អ្នកវិភាគ​គោល​នយោបាយ​ថា កំណែ​ទម្រង់​សេដ្ឋកិច្ច​ត្រូវ​លុបបំបាត់​អំពើពុករលួយ​នៅ​ថ្នាក់លើ​សិន

ដោយ មួង ណារ៉េត
2019-01-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​វិភាគ​គោលនយោបាយ​ការបរទេស និង​ជា​អ្នក​និពន្ធ​សៀវភៅ «ការ​ពឹង​ផ្អែក​លើ​ជំនួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ វិធី​ដែល​ជំនួយ​បរទេស​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ទន់​ខ្សោយ» (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy)  លោក​សាស្ត្រាចារ្យ​បណ្ឌិត​ អៀ​ សុផល។ Facebook
អ្នក​វិភាគ​គោលនយោបាយ​ការបរទេស និង​ជា​អ្នក​និពន្ធ​សៀវភៅ «ការ​ពឹង​ផ្អែក​លើ​ជំនួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ វិធី​ដែល​ជំនួយ​បរទេស​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ទន់​ខ្សោយ» (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy) លោក​សាស្ត្រាចារ្យ​បណ្ឌិត​ អៀ​ សុផល។ Facebook


អ្នកវិភាគ​គោល​នយោបាយ​អះអាង​ថា គម្រោង​កំណែទម្រង់​អំពើពុករលួយ​របស់​លោក ហ៊ុន សែន ដែល​គ្រោង​បោសសម្អាត​អំពើពុករលួយ​ពី​មន្ត្រី​ថ្នាក់ក្រោម​ឡើង​លើ​នេះ នឹង​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ។ អ្នកវិភាគ​ថា កំណែទម្រង់​សេដ្ឋកិច្ច ត្រូវ​ផ្ដើម​ចេញ​ពី​ការ​លុប​បំបាត់​អំពើពុករលួយ​ពីលើ ចុះក្រោម ជាពិសេស​ការ​ចំណាយ​ថវិកាជាតិ​ខ្ជះខ្ជាយ ភាព​គ្មាន​តម្លាភាព និង​ប្រព័ន្ធ​បក្សពួក និង គ្រួសារនិយម ដែល​ធ្វើ​ឲ្យ​ខ្សោះ​ប្រាក់ចំណូល​ជាតិ។

សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ការទូត និង​ពិភពលោក នៃ​សាកលវិទ្យាល័យ អុកស៊ីដិនថល (Occidental College) នៅ​ទីក្រុង ឡូសអែនជីឡេស (Los Angeles) រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក លោក​បណ្ឌិត អៀ សុផល ថា គេ​មិន​អាច​កែ​ទម្រង់​សេដ្ឋកិច្ច ពី​ក្រោម​ឡើងលើ​ទេ។ លោក​លើក​យក​សុភាសិត​អាហ្វ្រិក ដែល​និយាយ​ថា “​ត្រី​ចាប់​ស្អុយ​ខូច​ពី​ក្បាល​មក​មុន”។ លោក អៀ សុផល បន្ត​ថា បើ​គេ​ចង់​បោសសម្អាត​ក្នុង​ផ្ទះ គឺ​គេ​ត្រូវ​សម្អាត​ពី​ជាន់​លើ​មក​មុន។ ម្យ៉ាងទៀត ការ​កែ​ទម្រង់​ពិត​ប្រាកដ មិនមែន​និយាយ​ឲ្យ​តែ​ពីរោះ​ស្ដាប់ ឬ​គ្រាន់តែ​តុបតែង​លម្អ​បង្អួត ឲ្យ​ល្អមើល​តែ​ពី​ខាងក្រៅ​នៅ​ទេ។

ប្រតិកម្ម​របស់​លោក​បណ្ឌិត អៀ សុផល ដោយសារតែ​លោក ហ៊ុន សែន ទទួល​ស្គាល់​ថា បញ្ហា​អំពើពុករលួយ​ក្រោម​ការ​ដឹកនាំ​របស់​លោក នៅតែ​បន្ត​កើតមាន ជាពិសេស​អំពើពុករលួយ​ប្រព្រឹត្ត​ដោយ​មន្ត្រី នៅ​ច្រក​ទ្វា​ព្រំដែន៖ «អ៊ីចឹង​ទេ​! ឥឡូវនេះ ត្រូវ​មាន​ការប្រជុំ ហើយ​ធ្វើ​កិច្ចការ​កំណែ​ទម្រង់សេដ្ឋកិច្ច​ផ្ទៃក្នុង ឲ្យ​កាន់តែ​លឿន។ សុំ​ផ្តាំ​ទៅ​អ្នក​វិនិយោគិន​ទាំងឡាយ អ្នកធ្វើ​ធុរកិច្ច​ទាំងឡាយ នៅ​ពេល​ខាងមុខ នឹង​មាន​ការ​ដាក់ចេញ​នូវ​វិធានការ​កាត់បន្ថយ ការ​ចំណាយ​ទាំង​ផ្លូវការ និង​មិន​ផ្លូវការ​របស់​អ្នក​វិនិយោគ ដើម្បី​ឲ្យ​អ្នក​វិនិយោគ​ទាំងនោះ មាន​ឱកាស​កាន់តែ​ខ្លាំង ក្នុង​ការ​ប្រកួតប្រជែង ទៅលើ​វិស័យ​សេដ្ឋកិច្ច»

ការប្រកាស​ធ្វើ​កំណែ​ក​ទម្រង់​ប្រញាប់​នេះ ធ្វើឡើង​ក្រោយ​ពី​ឱសានវាទ នៃ​ការ​ដក​ការ​អនុគ្រោះ​ពន្ធ ពី​សហភាព​អឺរ៉ុប កាន់តែ​ខិត​កៀក​ជិត​ចូល​មក​ដល់​ណាស់​ទៅ​ហើយ ហើយ​មិន​មាន​សញ្ញាណ​ណាមួយ ថា​របប​លោក ហ៊ុន សែន នឹង​អាច​ចៀស​ផុត​ពី​ទណ្ឌកម្ម​នេះ​ទេ។ លោក ហ៊ុន សែន អះអាង​ថា កំណែទម្រង់​នេះ គឺ​ផ្ដើម​ពី​ច្រក​ទ្វា​ព្រំដែន​មក​មុន ដោយ​ត្រូវ​ដក​មន្ត្រី​ច្រក​ទ្វា​ព្រំដែន​ទាំងអស់ ទុក​តែ​មន្ត្រី​គយ និង​អន្តោប្រវេសន៍​ប៉ុណ្ណោះ ដោយ​លោក​អះអាង​បន្ថែម​ថា ដើម្បី​ឲ្យ​អ្នក​រក​ស៊ី​កាន់តែ​មាន​ប្រាក់ចំណេញ៖ «នៅ​តាម​មាត់ច្រក​តាម​ព្រំដែន ក្នុង​ការ​នាំចេញ​នាំចូល អត់​មាន​តម្រូវការ​ឲ្យ​មាន​ស្ថាប័ន​ណា​ក្រៅពី អន្តោប្រវេសន៍ និង​គយ ឲ្យ​តែ​ពី​ហ្នឹង​ទេ ក្រៅពី​ហ្នឹង​ដកចេញ​ទាំងអស់ ទាំង​អា​កាំកុងត្រូល​អី​ហ្នឹង ដកចេញ​ឲ្យ​អស់។ ស្ថាប័ន​ទាំងនេះ ជា​ឧបសគ្គ ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម»

ទោះជា​យ៉ាងណា លោក​បណ្ឌិត អៀ សុផល សាទរ​ចំពោះ​ការកាត់បន្ថយ​មន្ត្រី​នៅ​ច្រក​ទ្វា​ព្រំដែន ដែល​មាន​ច្រើន​លើសលប់ និង​ជាន់​តួនាទី និង​សមត្ថកិច្ច​គ្នា ដែល​គ្រាន់តែ​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​កើប​លុយ ពុករលួយ​ប៉ុណ្ណោះ​នោះ។ ប៉ុន្តែ លោក​បណ្ឌិត​បន្ថែម​ថា បើ​មន្ត្រី​ព្រំដែន​ទាំងនោះ ជា​មន្ត្រី​មាន​វិជ្ជាជីវៈ និង​ក្រមសីលធម៌​ត្រឹមត្រូវ លោក ហ៊ុន សែន ក៏​មិន​ត្រូវ​ព្រួយបារម្ភ​រឿង​ចំនួន​មន្ត្រី​នៅ​ទីនោះ នោះ​ទេ ហើយ​លោក​ក៏​មិន​ចាំបាច់​អី​ដក​ពួកគាត់ ចេញ​មកវិញ​នោះ​ដែរ។ ប៉ុន្តែ លោក អៀ សុផល គ្មាន​សុទិដ្ឋិនិយម ថា​កំណែទម្រង់​បែបនេះ នឹង​មាន​ប្រសិទ្ធភាព​នោះ​ឡើយ ព្រោះ​មន្ត្រី​ដែល​មិន​ដក នឹង​មានឱកាស​ប្រព្រឹត្ត​ពុករលួយ ជំនួស​មន្ត្រី​ដែល​ដក​ផុត។ លោក​បន្ថែម​ថា រឿង​នេះ មិនមែន​ជា​រឿង​អ្វី​ប្លែក​នោះ​ឡើយ ព្រោះ​របប​លោក ហ៊ុន សែន ដឹង​ថា បញ្ហា​នេះ កើតមានឡើង​ជាង​មួយ​ទសវត្សរ៍​មក​ហើយ ប៉ុន្តែ នៅតែ​ដោះស្រាយ​មិន​ចេញ។

ទោះបីជា​របប​លោក ហ៊ុន សែន អួតអាង​ថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា រីកចម្រើន​ខ្លាំង និង​អះអាង​ថា​ពលរដ្ឋ​ខ្មែរ នឹង​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ក៏​បើ​តាម​ច្បាប់​ថវិកា ឆ្នាំ​២០១៩ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បច្ចុប្បន្ន កម្ពុជា​ជំពាក់​បំណុល​បរទេស​ជិត ៧​ពាន់​លាន​ដុល្លារ (.៨២៥,) ក្នុង​នោះ​បំណុល​ជិត​ពាក់កណ្ដាល (៤៨.%) គឺ​កម្ពុជា​ជំពាក់​ចិន។ បើ​តាម​តួលេខ​នេះ កម្ពុជា​ជំពាក់​បំណុល​ចិន គឺ​ជាង ៣​ពាន់​លាន​ដុល្លារ (.២៩៦,៦១)

ស្រប​ពេល​ដែល​កម្ពុជា​បន្ត​ជំពាក់​បំណុល​បរទេស​យ៉ាង​ច្រើន​សន្ធឹក​នេះ កម្ពុជា​គ្រោង​ខ្ចី​បន្ថែម ជិត ២ ពាន់​លាន​ដុល្លារ (.៩៣៦ លាន​ដុល្លារ​) ទៀត សម្រាប់​ការ​ចំណាយ​សាធារណៈ ក្នុង​ឆ្នាំ​២០១៩ នេះ។

លោក​បណ្ឌិត អៀ សុផល ដែល​ជា​អ្នកនិពន្ធ​សៀវភៅ មាន​ចំណងជើង​ថា «​ការ​ពឹង​ផ្អែកលើ​ជំនួយ​នៅ​កម្ពុជា​៖ តើ​ជំនួយ​បរទេស ធ្វើ​ឲ្យ​ខ្សោយ​លទ្ធិប្រជាធិបតេយ្យ​យ៉ាងដូចម្ដេចសង្កេតឃើញ​អំពី​កំណើន​នៃ​ការ​ប្រមូល​ពន្ធ​រដ្ឋ គួរ​ឲ្យ​កត់សម្គាល់ ប៉ុន្តែ រិះគន់​របប​លោក ហ៊ុន សែន ដែល​ខ្វះ​តម្លាភាព និង​ចាយ​ថវិកាជាតិ​ខ្ជះខ្ជាយ ដែល​ធ្វើ​ឲ្យ​ខ្សោះ​ថវិកាជាតិ សម្រាប់​ជួយ​ពលរដ្ឋ​ក្រីក្រ នៅ​ទូទាំង​ប្រទេស។ ជា​ឧទាហរណ៍ របប​លោក ហ៊ុន សែន បាន​ជួល​យន្តហោះ​ទំនើប​ប្រភេទ បូអ៊ីង (Boeing) ៧៨៧ ពី​ក្រុមហ៊ុន​ឯកជន​ចិន​ឈ្មោះ Deer Jet ដើម្បី​ដឹក​លោក និង​គណៈប្រតិភូ​របប​លោក​ប្រមាណ ៤០​នាក់​ផ្សេងទៀត រួមមាន​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ផង ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយក សហរដ្ឋអាមេរិក កាលពី​ចុងខែ​កញ្ញា​ឆ្នាំ ២០១៨ ដែល​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល ២.៤ លាន​ដុល្លារ (.៣៨០. ០០០ ដុល្លារ​) សម្រាប់​ថ្លៃ​ជួល​យន្តហោះ​មួយ​លើក​នេះ ដោយ​មិន​គិត​ទាំង​ថ្លៃ​ពន្ធ​ព្រលាន​យន្តហោះ និង​ថ្លៃ​ចត​យន្តហោះ​នៅ​អាមេរិក ពេល​លោក ហ៊ុន សែន កំពុង​ស្នាក់​នៅ​ទីនោះ​ផង​ទេ។

ទោះជា​យ៉ាង​នេះ​ក្តី មន្ត្រី​របប​លោក ហ៊ុន សែន អះអាង​ថា កំណែ​ទម្រង់​សេដ្ឋកិច្ច​នេះ បង្ហាញ​គោល​នយោបាយ​ច្បាស់លាស់​របស់​របប​នេះ។ មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន គឺ​លោក ផៃ ស៊ីផាន ហៅ​អ្នក​រិះគន់ ណាមួយ​ចំពោះ​ការដឹកនាំ​របស់​លោក ហ៊ុន សែន និង​បញ្ហា​អំពើពុករលួយ​នេះ ថា​ជា​ការ​ខ្វះ​ការ​យល់ដឹង​អំពី​ការ​វិវត្ត​នៅ​កម្ពុជា៖ «អ្នក​របៀប​ហ្នឹង គឺ​និយាយ​រហូត​ពី​អំពើពុករលួយ។ គាត់​មិនបាន​ទទួល​នូវ​ការ​ប្រឹងប្រែង កំណែទម្រង់ តម្លាភាព និង គណនេយ្យភាព ដែល​រាជរដ្ឋាភិបាល​កំពុង​ប្រព្រឹត្ត​នោះ​ទេ»

ជុំវិញ​កំណែទម្រង់​របស់​របប​លោក ហ៊ុន សែន កាល​លោក​បណ្ឌិត កែម ឡី មិន​ទាន់​ត្រូវ​ឃាតក​បាញ់​សម្លាប់ លោក​ក៏បាន​រិះគន់​របប​នេះ ថា​ខ្វះ​ភាព​សុចរិត​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់ ដើម្បី​ប្រយោជន៍​ជាតិ​ទាំងមូល​នោះ​ដែរ។ ដោយ​លើក​យក​កំណែទម្រង់ គ..ប ជា​ឧទាហរណ៍ លោក​បណ្ឌិត បន្ថែម​ថា កំណែទម្រង់​ណាមួយ​របប​លោក ហ៊ុន សែន គឺ​ខ្វះ​សុឆន្ទៈ និង​ធ្វើ​តែ​បន្ត​ក្រាញ​អំណាច​តែប៉ុណ្ណោះ មិន​ខ្វល់​ពី​សមធម៌ ឬ​យុត្តិធម៌​នោះ​ឡើយ៖ «គណបក្ស​ប្រជាជន​ធ្វើ​កំណែ​ទម្រង់ ក្នុង​គោលបំណង​តែ ៥ ទេ ទី​មួយ​កំណែទម្រង់​បោះឆ្នោត ដើម្បី​គ្រប់គ្រង​នៅ​លើ​ដៃ​ខ្លួន ទី​ពីរ​កំណែទម្រង់​រៀបចំ គ..ប ដើម្បី​ខ្លួន​អាច​ត្រួតត្រា​បាន ទី​បី​កំណែទម្រង់​ហ្នឹង ដើម្បី​ខ្លួន​ឈ្នះ មិនមែន​កំណែទម្រង់​ផ្សេង​ទេ ទី​បួន​កំណែទម្រង់​ដើម្បី​ខ្លួន​អាច​បន្ត​កាន់អំណាច​បាន​បន្ត​ទៅ​ទៀត ហើយ​ទី​ប្រាំ​កំណែទម្រង់​ដើម្បី​ឲ្យ​ប្រព័ន្ធ​ទាំងមូល ទាំង​តុលាការ ទាំង​សភា គ..ប ស្អី​ហ្នឹង​អាច​ត្រួតត្រា​បាន រហូតដល់​ត្រួតត្រា​ព្រះបរមរាជវាំង​ទៅ​ទៀត ដូចជា​ការ​ស៊ក​ក្រសួង គណបក្ស​របស់​ខ្លួន​ទៅ​ត្រួតត្រា​ទៀត»

ទោះបី​របប​លោក ហ៊ុន សែន អះអាង​ថា នឹង​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ផ្ទៃក្នុង ដើម្បី​កាត់បន្ថយ​ការ​នាំ​ចូល និង​បង្កើន​ការនាំចេញ ក៏​អ្នកវិភាគ​យល់​ឃើញ​ថា ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​សព្វថ្ងៃ មិនទាន់​អាច​ឲ្យ​ប្រទេស​នេះ មាន​លទ្ធភាព​ធ្វើ​ដូច្នេះ​បាន​នៅឡើយ​ទេ។ ពលរដ្ឋ​ខ្មែរ​ជាច្រើន នៅតែ​មិន​បាន​ទទួល​ផល ពី​សេដ្ឋកិច្ច​ទីផ្សារ​សេរី ដែល​ចាប់ផ្ដើម​តាំងពី​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ នោះ​ទេ។ សេដ្ឋកិច្ច​កម្ពុជា នៅតែ​ពឹងផ្អែក​ខ្លាំង​ទៅលើ​ការ​អនុគ្រោះ​ពន្ធ​ពី​សហគមន៍​អន្តរជាតិ ដែល​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ពិតប្រាកដ។

ជាក់ស្ដែង អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា ថយ​ចុះ​តិចតួច​ប៉ុណ្ណោះ បើ​តាម​តួលេខ​របស់​អង្គការ​អន្តរជាតិ GIZ និង UNDP កាលពី​ឆ្នាំ​២០១៨ កន្លងទៅ​រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ គឺ​ស្ថិតនៅ​ចន្លោះ​ពី ២០៣៥% នៅឡើយ។ តាម​តួលេខ​នេះ ពលរដ្ឋ​ខ្មែរ​ចន្លោះ​ពី ៣.២ លាន ទៅ ៥.៦ លាន​នាក់ រស់នៅ​ក្នុង​ស្ថានភាព​ក្រីក្រ។

ចំណែក​ឯ​អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​លោក បណ្ឌិត មាស នី បាន​បង្ហាញ​ពី​ក្តី​បារម្ភ ថាបើ​មាន​បញ្ហា​សេដ្ឋកិច្ច​តែ​បន្តិចបន្តួច ពលរដ្ឋ​ខ្មែរ​ជិត​ពាក់កណ្ដាល​ប្រទេស ឬ​ជិត ៨​លាន​នាក់ នឹង​ធ្លាក់ខ្លួន​ក្រ​ភ្លាម។

ក្នុង​ស្ថានភាព​បែបនេះ ទាំង​អ្នកវិភាគ អ្នកឃ្លាំមើល​កិច្ចការ​សង្គម មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សុទ្ធតែ​យល់ឃើញ​ថា ដំណោះស្រាយ​ដែល​សមស្រប ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​រឹងមាំ គឺ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ រួចហើយ​បន្ត​កែ​ទម្រង់​សេដ្ឋកិច្ច ឲ្យ​មាន​ភាព​ស៊ី​ជម្រៅ និង​ប្រាកដ​និយម ដោយ​ចាប់ផ្ដើម​ពី​ការ​បំបាត់ អំពើពុករលួយ​ជា​ប្រព័ន្ធ​ឲ្យ​អស់​សិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles