ពលរដ្ឋក្រុង​ព្រះសីហនុមួយក្រុម ស្នើ​ទៅរដ្ឋាភិបាលឲ្យ​ផ្តល់ដីជូនពួកគេវិញ


|
https://www.vodhotnews.com

ប្រជាពលរដ្ឋ​​នៅ​ក្រុង​ព្រះសីហនុ អំពាវនាវទៅលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យជួយដោះស្រាយវិវាទដីធ្លីរបស់​ពួកគេ តាមរយៈ​ការ​ផ្តល់ដីឲ្យពួកគេបានសាងសង់លំនៅដ្ឋានឡើងវិញ។ រូបភាព៖ ផ្ដល់ឲ្យ

ប្រជាពលរដ្ឋ​​នៅ​ក្រុង​ព្រះសីហនុ អំពាវនាវទៅលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យជួយដោះស្រាយវិវាទដីធ្លីរបស់​ពួកគេ តាមរយៈ​ការ​ផ្តល់ដីឲ្យពួកគេបានសាងសង់លំនៅដ្ឋានឡើងវិញ។

ក្នុងវីដេអូឃ្លីបមួយចេញផ្សាយតាមបណ្តាញសង្គមកាលពីម្សិលមិញប្រជាពលរដ្ឋប្រមាណ ៥០នាក់ក្នុងចំណោមពលរដ្ឋជាង២០០គ្រួសាររស់នៅភូមិ១ សង្កាត់១ បាននាំគ្នាអំពាវនាវទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអភិបាលខេត្តព្រះសីហនុ​ លោក យន្ត មីន ឲ្យ​ផ្តល់ដីទំហំជាង ៥ហិកតាជូនពួកគេវិញដោយចោទ អាជ្ញាធរមូលដ្ឋានថា បាន​ឃុបឃិតគ្នាលួចលក់ដីពួកគេទៅឲ្យអ្នកផ្សេង។

លោក គឹម វាសនា ដែលអះអាងថា​ជាតំណាងពលរដ្ឋនោះ បាន​ប្រាប់ វីអូឌី ថា កន្លងមក រដ្ឋាភិបាលបានកាត់ដីជាង ៩ហិកតាចេញពីតំបន់ការពារក្បាលឆាយ ប្រគល់ឲ្យពលរដ្ឋសាងសង់លំនៅឋាន និងបង្កបង្កើនផល ប៉ុន្តែ លោកថា អាជ្ញាធរមូលដ្ឋានបាន​វាស់ចែកជូនពលរដ្ឋតែដីពាក់កណ្តាលប៉ុណ្ណោះ ដែលបណ្តាលឲ្យពលរដ្ឋផ្សេងទៀតពុំទទួលបានដី។

លោកបន្ថែមថា៖ «អញ្ចឹងវាអត់សមហេតុផល ដោយសារពួកខ្ញុំកាន់កាប់យូរឆ្នាំហើយជាមួយបងប្អូនដែលនៅខាងលើ ដែលមានដីទំហំ ៩ហិកតា ៧៩អា ជាមួយគ្នាហ្នឹង ដែលតស៊ូជាមួយពួកគាត់ហ្នឹង ប៉ុន្តែ ឥលូវ អាជ្ញាធរបែរជាឲ្យពួកគាត់មួយកំណាត់។ ចំណែក​ពួកខ្ញុំអត់បានធ្វើ ដោយអាជ្ញាធរលើកឡើងថា ធ្វើឲ្យប៉ះពាល់ទឹកស្អាត ប៉ុន្តែ បើតាមពួកខ្ញុំសិក្សាទៅ វាអត់ប៉ះពាល់ទឹកស្អាតទេ ព្រោះគេបិទទំនប់ហើយ។ បើថា ប៉ះពាល់ទឹកស្អាត ចុះអ្នកនៅខាងលើក្រុម១៨ជាមួយហ្នឹង ហេតុអី​គេរស់នៅបាន វាអត់ប៉ះពាល់ទឹកស្អាតទេចុះ? អញ្ចឹង វាអយុត្តិធម៌សម្រាប់ពួកខ្ញុំជាង ២០០គ្រួសារណាស់»

ពលរដ្ឋម្នាក់ទៀត អ្នកស្រី អ៊ុក ចេត្តនា និយាយថា គ្រួសារគាត់បានទិញដីពីអាជ្ញាធរមូលដ្ឋាននៅទីនោះតាំងពីឆ្នាំ២០០៩ ដើម្បីសង់ផ្ទះ និងបង្កបង្កើនផល ប៉ុន្តែ ក្រោយមក អាជ្ញាធរមូលដ្ឋានបាន​ចុះទៅកាប់បំផ្លាញដំណាំពួកគាត់ និងរុះរើផ្ទះនោះចោល រួមទាំងគំរាមកំហែងចាប់អ្នកភូមិដាក់គុកជាដើម។

អ្នកស្រីបន្ថែមថា៖ «ពីមុន ពួកខ្ញុំធ្វើផ្ទះ ដាំដំណាំអី គាត់ដកអស់ហើយ។ ខាងបរិស្ថាន​ អាជ្ញាធរផ្សេងៗទៀត គាត់ចូលដក​ចោលអស់ហើយ មាន ដូង ស្វាយ ខ្នុរ ដំឡូង​ អី! គឺគាត់ដកចោលអស់ហើយ»

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុលោក ឱ សារឿន សុំមិនធ្វើអត្ថាធិប្បាយលើរឿងនេះទេ ​ដោយបង្វែរឲ្យទៅសួរអភិបាលរងខេត្ត លោក ផៃ ប៊ុនវណ្ណៈ ប៉ុន្តែ វីអូឌី មិនអាចទាក់ទងបានទេ។

មន្ដ្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះសីហនុ លោកស្រី ជាប សុធារី មានប្រសាសន៍ថា អាជ្ញាធរបាន​បែងចែក​ដី​ធ្លី​ជូនពលរដ្ឋមិនមានតម្លាភាព ដោយថា ពលរដ្ឋខ្លះទទួលបាន និងខ្លះទៀតមិនទទួលបាន ក្រោយ​រដ្ឋាភិបាលកាត់ឆ្វៀលជូនពលរដ្ឋអស់ហើយនោះ។

អ្នកបន្ថែមថា៖ «រាល់ថ្ងៃនេះ បញ្ហាដីធ្លីនៅក្នុងខេត្តព្រះសីហនុ វាច្របូកច្របល់។ ហេតុអីបានជាខ្ញុំថា​ច្របូកច្របល់? ព្រោះដីខ្លះនៅក្នុងតំបន់អភិរក្សការពារដោយបរិស្ថាន ដែលយើងថា ដីតំបន់គំរបព្រៃឈើឆ្នាំ២០០២ហ្នឹង ឥលូវក៏អស់ដែរ។ អញ្ចឹង អ្នកដែលហ៊ានចាប់យក ហ៊ានលក់ទិញហ្នឹង ទាល់តែអ្នកហ្នឹងមានខ្នងធំដែរ មិនមែនប្រជាពលរដ្ឋ​សាមញ្ញគាត់ទៅយកបានទេ»

របាយការណ៍សង្ខេបមួយរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ចេញផ្សាយឆ្នាំ២០១៨នេះ ឲ្យដឹងថាបញ្ហាវិវាទដីធ្លីទូទាំងប្រទេសនៅសល់ជិត ១៥០០​ករណីទៀត ដែលក្រសួងមិនទាន់បានដោះស្រាយចប់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles