លោក​ ស ខេង ​ថា ​កម្ពុជា​មិន​ដែល​ភ្ជាប់​សង្គម​ស៊ីវិល​ណាមួយ​ទៅ​នឹង​បដិវត្តន៍​ពណ៌​នោះ​ទេ

សិទ្ធិ​មនុស្ស


លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ថ្លែងក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជាលើកទី២ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)


17 មករា 2019
កាន់ វិច្ឆិកា
វីអូអេខ្មែរ

ក្រុម​អ្នក​សារ​ព័ត៌មាន​បាន​សួរ​សំណួរ​ទៅ​កាន់​លោក​​ ស ខេង​​ ពាក់​ព័ន្ធ​នឹង​​វីដេអូ​ ​ព្រមទាំង​ឯកសារ​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​បាន​ផ្សព្វ​ផ្សាយ​​ថា​ ​មាន​អង្គការ​មួយ​ចំនួន​បាន​ជួយ​គណ​បក្ស​ប្រឆាំង​ក្នុង​ការ​ចូល​រួម​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួល​រំលំ​រដ្ឋាភិបាល។​​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ និង​ជា​អនុ​ប្រធាន​គណបក្ស​កាន់​អំណាច​រូប​នេះ​ បាន​ឆ្លើយ​នឹង​សំណួរ​នោះ​ថា ​ជា​រឿង​បុគ្គល។

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក​ ស ខេង​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​លើក​ឡើង​ថា​ ​រដ្ឋាភិបាល​កម្ពុជា​ មិន​ធ្លាប់​ចោទ​ប្រកាន់​អង្គការ​សង្គម​ស៊ីវិល​ណាមួយ​ថា​ ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បដិវត្តន៍​ពណ៌​នោះ​ទេ។​

ថ្លែង​ក្នុង​វេទិកា​ស្តីពី​ភាព​ជា​ដៃ​គូ​រវាង​រដ្ឋាភិបាល​ ​និង​អង្គការ​សង្គម​ស៊ីវិល​ លើក​ទី២​ ដែល​មាន​ការ​ចូលរួម​ពី​តំណាង​សង្គម​ស៊ីវិល​ចំនួន​ជាង​២០០​នាក់​ ​លោក ស ខេង លើក​ឡើង​ថា​ ដើម្បី​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​រដ្ឋាភិបាល ​និង​សមាគម ​អង្គការ​មិន​មែន​រដ្ឋាភិបាល​នោះ​ ​ ​ក្រសួង​មហាផ្ទៃ​បាន​ផ្តួចផ្តើម​រៀបចំ​វេទិកា​ស្ដីពី​ភាពជា​ដៃគូ​រវាង​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល​ កាលពី​ខែ មិថុនា​ ឆ្នាំ​ ២០១៨​ កន្លង​ទៅ​ ​ដើម្បី​ពិនិត្យ​ឡើងវិញ​នូវ​ស្ថានភាព​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ភាគី​ទាំងពីរ។​

លោក​បន្ថែម​ថា ​ បច្ចុប្បន្ន​សមាគម ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​នេះ ​ព្រមទាំង​សហគមន៍​នានា​នៅ​មូលដ្ឋាន មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ក្នុង​ការ​ធ្វើ​សកម្មភាព​ស្រប​តាម​ច្បាប់​ជាធរមាន ​ដោយ​គ្មាន​ការ​ហាម​ឃាត់ ​ឬ​រារាំង ​និងមិន​តម្រូវ​ឲ្យ​ជូន​ដំណឹង​ជាមុន​ក្នុង​រយៈ​ពេល​យ៉ាងតិច​៣​ថ្ងៃ​ទៅ​អាជ្ញាធរ​មូលដ្ឋាន ​ដូចមុនឡើយ។​

លោក​ ស ខេង​ បាន​បន្ថែម​ថា​ សេរីភាព​សង្គម​ស៊ីវិល​តាម​មូលដ្ឋាន​តែង​មាន​ចន្លោះ​ប្រហោង ​ប៉ុន្តែ​លោក​ថា ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​រារាំង​ ​ឬ​លាប​ពណ៌​សង្គម​ស៊ីវិល​ណា​មួយដូច​ការចោទ​ប្រកាន់​កន្លង​មក​នោះ​ទេ។​

ក្រោយ​បញ្ចប់​ការ​ថ្លែង​ក្នុង​វេទិកា​នោះ​ ​ក្រុម​អ្នក​សារ​ព័ត៌មាន​បាន​សួរ​សំណួរ​ទៅ​កាន់​លោក ស ខេង ពាក់​ព័ន្ធ​នឹងវីដេអូ​ ​ព្រមទាំង​ឯកសារ​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​បាន​ផ្សព្វ​ផ្សាយថា​ ​មាន​អង្គការ​មួយ​ចំនួន​បាន​ជួយ​គណ​បក្ស​ប្រឆាំង​ក្នុង​ការ​ចូល​រួម​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួល​រំលំ​រដ្ឋាភិបាល។

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ និង​ជា​អនុ​ប្រធាន​គណបក្ស​កាន់​អំណាច​រូប​នេះ​ បាន​ឆ្លើយ​នឹង​សំណួរ​នោះ​ថា ​ជា​រឿង​បុគ្គល។​

«អា​ហ្នឹង​រឿង​បុគ្គល​ រឿង​បុគ្គល​ទេ។​ ​ខ្ញុំ​ចង់​និយាយ​ថា​ អាហ្នឹង​គ្មាន​នរណា​លាប​ពណ៌​គាត់​ទេ​ ​តែ​កាល​ណា​គាត់​ចូលរួម​ ​គាត់​ត្រូវ​ទទួល​ខុសត្រូវ​មុខ​ច្បាប់​ហើយ។​ ​ចង់​និយាយ​អ៊ីចឹង»។​

យ៉ាង​ណាក្តី​ ​កាល​ពី​ឆ្នាំ​២០១៨​ ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​កម្ពុជាបាន​ផ្សព្វផ្សាយ​សៀវភៅ​«ស‍» ​ស្តី​ពី​«ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​ ​ការ​ពង្រឹង​នីតិរដ្ឋ​ ​និង​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ‍»ដែល​មាន​កម្រាស់​ជាង​មួយ​រយ​ទំព័រ​ ​និង​វីដេអូ​មួយ​ដែល​មាន​រយៈ​ពេល​ជាង​១​ម៉ោង​ រៀបរាប់​អំពី​ការ​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។​

ទាំង​ក្នុង​សៀវភៅ«ស»និង​វីដេអូ​នោះ​ ​រដ្ឋាភិបាល​បានរៀបរាប់​ថា​ ​កន្លង​មក​គណបក្ស​ប្រឆាំង​បាន​បង្កើត​បដិវត្តន៍​ពណ៌​ជាច្រើន​រូបភាព​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ ​ដោយ​មាន​ការ​ចូលរួម​ ​និង​គាំទ្រ​ពី​បរ​ទេស​ ​ព្រមទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​ធំៗ​មួយ​ចំនួន​ដែល​ធ្វើ​ការ​លើ​ការ​ការពារ​សិទ្ធិ​មនុស្ស​ ​និង​ឃ្លាំមើល​ការ​បោះឆ្នោត​ ​និង​មាន​ជាប់​ពាក់​ព័ន្ធនឹង​ការ​រៀបចំ​យុទ្ធសាស្រ្ត​ជាមួយ​គណបក្ស​ប្រឆាំង​ ​រួមមាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ​អង្គការ​លីកាដូ​ ​អង្គការ​ខុម​ហ្វ្រែល​ និង​និចហ្វិច​ជាដើម។​

សៀវភៅ«ស‍»នោះ​ក៏​បាន​រៀបរាប់​ថា​ ​ការ​ទប់ស្កាត់ ​និង​ការ​រំលាយ​ចលនា​ ឬ​សកម្ម​ភាព​ផ្សេងៗ​ដែល​រដ្ឋាភិបាល​ហៅ​ថា​ ​បដិវត្តន៍​ពណ៌ដែលមាន​អង្គការ​ចាត់​តាំង​នយោបាយ​ ​ហើយការ​បិទ​ស្ថាប័ន​អង្គការ​ និង​ការ​ចាប់​ខ្លួន​មេ​ដឹកនាំ​បក្ស​ប្រឆាំង​មួយ​ចំនួន​នោះ​គឺ​ធ្វើ​ឡើង​ដោយ​ប្រើ​វិធាន​ការ​ច្បាប់ដើម្បី​ធានា​នូវ​សុខ​សន្តិភាព ​ស្ថិរភាព​នយោបាយ​ ​សណ្តាប់​ធ្នាប់​សង្គម ​និង​ការ​អភិវឌ្ឍ។​

ក្រសួង​មហាផ្ទៃ​ នៅពេលនោះ ក៏​បាន​ព្រមាន​បិទ​ ឬ​ចាត់​វិធានការ​លើ​អង្គការ​ទាំង​នោះ ​ប្រសិន​បើ​ក្រសួង​រក​ឃើញ​ថា​ ពួក​គេ​ពិត​ជា​បាន​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​ពិត​មែន។​

ក្រោយ​មាន​ការ​ផ្សព្វផ្សាយ​ឯកសារ​ ​វីដេអូ​ ​និង​ការ​ព្រមាន​ចាត់​វិធានការ​ផ្សេងៗ​ពី​ក្រសួង​មហាផ្ទៃ​ ​គេ​ឃើញ​នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល ​គឺ​លោកគល់ បញ្ញា​ និង​មេ​ដឹកនាំ​អង្គការ​មួយ​ចំនួន​ទៀត ​បាន​រត់ភៀស​ខ្លួន​ទៅ​បរទេស។​

យ៉ាងណាក្តី​ ក្រោយ​បញ្ចប់​ការ​ថ្លែង​ក្នុង​វេទិកា​នោះ​ លោក ស ខេង បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់ VOA ថា​ ការចោទ​ប្រកាន់​សង្គម​ស៊ីវិល​ថា​ ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បដិវត្តន៍​កន្លង​មក​គឺ​ធ្វើ​ឡើង​ទៅ​លើ​បុគ្គល​តែ​ប៉ុណ្ណោះ​ មិនមែន​ចោទ​ប្រកាន់​លើ​ស្ថាប័ន​នោះ​ទេ។​

លោក​ កន សាវាង្ស​ ​មន្រ្តី​ឃ្លាំ​មើល​ការ​បោះឆ្នោតនៃ​អង្គការ​ខុមហ្វ្រែល​ប្រាប់​VOA​ ​ថា​ ​លោក​សប្បាយ​ចិត្ត​នៅ​ពេល​បានឮ​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​ ​ដែល​ជា​ក្រសួង​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​ ​ថ្លែង​បែប​នេះ។​ ​

ទោះយ៉ាង​ណា​ ​លោក​ថា​ ​នៅ​មុន​ការ​បោះ​ឆ្នោត​ ​អង្គការ​ខុមហ្វ្រែល ​ជាពិសេស​អតីត​បន្ទប់​ស្ថាន​ការណ៍​ដែល​មាន​អង្គការ​ ​សមាគម​ប្រមាណ​ជា​៤០​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ ​បាន​ទទួល​រង​សម្ពាធ និង​ការ​គំរាម​កំហែង​ពី​សំណាក់​អាជ្ញាធរ​ ​ក្រោយ​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា​ ​អង្គការ​សមាគម​ទាំង​នោះ​បាន​ចូលរួម​ធ្វើ​បដិវត្តន៍​ពណ៌។​ ​លោក​បន្ថែម​ថា​ ​ករណី​នេះ​ក្រសួង​មហាផ្ទៃ​បាន​ចេញ​ជា​លិខិត​ព្រមាន​ក្រុម​អង្គការ ​សមាគម​ទាំង​នោះ​ផង​ដែរ។​

លោក​បញ្ជាក់​ថា៖​

«រឿង​ទាំងអស់​នេះ​ខ្ញុំ​គិត​ថា ​មិនមែន​លោក​មិន​ដឹង​ទេ​ ​ហើយ​លោក​ក៏​ធ្លាប់​អន្តរាគមន៍​ពាក់​ព័ន្ធ​រឿង​បន្ទប់​ស្ថាន​ការណ៍​អី​ផ្សេងៗ​ដែរ។ ​ទាំងអស់​នេះ​ ដែល​លោក​អាច​ដឹង ហើយ​សហគមន៍​ជាតិ​ និង​អន្តរជាតិ​ក៏​លោក​ដឹង​ដែរ។ ​អ៊ីចឹង​ ​ការ​អនុវត្ត​សេរីភាព ​ឬ​ក៏​សកម្ម​ភាព​ដែល​ស្រប​ទៅ​តាម​អ្វី​ ដែល​មាន​ក្នុង​ការ​ជជែក​ ជា​សេរីភាព​តាម​បែប​លទ្ធិ​ប្រជា​ធិបតេយ្យ​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់ ​អា​ហ្នឹង​ដែល​ជា​ការត្រឹម​ត្រូវ»។​

ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៧ ពោល​គឺ​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ ដែល​ពេល​នោះ ​គណ​បក្ស​សង្គ្រោះជាតិ​ ​ដែល​មាន​លោក​សម រង្ស៊ី និង​លោក​ ​កឹម សុខា​ ​ជា​មេដឹកនាំ​ ​ទ​ទួល​បាន​ការ​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​នោះ​ ​គេ​ឃើញ​រដ្ឋាភិបាល​ចាប់​ផ្តើម​រឹត​បន្តឹង​ការ​ធ្វើ​សកម្មភាព​ការងារ​របស់​ក្រុម​សង្គម​ស៊ីវិល ​និង​សំឡេង​ប្រឆាំង ​ព្រម​ទាំង​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ផ្សេងៗ។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​ ​ដោយ​ចោទ​ថា ​បាន​ឃុបឃិត​ជាមួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន។​ ចំណែក​ប្រធាន​គណបក្ស​នេះគឺ​លោក ​កឹម សុខា​ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ ​ដោយ​ចោទ​ពី​បទ​ក្បត់​ជាតិ​ ​ព្រម​ទាំង​មាន​ការ​ព្យួរ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ចំនួន​១១៨​នាក់​ ម្នាក់ៗ​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ។​

អង្គការ​មួយ​ចំនួន​ដែល​ធ្វើ​ការងារ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​ដូចជា​ ​NDI ​ជាដើម ​ត្រូវ​បាន​បិទ ​និង​បណ្តេញ​ចេញ​ពី​កម្ពុជា​ ​ព្រម​ទាំង​មាន​ការ​ចោទ​ប្រកាន់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ថា​ ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការធ្វើ​បដិវត្តន៍​ពណ៌​ ​និង​រង​ការ​ព្រមាន​បិទ​ ​និង​មាន​ទាំង​ការ​ចាប់​ខ្លួន​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​ដាក់​ពន្ធនាគារ។​ ​

ចំណែក​សារ​ព័ត៌មាន​ឯករាជ្យ​ ​ដែល​មិន​រណប​រដ្ឋាភិបាល​ ​ត្រូវ​ទទួល​រង​សម្ពាធ​រហូត​បិទ​លែង​មាន​ប្រតិបត្តិការ ​ដូចជា​កាសែត​ឌឹខេមបូឌា​ដេលី ​និង​វិទ្យុ​អាស៊ីសេរី​ ព្រមទាំង​ការ​បិទ​វិទ្យុ​ជាច្រើន​ដែល​ជួល​ម៉ោង​ផ្សាយ​ឲ្យ​វិទ្យុ​អាស៊ីសេរី ​និង​សំឡេង​សហរដ្ឋ​អាមេរិក​ជាដើម។​

ការ​រឹតត្បិត​នា​ពេល​នោះ​បាន​បន្ត​រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ​២០១៨​ ​ពោល​គឺ​ក្រោយ​ការ​បោះ​ឆ្នោត​ដែល​មិន​មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង​ ​ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ បាន​ឈ្នះ​ការ​បោះឆ្នោត​នោះ​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​ និង​កំពុង​ដឹកនាំ​ប្រទេស​ដោយ​ឯក​បក្ស។

ក្រោយ​ការ​បោះឆ្នោត​ដោយ​មិន​មាន​គណបក្ស​ប្រឆាំង​ ​និងកំពុង​មាន​ការ​ដឹកនាំ​ប្រទេស​ដោយ​ឯក​បក្ស​ ​រដ្ឋាភិបាល​កម្ពុជា​បានរងការ​រិះគន់​យ៉ាងខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ ​ជាពិសេស​ពី​បណ្តា​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​មួយ​ចំនួន​ថា​ កំពុង​ធ្វើ​ឲ្យ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​រង​នូវ​ភាព​ខ្ទេចខ្ទី ​និង​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ ​រហូត​មាន​ការ​ព្រមាន​ដាក់​ទណ្ឌកម្ម​ផ្សេងៗ។​

សហ​រដ្ឋ​អាមេរិក​បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​ដល់​ក្រុម​មន្រ្តី​រដ្ឋាភិបាលជាន់​ខ្ពស់របស់​កម្ពុជា​ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ​តាម​រយៈ​ការ​មិន​ផ្តល់​ទិដ្ឋាការ​ចូល​សហ​រដ្ឋ​អាមេរិក ​និង​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ជា​ដើម។​

សហភាព​អឺរ៉ុប​ក៏​បាន​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​អ្វី​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ​ ​ដែល​ហៅ​កាត់​ថា​ ​EBA​ ​ដែល​ផ្តល់​ផល​ចំណេញ​ដល់​កម្ពុជាដោយ​ការ​មិន​បង់​ពន្ធ​ប្រមាណ​ជា​៧០០​លាន​ដុលា្លរ​ក្នុង​មួយ​ឆ្នាំៗ។​

យ៉ាង​ណា​ក្តី​ ​ទាំង​លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន​ ​និង​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​ សុទ្ធតែ​បាន​អះអាង​ថា​ រាល់​ការ​បង្រ្កាប​ ទាំង​ទៅ​លើ​សំឡេង​ប្រឆាំង​ សង្គម​ស៊ីវិល ​និង​បណ្តាញ​សារ​ព័ត៌មាន​នានា ​គឺ​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់ ​ស្របតាម​ប្រទេស​នីតិរដ្ឋ​ប៉ុណ្ណោះ៕

What Next?

Recent Articles