លោក សម រង្ស៊ី ចំអក​ការ​ព្រមាន​របស់​លោក ​​ហ៊ុន សែន ​ចំពោះ​ការ​កម្ទេច​បក្ស​ជំទាស់

វីអូអេខ្មែរ


រូបឯកសារ៖ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។


16 មករា 2019
ហ៊ុល រស្មី
វីអូអេខ្មែរ

លោក ​​សម រង្ស៊ី​​ អតីត​​មេដឹកនាំ​គណបក្ស​ប្រឆាំង​ បន្ត​មិន​ចុះញ៉ម​នឹង​ការ​ព្រមាន​របស់​លោក ​​ហ៊ុន សែន​​ ដែល​ថា​ នឹង​កម្ទេច​គណបក្ស​ប្រឆាំង​ឲ្យខ្ទេច​ថែម​ទៀត​ បើ​ប្រទេស​កម្ពុជា​បាត់​បង់​ការ​គាំទ្រ​ខាង​ពាណិជ្ជ​កម្ម​ពី​សហភាព​អឺរ៉ុប។

នៅ​ពេល​លោក ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ ​បន្ត​ព្រមាន​គាប​សង្កត់​បន្ថែម​ទៀត​តាម​ផ្លូវ​តុលាការ​លើ​ក្រុម​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​គេ​ផាត់​ចេញ​ពី​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៨​នោះ​ លោក​ សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​ប្រឆាំង​នេះបានអំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញសា្តរ​ស្ថានភាព​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ជា​បន្ទាន់។

លោក សម រង្ស៊ី ​អះអាង​ថា​ ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​របស់​លោកហ៊ុន សែនកំពុង​ប្រឈម​មុខ​ការ​ដាក់​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប ​និង​សហ​រដ្ឋ​អាមេរិក។​

លោក សម រង្ស៊ី​ ​ស្ថាបនិក​គណបក្ស​សង្គ្រោះជាតិ ​ដែល​ជា​គណបក្ស​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ចោល​តាម​សំណើរបស់​រដ្ឋាភិបាលកាល​ពី​ឆ្នាំ​២០១៧​នោះ ​បាន​ស្រង់​យក​ចំណុច​សំខាន់ៗ​ចេញ​ពី​អត្ថបទ​បញ្ចេញ​មតិ​របស់​លោកចេញ​ផ្សាយ​ដោយ​កាសែត​ Asia Times​ មក​អត្ថាធិប្បាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកកាលពី​ថ្ងៃទី​១៥​ខែ​មករាឆ្នាំ​២០១៩​នេះថា៖​

«រដ្ឋាភិបាល ហ៊ុន សែន ​សព្វថ្ងៃ​ជា​រដ្ឋាភិបាល​ខុសច្បាប់​ ​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយក្នុង​ខែ​កក្កដា២០១៨។ ​ការ​បោះឆ្នោត​ក្លែងក្លាយ​នេះ​បាន​ទាញ​ ប្រទេស​កម្ពុជា​ថយ​ក្រោយ ឲ្យ​វិល​ត្រឡប់​ទៅ​រក​ប្រព័ន្ធ​បក្ស​តែមួយ​ ដូច​ពេល​មុន​មាន​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១»។​

លោក​ សម រង្ស៊ី​ បាន​ចោទ​លោក ហ៊ុន សែន ថា ​ជា​មេដឹក​នាំ​ខុស​ច្បាប់​ ​ដែល​បាន​ប្លន់​អំណាច​ពី​ប្រជា​រាស្ត្រ​ខ្មែរ។​

ផ្នែក​មួយ​នៃ​អត្ថបទ​របស់​លោក​ចេញ​ផ្សាយ​ដោយ​កាសែត​ ​Asia Times​ ​កាលពី​ថ្ងៃ​ទី១៤​ខែ​មករា​ឆ្នាំ​២០១៩​នោះ ​លោក សម រង្ស៊ី​ បាន​សរសេរ​ជា​ភាសា​អង់​គ្លេសនិង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖​

«ដូច​គ្នា​នឹង​ជនផ្តាច់ការ​ឯ​ទៀត​ ដែល​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​ដែរ​នោះ​ ហ៊ុន សែន កំពុង​តែ​ចាប់​ប្រជា​រាស្ត្រខ្មែរធ្វើ​ចំណាប់​ខ្មាំងដើម្បី​សម្លុត​សហគមន៍​អន្តរជាតិ​ឲ្យ​ធ្វើខ្វាក់ចំពោះ​របប​ផ្តាច់ការ​របស់​គាត់»។​

ក្នុង​អត្ថបទ​ដដែល​នោះ​ លោក សម រង្ស៊ី បាន​លើក​ឡើង​នូវ​ចំណុច​សំខាន់ៗ​ចំនួន​៥​ដើម្បី​ជួសជុល​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

លោក សម រង្ស៊ី​ ​ដែល​បាន​រស់​នៅ​ដោយនីរទេស​ខ្លួន​នៅ​ឯ​ប្រទេស​បារាំង បាន​សរសេរ​ថា​ ដូចតំណាង​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​ដែរ​ ​អ្នកស្រី​ Federica Mogherini ​បាន​បញ្ជាក់​ហើយ​ថា​ ដំណោះ​ស្រាយ​រួមនៃ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ ត្រូវ​មាន​ប្រាំ​ចំណុច៖​

«ទីមួយ​ដោះលែង​លោក កឹម សុខា​ ​ជា​បន្ទាន់​ និង​ដោយ​ឥតលក្ខខណ្ឌ។​ ទីពីរ​ ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់មក​លើ​ថ្នាក់​ដឹកនាំ​ទាំង​១១៨​នាក់​ និង​សកម្ម​ជន​គណ​បក្ស​សង្គ្រោះជាតិ​ទាំង​អស់។​ ទីបី​ ​បើក​ផ្លូវ​ឲ្យ​គណបក្សសង្គ្រោះ​ជាតិ​ ដំណើរ​ការ​ឡើង​វិញ។​ ​ទីបួនសង​គណបក្ស​សង្គ្រោះ​ជាតិ​វិញនូវ​តំណែង​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ ដែល​ប្រជា​ពលរដ្ឋ​បាន​បោះ​ឆ្នោត​ឲ្យ​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ។ ទីប្រាំបោះ​ឆ្នោត​ព្រឹទ្ធ​សភា និង​រដ្ឋសភា​ឡើង​វិញ​ ​ដោយ​មានការ​ចូល​រួម​ពី​គណបក្ស​សង្គ្រោះជាតិ​ និង​ដោយ​មាន​ការ​ត្រួត​ពិនិត្យ​ពី​អន្តរជាតិ»។​

លោកសម រង្ស៊ីលើក​ឡើង​ទៀត​ថា​ លោកហ៊ុន សែន​កំពុង​តែ​កេង​ចំណេញ​ពេល​វេលា​ ​និងបំភ័ន​សហគមន៍​អន្តរជាតិ​ថា​ ស្ថាន​ការណ៍​ប្រទេស​កម្ពុជា​បានវិល​ត្រឡប់​មក​រក​ភាព​ធម្មតា​វិញ​ហើយ​ ក្រោយពី​អ្វី​ដែល​លោក​ហ៊ុន សែន​អះអាង​ថា​ គណបក្ស​សង្គ្រោះ​ជាតិបាន​រលាយ​បាត់​ហើយ។​

លោក​បាន​បន្ត​ថា៖​

«តែ​ការ​អះអាង​របស់​ ហ៊ុន សែន ​ដែល​ថា​ គណបក្ស​សង្គ្រោះ​ជាតិបាន​រលាយ​បាត់​ហើយ​នោះគឺ​ខុស​ទាំង​ស្រុង​ពីការណ៍​ពិត​ ពី​ព្រោះ​ថ្នាក់​ដឹកនាំ​ និង​អ្នក​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ភាគច្រើន​លើស​លប់​ ​នៅតែ​មាន​ជំហរ​រឹងមាំ​ដដែល ​ហើយ​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ»។

លោក សម រង្ស៊ី អះអាង​ថា​ ​ក្នុង​ចំណោម​មន្ត្រី​គណបក្ស​ប្រឆាំង​១១៨​នាក់ ដែល​ជាប់​បម្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​ប្រាំឆ្នាំ​នោះគឺ​មាន​តែពីរ​នាក់​ប៉ុណ្ណោះដែល​នឹង​ត្រូវ​បាន​ផ្តល់​នីតិសម្បទា​ឡើងវិញដោយ​លោក ហ៊ុន សែន​ ​ខណៈ​ដែល​មន្ត្រី​១១៦​នាក់​ផ្សេង​ទៀតនៅ​មាន​ភក្តី​ភាព​នឹង​គណបក្ស​របស់​ពួក​គេ​ ដែល​ពួកគេ​ចង់​ឲ្យមាន​ដំណើរ​ការ​ឡើង​វិញ។​

នៅ​ថ្ងៃ​នៃ​ការ​ចេញផ្សាយ​អត្ថបទ​របស់​លោក សម រង្ស៊ី​ នោះ ​លោក​ ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំងៗទៅ​នឹង​ការ​គំរាម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាពអឺរ៉ុប​មក​លើការ​នាំទំនិញ​របស់​កម្ពុជា​ចេញ​ទៅ​អឺរ៉ុប។​

ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣​កាត់​រាជធានី​ភ្នំពេញនិង​ខេត្ត​កណ្តាល​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ខែ​មករាឆ្នាំ​២០១៩​កន្លង​ទៅ​នោះ​ ​លោកហ៊ុន សែន​បាន​ព្រមាន​ថា​ ​លោក​នឹង​ដាក់​ការ​គាប​សង្កត់​ឲ្យ​ខ្លាំង​ទៀត​លើ​ក្រុម​ប្រឆាំងដែល​ការ​គាប​សង្កត់​នោះ​អាច​នឹង​ត្រូវធ្វើ​ទៅ​តាម​ផ្លូវ​តុលាការ​ ប្រសិន​បើ​សហភាព​អឺរ៉ុប​ដក​កម្ពុជា​ចេញ​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធតាម​កម្មវិធី​ពាណិជ្ជ​កម្ម​«អនុគ្រោះ​ពន្ធ​លើគ្រប់មុខ​ទំនិញ​ទាំងអស់​លើក​លែង​តែ​សព្វាវុធ» ​ឬ​ហៅ​ថា​ EBA។​

ស្រប​ពេល​នឹង​ការ​ថ្លែង​ព្រមាន​នេះ ​លោក ​ហ៊ុន សែន ក៏​បាន​ព្រលយ​ពី​ការ​ចង់​មាន​ការ​សន្ទនា​ឡើង​វិញ​ជាមួយ​សហគមន៍​អឺរ៉ុបដើម្បី​សង្គ្រោះ​ក្រុម​ប្រឆាំងលោក។​

ប៉ុន្តែមុន​ការ​ឲ្យ​ដឹង​ពី​ចេតនា​របស់​លោក​ក្នុង​ការ​ជជែក​ជាមួយ​សហគមន៍​អឺរ៉ុប​ដើម្បី​កែ​ច្នៃ​ស្ថាន​ការណ៍ឡើង​វិញទាក់ទង​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហគន៍​អឺរ៉ុប​ចេញ​ពី​កម្ពុជា​នោះ​ លោក ហ៊ុន សែន បាន​ព្រមាន​ច្រំដែលៗ​ថា​ មិន​អាច​មាន​បរទេស​ណា​មកគំរាម​លោក​បាន​ឡើយ​ ហើយ​ថា​ ​បើ​មាន​ទណ្ឌកម្ម​ណា​មួយ​មក​លើ​កម្ពុជា​នោះ​ ​នោះ​លោក​នឹង​វាយ​កម្ទេច​ក្រុម​គណបក្ស​ប្រឆាំង​ឲ្យ​ខ្ទេច​ខ្ទី​ថែម​ទៀត។

«បើ​សិន​អ្នក​ឯង​ដាក់​ទណ្ឌ​កម្ម​ខ្ញុំ​ ស្មើ​នឹង​វាយ​សម្លាប់​បក្ស​ប្រឆាំង​នៅ​កម្ពុជា។​ ខ្ញុំ​និយាយ​ប្រាប់​អ្នក​ឯង​ឲ្យ​ច្បាស់​ ឲ្យ​ច្បាស់​ ព្រោះ​គ្មាន​រឿង​អី​ ដែល​ខ្ញុំ​ត្រូវ​ថ្នាក់​ថ្នម​ ព្រោះ​វា​បាន​តែជ្រុល​អ៊ីចឹង​ហើយ​ ឲ្យ​វា​ទៅ​បណ្តោយ​ទៅ​! ជាន់​កឯង​ថែម!​ អាហ្នឹង​វា​មាន​រឿង​តែ​ប៉ុណ្ណឹង!​ ហ្ហែង​ខូច​ អញ​កាត់​ទោស​ហ្ហែង។​ អានេះ​ជាផ្លូវ​ច្បាប់​ តែ​ហ្ហែង​ទៅ​អំពាវ​នាវ​ឲ្យ​គេបំផ្លាញ​កម្ពុជា​ អ៊ីចឹង​មាន​អី​ ត្រូវ​ទុក​ឲ្យ​ហ្ហែង​រស់​ត​ទៅ​ទៀត? ឲ្យច្បាស់! ​សុំកុំ​ប្រមាថ​ ហើយ​សុំ​កុំ​ព្រមាន​ចំពោះ​កម្ពុជា»។​

លោកហ៊ុន សែន​ ​ដែល​បាន​ប្រកាសខួប​លើក​ទី​៣៤​ឆ្នាំនៃការ​កាន់តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​របស់​លោក​កាល​ពី​ថ្ងៃទី​១៤​ខែ​មករា​ឆ្នាំ​២០១៩​នោះ​ ​ថ្លែង​បន្ថែម​ទៀត​ថា​ ​ប្រទេស​ជា​ច្រើន​នៅ​លើ​សាកល​លោកមាន​ការ​នឿយ​ណាយ​នឹង​ពាក្យ​ថា «ទណ្ឌកម្ម»។​

«អា​ល្បែងគំរាម​ដក​នេះ​ ដកនោះ​ ទណ្ឌកម្ម​នេះ​ ​ល្មមៗ​ឈប់​ហើយ​ ល្មម​ឈប់​ហើយ។​ លើ​ពិភព​លោក​នេះ​ គេ​ធុញ​ទ្រាន់​ណាស់​ទៅ​ហើយ!»

មួយ​ថ្ងៃក្រោយ​ការ​ព្រមាន​ធ្ងន់​ៗ​របស់​លោក​ហ៊ុន សែនយ៉ាងដូច្នេះ​ ​លោក ​សម រង្ស៊ី ​បាន​ចេញ​សារ​នយោបាយ​តាម​ទំព័រ​ហ្វេសប៊ុករបស់​លោក​ ដោយ​បាន​លើក​ឡើង​ពី​លក្ខខណ្ឌ​ចម្បងៗ​ ដែល​អាច​នាំ​ដល់​ការ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។​

លោក​ សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃទី​១៥ខែ​មករា​ឆ្នាំ២០១៩តាម​ន័យ​ដើម​ថា៖

«ខ្ញុំ​ចង់​ប្រាប់​ទៅ​ ហ៊ុន សែន ថា៖ ​ខឹង​គោ​ កុំ​ទៅ​វ៉ៃ​រទេះ!​ បើ​ខឹង​ទណ្ឌកម្ម​ពី​សហ​ភាព​អឺរ៉ុប​ កុំ​ទៅ​រក​រឿង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​រាប់លាន​នាក់​ នៅ​ប្រទេស​កម្ពុជា។ ​ខ្ញុំ​ សម រង្ស៊ី​ ជា​មនុស្ស​តែ​ម្នាក់​គត់​ ដែល​បាន​ជំរុញ​យ៉ាង​សកម្ម​ឲ្យ​សហគមន៍​អន្តរ​ជាតិដាក់​ទណ្ឌកម្មមក​លើ​របប​ផ្តាច់ការ​របស់​ ហ៊ុន សែន ​ឯង»។​

លោក សម រង្ស៊ី បាន​បន្ថែម​ថា៖​

«បើ ​ហ៊ុន សែន ឯង​ចង់​បញ្ចៀស​ទណ្ឌកម្ម​ទាំង​នោះ ​ពី​ព្រោះ​បើ ​ហ៊ុន សែន ឯង​អាណិត​ប្រជារាស្ត្រ​មែន​ ​ហ៊ុន សែន ឯង​គ្រាន់តែ​បញ្ឈប់​ការ​គាប​សង្កត់​មក​លើ​ប្រជា​រាស្ត្រ​ ហើយ​ចាប់​ផ្តើម​ចរចា​ជា​មួយ​សហភាព​អឺរ៉ុបដើម្បី​ធ្វើ​ឲ្យ​ស្រុក​យើង​ទទួល​បាន​លទ្ធិ​ប្រជាធិបតេយ្យ​វិញ​មក​គឺ​រឿង​ទណ្ឌកម្ម​នេះ​វា​ចប់​ទៅ​ហើយ»។​

ក្នុង​អត្ថបទ​បញ្ចេញ​មតិ​របស់​លោក សម រង្ស៊ី​ ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​កាសែត Asia Times ​តាម​អ៊ីនធើណិត​កាល​ពីថ្ងៃ​ទី​១៤ខែ​មករា​ឆ្នាំ​២០១៩​ ​លោក ​សម រង្ស៊ី បាន​ចោទលោក ​ហ៊ុន សែន ​ថា​ ​បាន​ចាប់​លោកកឹម សុខាធ្វើ​ជា​ចំណាប់​ខ្មាំង​ ក៏​ប៉ុន្តែ​លោក កឹម សុខា នៅ​តែ​មិន​ចុះ​ញ៉ម។​ លោកសម រង្ស៊ីអះអាង​ថា​ ​លោក​កឹម សុខា​មិន​ព្រម​បែក​ពីរូប​លោក​នោះ​ទេ។​

លោក សម រង្ស៊ី បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ករណី កឹម​ សុខា គឺ​ជា​ចំណុច​គន្លឹះ​ និង​ចំណុច​ខ្សោយក្នុង​យុទ្ធសាស្ត្រ​របស់ ហ៊ុន សែន​ ពីព្រោះ ហ៊ុន សែន ទាល់​ច្រក​ហើយ​ពេល​នេះ។ ​គាត់​ត្រូវតែ​ដោះលែង​ កឹម សុខា ពី​ព្រោះ​គ្មាន​ភស្តុតាង​អ្វី និង​គ្មាន​មូលដ្ឋាន​អ្វីដើម្បី​កាត់ទោសកឹម សុខា ឡើយ»។​

VOA ​មិនទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ខ្មែរ​បាន​ទេ​ នៅ​ថ្ងៃ​ពុធ​នេះ។ ​ចំណែក​នាយ​ឧត្តម​សេនីយ៍ ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ ដែល​ជា​ដើម​បណ្តឹង​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បង្វែសំណួរ​ទៅ​ស្ថាប័ន​តុលាការ។​

«សំណុំ​រឿង​របស់​នែ ​កឹម សុខា ស្ថិត​នៅ​ក្នុង​សមត្ថកិច្ចរបស់​តុលាការ​ ហើយ​តុលាការ​មិនទាន់​ទាំង​បាន​ជម្រះ​ផង។ ​កន្លង​មក មាន​ប្តឹង​ចុះ​ ប្តឹង​ឡើង​ ប្តឹង​ដោះលែង​បណ្តឹង​នៅ​ក្រៅ​ឃុំ​ ​ខាត​ពេល​អស់​ប៉ុន្មាន​ឆ្នាំ​ហើយ​ គ្រាន់​តែប្តឹង​ចុះ​ប្តឹងឡើង​ តុលាការ​មិន​ទាន់​បាន​កាត់​ អង្គសេចក្តី​ផង​ហ្នឹងគឺ​ថា​ អង្គ​សេចក្តី​ទេ។​ អ៊ីចឹង​ យ៉ាង​ណា​ក៏​ដោយ​ គឺ​ក្មួយ​អញ្ជើញ​ទៅ។​ ​ខ្ញុំ​បង្វែរ​សំណួរ​នេះជូន​ទៅ​ស្ថាប័ន​តុលាការ​ចុះ​ ដើម្បី​លោកឆ្លើយ​សំណួរ​របស់​ក្មួយ។ ពូ​អត់​មាន​សិទ្ធិ​នឹង​ឆ្លើយ​រឿង​ហ្នឹង​នោះ​ទេ​ បាទ»។​

នៅ​ថ្ងៃពុធ​នេះ ​លោក លី សុផាណា​ ​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ មិន​ទាន់​ឆ្លើយ​តប​ភ្លាមៗ​ទៅ​នឹងសំណួរ​របស់ VOA ​ពាក់​ព័ន្ធ​នឹង​ការ​បើក​សវនាការ​កាត់​ទោស​លោក កឹម សុខា ​ទេ។​

ដោយ​ឡែក ក្នុង​ពេល​មាន​ការ​ឆ្លើយ​ឆ្លង​ដាក់​គ្នា ​រវាង​លោក​ហ៊ុន សែន​ និង​លោក​សម រង្ស៊ី​ទាក់​ទិន​ការ​សំពង​ខាង​ហិរញ្ញ​វត្ថុ​ពី​សហគមន៍​អន្តរជាតិ​មក​លើ​កម្ពុជា​នោះ​ នៅ​ឯ​សហរដ្ឋ​អាមេរិកឯណោះ​វិញ​ សមាជិក​ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ពី​ការ​ចូលរួម​ជាមួយ​នឹង​សហភាព​អឺរ៉ុប​ដើម្បី​ពិនិត្យ​មើល​ឋានៈ​អនុ​គ្រោះ​ពន្ធ​ដែល​កម្ពុជាបាន​ចំណេញ​ប្រាក់​ប្រមាណ១ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​ ពី​ការ​នាំចូល​ផលិតផល​កម្ពុជា​ចូល​ទីផ្សារ​សហ​រដ្ឋ​អាមេរិក។​

សម្រាប់​ការ​អនុគ្រោះពន្ធ​ក្រោម​កម្មវិធី​«អនុគ្រោះ​ពន្ធ​គ្រប់​មុខ​ទំនិញ​ទាំងអស់លើក​លែង​តែ​សព្វាវុធ» ​(EBA)​ ​បាន​ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ប្រាក់​ជិត​៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ ហើយក្រោម​កម្មវិធី​ GSP ​កម្ពុជា​នាំ​ទំនិញ​ចូល​ទីផ្សារ​របស់​សហ​រដ្ឋ​អាមេរិក​ចំនួន​៤០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧​ដោយ​មិន​បង់ពន្ធគយ។​

កាល​ពី​ខែ​វិច្ឆិកាឆ្នាំ​២០១៨​ ​ធនាគារ​ពិភព​លោក​ក៏​បាន​ចេញ​របាយ​ការណ៍​មួយ ព្រមាន​ថា​ ​ហានិភ័យ​ជាច្រើន​អាច​កើត​មាន​ទៅ​លើ​កំណើន​សេដ្ឋ​កិច្ច​ពិត​ប្រាកដ​របស់​កម្ពុជា​ ​បើ​សិន​ក្នុង​ករណី​ដែល​មាន​ការ​ដក​ជា​បណ្តោះ​អាសន្ន​នូវ​ប្រព័ន្ធអនុ​គ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ ​តាម​កម្ម​វិធី‍ពាណិជ្ជ​កម្ម ​EBA ពី​កម្ពុជា។​ ទីផ្សារ​សហភាព​អឺរ៉ុប​ស្មើ​នឹង​ជាង​១​ភាគ៣​នៃ​ការ​នាំចេញ​ទំនិញ​សំខាន់ៗ​របស់​កម្ពុជា​ ​ដែល​រួម​មាន​ផលិត​ផល​សម្លៀក​បំពាក់​ ​និង​ស្បែក​ជើង។​

ធនាគារ​ពិភព​លោក​បាន​ព្យាករណ៍​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​ក្នុង​អត្រា​៦,៨​ភាគ​រយក្នុង​ឆ្នាំ​២០១៩​នេះ​ ​គឺ​ថយ​ពី​អត្រា៧,១​ភាគរយ​ក្នុង​ឆ្នាំ​២០១៨។​ ​កំណើន​នេះ​ត្រូវ​បាន​រំពឹង​ថា​ នឹង​កើន​ក្នុង​អត្រា​៦,៨​ភាគ​រយ​ដដែល​សម្រាប់​ឆ្នាំ​២០២០៕

What Next?

Recent Articles

One Response to "លោក សម រង្ស៊ី ចំអក​ការ​ព្រមាន​របស់​លោក ​​ហ៊ុន សែន ​ចំពោះ​ការ​កម្ទេច​បក្ស​ជំទាស់"

  1. so socheath says:

    គេមិនអាចយកជនក្បត់ជាតិ មកធ្វើការដោះដូរជាមួយជំនួយ ជាមួយ
    និងការត្រៀមទទួលយកសេចក្តីស្លាប់ របស់ប្រទេសជាតិ និងប្រជាជន ដែលស្តែងចេញពីទង្វើរបស់ជនក្បត់ជាតិនោះឡើយ
    ———
    ដោយសម្អាងលើទឹកប្រាក់ជិត ៧០០លានដុល្លារក្នុងមួយឆ្នាំៗ ដែលកម្ពុជាចំណេញពីការមិនបង់ពន្ធសម្រាប់នំាចេញទំនិញរបស់ខ្លួនទៅលក់នៅទី ផ្សារអឺរ៉ុបនោះ
    សហភាពអឺរ៉ុបកំពុងរៀបចំដំណើរការព្យួរប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដោយទុកពេលឲ្យកម្ពុជា
    ត្រឹមខែមិនា ឆ្នាំ២០១៩ ហើយ លក្ខខណ្ឌចម្បងដែលសហភាពអឺរ៉ុបទាមទារ ឲ្យកម្ពុជាដែលជារដ្ឋឯករាជ្យ
    និងមានអធិបតេយ្យភាពជាតិពេញលេញនោះ គឺត្រូវឲ្យគណបក្សប្រឆាំងនៅកម្ពុជាបានចូលរួមប្រឡូកក្នុងឆាកនយោបាយឡើងវិញ មិនទទួលស្គាល់រដ្ឋាភិបាលថ្មីដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងទាមទារត្រូវរៀបចំការបោះឆ្នោតឡើងវិញតាមយន្តការប្រជាធិបតេយ្យ ( ? ? ? ) ។
    សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ
    បានបង្ហាញថា កម្ពុជានឹងមិនព្យាយាមរក្សាប្រព័ន្ធអនុគ្រោះពន្ធរបស់សហគមន៍អឺរ៉ុបនោះ ទេ។
    កម្ពុជាកំពុងបង្កើតយុទ្ធនាការពង្រឹងឯករាជ្យរបស់ខ្លួន ដើម្បីទប់ទល់នឹងការ
    ដកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប និងអាមេរិកតាមរយៈធ្វើកំណែទម្រង់វិស័យធុរៈកិច្ច។
    សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថានឹងកម្ទេចបក្សប្រឆាំងនៅកម្ពុជាចោល
    ដើម្បីជាការឆ្លើយតបទៅនឹងការ ដកហូតប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសកម្ពុជាពីសំណាក់
    ក្រុមទាំងនេះ។
    សម្តេចតេជោហ៊ុន សែន បញ្ជាក់ថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសកម្ពុជា
    គឺមិនខុសពីសម្លាប់បក្សប្រឆាំងនោះទេ ហើយក៏លែងមានដែរចំពោះការនិយាយពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។
    សម្តេច ហ៊ុន សែន ថា ដោយសារអ្នក ជ្រុលតែដាក់ទណ្ឌកម្មខ្ញុំហើយ អ្នកក៏គ្មានសិទ្ធិដើម្បីនិយាយប្រដៅខ្ញុំរឿងសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យអីនោះដែរ។
    គឺអត់ទេ ហើយខ្ញុំចង្អុលបង្ហាញថា បើសិនអ្នកឯងដាក់ទណ្ឌកម្មខ្ញុំ គឺស្មើនឹងវ៉ៃសម្លាប់គណបក្សប្រឆាំងនៅកម្ពុជា។ ខ្ញុំនិយាយប្រាប់អ្នកឯងឱ្យច្បាស់ ព្រោះគ្មានរឿងអី
    ដែលខ្ញុំត្រូវថ្នាក់ថ្នម ព្រោះវាបានតែជ្រុលអីចឹងទៅហើយ ឱ្យវាទៅបណ្តោយទៅ គឺមានតែ ជាន់ក ហ្អែងថែម ។
    ចំណែករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចកម្ពុជានិយាយថា វា មិនមានអ្វីដែលត្រូវព្រួយបារម្ភហួសហេតុពេកនោះទេ
    ចំពោះបញ្ហាផ្តាច់EBAដោយសហភាពអឺរ៉ុប នេះ ដោយសំអាងថា កម្ពុជាមានកំណើនសេដ្ឋកិច្ចជាទៀងទាត់
    ក្នុងរង្វង់៧% ក្នុងមួយឆ្នាំ និង នៅមានលទ្ធភាពខ្ចីលុយពីបរទេសបានច្រើនទៀតផង។
    ការទាមទារពីសំណាក់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ឲ្យគណបក្សកាន់អំណាចប្រគល់អាសនៈ
    ទៅឲ្យគណបក្សប្រឆាំងវិញ និងរៀបចំការបោះឆ្នោតឡើងវិញ វាពិតជាមិនអាចទៅរួចនោះទេ។
    ការធ្វើបែបនេះ វាគឺជារឿងរំលោភច្បាប់ រំលោភលើរដ្ឋធម្មនុញ្ញកម្ពុជា ព្រោះថា ប្រជាពលរដ្ឋកម្ពុជា
    ភាគច្រើនលើសលប់ បានបោះឆ្នោតគាំទ្របក្សកាន់អំណាច នោះគឺគណបក្សប្រជាជនកម្ពុជា។
    ជំហរដ្ឋាភិបាលមកដល់ពេលនេះ មិនផ្លាស់ប្តូរទេ ក្នុងការចង់រក្សាប្រព័ន្ធអនុគ្រោះពីសហភាពអឺរ៉ុប ។
    ប៉ុន្តែគំនៀបសង្កត់ដ៍ហួសហេតុ ប្រាសចាកបទដ្ឋានច្បាប់ របស់សហភាពអឺរ៉ុប មកលើកម្ពុជាពិតជាមិនអាចទទួលយកបាននោះទេ។
    ប្រព័ន្ធអនុគ្រោះ EBA វាមិនបានជួយឲ្យមានការរីកចម្រើនជាមួយនិងការផ្តល់ដោយភាពស្ថិតស្ថេរចិរកាល នោះទេ ។ កម្ពុជាត្រូវការក្រោកឈរខ្លួនឯង ដោយធ្វើការការប្រកួតប្រជែងនៅក្នុងទីផ្សារសេរី តាមរយះការបង្កើនការផលិត ព្រោះថាប្រទេសខ្លះគេមិនត្រូវការ ប្រព័ន្ធអនុគ្រោះ EBA ដែលជាអន្ទាក់ជំនួយដ៍ពិសពុល ក្នុងការយកមកសម្លាប់អធិបតេយ្យភាពជាតិខ្លួនដោយខ្លួនឯងនោះទេ ។
    កម្ពុជាត្រូវការជំនួយ ។ តែការបរិច្ចាគ សូមប្រកបដោយឆន្ទះក្នុងការជួយ ពេញភាពមនុស្សធម៍ និងស្មើភាពរវាងប្រទេសនិងប្រទេស មិនមែនដាក់ធ្វើជានុយដើម្បីគៀបសង្កត់នោះទេ ។
    គេមិនអាចយកជនក្បត់ជាតិមានសមរង្សី-កឹមសុខា មកធ្វើការដោះដូរជាមួយជំនួយ ជាមួយនិងការត្រៀមទទួលយកសេចក្តីស្លាប់ របស់ប្រទេសជាតិ និងប្រជាជន
    ដែលស្តែងចេញពីទង្វើរបស់ជនក្បត់ជាតិនោះឡើយ ៕