ហេតុ​អ្វី​បាន​ជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សហគមន៍​​អឺរ៉ុប​សំខាន់​សម្រាប់​កម្ពុជា?


|
https://www.vodhotnews.com

កំពង់ផែ ប្រព័ន្ធអនុគ្រោះពន្ធ (រូបភាព៖ បណ្ដាញសង្គម)

ការ​ដក​ហូត​ប្រទេស​កម្ពុជា​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហគមន៍​អន្តរជាតិបាន​ក្លាយ​ទៅ​ជា​ប្រធាន​នៃការ​ជជែក​កាន់​តែ​ច្រើន​ថែម​ទៀត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះក្រោយ​ពី​មេដឹកនាំ​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​ៗ​តប​ទៅ​នឹង​បញ្ហា​មួយ​នេះ​កាលពី​ដើម​សប្ដាហ៍​មក​នេះ។

ប្រព័ន្ធ​អនុគ្រោះ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» ឬ​ហៅ​កាត់​ខ្លី​ថា «EBA» ត្រូវ​បាន​សហគមន៍​អឺរ៉ុប​​ជូន​ដំណឹង​ត្រឡប់​មក​កម្ពុជា​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន​ថាពួកគេ​បាន​ចាប់​ផ្ដើម​ដំណើរការ​ដក​ហូត​ហើយ។ សហភាព​អឺរ៉ុប​បាន​ជូន​ដំណឹង​បែប​នេះ បន្ទាប់​ពី​ពួកគេ​រក​ឃើញ​ថាកម្ពុជា​បាន​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។

ក្រៅ​ពី​សហភាព​អឺរ៉ុបទីផ្សារ​សម្រាប់​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ក៏​ស្ថិត​ក្នុង​ស្ថានភាព​រង​គ្រោះ​ផង​ដែរក្រោយ​ពី​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក ២​រូប បាន​ជំរុញ​ទៅ​រដ្ឋបាល​ប្រធានាធិបតី ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា​នេះ ឲ្យ​សើរើ​ច្បាប់​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ឡើង​វិញ ក្រោយ​ពី​មើល​ឃើញ​ថារដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បរាជ័យ​ក្នុង​ការ​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។

ខណៈ​ដែល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នៃ​ទីផ្សារ​ទាំង​ពីរ​ស្ថិត​លើ​ស្ថានភាព​ផុយ​ស្រួយ​អាចរង​គ្រោះ​នោះ
លោក ហ៊ុន សែន បាន​ព្រមាន​ថា នឹង​បង្ក្រាប​ទៅ​បក្ស​ប្រឆាំង​បន្ថែម​ទៀត ប្រសិន​បើ​អន្តរជាតិ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញ​កម្ពុជា​នោះ។

លោក ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ កាត់តាមភ្នំពេញ និងខេត្តកណ្តាល(ផ្លូវជាតិ៤-ផ្លូវជាតិ១) ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន/ Screenshot)


លោក ហ៊ុន សែន​ ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ​ថា៖ «បើ​សិន​អ្នក​ឯង​ដាក់​ទណ្ឌកម្ម​ខ្ញុំ គឺ​ស្មើ​នឹង​វៃ​សម្លាប់​គណ​បក្ស​ប្រឆាំង​នៅ​កម្ពុជា។ ខ្ញុំនិយាយ​ប្រាប់​អ្នក​ឯង​ឱ្យ​ច្បាស់ ព្រោះ​គ្មាន​រឿង​អី​ដែល​ខ្ញុំ​ត្រូវ​ថ្នាក់​ថ្នម ព្រោះ​វា​បាន​តែ​ជ្រុល​អញ្ចឹង​​ទៅ​​ហើយ ឱ្យ​វា​ទៅ​បណ្តោយ​ទៅ។ ជាន់កហ្អែងថែម»

ប៉ុន្តែក្រុម​អ្នក​តាម​ដាន​សង្គម​នយោបាយ​កម្ពុជា មិន​យល់​ស្រប​នឹង​ជំហរ​បែប​នេះ​របស់​រដ្ឋាភិបាល​នោះ​ឡើយ
ហើយ​ក៏​បាន​ផ្ដល់​នូវ​មតិ​នានា ដែល​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បន្ទន់​ជំហរនិង​ងាក​ទៅគោរព​តាម​លក្ខខណ្ឌ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យដូច​ដែល​សហគមន៍​អឺរ៉ុប​ផ្ដល់​ជា​អនុសាសន៍ ដើម្បី​បញ្ចៀស​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។

វិវាទ​កម្ម​មួយ​នេះបាន​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា ហេតុអ្វី​បាន​ជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វី​គ្រប់​យ៉ាង​​លើក​លែង​តែ​អាវុធ» ​របស់​សហភាព​អឺរ៉ុប សំខាន់​សម្រាប់​ប្រទេស​កម្ពុជា?

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «EBA» គឺ​ជា​កម្មវិធី​ផ្ដល់​ការ​អនុគ្រោះ​ផ្នែក​ពន្ធ​គយ​លើ​ទំនិញ​នាំ​ចូល​ពី​​បណ្ដា​ប្រទេស​នានាដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ថា «ប្រទេស​អភិវឌ្ឍន៍​តិចតួច» ឬ​ហៅ​ម្យ៉ាង​ទៀត​ថាប្រទេស​ក្រី​ក្រ។ ចាប់​តាំង​ពី​វា​ត្រូវ​បាន​សហគមន៍​អឺរ៉ុប​ដាក់​ឲ្យ​អនុវត្ត​កាល​ពី​ឆ្នាំ​២០០១មក ប្រទេស​ក្រីក្រ​ចំនួន៤៩​​នៅ​ទូទាំង​ពិភព​លោក ត្រូវ​បាន​ផ្ដល់​ឋានៈ​ជា​ប្រទេស​ទទួល​បាន​ការ​លើក​លែង​ពន្ធគយ​សម្រាប់​នាំ​ទំនិញ​ចូល​ទៅ​ទីផ្សារ​អឺរ៉ុបក្នុង​នោះ​មាន​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ។

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះមាន​សារៈ​សំខាន់​កម្រិត​ណា​សម្រាប់​កម្ពុជា​នោះ អាច​ត្រូវ​បាន​មើល​ឃើញ ឬ​ក៏​ឆ្លុះ​បញ្ចាំង​បាន​តាម​រយៈ​ទំហំ​កំណើន​ពាណិជ្ជកម្ម​​រវាង​កម្ពុជានិង​សហភាព​អឺរ៉ុប​ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ ដែល​ក្នុង​ន័យ​នេះ គឺ​សំដៅ​ដល់​ទំហំ​នៃ​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ចូល​ទៅ​កាន់​ទីផ្សារ​រួម​សហគមន៍​អឺរ៉ុបនិង​ទំហំ​នៃ​ការ​នាំ​ចូល​ទំនិញ​ពី​អឺរ៉ុប​មក​កម្ពុជា​វិញ។

បើ​មើល​ទៅ​លើ​ទំហំ​នាំ​ចេញ​ទាំង​មូល​របស់​កម្ពុជាទិន្នន័យ​របស់​ធនាគារ​ពិភព​លោក បាន​បង្ហាញ​ថា កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​​​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​ដល់​ទៅជាង​ ១០​​.០៦៩​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មកខណៈ​ដែល​កម្ពុជា​ក៏​បាន​នាំ​ចូល​ទំនិញ​ពី​ទីផ្សារ​អន្តរជាតិ ​មាន​តម្លៃ​ដល់​ទៅ​ជាង១២.៣៧១​ពាន់​លាន​នៅ​ក្នុង​ឆ្នាំ​នោះ​ផង​ដែរ។

ជាង​នេះ​ទៅ​ទៀត
របាយការណ៍​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក ហៅ​កាត់​ថា WTO បាន​បង្ហាញ​ថាទំហំ​នៃ​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ បាន​កើន​ឡើង​ ១៩​ភាគរយ​បន្ថែម​ទៀត​កាល​ពី​​ឆ្នាំ​២០១៧​កន្លង​មកបើធៀប​ទៅ​នឹង​តួលេខ​មួយ​ឆ្នាំ​មុន ដែល​នាំ​ឲ្យ​ទំហំ​នាំ​ចេញ​របស់​កម្ពុជា​មាន​តម្លៃ​ដល់​ទៅ​ជិត១២​ពាន់​លាន​ដុល្លារ ខណៈ​ដែល​ទំហំ​នៃ​ការ​នាំ​ចូល​​បាន​កើន​ឡើង ១១​ភាគរយ ឬ​មាន​តម្លៃ​​ដល់​ទៅ​ជិត ១៤​ពាន់​លាន​ដុល្លារ។

បើ​និយាយ​ចំពោះ​តែ​ទីផ្សារ​អឺរ៉ុប​តែ​មួយទិន្នន័យ​ធនាគារ​ពិភព​លោក បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​នាំចេញ​ទំនិញ​គ្រប់​ប្រភេទ​ពី​តំបន់​អឺរ៉ុប​ចូល​មក​កម្ពុជាមាន​តម្លៃ​​តែ​ជាង ៥៦៦​លាន​ដុល្លារ​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក ដែល​នេះ​គឺ​ជា​តួលេខ​មាន​គម្លាត​ខុស​គ្នា​ឆ្ងាយ​​បើ​ធៀប​ទៅ​នឹង​ទំហំ​នៃ​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ដ៏​ធំ​មួយ​នេះ។

បើ​តាម​ទិន្នន័យ​របស់​ធនាគារ​ពិភព​លោក​ដដែលកម្ពុជា​បាន​នាំ​ចេញ​ទំនិញ​​មាន​តម្លៃ​ដល់​ទៅ ៤.១២៦​​ពាន់​លាន​ដុល្លារទៅ​កាន់​ទីផ្សារ​អឺរ៉ុប ដែល​ភាគ​ច្រើន​លើស​លប់​ដល់​ទៅ ៩៨​​.៨៤​ភាគរយ គឺ​ជា​ផលិត​ផល​សម្រេច​មាន​តម្លៃ​ស្មើ​នឹង ៤.០៧៨​ពាន់​លាន​ដុល្លារ។

ទិន្នន័យ​នោះ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថាផលិត​ផល​សម្រេច​ដែល​កម្ពុជា​នាំ​ចេញ​ច្រើន​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប គឺ​ជា​ផលិត​ផល​កាត់​ដេរ​សម្លៀក​បំពាក់និង​ស្បែក​ជើង ដែល​មាន​តម្លៃ​ដល់​ទៅ​ជាង ៣​ពាន់ ៥៣១​លាន​ដុល្លារ ឬ​ស្មើ​នឹង៨៥.៥៨​ភាគរយយ​ នៃ​តម្លៃ​ទំនិញ​សរុប​ដែល​កម្ពុជា​នាំ​ចូល​ទីផ្សារ​អឺរ៉ុប។

បើ​ពិនិត្យ​មើល​ទិន្នន័យ​លម្អិត​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​តាម​ប្រទេស​នីមួយៗសហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស អាល្លឺម៉ង់ ជប៉ុន និង​កាណាដា គឺ​ជា​ទីផ្សារ​ធំ​បំផុត​ដែល​បាន​នាំ​ចូល​ទំនិញ​ផ្សេងៗ​ពី​កម្ពុជាជាពិសេស​ផលិត​ផល​សម្លៀក​បំពាក់ និង​ស្បែក​ជើង ដែល​ផ្ដល់​ផល​វិជ្ជមាន​សម្រាប់​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា។

ទន្ទឹម​នេះ​ដែរប្រទេស​ចិន​បាន​នាំ​ចេញ​ទំនិញ​មាន​តម្លៃ​ដល់​ទៅជាង ៤៥៥០​លាន​ដុល្លារ ចូល​មក​កម្ពុជា និង​តាម​ពី​ក្រោយ​ដោយ​ប្រទេស​ថៃ​មាន​តម្លៃ​ជាង ១៩១០​លាន​ដុល្លារ និង​ប្រទេស​វៀតណាម​មាន​តម្លៃ​ជាង ១៤១៥​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០១៦ ដែល​ផ្ដល់​ផល​អវិជ្ជមាន​សម្រាប់​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា។

តួលេខ​ដដែល​នេះ​ក៏​បង្ហាញ​ផង​ដែរ​ថា សហគមន៍​អឺរ៉ុប គឺ​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​ទំនិញ​កម្ពុជាដោយ​មាន​ចំណែក​ទីផ្សារ​ដល់​ទៅ ៤០.៩៨​ភាគរយនិង​តាម​ពី​ក្រោយ​ដោយ​តំបន់​អាមេរិក​ខាង​ជើង​មាន​សហរដ្ឋ​អាមេរិក និង​កាណាដាដែល​បាន​ផ្ដល់​ចំណែក​ទីផ្សារ​ដល់​ផលិត​ផល​កម្ពុជា​ដល់​ទៅ​ ២៧.៨៣​ភាគរយ ខណៈ​ដែល​ចំណែក​ទីផ្សារ​នៃ​ផលិត​ផល​កម្ពុជា​នាំ​ចេញ​ទៅ​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកមាន​ទំហំ​ ២៧.៨០​ភាគរយ។

ដោយសារ​តែ​កម្ពុជា​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុបរាល់​ទំនិញ​ទាំង​ឡាយ​ត្រូវ​បាន​នាំ​ចេញ​ពី​កម្ពុជា ចូល​ទៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប​ដោយ​រួច​ផុត​ពី​កាតព្វកិច្ច​បង់​ពន្ធ​គយ​មាន​តម្លៃ​យ៉ាង​តិច៦៧៧​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​២០១៦​កន្លង​មក។

ប៉ុន្តែប្រសិន​បើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ត្រូវ​បាន​ដក​ហូត វា​ច្បាស់​ណាស់​ថា រាល់​ទំនិញ​កម្ពុជា​ដែល​ត្រូវ​នាំ​ចូល​ទៅ​សហគមន៍​អឺរ៉ុបនឹង​តម្រូវ​ឲ្យ​បង់​ពន្ធ​គយ​ ដែល​ត្រូវ​បាន​កំណត់​នូវ​អត្រា១១​ភាគរយ​សម្រាប់​ផលិត​ផល​សម្លៀក​បំពាក់ និង​អត្រា​ផ្សេងទៀត ទៅ​តាម​ប្រភេទ​ទំនិញ​ខុសៗ​គ្នា។

ធនាគារ​ពិភព​លោកបាន​ព្រមាន​ក្នុង​របាយការណ៍​បច្ចុប្បន្នភាព​​សេដ្ឋកិច្ច​កម្ពុជា​កាល​ពី​ដើម​ខែ​តុលានេះថាការ​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​ផ្ដល់​មក​ឲ្យ​កម្ពុជា គឺ​ជា​ហានិភ័យ​ដ៏​ចម្បង​មួយ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ទាំង​មូល។

ធនាគារ​មួយ​នេះ
បាន​ពន្យល់​ក្នុង​របាយការណ៍​នោះ​ថា ការ​គំរាម​កំហែង​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សំណាក់​មហា​អំណាច​សេដ្ឋកិច្ច​អឺរ៉ុបអាច​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​រីក​លូត​លាស់​របស់​សេដ្ឋកិច្ច​កម្ពុជា។

ធនាគារ​ពិភព​លោក​បាន​ប្រកាស​ថា សេដ្ឋកិច្ច​កម្ពុជា​​​នៅ​តែ​រក្សា​បាន​កំណើន​រឹង​មាំ​ដដែល​នៅ​រយៈ​ពេល៦​ខែ​ឆ្នាំ​២០១៨​នេះ។ បើ​តាម​ធនាគារ​មួយ​នេះ សេដ្ឋកិច្ច​កម្ពុជា​រក្សា​បាន​កំណើន​រឹង​មាំ​បែប​នេះនោះ​ក៏​ព្រោះ​តែ​មួយ​ផ្នែក​ធំ​​បាន​មក​ពី​ការ​រួម​ចំណែក​យ៉ាង​ធំ​ធេង​នៃ​កំណើន​ការ​នាំ​ចេញ​ផលិត​ផល​កាត់ដេរ​សម្លៀក​បំពាក់ស្បែក​ជើង និង​ផលិត​ផល​សម្រាប់​ការ​ធ្វើ​ដំណើរដែល​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប និង​តំបន់​អាមេរិក​ខាង​ជើង៕


អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles