គ្រួសារ​ និង​មេធាវី​​បង្ហាញ​​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែងបន្ថែម​​ទៀត​ ដើម្បី​ឱ្យ​លោក​ រ៉ាត់ រត្នមុនី បាន​នៅក្រៅ​ឃុំ​​

ដោយ សេក បណ្ឌិត
2019-01-17
RFA

លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ការងារ (រូបពី៖ ហ្វេសប៊ុក​លោក រ៉ាត់ រត្នមុនី)
លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ការងារ (រូបពី៖ ហ្វេសប៊ុក​លោក រ៉ាត់ រត្នមុនី)


គ្រួសារ និង​មេធាវី​ ស្នើឱ្យ​សាលាឧទ្ធរណ៍​ពិចារណា​ក្នុង​ការ​ដោះលែង​​លោក រ៉ាត់ រត្នមុនី ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​​វិញ បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិការងារ​រូប​នេះ​បន្ត​ទៅ​ទៀត។ មេធាវី​បាន​ប្តឹង​ទាស់​នឹង​សេចក្តី​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ រ៉ាត់ រត្នមុនី ​រួច​ហើយ កាល​ពី​សប្តាហ៍​មុន​ និង​កំពុង​រង់​ចាំ​ការ​អនុវត្ត​នីតិវិធី​របស់​សាលាឧទ្ធរណ៍។ សកម្មជន​សិទ្ធិការងារ​រូប​នេះ បាន​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល​ជាងមួយ​ខែ​ទៅ​ហើយ ពាក់ព័ន្ធ​នឹង​ការ​ផលិត​ភាពយន្តឯកសារ​ស្តីពីការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ដែល​​របបក្រុង​ភ្នំពេញ​ចាត់​ទុក​ថា ជា​វីដេអូ​ប៉ះពាល់​ដល់​មុខមាត់​របស់​ប្រទេស។

ភរិយាលោក​ រ៉ាត់ រត្នមុនី​ អ្នក​ស្រី ឡុង គីមហ៊ាង សម្តែង​ការ​ខក​ចិត្ត​នឹង​សេចក្តី​សម្រេច​បន្ត​ឃុំ​ខ្លួន​ស្វាមី​របស់​អ្នក​ស្រី​ ដែល​ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ពេល​ថ្មីៗនេះ។ អ្នក​ស្រីអះអាង​ថា ស្វាមី​​របស់​អ្នក​ស្រី​គ្មាន​សមត្ថភាព ឬលទ្ធភាព​ទៅដាក់​សម្ពាធ​សាក្សី​ ឬ​ធ្វើ​អ្វី​ដែល​ប៉ះពាល់​ដល់​ដំណើរការ​ក្តីនោះ​ទេ។ អ្នក​ស្រី​ថ្លែង​ទៀត​ថា អ្វីដែល​អ្នក​ស្រី​កំពុង​ព្រួយ​បារម្ភបំផុត​​នោះ គឺ​តុលាការ​របបក្រុង​ភ្នំពេញ​អាច​កម្រិត​រឿង​នេះត្រឹម​ការ​ដាក់​ទោសទណ្ឌ​ស្វាមី​អ្នក​ស្រី​តែម្នាក់ឯង​ ដោយ​មិន​កោះហៅ​ភាគី​កាសែត​ RT (Russia Today) ឱ្យ​មក​ស្រាយ​បំភ្លឺករណី​នេះ​។ អ្នក​ស្រីបន្ថែម​ថា ការ​សម្រេច​ណាមួយ​របស់​តុលាការ​ដោយ​មិន​មាន​ការ​ចូល​រួម​ពី​គ្រប់​តួអង្គពាក់ព័ន្ធនោះ គឺ​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ៖ «ប្រសិន​បើ​ករណី​ដែល​គេ​ស៊ើបអង្កេត​ទៅដោយ​អត់​ហៅ​សាកសួរ​ព័ត៌មាន​ទៅកាន់​អ្នក​ដែល​ផលិត អ្នក​ដែល​ផ្សព្វផ្សាយ​ខ្សែភាពយន្ត​ឯកសារ​ហ្នឹង​ទេ ហើយ​ម​កធ្វើ​ពាក់ព័ន្ធ​តែ​នឹង​ប្តីខ្ញុំ​ និង​តួអង្គ​នៅ​តែ​ស្រុក​ខ្មែរ​ទេ វា​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​ទេ។ ហើយ​សម្រាប់​នីតិ​វិធី​ ឬក៏​ការ​ស៊ើបអង្កេត​ ឬក៏​ការ​កាត់​ក្តី​ណា​មួយ​នោះ វា​ជា​រឿង​អយុត្តិធម៌​ទាំង​ស្រុង​តែម្តង«

តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​ លោក រ៉ាត់ រត្នមុនី បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស​ ដោយ​លើក​ហេតុផល​ជា​ច្រើន​ចំណុច​ដូចជា​ថា ដើម្បី​បញ្ចប់​បទល្មើស​ ឬ​បង្ការ​បទល្មើស​កុំ​ឱ្យ​កើត​ជា​ថ្មី​ ដើម្បី​រារាំង​កុំ​ឱ្យ​មាន​​ការ​គាបសង្កត់​លើ​សាក្សី​ ឬ​ជន​រងគ្រោះ ឬ​ដើម្បីរារាំង​កុំ​ឱ្យ​មាន​ការ​ត្រូវ​រ៉ូវ​គ្នា​រវាង​ជន​ត្រូវ​ចោទ​ និង​អ្នក​សម​គំនិត និង​ដើម្បី​រក្សា​ភស្តុតាង​ ឬ​តម្រុយ​ជាសម្ភារៈ។ តុលាការ​ក៏​លើក​ហេតុ​ផល​ទៀត​ថា ​ដើម្បី​ធានារក្សា​ជន​ត្រូវ​​ចោទ​​ចាត់​ការ​តាម​នីតិវិធី​ ដើម្បី​ការពារ​សន្តិសុខ​ឱ្យ​ជន​ត្រូវ​ចោទ​ និង​ដើម្បីធានា​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​កុំ​ឱ្យ​មានការ​ច្របូក​ច្របល់​ដែល​បណ្តាល​មក​ពី​បទល្មើស។

ក៏​ប៉ុន្តែមេធាវី​ការពារ​ក្តី​ឱ្យ​លោក​ រ៉ាត់ រត្នមុនី លោក សំ ទិត្យសីហា បាន​លើក​ឡើង​នូវ​អំណះអំណាង​ជា​ច្រើន​ ដើម្បីសុំ​ឱ្យ​តុលាការ​ដោះលែង​​កូន​ក្តី​របស់​លោក​ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​ ដូចជា គោលការណ៍​សេរីភាព​សម្រាប់​ជន​ត្រូវ​ចោទ​ ភស្តុតាង​បង្ហាញ​ពីការ​ព្រម​ព្រៀង​គ្នា​ជាមុន​រវាង​ក្រុម​អ្នក​ផលិត​ភាពយន្ត​ឯកសារ និង​ប្រភពនៅក្នុង​សាច់រឿង ការ​រៀប​រាប់​ពី​គុណ​សម្បត្តិ​របស់​លោក​ រ៉ាត់ រត្នមុនី ក្នុង​កិច្ច​ការងារ​សង្គម​ ព្រម​ទាំង​​ការ​សន្យា​ពី​កិច្ចសហការ​នៅគ្រប់​នីតិវិធី​តុលាការ​ជាដើម។

ទោះ​ជា​យ៉ាង​ណា​ក្ដី អំណះអំណាង​ទាំងឡាយ​​របស់​មេធាវី​មិន​អាចដូរ​ចិត្ត​របស់​​​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ​ លោក សេង រិទ្ធី បាន​ឡើយ។ លោក សេង រិទ្ធី បាន​បញ្ជាក់​នៅក្នុងដីការ​សម្រេច​ថា ជន​រងគ្រោះ និង​សាក្សី​​ផ្សេង​ទៀត​ សុទ្ធសឹង​ជា​ស្ត្រី​ទន់ខ្សោយ​ងាយ​នឹង​រងគ្រោះ ហើយ​លោក​ក៏​មិន​ទាន់​បាន​ស្តាប់ចម្លើយ​របស់​ពួក​គេ​នៅឡើយ​ដែរ ដូច្នេះ​ការ​អនុញ្ញាត​ឱ្យ​លោក​ រ៉ាត់ រត្នមុនី ស្ថិត​នៅ​ក្រៅ​ឃុំ​ បង្ក​ការ​បារម្ភ​ថា អាច​នឹង​មាន​ការ​​​គាប​សង្កត់​លើ​ជន​រងគ្រោះ។

លោក សំ ទិត្យសីហា សម្តែង​ការ​សោក​ស្តាយ​ចំពោះ​សេចក្តីសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​នេះ ព្រោះ​លោក​នៅ​​តែ​ជឿជាក់​ថា កូន​ក្តី​របស់​លោក​មិនមាន​លទ្ធភាព​ណា​ទៅ​គាបសង្កត់​ជន​រងគ្រោះ ឬ​ធ្វើ​អ្វី​ដែល​អាច​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​រឿង​ក្តីនេះឡើយ។ លោក​បញ្ជាក់​ថា លោក​បាន​ប្តឹង​ទាស់​នឹង​សេចក្តី​សម្រេច​នេះ​រួច​ហើយ កាល​ពី​សប្តាហ៍​មុន​ និង​កំពុង​រង់​ចាំ​ការ​អនុវត្តនីតិវិធី​នៅ​សាលាឧទ្ធរណ៍។ លោ​កសង្ឃឹម​ថា តុលាការ​ជាន់ខ្ពស់មួយ​នេះ​នឹង​អនុញ្ញាត​ឱ្យ​កូន​ក្តី​របស់​លោក​បាន​នៅក្រៅ​ឃុំ​ ដោយ​យោង​ទៅលើ​សម្អាង​ហេតុ​ទាំង​ឡាយ​ ដែល​លោក​បាន​ដាក់​ជូនតុលាការ៖ «ទាក់ទង​នឹង​ដំណើរ​ការ​នៃ​ការ​ស៊ើប​អង្កេត និង​នីតិវិធីនេះ គឺ​វា​មិន​ចាំបាច់​រហូត​ដល់​ថ្នាក់​ឃុំ​ខ្លួន​កូន​ក្តី​របស់​ខ្ញុំ​ក្នុង​ពន្ធនាគារ​នោះ​ទេ ព្រោះ​គាត់​មិន​មាន​ឥទ្ធិពល​អ្វីរហូត​ដល់​គំរាម​កំហែង​សាក្សី​ ឬក៏​មាន​អំណាច ឬក៏​មាន​ធនធាន​ ឬក៏​មាន​លទ្ធភាព ឬក៏​មាន​ឱកាស​ណាក្នុង​ការ​រត់​គេចទៅ​​នៅ​ក្រៅប្រទេស​​ទេ។ ហើយ​អ្វី​ដែល​​សំខាន់​នោះ​ គឺ​ក្រុម​គ្រួសារ​គាត់​កំពុង​តែ​ត្រូវ​ការ​គាត់​ជា​ចាំបាច់​ក្នុង​ការ​ជួយ​ទំនុក​បម្រុង»

ភាពយន្តឯកសារ​ “ម្តាយ​ខ្ញុំ​ លក់​ខ្ញុំ” ដែល​លោក​ រ៉ាត់ រត្នមុនី បាន​ជួយ​ផលិត​ឱ្យ​សារព័ត៌មាន​ RT នេះ ត្រូវ​បាន​អាជ្ញាធរ​របបក្រុង​ភ្នំពេញ​ ចាត់​ទុក​ថា ជាភាពយន្ត​ឯកសារ​ប្រឌិត ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រីខ្មែរ និង​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​កម្ពុជា។ ក៏​ប៉ុន្តែរហូត​មក​ទល់នឹង​ពេល​នេះ មិន​ឃើញ​អាជ្ញាធរ​របបក្រុង​ភ្នំពេញ​កោះ​ហៅ​សារព័ត៌មាន​​ RT ដែល​ជា​ម្ចាស់​ និងជា​អ្នក​សម្រេច​ចិត្ត​ផលិត​ភាពយន្តឯកសារ​នេះនៅ​ឡើយ។

អ្នក​ស្រី​ ឡុង គីមហ៊ាង អះអាង​ថា ស្វាមី​របស់​អ្នកស្រីគ្រាន់​តែ​ជា​អ្នក​បកប្រែ​ និង​ជា​អ្នក​សម្រប​សម្រួលឱ្យ​ក្រុម​ការងារ​របស់​សារព័ត៌មាន​ RT ប៉ុណ្ណោះ មិន​មែន​ជាអ្នក​​កាត់​ត​វីដេអូ ដាក់​ចំណងជើង ឬ​សម្រេច​ចិត្ត​ក្នុង​ការ​ចេញ​ផ្សាយ​វីដេអូ​នេះឡើយ។ ដោយហេតុផលនេះ អ្នក​ស្រី​ថ្លែង​ថា តុលាការ​ត្រូវ​តែ​​ទម្លាក់​ចោល​បទចោទ​ប្រកាន់​​លើរូប​គាត់។ អ្នក​ស្រីបន្ថែម​ថា ​ប្រសិន​បើ​តុលាការ​ចង់​ដឹង​ពីការ​ពិត​ទាក់ទង​នឹង​ដំណើរ​ការ​ផលិត ​តុលាការគួរ​តែ​​ទាក់ទង​សារព័ត៌មាន​ RT ដោយ​ផ្ទាល់តែម្តង ដោយ​កុំ​ដាក់បន្ទុក​លើ​ស្វាមី​របស់​អ្នក​ស្រីដែល​ត្រឹម​​តែជា​អ្នក​បកប្រែ​នោះ៖ «ខ្ញុំ​នៅ​តែ​អំពាវ​នាវ​ដល់​សាលាដំបូង (និង​)សាលាឧទ្ធរណ៍​ មេធាវីបាន​ដាក់​ស្នើសុំ​ឱ្យ​ប្តី​ខ្ញុំបាន​នៅក្រៅឃុំ​ ហេតុ​ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​ និង​មាន​ជំនឿ​ថា សាលាឧទ្ធរណ៍​នឹង​ផ្តល់​យុត្តិធម៌​ដល់​ប្តី​ខ្ញុំ​ និង​ដោះលែង​ប្តី​ខ្ញុំ​ឱ្យ​មាន​សេរីភាព»

ក្រៅពី​តតាំង​តាម​ផ្លូវ​ច្បាប់ ក្រុមគ្រួសាររបស់​លោក​ រ៉ាត់ រត្នមុនី និង​សកម្មជន​មួយ​ចំនួន​ ក៏​បាន​ព្យាយាមតាម​មធ្យោបាយ​នៃ​ការ​ស្នើសុំ​អន្តរាគមន៍​ពី​ប្រទេស​រុស្ស៊ីដែល​ជាអ្នក​គាំទ្រសារព័ត៌មាន​ RT ផង​ដែរ។ ពួក​គេ​បាន​លើក​គ្នា​ទៅ​តវ៉ា​នៅមុខ​ស្ថានទូត​រុស្ស៊ី​នៅ​ភ្នំពេញ​ចំនួន​ ៣ លើក​រួច​មក​ហើយ ហើយ​ថែម​ទាំង​បាន​ផ្ញើរ​ញត្តិសុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ក្រុង​មូស្គូ (Moscow) តាម​អ៊ីមែល​ផង​ដែរ ក៏​ប៉ុន្តែ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទាំងនេះ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ឡើយ​ ដោយសារ​ស្ថានទូត​រុស្ស៊ី​មិន​​​អើពើ​នឹង​សកម្មភាព​ទាំង​នេះ។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌លោក ជិន ម៉ាលីន ថ្លែងថា ក្រុមគ្រួសារ​លោក​ រ៉ាត់ រត្នមុនី មាន​សិទ្ធិ​​តវ៉ា​ទាម​ទារ​ឱ្យ​មានការ​ដោះលែង​សកម្មជន​រូប​នេះ ក៏​ប៉ុន្តែលោក​ថា ជម្រើស​ល្អ​តាម​ផ្លូវច្បាប់ គឺ​​គួរ​​​ប្រឹងប្រែង​រក​ភស្តុតាង​ជួយ​ដោះបន្ទុក​លោក​ រ៉ាត់ រត្នមុនី វិញ ព្រោះលោក​ថា ​គ្មាន​រដ្ឋាភិបាល​បរទេស​ណាអាច​មក​ដាក់​សម្ពាធលើ​តុលាការ​កម្ពុជាបាន​ឡើយ៖ «មិន​មាន​ស្ថាប័ន​ណា ឬ​ក៏​អង្គទូត​ណា​អាច​ដាក់​សម្ពាធ​ ឬក៏​ជ្រៀត​ជ្រែក​កិច្ច​ការ​របស់​តុលាការ​បាន​ទេ។ អ្វី​ដែល​ពួក​គាត់​ត្រូវ​ធ្វើ​ គួរ​តែ​ចូល​រួម​នៅក្នុង​ដំណើរការ​នីតិវិធី​តុលាការ​ បានន័យ​ថា ធ្វើ​ការ​ប្រមូល​ ឬក៏​ដាក់​ជូន​នូវភស្តុតាង ឬ​ក៏​ទឡ្ហីករណ៍​ សក្ខីកម្ម​គ្រប់​បែប​យ៉ាង​ទាំង​អស់​ដែល​រឹង​មាំ ដើម្បី​បង្ហាញ​ថា គាត់​មិន​មាន​ពិរុទ្ធ​ដូច​ការ​ចោទ​ប្រកាន់»

ទោះ​ជា​យ៉ាង​ណា សាក្សី​ដោះ​បន្ទុក​ម្នាក់​ដែល​​ជា​​តួអង្គ​​ម្នាក់​នៅក្នុង​ភាពយន្ត​ឯកសារ “ម្តាយ​ខ្ញុំ​ លក់​ខ្ញុំ” ដែល​មាន​​ឈ្មោះ​ថា ស្រីពេជ្រ ធ្លាប់​បាន​ប្រាប់​អាស៊ី​សេរី​កាល​ពី​ពេល​កន្លង​ទៅ​ថា នាង​មិន​ទទួល​បាន​លុយ​កាក់​ពី​លោក​ រ៉ាត់ រត្នមុនី និង​ក្រុម​ការងារ​របស់​សារព័ត៌មាន​ RT ចំពោះ​ការ​សម្ភាស និង​ថត​វីដេអូ​សកម្មភាព​របស់​នាង​​​ ដូច​ការ​ចោទ​របស់​អាជ្ញាធរ​ឡើយ។ នាង​បញ្ជាក់​ថា អ្វីដែល​នាង​បាន​រៀប​រាប់​ក្នុង​ភាព​យន្ត​ឯកសារនោះ គឺ​ជា​រឿងពិត​ផ្ទាល់​ខ្លួន​ ដែល​នាង​ចង់​លាត​ត្រដាង​ឱ្យ​សាធារណជន​បានដឹង៖ «នេះ​ជារឿង​ការពិត​របស់ខ្ញុំ ខ្ញុំលាក់ទុក​ក្នុង​ចិត្ត​ជាយូរ​ហើយ ខ្ញុំ​ចង់​បញ្ចេញ​ឱ្យ​ធូរក្នុង​អារម្មណ៍​របស់​ខ្ញុំ។ ហើយ​​លោក​គ្រូខ្ញុំ (រ៉ាត់ រត្នមុនី) ក៏​គាត់​អត់​មាន​ខុស​អ្វីដែរ ព្រោះមុន​ពេល​សម្ភាស គាត់​និយាយដែរ​ថា ហ៊ាន​តទល់ ឬអត់? ខ្ញុំ​ថា ខ្ញុំ​ហ៊ាន​ ខ្ញុំ​អត់​ដែល​ខ្លាច​អ្វីផង។ ខ្ញុំ​ចង់​ឱ្យ​អាជ្ញាធរ​ និង​ក្រុម​ប៉ូលីសដោះលែងលោក​គ្រួ​ខ្ញុំ​វិញ​ទៅ ព្រោះគាត់​អត់​មាន​ធ្វើ​រឿង​​ខុស​ឆ្គង ឬ​ក៏​សូក​លុយ​ឱ្យ​គេ​ថត​រឿង​និយាយ​ប្រឌិតទេ។ រឿង​នេះ​ជារឿង​ការពិត»

រហូត​មក​ដល់​ពេល​នេះ គឺ​អាជ្ញាធរ​កម្ពុជា​ទៅ​វិញ​ទេ ដែល​មិន​ទាន់​អាច​បង្ហាញ​ភស្តុតាង​ដាក់​បន្ទុក​លើ​លោក​ រ៉ាត់ រត្នមុនី ក្រៅ​តែ​ពី​ចាត់​ទុក​ថា ភាពយន្ត​ឯកសារ​នោះ ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រីខ្មែរ និង​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​កម្ពុជា។ ភរិយា​របស់​លោក​ រ៉ាត់ រត្នមុនី នៅ​តែ​បន្ត​អះអាង​ថា រឿងរ៉ាវ​របស់​ស្ត្រី​ខ្មែរ​ក្រីក្រ ហើយ​លក់ខ្លួន ដែល​បង្ហាញ​ក្នុង​ភាពយន្ត​ឯកសារនោះ គឺ​ជា​រឿង​ពិត​ដែល​កើត​​មាន​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន។ ផ្អែក​តាម​ច្បាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាតិ និង​ច្បាប់​អន្តរជាតិ ព័ត៌មាន​ណា​ដែល​ពិត ទោះ​ជា​ព័ត៌មាន​នោះ​ប៉ះពាល់​ដល់​កិត្តិយស និង​កេរ្តិ៍​ឈ្មោះ​បុគ្គល​ណា​ក៏ដោយ ក៏​អ្នក​បញ្ចេញ​ព័ត៌មាន​ពិត​នោះ​មិន​មាន​ទោស​ពៃរ៍​ឡើយ។

អ្នក​ស្រី​ ឡុង គីមហ៊ាង អះអាងថា ល្គឹកណា​​ស្វាមី​អ្នក​ស្រី​មិន​ទាន់​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ទេ​នោះ​ អ្នក​ស្រី​នឹង​មិន​បោះបង់​ចោល​ការ​តវ៉ា​ទាម​ទារនេះ​ជា​ដាច់​ខាត ហើយ​ទីកន្លែង​ដែល​អ្នក​ស្រី​ទៅតវ៉ា​នោះ គឺ​នៅ​មុខ​ស្ថានទូតរុស្ស៊ី​ដដែល ព្រោះ​អ្នក​ស្រី​យល់​ថា រុស្ស៊ី​ត្រូវ​មាន​ចំណែក​ទទួល​ខុសត្រូវ​រឿង​នេះ ដោយ​សារ​សារព័ត៌មាន RT ត្រូវ​បាន​គាំទ្រ​ដោយ​រដ្ឋាភិបាល​រុស្ស៊ី។

ចំណែក​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​វិញ នៅ​តែ​ទាម​ទារ​ឱ្យ​របបក្រុង​ភ្នំពេញ ដោះលែង​លោក​ រ៉ាត់ រត្នមុនី ឱ្យ​មាន​សេរីភាព​វិញ​ដដែល​ ព្រោះ​ពួក​គេ​អះអាង​ថា សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ ពួក​គេ​អះអាង​ថា អ្វី​ដែល​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ត្រូវ​ធ្វើ​នោះ គឺ​ទប់​ស្កាត់​អំពើ​ជួញ​ដូរ​ផ្លូវ​ភេទ​កុំ​ឱ្យ​កើត​មាន​តទៅទៀត ដែល​មិន​មែន​ជា​ការ​ដាក់ទោសទណ្ឌ​លើ​អ្នក​ផលិត​ភាព​យន្ត​ឯកសារ​បែប​នេះឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles