សមាជិកសភាអាមេរិក នឹងស្នើច្បាប់ដាក់ទណ្ឌកម្មលោក ហ៊ុន សែន និងមន្រ្តីរបបនេះជាថ្មី នៅសប្តាហ៍ក្រោយ

មួង ណារ៉េត
2019-01-16
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមាជិកសភាសហរដ្ឋអាមេរិកពីខាងគណបក្សសាធារណរដ្ឋ លោក ថិត យ៉ូហូ (Ted YOHO)(រូបឆ្វេង) និង សមាជិកសភា​ពីខាងគណបក្សប្រជាធិបតេយ្យ គឺលោក អាឡែន ឡូវ៉ិនហ្សល (Alan LOWENTHAL)(រូប​ស្តាំ) (ហ្វេសប៊ុក​របស់តំណាងរាស្រ្ត​ទាំងពីររូប)
សមាជិកសភាសហរដ្ឋអាមេរិកពីខាងគណបក្សសាធារណរដ្ឋ លោក ថិត យ៉ូហូ (Ted YOHO)(រូបឆ្វេង) និង សមាជិកសភា​ពីខាងគណបក្សប្រជាធិបតេយ្យ គឺលោក អាឡែន ឡូវ៉ិនហ្សល (Alan LOWENTHAL)(រូប​ស្តាំ) (ហ្វេសប៊ុក​របស់តំណាងរាស្រ្ត​ទាំងពីររូប)


សមាជិក​សភាសហរដ្ឋអាមេរិក នឹង​​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្រ្តីរបបនេះជាថ្មីទៀត នៅសប្តាហ៍ក្រោយនេះ ដើម្បី​ដាក់សម្ពាធឲ្យស្តារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ​ ឲ្យ​ខាង​តែបាន។

សមាជិក​សភាសហរដ្ឋអាមេរិក លោក ថិត យ៉ូហូ (Ted YOHO) ប្រាប់អាស៊ីសេរី ឲ្យដឹងកាលពីថ្ងៃទី ១៥ ខែ មករា ថាការស្នើច្បាប់​ ស្តីពី​ប្រជាធិបតេយ្យកម្ពុជា ឡើងវិញនេះ គឺមានសារៈសំខាន់ណាស់។

សេចក្តី​ស្នើច្បាប់​ស្តីពីប្រជាធិបតេយ្យ​កម្ពុជា ឬ H.R.5754 នេះ​ត្រូវ​បាន​អនុម័តជាឯកច្ឆន្ទ​ម្តង​រួច​ទៅហើយ ដោយ​សមាជិកសភាទាំងពីរ​គណបក្ស កាលពីខែ កក្កដា ឆ្នាំ ២០១៨។ ប៉ុន្តែ ព្រឹទ្ធសភា​អាមេរិក មិនមានពេលវេលាគ្រប់គ្រាន់ ដើម្បី​អនុវត្តច្បាប់​នេះ ឲ្យ​ទាន់​មុនដាច់​ឆ្នាំនោះ។លោក ថិត យ៉ូហូ (Ted YOHO) ថា សេចក្តីស្នើច្បាប់​ស្តីពី​ប្រជាធិបតេយ្យដែលនឹង​ដាក់ស្នើទៅរដ្ឋសភានៅអាទិត្យ​ក្រោយនេះ គឺដើម្បី​ពលរដ្ឋ​ខ្មែរ <<ច្បាប់​នេះ គឺដើម្បី​ដាក់ទណ្ឌកម្ម​លោក ហ៊ុន សែន និង មន្រ្តី រួមទាំងអ្នកពាក់ព័ន្ធដទៃទៀត ដែល​បាន​ចូល​ដៃ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅកម្ពុជា>>។

ខ្លឹមសារទាំងស្រុង​នៃសេចក្តីស្នើច្បាប់​ដដែលនេះ លោក ថិត យ៉ូហូ (Ted YOHO) បញ្ជាក់ថា នឹង​រក្សាទុកដដែល ដោយ​ខ្លឹមសារដើមនៃច្បាប់នេះ គឺដាក់ទណ្ឌកម្ម​មន្រ្តី​របបលោក ហ៊ុន សែន ទាំងឡាយណា​ ដែលចូលដៃក្នុងការ​រំលោភសិទ្ធិមនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរនៅកម្ពុជា។ ទណ្ឌកម្មទាំងនោះ​រួមមាពីរធំៗ គឺទីមួយ បិទ​ទិដ្ឋាការ ដោយ​មិនឲ្យមន្រ្តី និង អ្នកពាក់ព័ន្ធទាំងនោះ ចូលទឹកដីអាមេរិក និងពីរ បង្កកទ្រព្យសម្បត្តិ​ទាំងអស់​របស់​មន្រ្តី និង អ្នកពាក់ព័ន្ធទាំងនោះ។

លោក ថិត យ៉ូហូ (Ted YOHO) ដែលជាតំណាងរាស្រ្ត​ពីខាង​គណបក្សកាន់អំណាច សព្វថ្ងៃ គឺគណបក្សសាធារណៈរដ្ឋ រួមជាមួយ​តំណាងរាស្រ្ត​ពីខាង​គណបក្សប្រឆាំង គឺ​គណបក្សប្រជាធិបតេយ្យ ​គឺលោក អាឡែន ឡូវ៉ិនហ្សល (Alan LOWENTHAL) ដែលជាអ្នកផ្តួចផ្តើម​ឲ្យ​មាន​ច្បាប់​នេះ សុទ្ធតែមានសុទិដ្ឋិនិយម​ខ្ពស់ ថា​ច្បាប់​នេះនឹង​ត្រូវ​សភា និង ព្រឹទ្ធសភា​អនុម័ត ដោយគ្មានជំទាស់ ឬ អល់អែក​អ្វីនោះឡើយ << ខ្ញុំ​សង្ឃឹម 100% ថាច្បាប់​នេះនឹង​ត្រូវ​រដ្ឋសភា​យល់ព្រមជាឯកឆ្ទន្ទ។ ខ្ញុំ​សង្ឃឹម ៩៨% ថា​ព្រឹទ្ធសភា​នឹង​យល់ស្រប​តាម​សំណើនេះដែរ។ ក្រោយមកច្បាប់​នេះ នឹង​ចុះហត្ថលេខាប្រកាសឲ្យចូលជាធរមាន។ ដូច្នេះ ខ្ញុំ​រំពឹង​ថា នៅ ៦ ខែ ឬ មួយ​ឆ្នាំ មុនការ​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតីអាមេរិក ច្បាប់​នេះនឹង​ចូល​ជា​ធរមាន>>​។

ការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតីសហរដ្ឋអាមេរិក ធ្វើ​ឡើង​នៅ​ឆ្នាំ ២០២០។

ស្របពេលដែលសមាជិកសភាអាមេរិក មក​ពីខាង​គណបក្សទាំងពីរ​ កំពុង​ដុតដៃដុតជើង​ ក្នុងការ​ស្នើច្បាប់​ដាក់ទណ្ឌកម្មលោក ហ៊ុន សែន និង ​មន្រ្តីរបបនេះ សមាជិកព្រឹទ្ធសភា​អាមេរិក ពីទាំងពីរ​គណបក្ស​ឯណោះដែរ​ ក៏កំពុង​រូតរះ​ ស្នើ​​ច្បាប់​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​របប​លោក ហ៊ុន សែន ដើម្បី​ដាក់សម្ពាធ​ឲ្យ​របបនេះ ស្តារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញដែរ។

សមាជិក​ព្រឹទ្ធសភា​​ពី​ខាង​គណបក្ស​សាធារណៈរដ្ឋ លោក​ ថិត គ្រូស (Ted CRUZ) និង​សមាជិកព្រឹទ្ធសភា មកពីខាង​គណបក្ស​ប្រជាធិបតេយ្យ លោក គ្រីស ឃូនស៍ (Chris COONS) កាល​ពី​ថ្ងៃ​ទី៩ ខែ​មករា បាន​​ដាក់​​សេចក្តី​​ស្នើច្បាប់​មួយ​ ស្តីពីពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ២០១៩ ដើម្បី​ឲ្យ​​រដ្ឋាភិបាល​​សហរដ្ឋអាមេរិក​ពិចារណាឡើងវិញ លើ​ការ​​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ទូទៅ (ឬ GSP) ដល់​​របប​​លោក ហ៊ុន សែន។ ការ​ពិចារណា​ឡើង​វិញ​នេះ រួម​មាន ការ​ដក​ទាំង​ស្រុង ព្យួរ ឬ​កាត់​បន្ថយ​ការ​​ផ្តល់​​ការ​​អនុគ្រោះ​ពន្ធ ដែល​​ផ្តល់​​ដល់​​កម្ពុជា ដោយសារ​​តែ​របប​លោក ហ៊ុន សែន រំលោភ​សិទ្ធិ​មនុស្ស និង​​បំផ្លាញ​​​ប្រជាធិបតេយ្យ។

ទាំង​សេចក្តីស្នើច្បាប់​របស់​សមាជិកសភា និង សមាជិកព្រឹទ្ធសភា​អាមេរិក គឺមាន​គោលដៅតែមួយដូចគ្នា គឺចង់​ឲ្យ​របបលោក ហ៊ុន សែន ស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញឲ្យ​ខាង​តែបាន។

លោក ថិត យ៉ូហូ (Ted YOHO) បញ្ជាក់ថា សេចក្តីស្នើច្បាប់​នេះ ធ្វើឡើងដើម្បីឆ្លើយតប ​ទៅ​តាម​សំណូម​ពរ​របស់​អ្នកនិយមប្រជាធិបតេយ្យ ជាពិសេស​ពលរដ្ឋខ្មែរ ដែលរង​ភាព​អយុត្តិធម៌ ក្រោមរបបដឹកនាំផ្តាច់ការ​របស់លោក ហ៊ុន សែន <<សហគមន៍ខ្មែរយ៉ាង​ច្រើនលើសលុបនៅសហរដ្ឋអាមេរិក ចង់ឲ្យ​មានប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។ ពួកគាត់​ជាច្រើន បាន​មកជួបខ្ញុំ​នៅកន្លែងធ្វើការ។ ពួកគាត់​គាំទ្រ​ច្បាប់នេះ ព្រោះគាត់​ជឿជាក់ថា ច្បាប់​ដាក់ទណ្ឌកម្មនេះ ពិតជា​អាច​ជួយ​កម្ពុជា ស្តារមុខមាត់​ឡើងវិញបាន។ ដូច​លោកដឹងស្រាប់​ហើយ ការ​បោះឆ្នោត​កន្លងទៅ គឺជាបោះឆ្នោត​ក្លែងក្លាយ និង គួរ​ឲ្យ​អាម៉ាស់ ដែលមេដឹកនាំផ្តាច់ការ​លោក ហ៊ុន សែន រម្លាយសំឡេង​ប្រឆាំង​ រួចហើយ​រៀបចំបោះឆ្នោត ដោយ​គ្មានបក្សប្រឆាំង។ ក្រោយ​បោះឆ្នោត​រួច លោក ហ៊ុន សែន បែរ​ជាបន្ទន់ឥរិយាបទ ចង់​បើកចំហរ​សេរីភាពវិញខ្លះ។ ប៉ុន្តែ ជិតដល់បោះឆ្នោតទៀត គាត់​ធ្វើ​ដដែលទៀត។ លោក ហ៊ុន សែន កាន់អំណាច​តាំងពីឆ្នាំ ១៩៨៥ ប៉ុន្តែ បើ​មើលកម្រិតជីវភាពប្រជាពលរដ្ឋខ្មែរវិញ នៅតែ​រកប្រាក់ចំណូល​បានទាបជាងគេ​ ក្នុងចំណោមពលរដ្ឋប្រាក់ចំណូលទាបនៅលើ​ពិភពលោក។ នេះគឺដោយសារ​តែ​លោក ហ៊ុន សែន គាត់​ខ្វល់តែ​បុគ្គល ហ៊ុន សែន មិនខ្វល់ពីប្រជា​ពលរដ្ឋខ្មែរទូទៅទេ។ ឥឡូវ​គាត់​ក្លាយ​ជាកូនជឹង​របស់​ចិនទៀត។ ឲ្យ​តែចិនឲ្យធ្វើអ្វី គាត់​ធ្វើ​តាមហ្នឹង។ គួរ​ឲ្យ​អនិច្ចាណាស់!>>។

ស្របពេលដែលសហគមន៍អន្តរជាតិ កំពុង​រូតរះដាក់ទណ្ឌកម្ម​របបលោក ហ៊ុន សែន លោក ហ៊ុន សែន និង មន្រ្តីរបបនេះ អួតអាងថា កម្ពុជាមិនស្លាប់ទេ ទោះមានទណ្ឌកម្ម​នេះក៏ដោយ។ មន្រ្តីនាំពាក្យ​របបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន ប្រតិកម្មទៅនឹង​ច្បាប់​ដាក់ទណ្ឌកម្មនេះ ថាទណ្ឌកម្មណាមួយមកលើកម្ពុជា​ គ្មាន​ប្រយោជន៍ទេ ព្រោះអាមេរិកបានតែថា។ ម្យ៉ាង​ទៀត​លោកអះអាង ថា​កម្ពុជា​ធ្លាប់​ភ្លក្ស​រសជាតិទណ្ឌកម្មជុំទិសគ្រប់គ្រាន់ហើយ ទាំងទណ្ឌកម្មការទូត និង សេដ្ឋកិច្ច និង ពេលនេះកម្ពុជា​អាច​ស៊ូទ្រាំ​នឹង​ទណ្ឌកម្ម​ណាមួយពី​សហគមន៍អន្តរជាតិបាន ដោយ​មិន​ត្រូវឱនក្បាល​ចំពោះបរទេសនោះឡើយ << បាទ! មិនដែលមានប្រសិទ្ធភាពស្អីផង! នេះបើ​តាម​យើង​ឃើញ ពីព្រោះអាមេរិកាំង​ តែង​តែក្បត់​នូ​វ​ការ​សន្យារបស់ខ្លួន ដោយ​យើង​មាន​ប្រវត្តិសាស្រ្ត​ ដ៏ជូរ​ចត់​ជាមួយ​សហរដ្ឋអាមេរិក ដែលរត់​ចោល​យើង​ក្នុង​ឆ្នាំ ១៩៧៥។ រហូតមកដល់ពេលនេះ យើង​នៅ​មិនទាន់ឃើញ​អំពីសុឆន្ទៈ​របស់​អាមេរិក ក្នុងការ​ទទួលស្គាល់សិទ្ធិ​ស្វ័យ​សម្រេច​របស់​កម្ពុជាដែរ​>>។

លោក ផៃ ស៊ីផាន អះអាង​បន្ថែមទៀតថា ការ​មិនស្តារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​តាម​សម្ពាធ​អន្តរជាតិនេះ គឺកម្ពុជាធ្វើតាមសំណូមពរពលរដ្ឋខ្មែរ ដែល​បោះឆ្នោត​ឲ្យ​គណបក្សប្រជាជនកម្ពុជា។

ទោះបីមន្រ្តីរបបលោក ហ៊ុន សែន និង លោក​ ហ៊ុន សែន ផ្ទាល់​អះអាងថា​កម្ពុជា​កំពុង​ត្រៀម​ខ្លួន​ទប់​ទល់​នឹង​ការ​ដាក់ទណ្ឌកម្មណាមួយ ដោយ​មិនចុះញ៉មព្រម​ធ្វើ​តាម​សំណូមពរ​របស់​សហគមន៍អន្តរជាតិ រឿង​ស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​នេះឡើងវិញក៏ដោយ មជ្ឈដ្ឋានទូទៅដែលឈឺឆ្អាលអំពីកម្ពុជា ថាជម្រើស​ផ្គើន​ដាក់សម្ពាធអន្តរជាតិនេះ មិនអាច​ជួយអ្វីបាន​ដល់កម្ពុជានោះឡើយ។

ក្នុង​ស្ថានភាព​បែបនេះ ទាំង​អ្នកវិភាគ អ្នកឃ្លាំមើល​កិច្ចការ​សង្គម មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សុទ្ធតែ​យល់ឃើញ​ថា ដំណោះស្រាយ​ដែល​សមស្រប ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​រឹងមាំ គឺ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បីបញ្ចៀស​ទណ្ឌកម្មទាំងនេះ ហើយ​បើ​មានទណ្ឌកម្ម​មែន លោក ហ៊ុន សែន គឺជាអ្នកទទួលខុសត្រូវ​ ចំពោះ​មុខ​ប្រវត្តិសាស្រ្ត នៃការ​ដឹកនាំ​ប្រទេសនេះ ឲ្យ​រងទណ្ឌកម្មដែលអាចចៀសវាង​បាន​​បែបនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles