អ្នក​ធ្វើ​ការ​ទាក់ទង​ព្រៃឈើ​រិះគន់​លោក ហ៊ុន សែន ដែល​ព្រមាន​រុះ​ផ្ទះ​យក​ឈើ​ពី​មន្ត្រី​បក្ស​ប្រឆាំង

2019-01-16
RFA

អាឡិកហាន់ដ្រូ ហ្គាន់ឡេស ដេវិតសិន (Alejandro Gonzalez Davidson) ប្រធាន​ចលនា​មាតា​ធម្មជាតិ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ RFA
អាឡិកហាន់ដ្រូ ហ្គាន់ឡេស ដេវិតសិន (Alejandro Gonzalez Davidson) ប្រធាន​ចលនា​មាតា​ធម្មជាតិ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ RFA


អ្នកធ្វើ​ការទាក់ទង​ព្រៃឈើ​លើកឡើង​ថា បទល្មើស​ព្រៃ​ដែល​បំផ្លាញ​ព្រៃ​កម្ពុជា​មិនមែន​កើតឡើង​ដោយសារ​ការ​កាប់​ឈើ​យក​ធ្វើ​ផ្ទះ​នោះ​ទេ ប៉ុន្តែ​ព្រៃឈើ​កម្ពុជា​វិនាស ព្រោះ​ឈ្មួញ​នាំ​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស និង​ការប្រព្រឹត្ត​អំពើពុករលួយ​របស់​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​ទុច្ចរិត។ ប្រតិកម្ម​នេះ​ក្រោយ​ពេល​មេដឹកនាំ​របប​ក្រុងភ្នំពេញ ព្រមាន​ចុះ​រុះ​ផ្ទះ​មន្ត្រី​​បក្ស​ប្រឆាំង​យក​ឈើ​មក​រក្សាទុក ព្រោះ​អ្នក​ទាំងនោះ​រិះគន់​លោក​ថា គ្មាន​សមត្ថភាព​ការពារ​ព្រៃឈើ។

អ្នក​ធ្វើ​ការងារ​ទាក់ទង​បរិស្ថាន​រិះគន់​ថា លោក ហ៊ុន សែន គ្មាន​សមត្ថភាព​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ទើប​បង្វែរ​ស្ថានការណ៍​ចោទ​ប្រកាន់​ថា មន្ត្រី​បក្ស​ប្រឆាំង​ជា​អ្នក​បំផ្លាញ ព្រៃឈើ​ទៅវិញ។ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ សង្កេត​ឃើញ​ថា អ្នក​ដែល​មាន​ផ្ទះ​ធំៗ​ធ្វើ​ពី​ឈើ​ប្រណិត​មិនមែន ជា​មន្ត្រី​បក្ស​ប្រឆាំង​ទេ ប៉ុន្តែ​គឺជា​មន្ត្រី​នៃ​របប​លោក ហ៊ុន សែន និង​ក្រុម​ឧកញ៉ា​រកស៊ី​ឈើ។ លោក​បន្ត​ថា បើ​ការ​រុះ​ផ្ទះ​យក​ពី​មន្ត្រី​បក្ស​ប្រឆាំង ដែល​ជា​ការអនុវត្ត​ច្បាប់​របស់​របប​ក្រុងភ្នំពេញ​នោះ គួរតែ​អនុវត្ត​ឲ្យ​បាន​ស្មើភាព​គ្នា ដោយ​ត្រូវ​រុះ​យក​ពី​ផ្ទះ​ពី​មន្ត្រី​បក្ស​កាន់អំណាច និង​ឧកញ៉ា​ៗ​ទាំងនោះ​ផង៖ «ប្រសាសន៍​ថ្នាក់ដឹកនាំ​រដ្ឋ​យើង​រិះគន់​ការបាត់បង់​ព្រៃឈើ​គឺជា​រឿង​ពិត​សង្គម​ស៊ីវិល​យើង​ក៏​ប្រតិកម្ម​ច្រើន​ហើយ​ក្នុង​រឿង​ហ្នឹង យើង​ចង់​ឲ្យ​មានការ​អនុវត្ត​ច្បាប់​មិន​ថា គណបក្ស​ប្រឆាំង មិន​គណបក្សប្រឆាំង»

កាលពី​ថ្ងៃ​ទី​១៤ មករា លោក ហ៊ុន សែន បង្ហាញ​ការ​ខឹង​សម្បា​ទៅ​នឹង​មន្ត្រី​គណបក្សប្រឆាំង ដែល រិះគន់​លោក​រឿង​អសមត្ថភាព​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ។ លោក ហ៊ុន សែន ថា ថ្ងៃ​ណាមួយ​លោក​នឹង​ទៅ​រុះ​ផ្ទះ​យក​ឈើ​ពី​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​ដោយ​ទុក​តែ​ស៊ីម៉ងត៍។ លោក​ចោទ​ប្រកាន់​ថា ផ្ទះ​របស់​បក្ស​ប្រឆាំង​ទាំងនោះ ធ្វើ​សុទ្ធតែ​ពី​ឈើ ប្រណីត​ៗ ដូចជា៖ បេង ធ្នង់ នាងនួន ជាដើម៖ «ជេរ​ឯង​ថា​ធ្វើ​ឲ្យ​បាត់​ព្រៃឈើ​ក្នុងពេលដែល​ពួកវា​ធ្វើ​ចម្ការ ជេរ​ឯង​ថា​ធ្វើ​ឲ្យ​បាត់​ព្រៃ ឈើ​ក្នុង ពេល​ដែល​ពួកគេ​ផ្ទះ​វា​ជញ្ជាំង​សុទ្ធតែ​ឈើ​ខាងក្នុង​សុទ្ធតែ​ឈើ អ៊ីចឹង​ទេ​ឲ្យ​មុខ​សញ្ញា​ពួក​ប្រឆាំង ខ្ញុំ​ដើរ​ទៅ​រុះ​ផ្ទះ​ទាំងអស់​រុះ​ផ្ទះ​ហើយ​យក​ឈើ មកពី​អ្ហែង​ថា​អញ​ធ្វើ​បាត់ ឈើ​ចុះ​ឈើ​អ្ហែង ធ្វើ​ផ្ទះ​ហ្នឹង​បាន​ពី​ណា?»

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ គឺ​លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) យល់​ថា ការប្រើប្រាស់​ព្រៃឈើ​សម្រាប់​តម្រូវការ នៃ​សាងសង់​ផ្ទះ វត្ត​អារាម ឬ​សាលារៀន មិន​បាន​ធ្វើ​ឲ្យ​បាត់បង់​ព្រៃឈើ​កម្ពុជា​ទេ ប៉ុន្តែ​លោក​ថា ព្រៃឈើ​ដែល​រង​ភាព​វិនាសកម្ម​នោះ​គឺ​ការ​នាំ​ឈើ​យក​ទៅ​លក់​ទៅ​ក្រៅ​ប្រទេស និង​ក្រុម​អ្នក​មានអំណាច​នាំ​គ្នា​ប្រមូល​ឈើ​ប្រណីត​មក​តុប​តែង​នៅផ្ទះ​ហួស​តម្រូវការ។ សកម្មជន​បរិស្ថាន​បរទេស​ដែល​ស្រលាញ់​ព្រៃឈើ​កម្ពុជា​រូប​នេះ យល់ថា បើ​លោក ហ៊ុន សែន មានបំណង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​មែន​នោះ​គឺ​ត្រូវ​ឲ្យ​មាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចូលរួម៖ «បើ​សិន​គាត់ (លោក ហ៊ុន សែន​) មានបំណង​ពិតប្រាកដ​គាត់​មិន ចាំបាច់​ទៅ គំរាម​បក្ស​ប្រឆាំង​ឬ​ប្រជាជន​មូលដ្ឋាន​គាត់​គួរ​ទទួលស្គាល់​ជា​សាធារណៈ​ការ​ការពារ​ព្រៃឈើ​ហួស​ពី​សមត្ថភាព​រដ្ឋាភិបាល»

ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន​ហៅ​កាត់​ថា EIA ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស កាល​ពី​ខែ​ឧសភា ឆ្នាំ​២១០៨ បាន​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ ដាក់​ចំណងជើង​ថា ជនល្មើស​មុខ​ដដែលៗ​។ របាយការណ៍​នេះ​បង្ហាញ​ឲ្យ​ដឹង​ថា វៀតណាម​នៅតែ​ជា​មេ​ខ្លោង​ទិញ​ឈើ ពី​តំបន់​ការពារ​របស់​ប្រទេស​កម្ពុជា រួមមាន តំបន់​ព្រៃ​អភិរក្ស​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគីរី និង​ខេត្ត​ស្ទឹងត្រែង ទំនប់​សេសាន​ក្រោម​ពីរ ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រិច ខេត្ត​មណ្ឌលគិរី កំពុង​ទទួលរង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ពី​សំណាក់​ក្រុមហ៊ុន​សម្បទាន និង​ឈ្មួញ​វៀតណាម ដែល​មាន​ការ​បើក​ដៃ​ពី​អាជ្ញាធរ​របស់​របប​លោក ហ៊ុន សែន។

ចំណែក អង្គការ Global Witness អះអាង​ថា ក្រុមហ៊ុន ទ្រី ភាព និង​បណ្ដាញ​របស់​ក្រុមហ៊ុន​នេះ កំពុង​បង្ក​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា និង​បំផ្លាញ​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​ជនជាតិ​ដើម។ យ៉ាងណាក៏ដោយ Global Witness លើកឡើង​ថា សមត្ថកិច្ច​នៃ​របប​ក្រុងភ្នំពេញ​មិន​ត្រឹមតែ​មិន​បញ្ឈប់​សកម្មភាព​របស់​ក្រុមហ៊ុន ទ្រី ភាព នោះ​ទេ តែ​ពួកគេ​បែរជា​ជួយ​ការពារ​ក្រុមហ៊ុន ទ្រី ភាព នេះ​ទៅវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles