រួម​ទាំង​ស្នាម​ជាំ​ជាច្រើន​កន្លែង​ទៀត​នៅ​លើ​ដៃ។

អនុប្រធាន​ភូមិ​ក្បាល​តោល លោក ឡេង ខេង មាន​ប្រសាសន៍​ថា ជនរងគ្រោះ​ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​បើក​ទីស្នាក់ការ អង្គការ​ការពារ​បរិស្ថាន សត្វព្រៃ និង​ផ្នែក​ជលផល​ក្នុង​ភូមិ​ក្បាលតោល ឃុំ​កោះជីវាំង។ លោក​ថា អ្នក​ទាំង​២​តែង​ចុះទៅ​ការពារ​ធនធាន​ជលផល ទប់ស្កាត់​មិន​អោយ​មាន ការ​ធ្វើ​នេសាទ​ខុសច្បាប់​នៅ​តំបន់​បឹង​ទន្លេសាប​ជាប្រចាំ ហើយ​មុន​ពេល​កើត ហេតុ ជនរងគ្រោះ​បាន​ចេញ​ពី​ផ្ទះ​តាំងពី​ថ្ងៃ​៨​មករា ដោយ​មិន​ដឹង​ទៅ​ទីណា​នោះ​ទេ ហើយ​នៅ​ថ្ងៃ​ទី​១១ មករា ទើប​ភរិយា​ទទួល​ដំណឹង​ពី​បុគ្គលិក​អង្គការ​រូប​នេះ​ថា នៅ​ហូបចុក​ជុំ​គ្នា​ជាមួយ​អ្នកស្រុក​នៅ​ភូមិ​ព្រែកក្រ ក្នុង​ខេត្ត​ពោធិ៍សាត់ ក្រោយ​មក​នៅ​ថ្ងៃ​ទី​១២ មករា ស្រាប់តែ​អ្នកភូមិ​ប្រាប់​ថា លោក អ៊ួក សាន បាន​ស្លាប់​នៅ​ភូមិ​ព្រែកក្រ នោះ​តែម្ដង៖ «ហើយ​ឈ្មោះ អ៊ួក សាន នេះ​ប្រពន្ធ​គាត់​ជា​ប្រធាន​ប្ដី​ជា​អនុប្រធាន ហើយ​កន្លង​គាត់​តែងតែ​ធ្វើការ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ទេ ហើយ​តាម​ដែល​ពលរដ្ឋ​និយាយ​ថា គាត់​មាន​ទាស់ទែង​ប្ដី​ប្រពន្ធ​តិចតួច ហើយ​សុំ​លុយ​ប្រាំ​ពាន់​រៀល​ទៅ​ទិញ​ផឹក ហើយ​គាត់​ទៅ​ស្រាប់តែ​បាត់​បួន​ថ្ងៃ ប្រពន្ធ​ទូរស័ព្ទ​មក​ខ្ញុំ​ថា បាត់​ប្ដី​ចំនួន​៤​ថ្ងៃ​ហើយ ក្រោយមក​លឺ​ថា​គាត់​ទៅ​ផឹកស៊ី​នៅ​ភូមិ​ក្បាល​តោល​ខាងលើ ដល់​ថ្ងៃ​ទី​១២ គេ​វា​ងាប់​បាត់​ទៅ ហើយ​គេ​ថា រកឃើញ​សាកសព​នៅ​មាត់​ព្រែករានអំបិល ខេត្ត​ពោធិ៍សាត់»

លោក​បន្ត​ថា សាកសព​បុគ្គលិក​អង្គការ​រូប​នេះ​សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​សាច់ញាតិ​យក​មក​ធ្វើបុណ្យ​នៅ​ភូមិ​ក្បាលតោល ហើយ​បាន​បូជា​កាលពី​ថ្ងៃ​ទី​១៣ មករា កន្លង​ទៅ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ខេត្ត​ពោធិ៍សាត់ ទទូច​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ស្រាវជ្រាវ​រក​ជន​ដៃដល់​មក​ផ្ដន្ទាទោស​ឲ្យ​បាន​ឆាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​គ្រួសារ​របស់​ជនរងគ្រោះ ដើម្បី​កុំ​ឲ្យ​ជនល្មើស​រួចខ្លួន​ពី​សំណាញ់​ច្បាប់ ហើយ​ទៅ​ស្លាប់​អ្នក​ការពារ​បរិស្ថាន និង​អ្នក​ជួយ​ការងារ​សង្គម​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles